ភ្នំពេញៈ បើគ្រាន់តែគិតចាប់ពីត្រឹមឆ្នាំ ២០១៨ មកទល់នឹងចុងឆ្នាំ ២០១៩ ក្រុមផលិតយន្តហោះតូចៗពីស្នោរបស់លោក ជឿន ចននី ដែលគេស្គាល់តាមក្រុមឈ្មោះ «គំនិត-Khomnit» បានឆ្លងកាត់ការផលិតយន្តហោះចំនួន ៥ ម៉ូដែលមាន (ធុន) ចំនួនសរុបប្រមាណ ២០០ គ្រឿង តែក៏បានលក់ដាច់អស់ហើយដែរ។
បច្ចុប្បន្ន ក្រុមនេះកំពុងតែសស្រោកសស្រាំក្នុងការផលិតយន្តហោះតូចៗពីស្នោ សម្រាប់គប់លេងឱ្យអតិថិជនមិនទាន់តាមការកុម្ម៉ង់ឡើយ។ ក្រុមគំនិត ក៏សកម្មនឹងការផលិតយន្តហោះស្នោខ្នាតតូច ដែលអាចបញ្ជាបានតម្លៃ ១ គ្រឿងចន្លោះពី ៣០ ដុល្លារ ឬ ៤០ ដុល្លារឡើងទៅតាមការកុម្ម៉ង់ និងមានគម្រោងផលិតយន្តហោះស្នោខ្នាតធំទម្ងន់ ៧ គីឡូ អាចបញ្ជាហោះហើរដូចជា «ដ្រូន» ទៀតផង។ ស្ថាបនិកក្រុម «គំនិត-Khomnit» វ័យ ៣០ ឆ្នាំ លោក ជឿន ចននី ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «បច្ចុប្បន្ន យើងផលិតយន្តហោះពីស្នោ ដែលបានប្រើរូបមន្តពិសេសក្នុងការរក្សាភាពស្វិតបានយូរនៃគុណភាពស្នោ។ យើងបានផលិត ២ ប្រភេទនៃយន្តហោះស្នោទាំងនេះ។ ទី ១ ជាយន្តហោះសម្រាប់គប់លេង និងទី ២ ជាយន្តហោះ សម្រាប់បញ្ជាហោះហើរនៅលើអាកាសបានដូច ដ្រូន»។
លោក ចននី បន្តថា៖ «សម្រាប់យន្តហោះប្រភេទគប់លេងយើងបានផលិត ៣ ម៉ូដែលគឺប្រភេទ Boeing 747 ម៉ូដែល A350 និងម៉ូដែល A320។ ឯប្រភេទទី ២ គឺយន្តហោះបញ្ជា Airbus A350 remote contor RC ទម្ងន់ ៧ គីឡូ វាមានប្រវែងជាង ៣ ម៉ែត្រឯណោះ ដោយប្រភេទយន្តហោះបញ្ជានេះ ខ្ញុំក៏គ្រោងនឹងបន្តការពិសោធបន្ថែមទៀត ហើយលទ្ធផលនឹងដឹងច្បាស់លាស់ក្នុងពេលឆាប់ៗ»។
លោក ចននី ដែលជាកូនកំព្រាឪពុកម្តាយតាំងពីវ័យ ៥ ឆ្នាំ និងបានរស់នៅមណ្ឌលកុមារកំព្រារហូតបានរៀនសូត្រចប់ជំនាញព័ត៌មានវិទ្យាពីវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) និងមានទេពកោសល្យយល់ដឹងខ្ពស់ផ្នែកយន្តកម្ម។ ដោយគ្រាន់តែមើលសៀវភៅ ក៏លោកអាចសម្រេចជោគជ័យ ក្នុងការច្នៃផលិតយន្តហោះតូចៗផលិតពីស្នោ តាំងពីឆ្នាំ ២០១៨ មក ខណៈគំនិតផ្តួចផ្តើម និងស្រាវជ្រាវស្វ័យសិក្សាខ្លួនឯងបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៥ ។
បុរសរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងជាអ្នកដឹកនាំការផលិតយន្តហោះបញ្ជាខ្នាតតូចក្រុម «គំនិត-Khomnit» បញ្ជាក់ពីគោលបំណង ដែលនាំឱ្យលោកផលិតយន្តហោះបញ្ជាទាំងនេះឡើង គឺដោយសារតែជាចំណង់ចំណូលចិត្តតាំងពីក្មេង និងព្រោះតែលោកមានចំណេះជំនាញផ្នែកមួយនេះផងដែរ។
លោកបញ្ជាក់ថា៖ «ម្យ៉ាងវិញទៀត ការបង្កើតវាឡើងក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរបានប្រើប្រាស់ប្រភេទយន្តហោះបញ្ជាខ្នាតតូចទាំងនោះ និងចង់ពញ្ញាក់ស្មារតីយុវជនខ្មែរ ក៏ដូចជាប្រជាជនខ្មែរឱ្យស្គាល់ពីគុណតម្លៃនៃបច្ចេកវិទ្យាក្នុងវិស័យមួយនេះ និងបង្ហាញទៅកាន់បរទេសថា ខ្មែរក៏អាចធ្វើបាន»។
ចំពោះអានុភាពនៃយន្តហោះបញ្ជាពិសេសខ្នាតតូច លោក ចននី អ្នកដឹកនាំផលិតក្រុម «គំនិត-Khomnit» ឱ្យដឹងថា វាមានលក្ខណៈខុសពីផលិតផលផ្សេងៗត្រង់ថា វាមានរាងតូចល្មម សម្រាប់ប្រើប្រាស់ ហើយរូបរាងគឺដូចយន្តហោះមែនទែន ថែមទាំងមានលក្ខណៈងាយស្រួល ក្នុងការដោះផ្គុំ។ ខណៈគ្រឿងផលិតមានលក្ខណៈរឹងមាំ និងទទួលបានការតេស្តយ៉ាងត្រឹមត្រូវ ដើម្បីរក្សាបាននូវគុណភាព។
លោកលើកឡើងថា៖ «ពួកយើងបានផ្តើមពីចំណុចសូន្យមកដល់បង្កើតបានផលិតផលស្តង់ដាមួយ ដែលមានការវេចខ្ចប់ត្រឹមត្រូវ និងត្រៀមរុញចូលប្រជែងទីផ្សារ ក៏ដោយសារតែការគាំទ្ររបស់បងប្អូន។ តួយ៉ាងដូចជាយន្តហោះបញ្ជា ANA តម្លៃ ៣០$ ល្អលេងមែនទែន។ បញ្ជាបានចម្ងាយ ១០០ ម៉ែត្រ មានថ្ម ១ វាហោះបាន ១៥ នាទី ហើយថ្មបញ្ចូលភ្លើងបានងាយស្រួលដោះផ្គុំ ចូលទឹកមិនខូច និងហោះធ្លាក់ក៏មិនបែកបាក់»។
ទោះជាយ៉ាងណា មុននឹងឈានមកបង្កើតយន្តបញ្ជាប្រភេទ Airbus A350 remote contor RC ដោយមានទម្ងន់ដល់ទៅ ៧ គីឡូក្រាមនោះ លោក ជឿន ចននី និងក្រុមការងារ «គំនិត-Khomnit» ដែលមានសមាជិកចំនួន ៧ នាក់ក៏ធ្លាប់បានសាកល្បងជោគជ័យប្រភេទតូចមួយរួចមកហើយ កាលពីពេលកន្លងទៅ ដែលសមត្ថភាពអាចហោះបានក្នុងកម្ពស់ពី ៤០ ម៉ែត្រ ទៅដល់ ៨០ ម៉ែត្រ ទើបជាហេតុនាំឱ្យលោកមានគំនិតឈានទៅរកការបង្កើតធុនធំជាងមុន។
លោក ជឿន ចននី រំឭកថា៖ «កាលដំបូងធ្វើតេស្តយន្តហោះបញ្ជាឈ្មោះ Dive Shark មានប្រវែង ១ ម៉ែត្រ និងទម្ងន់ ៩០០ ក្រាម ដោយវាអាចមានសមត្ថភាពហោះហើរលើអាកាសបាន អាស្រ័យតាមលក្ខខណ្ឌនៃអាកាសធាតុដែរ។ នាពេលបង្ហោះគ្មានខ្យល់នោះ វាអាចហោះបានត្រឹមតែប្រមាណ ៤០ ម៉ែត្រប៉ុណ្ណោះ តែពេលមានខ្យល់អាចហោះកម្ពស់ចន្លោះពី ៦០-៨០ ម៉ែត្របាន»។
ចំពោះយន្តហោះស្នោគប់លេងដែលក្រុម «គំនិត-Khomnit» ផលិតលក់នោះ មានចំនួន ៣ ខ្នាតគឺតូច មធ្យម និងធំ ហើយតម្លៃចន្លោះពី ៣ ដុល្លារ ៥ ដុល្លារ រហូតដល់ ១០ ដុល្លារ។ ក្រុមនេះ កំពុងតែមានភាពមមាញឹកផលិតយន្តហោះប្រភេទទី១ គឺមិនមានយន្តហោះ សម្រាប់លក់តម្រូវតាមការកុម្ម៉ង់ពីអតិថិជនឡើយ បើទោះបីក្រុមលោកជាមធ្យមក្នុងរយៈពេល ១ ខែ អាចផលិតបានចំនួនប្រមាណ ៥០ គ្រឿងក៏ដោយ។
លោក ជឿន ចននី ដែលជាកូនកំព្រាតាំងពីតូចមានស្រុកកំណើតនៅខេត្តកំពង់ចាម និងធំដឹងក្តីនៅភ្នំពេញបានប្រាប់ថា៖ «ក្រោយពីមានការគាំទ្រ និងដឹងពីគុណភាពនៃការផលិតយន្តហោះស្នោ ដែលមិនងាយខូចរបស់យើងមកនោះ។ សព្វថ្ងៃនេះទាំងបងប្អូនខ្មែរ និងបរទេសមានដូចជា ចិនហុងកុង ឥណ្ឌា ជាដើម បានជាវរបស់យើងមិនសល់នោះឡើយ ហើយយើងផលិតមិនទាន់ការកុម្ម៉ង់ទិញទៀតផង»។
ចំពោះយន្តហោះស្នោប្រភេទទី១ សម្រាប់គប់លេងនេះ បើតាមលោក ចននី កន្លងមកទំហំខ្នាតតូចមានទម្ងន់ ៥០ ក្រាម លក់ ១ គ្រឿង តម្លៃ ៣ ដុល្លារ ខ្នាតមធ្យមទម្ងន់ ១២០ ក្រាម លក់ ១ គ្រឿង តម្លៃ ៥ ដុល្លារ និងខ្នាតធំទម្ងន់ ២០០ ក្រាម លក់ ១ គ្រឿង តម្លៃ ១០ ដុល្លារ។ សម្រាប់យន្តហោះប្រភេទទី២ ខ្នាតតូចៗ ដែលអាចបញ្ជាហោះហើរនៅលើអាកាសដូចជា ដ្រូន វិញនោះ ១ គ្រឿង មានតម្លៃចាប់ពី ៣០ ដុល្លារ ឬ ៤០ ដុល្លារ ឡើងទៅគឺអាស្រ័យតាមការកុម្ម៉ង់ពីអតិថិជន។
នាអំឡុងខែកញ្ញា និងតុលា ឆ្នាំ ២០២២ គេឃើញប្រភេទយន្តហោះស្នោ ដែលអាចបញ្ជាបានខ្នាតតូចនោះត្រូវលោក ជឿន ចននី បញ្ជាក់ពីតម្លៃ ១ គ្រឿងៗ ឱ្យដឹងតាមផេចផ្លូវការឈ្មោះ «គំនិត-Khomnit» នូវប្រភេទយន្តហោះតាមការកុម្ម៉ង់របស់អតិថិជនទៅតាមជើងហោះហើរនៃប្រទេសនីមួយៗផងដែរ។
ចំពោះប្រភេទយន្តហោះអាចបញ្ជាបានខ្នាតតូចទាំងនោះ លោក ចននី រៀបរាប់ឱ្យដឹងថា៖ «ប្រហែលជាបងប្អូនអាចនឹងចូលចិត្តសត្វកង់គូរូ ដូច Admin ផងដែរ។ វាជានិមិត្តរូបតំណាងឱ្យប្រទេសអូស្ត្រាលី ដែលគេបានយកមកដាក់លើយន្តហោះជាមួយពាក្យថា «spirit of Australia» មានន័យថា ដួងព្រលឹងរបស់ប្រជាជាតិអូស្ត្រាលី។ យន្តហោះប្រភេទបញ្ជាតម្លៃ ៣០$ ល្អលេងសម្រាប់លក្ខណៈគ្រួសារ»។
លោក ចននី បន្តថា៖ «ការរចនាតាមការកុម្ម៉ង់ (Custom Design) តម្លៃត្រឹមតែ ៤០$ យើងអាចរចនាតាមការចង់បានរបស់អតិថិជន ដោយគ្រាន់តែផ្ញើ logo មកកាន់យើងជាការស្រេច។ គំនិត សូមអរគុណអតិថិជន ជាជនជាតិឥណ្ឌូនេស៊ី ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះផលិតផលរបស់គំនិត៕