ប៉ៃលិន: ចាប់ពីការលក់ដីស្រែ សង់ខ្ទមសម្រាប់អប់ស្រាដោយប្រើធុងជ័រចំណុះ ២០ លីត្រ រហូតដល់ការបិទស្លាកឡូហ្គោដោយដៃដែលមិនបានគិតដល់កម្រិតស្ដង់ដា ស្រាមៀនប៉ៃលិនទទួលបានការគាំទ្របន្ដិចម្ដងៗរហូតដល់ម្ចាស់ដាក់គោលដៅផលិតត្រឹម ៥ ០០០ ដបក្នុង ១ ខែ និងត្រៀមបង្កើតរោងចក្រនាពេលខាងមុខ។
ថ្ងៃទី ១៣ វិច្ឆិកា គឺជាពេលវេលាមួយក្នុងចំណោមថ្ងៃផ្សេងៗទៀតដែល លោក វួច ធុច បានរៀបចំស្រាមៀនប៉ៃលិនជាច្រើនកេសជាមួយក្រុមការងារដាក់ក្នុងរថយន្ដ ដើម្បីដឹកចេញទៅតាមការកុម្ម៉ង់របស់ភ្ញៀវដែលស្របទៅតាមគោលបំណងចង់បានរបស់លោកក្នុងការផលិតឱ្យបាន ៥ ០០០ ដប ក្នុង ១ ខែ។
ទន្ទឹមនឹងនេះ បុរសរស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនរូបនេះ កំពុងតែសម្រេចគោលដៅបន្ទាប់នៃការផលិតស្រាមៀនប៉ៃលិន ដោយប្រើសាច់មៀនប៉ៃលិនចាប់ពី ៧៥ តោនឡើង ក្នុង ១ ខែ។
លោក ធុច បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំប្រមូលទិញផ្លែមៀនប៉ៃលិនយ៉ាងទាបបំផុត ៧៥ តោនក្នុង ១ ខែ ដោយគិតចំពោះសាច់មៀនល្អ ដែលបរិមាណ ១ តោនផ្លែមៀន ខ្ញុំទទួលបានស្រា ១ ពាន់ដបឬ ៧៥ ០០០ ដប ក្នុង ១ ខែ។ ខ្ញុំបាននិងកំពុងផលិតស្រា និងទិញកសិផលរបស់អ្នកស្រុកប៉ៃលិនចូលយ៉ាងតិចបំផុតចំនួនប៉ុនហ្នឹងរាល់ខែ»។
នៅមិនទាន់បញ្ចប់ត្រឹមនេះទេ លោក ធុច ដែលបានអនុវត្ដផែនការប្រមូលទិញមៀនប៉ៃលិនរហូតជិត ១០០ តោនក្នុង ១ ខែ ដោយចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបន្ដមហិច្ឆតាបង្កើតជារោងចក្រផលិតស្រាមៀនប៉ៃលិនជាមួយដៃគូវិនិយោគ ដែលចាប់អារម្មណ៍ចំពោះការផលិតស្រាពីផ្លែមៀនខ្មែរ ដោយប្រមូលទិញកសិផលខ្មែរ។
ខណៈពេលនេះ រោងចក្រផលិតស្រាមៀនប៉ៃលិនកំពុងតែលេចចេញជារូបរាងបន្ដិចម្ដងៗជាមួយការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្ដិ ម្ចាស់សិប្បកម្ម វួច ធុច និងដៃគូពាណិជ្ជកម្មនៅភ្នំពេញបានប្រើប្រាស់ទុនវិនិយោគរួមគ្នា។
លោក ធុច ដែលចាប់ផ្ដើមផលិតស្រាមៀនប៉ៃលិនពីការមើលឃើញកសិផល ៣០ ភាគរយ ត្រូវបានបោះចោលបានឱ្យដឹងថា មៀនរបស់ប្រជាកសិករនៅប៉ៃលិនអាចផ្គត់ផ្គង់គ្រប់ចំពោះបរិមាណ ៧៥ តោនក្នុង ១ ខែ។
យ៉ាងណាមិញ លោកបានបន្ថែមថា ដោយការវិនិយោគជាមួយដៃគូនៅភ្នំពេញ ពួកគេត្រូវប្រមូលទិញផ្លែមៀននៅតាមបណ្ដាខេត្ដជុំវិញខេត្ដប៉ៃលិនទៀត ដោយសារពួកគេត្រូវការផ្លែមៀនក្នុងបរិមាណចាប់ពី ១ ពាន់តោនឡើង ក្នុង ១ ខែ។
លោក ធុច អាយុ ៣៩ ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្ដតាកែវបាននិយាយថា៖ «នៅពេលយើងមានរោងចក្រ ដែលមានចង្វាក់ផលិតកម្មច្រើនក្នុង ១ ខែ យើងអាចផលិត ៥០ ម៉ឺនកេស ឬ ៦ លានដបក្នុង ១ ខែ។ ប៉ុន្ដែយើងមានផលិតផលប្រភេទខុសៗគ្នាទៅតាមប្រភេទអាល់កុលចាប់ពី ៣ ទៅ ៥ ភាគរយរហូតដល់ពី ១២ ទៅ ១៤ វ៉ុល»។
នៅក្នុងអំឡុងពេលនេះ លោកមានលទ្ធភាពផលិតត្រឹម ៧៥ ០០០ ដប ក្នុង ១ ខែ ហើយតាមការរំពឹងទុកលោក ធុច អាចមើលឃើញរោងចក្រស្រាមៀនប៉ៃលិនកើតឡើងនៅចុងឆ្នាំ ២០២២ នេះ ។
ការចាប់ផ្ដើមផលិតស្រាក្នុងបរិមាណ ៧៥ ០០០ ដបនេះ មិនមែនមានន័យថា លោក ធុច អាចបញ្ចេញលក់ក្នុងខែនេះ ឬខែក្រោយបានឡើយ ដោយសារតែស្រាត្រូវការអប់ឱ្យទុំក្នុងរយៈពេលយ៉ាងតិច ៦ ខែ។
លោកបានថ្លែងថា៖ «ស្រាដែលត្រៀមចេញលក់ ៧៥ ០០០ ដប ក្នុង ១ ខែនោះ នឹងចាប់ផ្ដើមបញ្ចេញលក់នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៣ ខាងមុខ»។
បច្ចុប្បន្ននេះ ស្រាមៀនប៉ៃលិនបានទៅដល់ខេត្ដសៀមរាប ព្រះវិហារ និងរាជធានីភ្នំពេញក្នុងបរិមាណបញ្ចេញលក់ត្រឹមតែ ៥ ពាន់ដបក្នុង ១ ខែ ហើយនៅពេលផលិតផលឈានដល់ ៧៥ ០០០ ដប ក៏ដូចវគ្គបន្ទាប់ ៦ លានដបក្នុង ១ ខែ ត្រូវបានបញ្ចេញនាពេលខាងមុខ លោក ធុច បានឱ្យដឹងថា ស្រាមៀនប៉ៃលិន នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្ដ និងរាជធានីទាំងអស់។
ជាការមើលឃើញពីជ្រុងម្ខាង ដែលអ្នកខ្លះបានរិះគន់ពីកំណើននៃការផលិតគ្រឿងស្រវឹង លោក ធុច ក៏បានបកស្រាយជាវិជ្ជមានស្ដីពីអត្ថប្រយោជន៍នៃការផលិតស្រា និងការទទួលទានស្រាមៀនប៉ៃលិន។
បុរសដែលខិតខំរិះរកវិធីសាស្ដ្រកែច្នៃកសិផលដ៏ល្បីល្បាញរបស់អ្នកខេត្ដប៉ៃលិនដែលមិនត្រូវប៉ាន់ឱ្យទៅជាផលិតផលថ្មីរូបនេះបានលើកឡើងថា៖ «ចំពោះស្រាមៀនប៉ៃលិន បើយើងប្រើប្រាស់ទៅតាមការណែនាំវាផ្ដល់ផលប្រយោជន៍ច្រើនចំពោះសុខភាព»។
លោក ធុច ដែលត្រៀមខ្លួនធ្វើជាម្ចាស់ក្រុមហ៊ុនស្រាមៀនប៉ៃលិនបានបន្ដថា បើក្រុមហ៊ុនផ្សេងទៀតមិនជួយដល់ប្រជាកសិករទេនោះ ក្រុមហ៊ុនរបស់លោកអាចជួយទិញផ្លែមៀនពីប្រជាកសិករពី ៣ ទៅ ៤ ខេត្ដ ដែលកំពុងដាំមៀនប៉ៃលិនទាំងនេះ។
បើទោះបីជាផលិតផលរបស់លោកជាគ្រឿងស្រវឹងយ៉ាងណាក៏ដោយ ក៏លោក ធុច បាននិយាយថា លោកបានពុះពារឧបសគ្គជាច្រើនតាំងពីការសិក្សា ស្វែងយល់ពីការផលិត ដើមទុន និងការស្វែងរកទីផ្សារក្នុងគោលបំណង ដើម្បីប្រាក់ចំណេញផង និងជួយទិញផ្លែមៀនប៉ៃលិនដែលធ្លាប់ត្រូវបានប្រជាកសិករបោះបង់ចោលរហូតដល់មានការជួយទិញពីសំណាក់លោកនាយករដ្ឋមន្ដ្រីថែមទៀត។
លោក ធុច បានអះអាងថា៖ «បើក្រុមហ៊ុនគេផ្សេងចង់ទិញវត្ថុធាតុដើម ដូចជា ស្រូវសាឡី ខ្មែរយើងអត់មានទេ មានតែនាំចូលមក។ ប៉ុន្ដែក្រុមហ៊ុនខ្ញុំវិញទិញកសិផលរបស់ប្រជាកសិករខ្មែរមកផលិត ហើយការផលិតជាគ្រឿងស្រវឹងដូចផលិតផលរបស់ខ្ញុំមិនសូវប៉ះពាល់ទុនទេ ពីព្រោះវាគ្មានការផុតកំណត់ឡើយ»។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដប៉ៃលិនបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ខេត្ដប៉ៃលិនបានប្រមូលផលមៀនជិត ៧ ពាន់តោន។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គិតត្រឹមថ្ងៃទី ១០ [ខែវិច្ឆិកា] កន្លងទៅនេះ ប្រជាកសិករបានប្រមូលផលផ្លែមៀនប៉ៃលិនសរុបទាំង ៦ ៩០០ តោន ដោយក្នុងចំណោមនោះ បរិមាណផ្លែមៀនប្រមាណ ៥០០ តោន ត្រូវបាននាំចេញទៅប្រទេសចិន»។
ឆ្លើយតបនឹងតម្រូវការផ្លែមៀនប៉ៃលិនដ៏ច្រើនរបស់ក្រុមហ៊ុនលោក ធុច ដែលត្រៀមដំណើរការនាពេលខាងមុខ លោក សុផាត បាននិយាយថា វាជាសក្ដានុពលមួយសម្រាប់កែច្នៃ ហើយចំពោះផែនការដែលម្ចាស់សិប្បកម្មគ្រោងទិញផ្លែមៀនប៉ៃលិន ១ ពាន់តោនក្នុង ១ ខែ វាជាការចូលរួមជំរុញឱ្យមានការផលិតផ្លែមៀនឱ្យកាន់តែបានច្រើន។
លោក សុផាត បានបញ្ជាក់ថា៖ «ផែនការរបស់គាត់នោះ មិនមែនជាឧបសគ្គនោះទេ ប្រសិនបើគាត់ផលិតបានទៅដល់ចំនួនដែលគាត់គ្រោងនោះ ផ្លែមៀននៅទូទាំងប្រទេសអាចគ្រប់ តែក្នុងតម្លៃណាមួយ យើងមិនទាន់ដឹងទេ។ នេះជួយជំរុញការដាំមៀនឱ្យកាន់តែកើនឡើងខ្លាំង និងជំរុញលទ្ធភាពនៃការដាក់យកផ្លែឱ្យកាន់តែសម្ទុះ។ យើងរំពឹងថា ការផលិតមៀននឹងមានការកើនឡើង ទាំងការនាំចេញ និងការកែច្នៃក្នុងស្រុក»។
កាលពីប៉ុន្មានខែកន្លងទៅ លោក ធុច បានទទួលភ្ញៀវពិសេសម្នាក់ គឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ដែលបានទៅដល់សិប្បកម្មស្រាមៀនប៉ៃលិនផ្ទាល់កាលពីថ្ងៃទី ១៥ ខែកក្កដា។
លោក ធុច បានប្រាប់ថា លោក Murphy កោតសរសើរការកែច្នៃផលិតផលមៀនប៉ៃលិន ដែលប៉ុន្មានឆ្នាំនេះ កម្ពុជាមានវិបត្ដិការលក់កសិផលនៅលើទីផ្សារ និងត្រូវបានកែច្នៃជាផលិតផលស្រាថ្មី។
លោក W. Patrick Murphy បានសរសេរនៅលើគណនី Twitter របស់លោកថា៖ «ខ្ញុំបានភ្លក្សរសជាតិស្រាមៀនប៉ៃលិនលើកដំបូងនៅថ្ងៃនេះ នៅឯសិប្បកម្មបែបគ្រួសារ PailinLongan Wine Handicraft ។ សូមអបអរចំពោះសហគ្រិនវ័យក្មេង វួច ធុច សម្រាប់អាជីវកម្មធុនតូច និងបន្ដដំណើរការ»។
ម្ចាស់សហគ្រិនដែលពុះពារមិនខ្លាចនរណាសើចយំរូបនេះនឹងបន្ដទិញផ្លែមៀនប៉ៃលិនទាំងប្រភេទខុសខ្នាត និងពេញខ្នាតទាំងអស់ដោយមិនត្រឹមតែក្នុងខេត្ដប៉ៃលិនប៉ុណ្ណោះទេ ប៉ុន្ដែនៅតាមបណ្ដាខេត្ដដាំមៀនប៉ៃលិននេះថែមទៀត។
ជាមួយនឹងការកសាងរោងចក្រ និងនាំយកម៉ាស៊ីនបច្ចេកវិទ្យាទំនើប សម្រាប់សម្រេចបំណងនៃការផលិតឱ្យបាន ៦ លានដបក្នុង ១ ខែ ក្រុមហ៊ុនស្រាមៀនប៉ៃលិននេះនៅតែត្រូវការបុគ្គលិកជាច្រើននាក់។
លោក ធុច ដែលបច្ចុប្បន្នបញ្ចេញផលិតផលស្រាមៀនប៉ៃលិនមិនគ្រប់តាមការកុម្ម៉ង់បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ថ្វីដ្បិតតែសិប្បកម្មស្រាមៀនប៉ៃលិនវិវឌ្ឍទៅប្រើប្រាស់ម៉ាស៊ីនផលិតស្វ័យប្រវត្ដិយ៉ាងណាក៏ដោយ ក៏ម្ចាស់សិប្បកម្មដែលផ្ដើមពីការលក់ដីស្រែ និងឆ្លងកាត់ការសើចចំអករបស់អ្នកភូមិរូបនេះនៅត្រូវការកម្លាំងកម្មករចន្លោះពី ១៥ ទៅ ៥០ នាក់»។
លោក ធុច បានបន្ដថា ដៃគូសហការរបស់លោកក៏ចង់មើលឃើញពីប្រជាជនដាំមៀនប៉ៃលិន មានស្នាមញញឹម មានក្ដីសង្ឃឹម មានកម្លាំងចិត្ដ និងមានជីវភាពធូរធារគ្រប់ក្រុមគ្រួសារ។ នេះជាហេតុផល ដែលពួកគេទាំង ២ ចាប់ដៃគ្នាបង្កើតរោងចក្រផលិតស្រាមៀនប៉ៃលិននាពេលដ៏ខ្លីខាងមុខ៕