ភ្នំពេញៈ សៀវភៅ «យុទ្ធសាស្ត្របង្រៀន» ជាកម្រងឯកសារអប់រំពាក់ព័ន្ធទៅនឹងការបង្រៀន និងការរៀនប្រកបដោយប្រសិទ្ធភាពដែលរៀបរៀង និងប្រែសម្រួលដោយលោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ ហើយសៀវភៅនេះជាជំនួយស្មារតីក្នុងការបំពេញបន្ថែមលើរបៀបបង្រៀន និងរៀនដែលលោកគ្រូ អ្នកគ្រូ បានសិក្សាកន្លងមក ដើម្បីឱ្យការបង្រៀន និងការរៀនកាន់តែមានប្រសិទ្ធភាព។
លោកគ្រូ ឃិន វណ្ឌី បានប្រាប់ឱ្យដឹងថា ក្នុងសៀវភៅយុទ្ធសាស្ត្របង្រៀននេះចែកជា៦ជំពូក ហើយបំពេញឱ្យគ្នាទៅវិញទៅមកពីលទ្ធផលនៃការស្រាវជ្រាវបច្ចុប្បន្ន។ លោកបានប្រើពេលវេលាពេញ១ឆ្នាំដើម្បីរៀបចំចងក្រងសៀវភៅនេះឡើងនិងបានចំណាយប្រាក់យ៉ាងច្រើនក្នុងការបោះពុម្ពឱ្យសៀវភៅនេះលេចចេញជារូបរាង។
លោក ឃិន វណ្ឌី មានប្រសាសន៍ថា ៖ «គោលបំណងដែលខ្ញុំធ្វើការរៀបចំចងក្រងសៀវភៅនេះឡើង ដោយសារឯកសារអប់រំនៅស្រុកយើងមិនសូវសម្បូរ ភាគច្រើនតែសៀវភៅជោគជ័យ…អាចមានខ្លះដែរ ប៉ុន្តែអ្នកអប់រំខ្លះលាក់មិនព្រមផ្សាយជាសាធារណៈ»។
លោកបានបន្ថែមថា ៖ «វាជាការបំពេញបន្ថែមលើអ្វីដែលលោកគ្រូអ្នកគ្រូធ្លាប់បានទទួលការបណ្តុះបណ្តាលកន្លងមក ដើម្បីឱ្យគ្រូមានយុទ្ធសាស្ត្រច្រើនក្នុងការបង្រៀនរបស់ខ្លួនឆ្ពោះទៅរកប្រសិទ្ធភាពនៃការបង្រៀន និងរៀន។ថ្នាក់រៀន១ប្រសិនបើគ្រូប្រើតែយុទ្ធសាស្ត្រដដែលៗ ឬចេះតែ១ នោះគឺពិបាកនឹងទទួលបានជោគជ័យក្នុងការបង្រៀន និងរៀនណាស់ ពីព្រោះសិស្សនៅក្នុងថ្នាក់មានរបៀបរៀនសូត្រខុសៗគ្នា អ៊ីចឹងហើយមិនអាចប្រើតែយុទ្ធសាស្ត្រតែ១សម្រាប់សិស្សទាំងអស់នោះទេ»។
លោក ឃិន វណ្ឌី បានឱ្យដឹងទៀតថា ធ្លាប់បានដឹងហើយថា សិស្សដដែល ប៉ុន្តែពួកគេអាចរៀនយល់ ឬចូលចិត្តរៀនជាមួយគ្រូនេះ ប៉ុន្តែមិនពេញចិត្តនឹងរៀនជាមួយគ្រូនោះ ឬនិយាយម្យ៉ាងទៀតថា រៀនជាមួយគ្រូនេះមានជំនាញប្រកបដោយប្រសិទ្ធភាព ប៉ុន្តែរៀនជាមួយគ្រូនោះបែរជាមិនមានប្រសិទ្ធភាពទៅវិញ។
លោកថា ៖ «សួរថា ហេតុអ្វី? គ្រូត្រូវបង្កប់គំនិតល្អដោយមើលទៅសិស្សថាជាភាវៈដែលមិនទាន់ពេញលក្ខណៈ ហេតុដូច្នេះគ្រូត្រូវមើលក្នុងន័យគួរឱ្យអាណិតពួកគេ(សិស្ស)។ នៅពេលថ្នាក់រៀនវិជ្ជមាន សិស្សសប្បាយចិត្តក្នុងការរៀនសូត្រ នៅពេលនោះដំណើរការបង្រៀននិងរៀននឹងទៅដោយរលូន ហើយការអប់រំក៏រីកចម្រើនទៅតាមហ្នឹងដែរ។ ប៉ុន្តែ បើគ្រូបង្រៀនងាកបន្ទោស ងាកអន់ចិត្ត ងាកខឹងនឹងសិស្ស មើលសិស្សដូចជាសត្រូវស៊ីសាច់ហុតឈាម នោះការអប់រំនឹងធ្លាក់ដុនដាបជាក់ជាមិនខានឡើយ»។
បើតាមការលើកឡើងរបស់អ្នករៀបរៀងរូបនេះ បានឱ្យដឹងថា សៀវភៅ «យុទ្ធសាស្ត្របង្រៀន» មានចំនួន ៦ជំពូក ដែលក្នុងជំពូកនីមួយៗនិយាយពីចំណុចផ្សេងៗគ្នានិងមានខ្លឹមសារ និងអត្ថន័យល្អៗប្លែកគ្នា។
ក្នុងជំពូកទី១ និយាយពីឈ្វេងយល់ពីការបង្រៀន និងរៀន ដែលគ្រូត្រូវផ្តោតការយល់ដឹងពីរបៀបរៀនរបស់សិស្សក្នុងការជួយពួកគេដើម្បីទទួលបានលទ្ធផលសិក្សាខ្ពស់ និងសិស្សក្នុងថ្នាក់រៀនមានរបៀបរៀនខុសៗគ្នា។
នៅគ្រាមួយនោះក្នុងថ្នាក់រៀនមានសិស្សខ្លះបែរមុខអើតចេញតាមបង្អួច ដោយមិនរវីរវល់មើលមុខគ្រូដែលកំពុងប្រឹងពន្យល់។ គ្រូឃើញក៏កើតអារម្មណ៍ខឹងអត់ទ្រាំមិនបានក៏យកប្រដាប់លុបក្តារខៀនគប់តម្រង់ទៅសិស្សហុយសំពោង និងស្តីឱ្យសិស្ស។ តាមពិតទៅសិស្សនោះគឺកំពុងស្តាប់គ្រូពន្យល់យ៉ាងយកចិត្តទុកដាក់។ សិស្សនោះគឺជាប្រភេទអ្នកសិក្សាតាមរយៈការស្តាប់(សោតវិញ្ញាណ)។ នេះជាចំណុចខ្លះក្នុងជំពូកទី១។
ជំពូកដដែលនៃសៀវភៅនេះ បានបន្ថែមថា ពួកគេមិនត្រូវការមើលមុខគ្រូឱ្យចំនោះទេ ប៉ុន្តែពួកគេចូលចិត្តស្តាប់។ ពួកគេទទួលបានព័ត៌មានបានល្អដោយការស្តាប់។ ក្នុងជំពូកទី១នេះ នឹងជួយគ្រូឱ្យយល់ដឹងអំពីប្រភេទអ្នកសិក្សានីមួយៗបានស៊ីជម្រៅ និងជួយគ្រូឱ្យអាចកំណត់អត្តសញ្ញាណនៃអ្នកសិក្សាទាំងនោះផងដែរ ហើយជាពិសេសបង្ហាញពីវិធីសាស្ត្រក្នុងការជួយអ្នកសិក្សាតាមប្រភេទនីមួយៗប្រកបដោយប្រសិទ្ធភាព។
ចំណែក ជំពូកទី២ បានពន្យល់ពីការអនុវត្តថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ដែលពណ៌នាពីអន្តរកម្មរវាងគ្រូ-សិស្ស និងសិស្ស-សិស្ស។ ការអនុវត្តថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពគឺពេលសិស្សមានអារម្មណ៍ថាមានតម្លៃ និងគាំទ្រក្នុងដំណើរការសិក្សា។ គ្រូបង្រៀនត្រូវបំពេញតម្រូវការរបស់អ្នកសិក្សា។
«គ្រូប្រកបដោយប្រសិទ្ធភាពគឺត្រូវចេះគ្រប់គ្រងមេរៀនឱ្យបានល្អ។ គ្រូត្រូវយល់ដឹងអំពីរបៀបបញ្ជូនខ្លឹមសារមេរៀន និងការបញ្ចប់មេរៀន។ក្នុងការគ្រប់គ្រងមេរៀនគឺតែងតែកើតមានបញ្ហាផ្សេងៗ ហើយគ្រូមួយចំនួនមិនបានខិតខំឈ្វេងយល់ពីមូលហេតុទេ ប៉ុន្តែគិតតែស្តីបន្ទោសសិស្ស។នៅចុងបញ្ចប់នៃជំពូកនេះបានបង្ហាញពីមូលហេតុនៃអាកប្បកិរិយាខុសឆ្គងរបស់សិស្ស និងការដោះស្រាយអាកប្បកិរិយាមិនសមរម្យរបស់សិស្ស»។ តាមការលើកឡើងរបស់ជំពូកទី២នៃសៀវភៅនេះ។
រីឯ ជំពូកទី៣ ការធ្វើផែនការ និងការរៀបចំការបង្រៀន ដែលសិក្សាពីវដ្តនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពដូចជា៖ ការជ្រើសរើសកម្មវិធីសិក្សា, ការកំណត់អត្តសញ្ញាណពីស្ថានភាពនៃការរៀន, ការរៀបចំផែនការបង្រៀន, ការបង្រៀនមេរៀន, ការវាយតម្លៃលើការរៀន, វិភាគលទ្ធផលសិក្សា និងការត្រួតពិនិត្យតាមដាន។
ក្នុងជំពូកនេះសង្កត់ធ្ងន់លើការរៀបចំផែនការមេរៀនដោយផ្តោតលើការសរសេរវត្ថុបំណងមេរៀនផ្អែកលើកម្រិតរបស់ប្ល៊ូមតាក់សូណូមី។ នៅពេលអ្នករៀបចំផែនការសរសេរវត្ថុបំណងនៃការបង្រៀន អ្នកត្រូវពិចារណាលើផ្នែកទាំង៣នៃការចាត់ថ្នាក់៖ ផ្នែកពុទ្ធិ (Cognitive domain), ផ្នែកសញ្ចេតនា (Affective domain) និងផ្នែកចិត្តចលនា (Psychomotor domain)។ កុំសរសេរវត្ថុបំណងនៅកម្រិតនៃការចាត់ថ្នាក់ដាច់ដោយឡែកពីគ្នា ដើម្បីគ្រាន់តែមានវត្ថុបំណងនៅគ្រប់កម្រិត។
បន្ទាប់ពីធ្វើផែនការបង្រៀននិងការរៀបចំថ្នាក់រៀនហើយ គ្រូចាប់ផ្ដើមអនុវត្តការបង្រៀន ដែលការអនុវត្តការបង្រៀននេះមានចែងនៅក្នុងជំពូកទី៤។ ការអនុវត្តការបង្រៀនដ៏ល្អគឺគ្រូត្រូវផ្អែកលើខ្លឹមសារ,សិស្ស,ពេលវេលា និងធនធាន។ជំពូកនេះផ្តោតសំខាន់លើការសួរសំណួរ។
ជំពូកនេះបានលើកឡើងថា គ្រូត្រូវយល់ដឹងពីគោលបំណងនៃការសួរសំណួរ។ តើហេតុអ្វីបានជាសួរសំណួរ? តើសំណួរកម្រិតណាដែលត្រូវប្រើប្រាស់?តើអ្វីខ្លះជាបញ្ហាទូទៅក្នុងការប្រើប្រាស់សំណួរ?ដូចជា សំណួរគ្រូមានលក្ខណៈមិនច្បាស់ ឬសំណួរគ្រូស្មុគស្មាញពេក។ តើគ្រូទទួលយកតែចម្លើយដែលគ្រូរំពឹងទុកមែនទេ? នៅពេលសួរសិស្ស តើគ្រូធ្លាប់ឆ្លើយសំណួរខ្លួនឯងទេ? តើគ្រូដឹងថាសំណួរប្រភេទណាដែលគេចាត់ទុកថាជាការសួរដើម្បីដាក់ទណ្ឌកម្មសិស្ស?នៅចុងជំពូកនេះនឹងប្រាប់ពីការអនុវត្តការសួរសំណួរប្រកបដោយប្រសិទ្ធភាព?
ក្នុងជំពូកជិតចុងបញ្ចប់ គឺជំពូកទី៥នៃសៀវភៅនេះបានពន្យល់លម្អិតអំពីតេស្តវាយតម្លៃ ក្នុងថ្នាក់រៀន។ ការធ្វើតេស្តវាយតម្លៃគឺអាចដឹងពីការរីកចម្រើនរបស់សិស្ស និងដឹងអំពីស្ថានភាព ឬលក្ខខណ្ឌនៃការសិក្សារបស់សិស្ស។ ជាដំបូងយើងត្រូវយល់ថាតើអ្វីជាតេស្តវាយតម្លៃជាមុនសិន។
បន្ទាប់មក តើអ្វីជាគោលបំណងនៃតេស្តវាយតម្លៃ? មានការជជែកផងដែរអំពីតេស្តវាយតម្លៃចំនួន៤គឺ បុរេតេស្តវាយតម្លៃ, តេស្តវាយតម្លៃតាមដំណាក់កាល, តេស្តវាយតម្លៃខ្លួនឯង និងតេស្តវាយតម្លៃសរុប។ ក្នុងតេស្តវាយតម្លៃនីមួយៗបានស្រាយបញ្ជាក់ពីដំណើរការតេស្ត គំរូតេស្តឬប្រភេទតេស្ត។
ឧទាហរណ៍ថា ប្រភេទតេស្តនៃទម្រង់ពហុជ្រើសរើស គេប្រើវាក្នុងតេស្តវាយតម្លៃសរុប។ ក្នុងទម្រង់ពហុជ្រើសរើសនោះក៏រៀបរាប់ពីគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់វាដែរ។ គ្រូប្រកបដោយប្រសិទ្ធភាពគឺត្រូវស្គាល់ និងចេះប្រើប្រាស់តេស្តវាយតម្លៃឱ្យបានត្រឹមត្រូវ។
សម្រាប់ជំពូកទី៦ដែលជាជំពូកចុងក្រោយនៃសៀវភៅនេះគឺការលើកយកវិធីសាស្ត្រ និងគំរូនៃបង្រៀនមួយចំនួនដូចជា វិធីសាស្ត្របង្រៀនតាមបែបពិភាក្សា និងវិធីសាស្ត្របង្រៀនតាមបែបសហការជាដើម។
លោក ឃិន វណ្ឌី បានលើកឡើងថា ក្នុងនោះលោកបានលើកយកវិធីសូក្រាតមកសិក្សាសម្រាប់ការអនុវត្តនៅថ្នាក់រៀន។ ធ្លាប់តែឮវិធីសូក្រាតក្នុងពិភពទស្សនវិជ្ជា ហើយនិស្សិតទស្សនវិជ្ជាក៏តែងធ្លាប់ឮដែរ ហើយត្រឹមដឹងថាជាការសន្ទនា។ តើការសន្ទនានោះ សន្ទនាដូចម្តេច? តើវិធីសូក្រាតមានជំហានដែរឬទេ? ហើយបើគេអនុវត្តវិធីនេះក្នុងថ្នាក់ តើអនុវត្តយ៉ាងដូចម្តេច?
លោកថា ចម្លើយយ៉ាងក្បោះក្បាយមានក្នុងសៀវភៅនេះ។ យ៉ាងណាមិញ ការពិភាក្សាក្នុងថ្នាក់រៀនគឺជាវិធីសាស្ត្របង្រៀនដ៏សំខាន់ ប៉ុន្តែមិនត្រូវបានគេប្រើជាញឹកញាប់ទេ។
លោកឃិន វណ្ឌី បានបន្ថែមថា ៖ «ក្នុងវិធីសាស្ត្រនេះក៏បានលើកយកបច្ចេកទេសខ្លះមកអនុវត្តដូចជា ជួរពិគ្រោះយោបល់, ជ្រុងទាំង៤, គំនូរវិចិត្រសាល, រង្វង់ខាងក្នុងខាងក្រៅរង្វង់, គិត ដៃគូ ចែករំលែក, បញ្ចូលគ្នា បង្កក ដៃគូ…។ល។ យើងធ្លាប់ដឹងហើយថា ក្នុងគោលវិធីសាស្ត្រមានវិធីសាស្ត្របង្រៀនជាច្រើន ហើយក្នុងវិធីសាស្ត្របង្រៀនក៏មានបច្ចេកទេស ឬយុទ្ធសាស្ត្របង្រៀនជាច្រើនទៀត»។
ដូច្នេះ គ្រូមិនត្រឹមតែចេះពីវិធីសាស្ត្របង្រៀនទេ ប៉ុន្តែត្រូវឈ្វេងយល់ពីបច្ចេកទេស ឬតិចនិក ឬយុទ្ធសាស្ត្របង្រៀនឱ្យបានច្រើនដើម្បីឱ្យដំណើរការបង្រៀននិងរៀនប្រព្រឹត្តទៅដោយរលូន។ នេះបើតាមការបញ្ជាក់ពីលោក ឃិន វណ្ឌី។
សូមបញ្ជាក់ថា សៀវភៅយុទ្ធសាស្ត្របង្រៀនបោះពុម្ពគ្រាទី១ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញមានចំនួន ១ ០០០ច្បាប់ កម្រាស់៤០៦ទំព័រ ដែលមានតម្លៃ ៤៤ ០០០៛។ ប្រសិនបើមិត្តអ្នកអានចាប់អារម្មណ៍ចង់ជាវសៀវភៅនេះ សូមទាក់ទងតាមរយៈ 089 856 764/ 092 888 512៕