ភ្នំពេញៈ ថ្វីបើមានការប្រកាសនិងប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០២២ ដល់ម្ចាស់ជយលាភីចំនួន ២ ផ្នែក (កំណាព្យរឿង និងប្រលោមលោកខ្នាតខ្លី) រួចហើយក្ដីក៏ក្រុមគណៈកម្មការរៀបចំ និងអនុគណៈកម្មការកំណែនៅតែអាចរកឃើញចំណុចខ្វះខាត និងបានផ្ដល់អនុសាសន៍មួយចំនួនសម្រាប់បេក្ខជនលើកក្រោយបានយកទៅកែលម្អឱ្យរឹតតែប្រសើរជាងមុន។
កាលពីថ្ងៃទី ២៥ វិច្ឆិកា នាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជយលាភីទាំង ២ ផ្នែក (កំណាព្យរឿងនិងប្រលោមលោកខ្នាតខ្លី) ដែលមានចំនួន ១០ រូប សម្រាប់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីលើកទី២២ ក្នុងឆ្នាំ ២០២២ ក្រោមអធិបតីភាពលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការជាតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងវត្តមានកវី អ្នកនិពន្ធ និងភ្ញៀវកិត្តិយសចូលរួមប្រមាណ ១៥០ នាក់ទៀត។
បើយោងតាមរបាយការណ៍របស់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការប្រឡងប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០២២ នេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ១០៤ ស្នាដៃ ដោយប្រលោមលោកខ្នាតខ្លីមាន ៧៦ ស្នាដៃ និងផ្នែកកំណាព្យរឿងមាន ២៨ ស្នាដៃ។
ទោះបីជាលទ្ធផលពី ១ ឆ្នាំ ទៅ ១ ឆ្នាំមានការកើនឡើងនូវចំនួនបេក្ខជនដែលជាកវី និងអ្នកនិពន្ធពីគ្រប់មជ្ឈដ្ឋាននៅក្នុងការប្រឡងយកពានរង្វាន់ព្រះនាងឥន្ទ្រទេវីយ៉ាងណាក្តី ក៏ក្រុមគណៈកម្មការរៀបចំ និងអនុគណៈកម្មការកំណែទាំង ២ ផ្នែក នៅតែអាចរកឃើញនូវចំណុចល្អនិងចំណុចខ្វះខាតរបស់បេក្ខជនជារឿយៗរៀងរាល់លើក។ ហេតុដូច្នេះហើយទើបក្រុមគណៈកម្មការរៀបចំ និងអនុគណៈកម្មការកំណែ បានផ្តល់ជាអនុសាសន៍ខ្លះៗក៏ដូចជា ផ្ដល់មតិដាស់តឿនសម្រាប់ជាគ្រឹះមូលដ្ឋានដល់បេក្ខជនជំនាន់ក្រោយៗដែលនឹងត្រៀមដាក់ស្នាដៃចូលរួមប្រឡងនៅឆ្នាំក្រោយៗទៀត។
សារជាអនុសាសន៍ជុំវិញស្នាដៃរបស់បេក្ខជនទាំងនេះ មានការយល់ឃើញស្របគ្នាពីសំណាក់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សេង សំអាន ប្រធានអនុគណៈកម្មការកំណែផ្នែកកំណាព្យរឿង និងលោក យូ សុភា សមាជិកអនុគណៈកម្មការកំណែផ្នែកប្រលោមលោកខ្នាតខ្លី ដើម្បីឱ្យស្មេរទាំង ២ ផ្នែក ត្រៀមស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវីលើកក្រោយៗ ដោយត្រូវធ្វើយ៉ាងណាគោរពគោលការណ៍មូលដ្ឋានតែងនិពន្ធសំខាន់ ៣ ចំណុច គឺអត្ថន័យ អត្ថរូប និងអត្តរស ទើបអាចឆក់យកចំណាប់អារម្មណ៍ពីគណៈកម្មការរៀបចំការប្រកួតទាំងអស់បាន។
លោក យូ សុភា ស្នើដោយទទូចដល់អ្នកនិពន្ធប្រលោមលោកថា៖ «សូមអ្នកនិពន្ធនិងកវីទាំងអស់ តោងយកការពិនិត្យមើលឡើងវិញម្តងហើយម្តងទៀតអំពីស្នាដៃរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្រោយពីបញ្ចប់ស្នាដៃខ្លួននិងសួរខ្លួនឯងថា តើស្នាដៃនេះបានគោរពគោលការណ៍ឬលក្ខខណ្ឌនៃការកំណត់របស់គណៈកម្មការរៀបចំការប្រកួតហើយឬនៅ?។ ការទម្លាប់ធ្វើសកម្មភាពទាំងប៉ុន្មាននេះ ខ្ញុំជឿជាក់ថា ស្នាដៃរបស់បងៗ ឬប្អូនៗនិស្សិតដែលត្រៀមស្នាដៃខ្លួនសម្រាប់ការប្រកួតលើកក្រោយ នឹងទទួលបានជោគជ័យជាក់ជាមិនខាន»។
រីឯលោក សេង សំអាន បានលើកជាសំណូមពរសម្រាប់កវីនិពន្ធកំណាព្យថា៖ «កវី ដែលនិយមតែងកំណាព្យរឿងឬប្រលោមកំណាព្យគប្បីគោរពនូវច្បាប់តែងកាព្យឱ្យបានជាប់លាប់។ ត្រូវចេះស្វែងយល់ពីកាលអាកាសនៃការតែងនិពន្ធឱ្យបានត្រឹមត្រូវ និងចៀសវាងការប្រើពាក្យពេចន៍ថ្មីណាដែលខ្លួននៅមិនទាន់យល់ដឹងន័យបានច្បាស់ ឬប្រើប្រាស់ពាក្យប្រាសចាកន័យ ដែលនាំឱ្យតម្លៃស្នាដៃខ្លួនមានភាពរឹងត្អឹង»។
ចំណែកម្ចាស់ជយលាភីលេខ ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០២២ លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិ៍សាត់ តាមរយៈស្នាដៃប្រលោមលោកខ្លីរឿង «បណ្តឹងសហគមន៍» នោះក៏ស្នើសុំឱ្យដល់បេក្ខជនជំនាន់ក្រោយៗឱ្យយកគំរូស្នាដៃរបស់កវីនិងអ្នកនិពន្ធរៀមច្បងសម្រាប់ធ្វើជាបទពិសោធន៍និងគោរពតាមលក្ខខណ្ឌរបស់គណៈកម្មការរៀបចំការប្រកួត រួមទាំងរក្សាការតាំងចិត្តខ្លួនឯងឱ្យបានខ្ពស់ កុំមានការបោះបង់ចោលការចូលរួម។
លោក សារ៉ាត់ បានបញ្ជាក់ថា៖ «ទោះបីជារូបខ្ញុំទទួលបានជយលាភីលេខ ១ ផ្នែកប្រលោមលោកខ្លីឆ្នាំ ២០២២ នេះមែនក្តី ក៏រូបខ្ញុំធ្លាប់ទទួលបរាជ័យម្តងហើយកាលពី ១១ ឆ្នាំមុន។ ឆ្នាំ ២០១១ ខ្ញុំធ្លាប់បានដាក់ប្រកួតលើកទី១ ដោយលទ្ធផលមិនបានជាប់រង្វាន់អ្វីឡើយសូម្បីតែរង្វាន់កិត្តិយស។ឯការឈ្នះពានរង្វាន់លេខ ១ ឆ្នាំ ២០២២ នេះ គឺជាការដាក់ពាក្យប្រកួតលើកទី២របស់ខ្ញុំ»។
ម្ចាស់ជយលាភីលេខ ១ រូបនេះបន្តថា៖ «យ៉ាងណាស្នាដៃរឿង«បណ្តឹងសហគមន៍» នេះ ខ្ញុំគិតថា នៅតែមានចំណុចខ្វះខាត ឬភាពឆកល្វែងនៃការតែងនិពន្ធនៅតែមានដូចដែលប្រសាសន៍របស់អនុគណៈកម្មការកំណែទាំង ២ លោកបានលើកឡើងមុននេះអ៊ីចឹងដែរ»។
ស្នាដៃរឿង «បណ្តឹងសហគមន៍» ត្រូវបានអ្នកនិពន្ធលាតត្រដាងឱ្យដឹងថា ជាការលើកយកបញ្ហាមួយចំនួនខាងក្រោយអាជីពជាគ្រូបង្រៀនដូចជាការគ្រប់គ្រងគ្រួសារ ការចិញ្ចឹមបីបាច់ថែរក្សាកូន ភាពខ្វះមុខខ្វះក្រោយនៃជីវភាពគ្រូបង្រៀន រហូតដល់កើតគំនិតលួចធ្វើអាជីវកម្មក្នុងថ្នាក់រៀន ដូចជាការលក់នំនៅក្នុងថ្នាក់រៀន បង្រៀនគួរនៅក្នុងម៉ោងបង្រៀនរបស់រដ្ឋនិងសកម្មភាពបង្រៀនបណ្តើរមើលកូនបណ្តើរដែលទាំងនេះសុទ្ធសឹងតែជាភាពឆកល្វែងនៃការបំពេញការងារ ជាហេតុធ្វើឱ្យមានការខឹងសម្បាពីសំណាក់ឪពុកម្តាយសិស្ស និងសហគមន៍ទាំងមូលនិងត្រូវបានគេរាយការណ៍ ហើយដាក់ពាក្យប្តឹងទៅដល់មន្ត្រីអប់រំថ្នាក់លើទៀតផង។
លោក ហ៊ុយ សារ៉ាត់ បានបន្ថែមថា៖ «លើសពីនេះ សាច់រឿងក៏បង្ហាញពីតួនាទីគ្រូបង្រៀនជាស្ត្រីមេម៉ាយទាំងវ័យក្មេង ដែលដើរតួនាទីជាម្តាយផងនិងឪពុកផងក្នុងការមើលថែទាំកូន។ ការបង្ហាញពីកត្តាប្រឈមនិងការតស៊ូរបស់ស្ត្រីជាគ្រូបង្រៀននាពេលចេញទៅបំពេញការងារនៅតំបន់ឬខេត្តឆ្ងាយពីស្រុកកំណើត។ ការបង្ហាញពីឥទ្ធិពលនៃអំពើអបាយមុខ មានស្រី ស្រា ថ្នាំញៀន ល្បែងនិងការសេពគប់បាបមិត្តនិងបញ្ហាប្រឈមនានាសម្រាប់សង្គមក្នុងគ្រាជួបវិបត្តិកូវីដ ១៩ ផងដែរ»។
លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរខ្លាំងចំពោះនាយកដ្ឋានសៀវភៅ និងការអានដែលបានខិតខំរៀបចំការប្រកួតក៏ដូចជាសម្រាប់បេក្ខជនជំនាន់ក្រោយៗដែលជាទំពាំងស្នងឫស្សីក្នុងការបន្តលើកស្ទួយតម្លៃវប្បធម៌ អក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ តាមរយៈការចំណាយពេលវេលាតាក់តែងនិពន្ធស្នាដៃមកចូលរួម ទាំងរឿងប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង។
លោកស្រី នេត្រ ភូម៉ារី បានផ្តល់នូវអនុសាសន៍ជាទស្សនទានថា ដើម្បីទទួលបានងារជាអ្នកនិពន្ធ និងកវី ត្រូវតែសិក្សាស្រាវជ្រាវស្វែងយល់ពីបុគ្គលការណ៍និងសង្គមការណ៍ឱ្យបានច្បាស់លាស់ហើយចេះរាវរកសេចក្តីពិតក្នុងប្រវត្តិសាស្ត្រ សម្រាប់ជាឧត្តមប្រយោជន៍ដសល់សង្គមជាតិ។
លោកស្រីបានបន្តថា៖ «អ្នកនិពន្ធ ឬកវី ត្រូវគិតខ្លួនឯងថា អ្នកនិពន្ធ ១ ត្រូវមានអត្តសញ្ញាណ ១ ឬមានវិសេសភាព ១ ក្នុងស្នាដៃរបស់ខ្លួន។ដោយអ្នកនិពន្ធត្រូវប្រកាន់ខ្ជាប់នូវមុខងារតែងនិពន្ធគឺផ្តល់ពុទ្ធិ អប់រំ និងសីលសោភ័ណ។
អ្នកនិពន្ធ គឺជាវិស្វករព្រលឹងដែលមានអានុភាពឆាបឆក់សោតិន្ទ្រីយារម្មណ៍អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាឱ្យលង់អារម្មណ៍។ ម្យ៉ាងទៀតសម្រាប់ កវី ឬអ្នកនិពន្ធ ប្រៀបដូចនឹងទិព្វមន្ត ដែលអាចយកទៅប្រោះព្រំដល់អ្នកអាន ដែលមានការគិតអវិជ្ជមានទៅជាវិជ្ជមានពីអ្នកមានភាពល្ងិតល្ងង់ទៅជាមានភាពភ្លឺស្វាងពីមានការគិតក្នុងក្តីសុបិនទៅជាការពិតបាន»។
ឆ្នាំ ២០២២ នេះ គឺជាឆ្នាំទី២២ នៃការរៀបចំឱ្យមានការប្រឡងស្នាដៃពានរង្វាន់អក្សរសិល្ប៍ផ្នែកប្រលោមលោកខ្នាតខ្លីនិងផ្នែកកំណាព្យរឿងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាឆ្នាំទី៨ នៃការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីដែលជាពានមានវ័យចំណាស់ជាងគេ និងមានតាំងពីសម័យសង្គមរាស្ត្រនិយមដែលបង្កើតនៅឆ្នាំ ១៩៦០ ដោយបានរៀបចំឡើងចំនួន ៣ លើក។
លោក កុក រស់ បញ្ជាក់ថា៖ «ការប្រគល់ពានរង្វាន់លើកទី១ នៅឆ្នាំ ១៩៦០-៦១ ដោយជយលាភីលេខ ១ ប្រលោមលោករឿង «ព្រះអាទិត្យថ្មីរះលើផែនដីចាស់» របស់លោក សួន សុរិន្ទ។ លើកទី២ ឆ្នាំ ១៩៦៣ ជយលាភីលេខ ១ ប្រលោមលោករឿង «ជាតិស្ត្រី»របស់លោក ឡឹក រ៉ាវី ខណៈលើកទី៣ ឆ្នាំ ១៩៦៧ មិនមានចំណាត់ថ្នាក់ជយលាភីលេខ ១ ទេ»។
ចំពោះព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នលោកកុក រស់ ឱ្យដឹងថា បានរៀបចំប្រគល់ពានរង្វាន់ចំនួន ៥ លើកមកហើយ។លើកទី១ ឆ្នាំ ២០០២ ជយលាភីលេខ ១ ប្រលោមលោករឿង «ស្ត្រីដែនដីអង្គរ» របស់លោក សេង សំអាន។
លើកទី២ ឆ្នាំ ២០១៩ ជយលាភីលេខ១ប្រលោមលោករឿង «សិរីបីពណ៌» របស់លោក ប៊ុន ចន្ទន៍ប្រុសពៅ។ លើកទី៣ ឆ្នាំ ២០២០ ជយលាភីលេខ ១ ប្រលោមលោករឿង «ឧត្តមគតិ» របស់លោកកែវ សេងរដ្ឋា។ លើកទី៤ ឆ្នាំ ២០២១ ជយលាភីលេខ ១ ប្រលោមលោករឿង «គែនព្យួរជញ្ជាំង» របស់លោក លឹម ដារ៉ា។ លើកទី៥ ឆ្នាំ ២០២២ នេះជយលាភីលេខ ១ ប្រលោមលោករឿង «បណ្តឹងសហគមន៍» របស់លោក ហ៊ុយ សារ៉ាត់។
ជយលាភីទាំង ១០ រូប នៃការប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០២២ នេះ ផ្នែកកំណាព្យរឿង ឬប្រលោមកំណាព្យលេខ ១ បានទៅលោកភិរម្យ ដារ៉ា មកពីខេត្តស្ទឹងត្រែង និពន្ធរឿង «គុណការងារ» លេខ ២ បានទៅលោកមឿន សំណាង មកពីខេត្តឧត្តរមានជ័យ និពន្ធរឿង «អ្នកគ្រូជាយដែន» ឯលេខ៣ បានទៅលើលោក ជួន ខ្មៅ មកពីខេត្តព្រះសីហនុ និពន្ធរឿង«មេស្រុក»។
លេខ ៤ បានទៅលោក ចំរើន សុភ័ក្រ មកពីខេត្តកំពត និពន្ធរឿង «ព្យុះជីវិតនាងរស្មី»និងលេខ៥បានទៅលោកសាម សុនិត មកពីខេត្តកំពង់ចាមនិពន្ធរឿង «សន្សើមសន្តិភាព»។ សូមបញ្ជាក់ផងដែរថា លោក សាម សុនិត បានទទួលមរណភាពកាលពីខែតុលា ឆ្នាំ ២០២២ កន្លងមកនេះ ដោយសារជំងឺគាំងបេះដូង។
ឯជយលាភីប្រលោមលោកខ្នាតខ្លីលេខ ១ បានទៅលោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិ៍សាត់រឿង «បណ្តឹងសហគមន៍» លេខ ២ បានទៅលោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញ រឿង «សំនៀងប៊ិឡានី» លេខ ៣ បានទៅលោក ពៅ មករា មកពីរាជធានីភ្នំពេញរឿង «ថ្ងៃរះហើយពុក»។ ឯលេខ ៤ បានទៅលោក តុន ច័ន្ទរិទ្ធ មកពីខេត្តបាត់ដំបងរឿង «បាសាក់» និងលេខ ៥ បានទៅលោកសៀងឈុនលីមកពីខេត្តកំពង់ស្ពឺ រឿង «ក្រាំងតាត្រាវ»៕