ភ្នំពេញៈ ក្រោយពីប្រកួតប្រជែងអស់រយៈពេល ២-៣ខែមក នៅពេលនេះកម្មវិធី «ល្ខោនខ្មែរ» រដូវកាលទី១ បានរកឃើញក្រុមរបាំចំនួន ៥ក្រុមចុងក្រោយ សម្រាប់ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានលេខ១ លេខ២ និងលេខ៣ នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការសហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង ដែលជាអ្នករៀបចំកម្មវិធី។
សារពីផេកផ្លូវការសហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង បញ្ជាក់ថា៖ «សូមអបអរសាទរដល់កូនក្រុមទាំង ៥ រួមមានក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក្រុមក្លិបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប ក្រុមក្រឹណ្ណរៈ និងក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក.ខេត្តកំពង់ស្ពឺ ដែលឡើងទៅវគ្គ «វេទិការបស់ខ្ញុំ» នៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ»។
លោក ឈី កុលបុត្រា ប្រធានក្រុមដឹកនាំរៀបចំកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ ២០២២ បានឱ្យដឹងថា ក្រុមទាំង ៥ នឹងទទួលបានឱកាសសន្សំពិន្ទុពី ៤០ ភាគរយទៅ ៦០ ភាគរយ បន្ថែមទៀតពីការវាយតម្លៃរបស់គណៈកម្មការទាំង ៤រូប នៅក្នុងវគ្គ «វេទិការបស់ខ្ញុំ»។
លោកបញ្ជាក់ថា៖ «មានតែ៣ក្រុម ដែលមានពិន្ទុសរុបខ្ពស់ជាងគេ (Top3) ប៉ុណ្ណោះ អាចមានសិទ្ធិឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខនេះ ក្នុងការដណ្តើមយកជយលាភីលេខ១ លេខ២ និងលេខ៣»។
ប្រធានក្រុមដឹកនាំរៀបចំកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ រូបនេះ ក៏សំណូមពរឱ្យអ្នកទស្សនាចូលរួមបោះឆ្នោតលើវីដេអូសម្តែងរបស់ក្រុមរបាំទាំង ៥ក្រុម ផងដែរ តាមផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង។
លោកបានឱ្យដឹងថា លក្ខខណ្ឌនៃការបោះឆ្នោតលើវីដេអូក្រុមប្រកួតទាំង ៥ តាមរយៈហ្វេសបុកផេក នៅវគ្គ «វេទិការបស់ខ្ញុំ» នឹងមានរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ សម្រាប់ក្រុមទាំង៥ ពោលគឺចាប់ពីម៉ោង១២យប់ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង ១២យប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។
លោកឈី កុលបុត្រា បញ្ជាក់ថា៖«ពិន្ទុចេញពីការបោះឆ្នោតនេះ នឹងត្រូវបានរាប់ចំនួន តាមរយៈការជ្រើសរើសសញ្ញា Like សញ្ញា Love សញ្ញា Care សញ្ញា Haha សញ្ញា Wow ហើយការរាប់នេះផងដែរគឺយកចេញតែវីដេអូ នៅលើទំព័រហ្វេសបុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងប៉ុណ្ណោះ»។
ក្រុមរបាំ ៥ក្រុមចុងក្រោយ ដែលឡើងទៅវគ្គ «វេទិការបស់ខ្ញុំ» នោះ ត្រូវបានប្រកាសចេញលទ្ធផលពីការប្រកួតវគ្គពាក់កណ្តាល សរុបមានចំនួន ១២ក្រុម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដែលជាកូនក្រុមរបស់គណៈកម្មការទាំង៤រូប ដោយគ្រូបង្វឹក១រូបៗមាន ៣ក្រុម។
ក្នុងនោះកូនក្រុមលោកស្រីសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មានក្រុមពន្លកថ្មីនៃវប្បធម៌ ក្រុមល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ រីឯកូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មានក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ក្រុមរស្មីនៃវប្បធម៌ និងក្រុមក្រឹស្ណរៈ។
ចំពោះកូនក្រុមលោកសាស្ត្រាចារ្យ ព្រឿង ឈៀង មានក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក្រុមសិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី និងក្រុមស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ។ រីឯចុងក្រោយកូនក្រុមលោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មានក្រុមនារីអង្គរ ក្រុមវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងក្រុមក្លិបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។
កម្មវិធីប្រកួតទម្រង់សិល្បៈខ្មែរបុរាណ «ល្ខោនខ្មែរ» រដូវកាលទី១ ក្នុងឆ្នាំ២០២២ ក្រោមវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង គាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការផ្សព្វផ្សាយដោយទូរទស្សន៍ (BTV)ចាក់បញ្ចាំងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៦ល្ងាចទៅ និងផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
ការបង្កើតកម្មវិធីល្ខោនខ្មែរនេះឡើង នៅក្នុងគោលបំណងសំខាន់ ចង់បណ្ដុះមនសិការយុវជនឱ្យមានស្មារតីស្រឡាញ់ និងគាំទ្រនូវវប្បធម៌សិល្បៈខ្មែរបុរាណ ចង់ថែរក្សា អភិរក្សមរតកវប្បធម៌ និងផ្សព្វផ្សាយអំពីទីផ្សារនៃទម្រង់សិល្បៈបុរាណ និងចង់ផ្សារភ្ជាប់នូវទំនាក់ទំនង រវាងសិល្បករ-សិល្បការិនី ជំនាន់ចាស់ និងជំនាន់ថ្មី ឱ្យមានភាពស្និទ្ធស្នាលក្នុងជំនាញខ្លួន។
លោក កុលបុត្រា ក៏លើកពីអត្ថប្រយោជន៍របស់បេក្ខជន ក្រោយពីប្រកួតដែរថា៖ «យ៉ាងហោចណាស់ ក៏ក្រុមសិល្បករ-សិល្បការិនី ត្រូវបានស្រទាប់មហាជន ស្គាល់ក្រុមខ្លួន នាពេលប្រកួត។ ជាឧទាហរណ៍ ដូចជាក្រុមវង់ភ្លេងតន្រ្តី អ៊ីចឹង ពួកគាត់ត្រូវបានបងប្អូនខ្មែរ នៅតាមមូលដ្ឋានសហគមន៍ខ្លួនផ្ទាល់ បានទាក់ទង ឬជួលទៅសម្តែងពេលមានរៀបចំកម្មវិធីនានា ដោយចំណុចនេះហើយយើងចាត់ទុកថា គឺជាការជួយផ្សព្វផ្សាយ និងរកទីផ្សារសិល្បៈ ដល់សិល្បករ-សិល្បការិនីខ្មែរយើង»។
ចំពោះជយលាភីចំនួន ៣ ក្រុម ចុងក្រោយ នឹងទទួលបានប្រាក់រង្វាន់សរុប ២៤ លាន រៀល ដោយជយលាភីលេខ ១ ទទួលបានទឹកប្រាក់ចំនួន ១២ លានរៀល ជយលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន ៨ លានរៀល និងជយលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៤ លានរៀល៕