ជា​ស្ថាបនិក​ដ៏​ពូកែ​មួយរូប​លោក ជា ឡង់​ដា ជា​បេក្ខភាព​ក្នុង​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» រដូវ​កាល​ទី​២​របស់​ក្រុមហ៊ុនស្រា​បៀរ ABC ដែល​កម្មវិធី​មួយ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​កោតសរសើរ និង​ចែករំលែក​រឿងរ៉ាវ​រប​ស់បុ​គ្គល​១០​រូប មកពី​វិស័យ​ខុសៗ​គ្នា ដែល​ហ៊ាន​សុបិន ហើយ​សម្រេច​សុបិន​នោះ​ឱ្យ​ជោគជ័យ​ដូចដែល​ខ្លួន​ប្រាថ្នា​។ កម្មវិធី​នេះ​ក៏មាន​គោលបំណង​បំផុសទឹកចិត្ត ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ហ៊ាន​ក្រោកឈរ​តាម​ចាប់​ក្តី​ស្រមៃ ដើម្បី​មានឱកាស​ក្លាយជា​បុគ្គល​ល្អ​ឯក​ដែល​មហាជន​ទទួលស្គាល់ និង​ស្ញើ​ច​សរសើរ​។

​ជា​បុគ្គល​ល្អ​ឯក​មួយរូប លោក ជា ឡង់​ដា ក៏​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Bookmebus ដែលជា​វេទិកា​ធ្វើដំណើរ​មួយ​ជួយ​ឱ្យ​អ្នកធ្វើដំណើរ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អាច​កក់​សំបុត្រ​ឡានក្រុង ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។ បន្ថែម​ពីនេះ​ក៏​អាច​កក់​កាណូត​ល្បឿន​លឿន​ទៅកាន់ កោះរ៉ុង និង​កោះ​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​យើង​យ៉ាង​ងាយស្រួល​និង​ចំណេញ​ពេលវេលា​។

​ក្រៅពីនេះ​ក៏មាន​ដូចជា​សេវាកម្ម​កក់​ឡាន​ឈ្នួល​ឯកជន (Private Taxi) ទៅកាន់ ២៥​ខេត្ត​ក្រុង និង​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេសជិតខាង ដូចជា​៖ ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ផងដែរ​។​

​ផ្តើម​ពី​បុគ្គល​សាមញ្ញ​មួយរូប​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ដូច​គេឯង​ដែរ លោក ជា ឡង់​ដា បាន​ប្រាប់ថា​៖ «​ការធ្វើដំណើរ​ហាក់​មាន​ការលំបាក​ខ្លាំង តែ​ខ្ញុំ​មាន​ជម្រើស​តែ​២​ប៉ុណ្ណោះ ដោយ​លោក​ត្រូវ​ជិះ​ទៅ​ទិញ​សំបុត្រ​ឡានក្រុង ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​ចាំ​ឡាន​ឈ្នួល​នៅ​បេនឡាន ហើយ​ពេលខ្លះ​ត្រូវ​អង្គុយចាំ​រហូត​ទាល់តែ​ឡាន​មាន​មនុស្ស​ពេញ​ទើប​អាច​ចេញដំណើរ​បាន​ថែម​ទៀតផង ដែល​វា​ធ្វើឱ្យ​ខាត​ពេលវេលា​ច្រើន ដើម្បី​បាន​ជិះឡាន​ទៅ​ស្រុកកំណើត​ម្តងៗ​»​។

​លោក​បន្តថា​៖ «​ខ្ញុំ​ជា​ខ្មែរ​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការធ្វើដំណើរ​បែបនេះ ទាំង​ខាត​ពេល និង​គ្មាន​សណ្តាប់ធ្នាប់ ចុះ​ទម្រាំ​ភ្ញៀវ​បរទេស ដែល​មិនអាច​និយាយ​ភាសា​ខ្មែរ​បាន​ទៀត តើ​ពួកគាត់​នឹងមាន​ការលំបាក​យ៉ាងណា​? ដូច្នេះហើយ ទើប​ខ្ញុំ​មានគំនិត​ចង់​បង្កើត​កម្មវិធី Bookmebus នេះ​ឡើង ហើយ​ដោយសារតែ​ខ្ញុំ​ជា​និស្សិត​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ វា​ក៏បាន​ជួយ​ជំរុញ​ឱ្យ​ខ្ញុំ​តោង​ចាប់​ក្តី​ស្រមៃ​នៃ​ការបង្កើត​កម្មវិធី​កក់​ឡានក្រុង​មួយ​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង ចំណាយពេល​តិច​បំផុត​ក្នុង​ការទិញ​សំបុត្រ​រថយន្ត​»​។​

​ឧបសគ្គ​តែងតែ​កើតមានឡើង​សម្រាប់​ការងារ​របស់​មនុស្សម្នា​ក់​។ ពេលដែល​អាជីវកម្ម​របស់លោក​ទ​ទួលបាន​ការគាំទ្រ​ច្រើន តម្រូវការ​អតិថិជន​ឡើង​ខ្ពស់ លោក​ជា ឡង់​ដា បែរជា​បាន​ជួបនឹង​បញ្ហា​កង្វះ​ការផ្គត់ផ្គង់​ទៅវិញ ដោយសារតែ​ឡានក្រុង​ដែលជា​ដៃគូ​សហការ​របស់គាត់​នៅ​ប្រើការ​កត់​លេខ​កៅអី​ដោយ​សរសេរ​ដៃ​នៅឡើយ​។ ជាពិសេស គាត់​ត្រូវ​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ទូរ​សព្ទ​ទៅ​សាកសួរ​ខាង​ឡានក្រុង​ដើម្បី​ទទួលបាន​កៅអី​ដែល​ភ្ញៀវ​ចង់បាន​។ ទោះជា​យ៉ាងនេះ​ក្ដី លោក ជា ឡង់​ដា នៅតែ​ព្យាយាម​រក​ដំណោះស្រាយ ដោយ​ឱ្យ​ឡានក្រុង​ជា​ដៃគូ​ចាប់ផ្តើម​កត់​លេខ​កៅអី​ដោយ​ប្រើ​ប្រព័ន្ធ System ស្វ័យប្រវត្តិ​ដើម្បីឱ្យ​ការងារ​កាន់តែ​រលូន​ទៅមុខ​។​

​បច្ចុប្បន្ននេះ Bookmebus មាន​ឡានក្រុង​ជា​ដៃគូ​សហការ​ប្រមាណ ៣០​ក្រុមហ៊ុន ឯណោះ ដែលជា​ជោគជ័យ​មួយ​សម្រាប់​គាត់​។ អ្វីដែល​គាត់​កាន់​តែមាន​មោទនភាព​នោះ​គឺ Bookmebus បានក្លាយ​កម្មវិធី​មួយ​ដែល​លើសពី​អាជីវកម្ម ព្រោះ​ក្រៅពី​ជួយ​ក្នុង​វិស័យ​ទេសចរ​ណ៍ហើយ ក្រុមហ៊ុន​របស់គាត់​បា​ន​ក្លាយជា​កន្លែង​ដែល​ផ្ដល់ឱកាស ចំណេះដឹង និង​បទពិសោធ​ការងារ​ដល់​យុវជន​ផងដែរ​។

​ទាក់ទិន​នឹង​ភាពជោគជ័យ​មួយ​នេះ លោក​បានបង្ហាញ​គន្លឹះ​ជោគជ័យ​ទៅកាន់​យុវជន​ថា​៖ «​ប្អូនៗ​គួរតែ​ព្យាយាម​រក​បទពិសោធន​ការងារ​ឱ្យបាន​ច្រើន​មិន​ថា​ក្នុង​វ័យ​សិក្សា​ក៏ដោយ ព្រោះ​ការងារ​អាច​បង្រៀន​យើង​បាន​ច្រើន និង​ផ្ដល់​បទពិសោធ​សំខាន់ៗ ដែល​យើង​អាច​ក្រេបជញ្ជក់​ទុកជា​ប្រយោជន៍​ទៅ​ថ្ងៃក្រោយ​បាន​។ អ្វីដែល​សំខាន់ គឺ​ត្រូវ​រក​ខ្លួនឯង​ឱ្យឃើញ និង​កុំ​ខ្លាច​ក្នុង​ការបង្កើត​កំហុស រៀន​យក​កំហុស​ទាំង​នោះមក​ធ្វើជា​បទពិសោធ និង​រៀន​ពី​វា តែ​ត្រូវ​ចាំ​ថា​សូមកុំ​បង្កើត​កំហុស​ដដែលៗ​»​។

​សូមបញ្ជាក់ថា​លោក ជា ឡង់​ដា ក្រៅពី​បង្កើត​កម្មវិធី​មួយ​នេះ​ដំណើរការបាន​រឹងមាំ​ហើយ ចក្ខុវិស័យ​របស់គាត់​ទៅ​ថ្ងៃមុខ​គឺជា​ការពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ធំ ដោយ​បន្ថែម​នូវ​សេវាកម្ម​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការធ្វើដំណើរ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​អ្នកដំណើរ​៕​