ពិតណាស់! នរណាក៏អាចចម្អិនម្ហូបបាន ប៉ុន្តែការចម្អិនម្ហូបមួយដែលមានរសជាតិឆ្ញាញ់ ប្លែក ដែលត្រូវបានទទួលស្គាល់ដោយមនុស្សភាគច្រើន គឺពិតជាមិនងាយស្រួលនោះទេ។ កាន់តែពិបាកទៀតនោះ គឺការដែលអាចបន្ថែមនូវភាពច្នៃប្រឌិតទៅលើមុខម្ហូបឱ្យកាន់តែមានភាពទាក់ទាញ។
មានម្ដាយជាមេចុងភៅម្ហូបក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ដែលល្បីឈ្មោះប្រចាំស្រុកទូកមាស (ខេត្តកំពត) ស្រាប់ អ្នកស្រី ប៉ុល គីមសាន ធំធាត់ឡើងដោយមានចំណូលចិត្ត ក្នុងការចម្អិនម្ហូបតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីមានម្ដាយជាជនគំរូ ជាអ្នកតំណាងឱ្យភាពរឹងម៉ាំ ពុះពារចំពោះការស្វែងរកគោលដៅ ដែលជាបុព្វហេតុសំខាន់ក្នុងការទាញចិត្តអ្នកស្រីផងដែរ។
ដោយចិត្តស្រឡាញ់វិស័យម្ហូបអាហារ អ្នកស្រីបានបន្តការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូ ឌុយប៊្រូល នៅក្នុងខេត្តសៀមរាបកាលពីឆ្នាំ ២០០២ ដែលមកទល់ពេលនេះគឺមានរយៈពេល ២០ ឆ្នាំហើយ។
មានទាំងការបណ្ដុះបណ្ដាល និងបេះដូងស្រឡាញ់ការងារចម្អិនម្ហូប អ្នកស្រីបានចាប់ផ្ដើមបំពេញការងារជាចុងភៅនៅតាមភោជនីយដ្ឋាននានា ដូចជានៅសណ្ឋាគារ Victoria ក្រោយមកគឺភោជនីយដ្ឋាន Collection និងបានបើកជាភោជនីយដ្ឋានផ្ទាល់ខ្លួនមួយនៅខេត្តសៀមរាប ដោយមានឈ្មោះថា Embassy Restaurant។
ជាជោគជ័យដ៏ធំធេងដែរ កាលពីឆ្នាំ ២០២១កន្លងទៅ អ្នកស្រីមានឱកាសទៅចម្អិនម្ហូបខ្មែរដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិពិសា នៅឯទីក្រុង Davos ប្រទេសស៊្វីស (Switzerland) ផងដែរ។ នៅក្នុងកម្មវិធីនោះទៀតសោត ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។ ម្ហូបល្បីៗរបស់ខ្មែរប្រមាណជា ១០មុខ បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ ស្ញើចសរសើរមិនដាច់ពីមាត់នូវសមត្ថភាពរបស់មេចុងភៅ។
ក្រៅពីនោះអ្នកស្រីបានទៅចូលរួមវគ្គបណ្ដុះបណ្ដាលពីមេចុងភៅល្បីៗបរទេស ដែលមានដូចជា ប្រទេសបារាំង និងស៊្វីស ក៏ដូចជា បានចូលរួមការប្រកួតប្រជែងនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃ ជាដើម។
ក្ដោបក្ដាប់នូវបទពិសោធន៍ក្រាស់ក្រែល ជាច្រើនឆ្នាំកន្លងទៅនេះ អ្នកស្រីបានបើកនូវភោជនីយដ្ឋានផ្ទាល់ខ្លួនមួយទៀត កាលពីដើមឆ្នាំ ២០២១កន្លងទៅ ដែលមានឈ្មោះថា «សំបុក» និងដែលជាភោជនីយដ្ឋានសាខាថ្មីនៅក្នុងទីក្រុងភ្នំពេញ។ ភោជនីយដ្ឋានថ្មីនេះផ្ដោតសំខាន់លើភ្ញៀវក្នុងស្រុកដែលជាជនជាតិខ្មែរ ខណៈដែលភោជនីយដ្ឋាន នៅក្រុងសៀមរាប ច្រើនតែផ្ដោតលើភ្ញៀវបរទេស។
សំបុក គឺជាភោជនីយដ្នានមួយដែលមិនត្រឹមតែផ្ដល់ជូននូវមុខម្ហូបពិសេសៗបែបខ្មែរ ដែលមានរសជាតិឆ្ញាញ់ ប៉ុន្តែថែមទាំងជាកន្លែងផ្ដល់ការងារជូនស្ត្រីផងដែរ។ រាប់តាំងពីចុងភៅ រហូតដល់អ្នករត់តុ គឺសុទ្ធតែជាស្ត្រីទាំងអស់ ដែលនេះជាផ្នែកមួយក្នុងការលើក កម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ស្ត្រី។
អ្នកស្រី ប៉ុក គីមសាន បានមានប្រសាសន៍ថា៖ «ការពិតស្ត្រីគាត់ជាមេផ្ទះដ៏ចំណានរួចទៅហើយ ដោយគាត់អាចចម្អិនម្ហូបដោយយកចិត្តទុកដាក់ ដូច្នេះវាជារឿងល្អដែលយើងចូលរួមលើកកម្ពស់ ស្ត្រីតាមរយៈការផ្ដល់ការងារនេះជូនពួកគាត់»។
អ្នកស្រីបន្តទៀតថា៖ «បទពិសោធន៍ពីការសង្កេតឃើញនៅក្រៅប្រទេស គឺឃើញថា គេមានការលើកកម្ពស់ស្ត្រីណាស់ ដូច្នេះ សម្រាប់ខ្ញុំ នេះជារឿងល្អដោយជំនាញចម្អិនម្ហូបអាហារជាជំនាញដែលស្ត្រីភាគច្រើនមានរួចទៅហើយ»។
ប៉ុន្តែយ៉ាងណា អ្នកស្រីក៏បានរំលេចពីទុកលំបាកក្នុងការចាប់អាជីពជាមេចុងភៅនេះ ដោយត្រូវលើករបស់ធ្ងន់ៗ និងត្រូវឈរ ឬរត់ក្នុងទីធ្លាផ្ទះបាយមួយថ្ងៃពេញ។ ដូច្នេះហើយបានជាអាជីពនេះ ច្រើនតែមនុស្សប្រុសជាអ្នកធ្វើទៅវិញ។
បើទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែមានមហិច្ឆតាខ្ពស់ ដោយអ្នកស្រីចង់បាន Michelin Star ដែលជាពានរង្វាន់ដ្ឋានស្តង់ដា និងជាការបញ្ជាក់ពីការទទួលស្គាល់ជាលក្ខណៈពិភពលោក។
ក្នុងដំណើរឆ្ពោះទៅយកស្តង់ដានេះ អ្នកស្រីនិងក្រុមការងារបានស្វះស្វែងចូលរួមវគ្គបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីដកស្រង់យកបទពិសោធន៍ថ្មីៗ សម្រាប់ដាក់បញ្ចូលទៅក្នុងមុខម្ហូប របស់ខ្លួនបន្ថែម។
គួររំឭកថា អ្នកស្រីត្រូវបានក្រុមហ៊ុនស្រាបៀរ ABC ជ្រើសរើសទៅជាបុគ្គលឆ្នើម ក្នុងចំណោមបុគ្គល ១០រូប ដែលមកពីវិស័យខុសៗគ្នា។ អ្នកស្រីមានជំនឿថា ក្រុមហ៊ុនមានគោលដៅចង់លើកកម្ពស់ បុគ្គលដែលមានស្នាដៃលេចធ្លោក្នុងសង្គម ដើម្បីបន្សល់ទុកជាកេរដំណែល និងជាគំរូដល់មនុស្សជំនាន់ក្រោយក្នុងការខិតខំប្រឹងប្រែងតស៊ូជាមួយជីវិតរៀងៗខ្លួន៕