សៀមរាបៈ ការលក់លតឆា និងនំគូឆាយ ជាមុខរបរធុនតូច ដែលគេច្រើនតែឃើញអ្នកប្រកបរបរនេះ អូសរទេះលក់ចល័តពាសពេញទីក្រុង ដោយមិនមានទីតាំងច្បាស់លាស់ឡើយ។
ផ្សែងហុយទ្រលោមចេញពីរទេះកង់បីដែលកំពុងឈប់សំចតនៅចិញ្ចើមផ្លូវ ដៃអ្នកលក់កំពុងកាន់វែកឆាត្រឡប់នំគូឆាយដែលកំពុងនៅលើខ្ទះញាប់ស្អេក។ បន្ថយភ្លើងបានបន្តិច អ្នកលក់ងាកមកទាញប្រអប់សម្រាប់ខ្ចប់នំគូឆាយជូនភ្ញៀវ ដោយមានទាំងញើសហូរដោយសារកម្ដៅភ្លើង។ នេះជាទិដ្ឋភាពទូទៅនៃអ្នកប្រកបរបរលក់លតឆា និងនំគូឆាយ។
មានម្ដាយឪពុកជាអ្នកប្រកបរបរលក់លតឆានិងនំគូឆាយ លោក ពិន ពណ្ណរាយ បានប្ដេជ្ញាចិត្តអភិរក្សបន្តនូវមុខរបរម្ដាយដែលមានតាំងពីឆ្នាំ ១៩៨៧មកនោះ ឱ្យទៅជារបរមួយថ្មីដែលមានស្តង់ដា និងគុណភាពក្នុងកម្រិតមួយដែលអាចទទួលយកបាន។ លោកបានចាប់ផ្ដើមដោយពង្រឹងលើការវេចខ្ចប់ ដើម្បីឱ្យមានភាពទាក់ទាញ និងអាចឱ្យអតិថិជន ទទួលស្គាល់លើអនាម័យរបស់នំទាំង២ប្រភេទនេះផងដែរ។
ម្យ៉ាងទៀត លោកក៏បានបើកជាទីតាំង សម្រាប់លក់ដែលពិតប្រាកដមួយនៅក្នុងខេត្តសៀមរាប។ តាមរយៈរសជាតិដើម ដែលបន្សល់ទុកពីឪពុកម្ដាយ ការលក់របស់លោកបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលលោកចេះផ្សព្វផ្សាយហើយមកដល់បច្ចុប្បន្នរបរនេះហាងត្រូវបានពង្រីកសាខារហូតទៅដល់៦សាខា ដែលភាគច្រើននៅសៀមរាប និងនៅទីក្រុងភ្នំពេញ១សាខា។
លោក ពិន ពណ្ណរាយ បានមានប្រសាសន៍ថា៖ «យើងបានច្នៃលតឆា និងនំគូឆាយពីធម្មតាទៅជាមានការវេចខ្ចប់ស្អាតបាត មានគុណភាព អនាម័យ ហើយអាចចម្អិនដោយខ្លួនឯងបាន និងអាចនាំចេញទៅក្រៅប្រទេសទៀត»។
គ្រួសារលតឆា នំគូឆាយ KLC 1987 គឺជាឈ្មោះនៃហាងរបស់លោក ពិន ពណ្ណរាយ ដែលមានការវេចខ្ចប់ឱ្យអតិថិជនដែលចង់យកទៅចម្អិននៅផ្ទះខ្លួនឯង។
បច្ចុប្បន្ន លោក ពិន ពណ្ណរាយ ផ្គត់ផ្គង់ទៅលើការបោះដុំនំគូឆាយ និងលតឆាទៅឱ្យអ្នកលក់ ផ្សេងទៀតទាំងនៅក្នុងខេត្តសៀមរាប និងក្រុងភ្នំពេញ ដែលអ្នកប្រកបរបរនេះ អាចមានលទ្ធភាពចំណេញបាន។
លោកពណ្ណរាយ និយាយថា ដោយមានទីតាំងអំណោយផលស្រាប់ ជារឿយៗហាងរបស់លោកតែងតែទទួលបានភ្ញៀវបរទេស ដែលទៅទស្សនាខេត្តសៀមរាប ហើយត្រូវបានភ្ញៀវទាំងនោះកោតសរសើរពីរសជាតិនំផងដែរ។
លោកបន្ថែមថា លោកក៏ជួយបង្កើតមុខរបរឱ្យប្រជាជននៅសហគមន៍ប្រាសាទបាគងដែលមានប្រមាណជា ៣០០គ្រួសារ ដែលជាសហគមន៍ផ្គត់ផ្គង់វត្ថុធាតុដើម ស្លឹកគូឆាយ ទៅឱ្យគ្រួសារលក់លតឆា និងនំគូឆាយ។ ម្យ៉ាងទៀត លោកទទួលខុសត្រូវលើការ បង្ហាត់បង្រៀនពីបច្ចេកទេសដាំ និងធានាការទិញត្រឡប់មកវិញផងដែរ។
លោកបានរៀបរាប់ថា៖ «យើងមានសហគមន៍មួយទៀតគឺសហគមន៍ស្រុកបន្ទាយស្រី ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោត និងដែលស្ករត្នោតជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតទឹកជ្រលក់រូបមន្ដដើម របស់យើង...តាមរយៈសកម្មភាពនេះយើងបានចូលរួមកាត់បន្ថយចំណាកស្រុក ដោយការផ្ដល់ការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមានកម្រិតវប្បធម៌ក្រោមមធ្យមសិក្សា»។
បើតាមលោក ពិន ពណ្ណរាយ បានឱ្យដឹងថា លោកគ្រោងនឹងពង្រីកសាខាបន្ថែមទៀតឱ្យមាននៅទូទាំងប្រទេស ហើយទាំងអស់នេះ គឺដើម្បីបម្រើមហិច្ឆតារបស់លោកគឺធ្វើឱ្យអាហារ២ប្រភេទនេះក្លាយទៅជាអ្វី ដែលគេអាចនឹកឃើញ នៅពេលគេ និយាយពីខ្មែរ ដូចដែលគេនឹកឃើញពីហ្វឺ ពេលដែលនិយាយពីវៀតណាមនោះដែរ៕