ភ្នំពេញៈ នៅតាមទីសត្តឃាតសម្លាប់សត្វគោក្របីមួយចំនួនគេតែងតែសង្កេតឃើញមានបន្សល់ស្នែងគោស្នែងក្របី ឬក៏ឆ្អឹងគោក្របី ហើយបង្កជាក្លិនស្អុយទៀតផង ដោយអ្នកខ្លះបានគិតថា គ្មានប្រយោជន៍មិនដឹងជាយកទៅធ្វើអ្វីបានទៀត។
ប៉ុន្តែមានសិប្បករខ្មែរម្នាក់បានយកស្នែងគោក្របីមកកែច្នៃទៅជាគ្រឿងដាក់តាំងលម្អក្នុងគេហដ្ឋាន និងកែច្នៃធ្វើជាបន្តោងខ្សែក បន្តោងសោ រួមនឹងវត្ថុអនុស្សាវរីយ៍យ៉ាងល្អប្រណីត។គ្រឿងកែច្នៃពីស្នែងសត្វធម្មជាតិទាំងនេះវាមិនត្រឹមតែរួមចំណែកដល់វិស័យបរិស្ថានប៉ុណ្ណោះទេ តែវាបានលើកពីគុណតម្លៃនៃជីវិតរបស់អ្នកប្រើប្រាស់ផលិតផលកែច្នៃពីស្នែងទាំងនេះយ៉ាងគាប់ប្រសើរទៀតផង។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្ទៃមេឃកម្ពស់ប្រហែលជា ១,៦០ ម៉ែត្រ ជាមួយដំណើរយ៉ាងរហ័សរហួនហាក់ប្រណាំងនឹងដំណើរខ្យល់ត្រជាក់បក់ម្តងខ្លាំង ម្តងខ្សោយ ប៉ះទៅនឹងសក់ពណ៌ខ្មៅរលើបបានគ្របលើផ្ទៃមុខជាមួយនឹងស្នាមញញឹមគួរឱ្យគយគន់។ស្ត្រីវ័យកណ្តាលឈ្មោះ គួន ចិន្តា ដែលមកពីខេត្តព្រៃវែងរូបនេះគឺជាសិប្បករកែច្នៃស្នែងគោស្នែងក្របីធ្វើជាគ្រឿងសម្ភារលម្អផ្សេងៗយ៉ាងល្អប្រណីត។
ខណៈកំពុងរៀបដាក់លក់វត្ថុអនុស្សាវរីយ៍នៅក្នុងហាងតូចល្មមមួយដែលមានទីតាំងស្ថិតនៅក្បែរសារមន្ទីរប្រល័យពូជសាសន៍ជើងឯក អ្នកស្រីគួន ចិន្តា បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រី និងស្វាមីមានដើមកំណើតនៅឃុំស្រុកកំពង់លាវ ខេត្តព្រៃវែង ហើយនៅអំឡុងឆ្នាំ ១៩៩០ ប្លាយ ស្វាមីរបស់អ្នកស្រីបានចូលរៀនជំនាញកែច្នៃធ្វើជាវត្ថុសម្រាប់ដាក់តាំងនៅក្នុងផ្ទះដូចជា សំណាកសត្វកុក ក្តាម បង្កង ជាមួយអង្គការប្រាសាក់ តែមិនមែនកែច្នៃពីស្នែងគោក្របីឡើយ ប៉ុន្តែកាលនោះក៏មានហាងលក់ស៊ុបមួយនៅពីមុខផ្ទះរបស់អ្នកស្រីដែលគេចោលក្បាលគោ ក្បាលក្របី ភ្ជាប់ជាមួយស្នែងរបស់វាដែលធ្វើឱ្យមានក្លិនស្អុយដល់ផ្ទះអ្នករស់នៅជិតខាងផង។
ស្ត្រីវ័យ ៤១ ឆ្នាំរូបនេះ បានរៀបរាប់បន្តថា បើទោះបីជាអ្នកស្រីត្រូវរំខានដោយក្លិនស្អុយបែបណាក្តីក៏អ្នកស្រីមិនដែលមាត់ធំមាត់តូចជាមួយម្ចាស់ហាងលក់ស៊ុបនោះឡើយ តែផ្ទុយទៅវិញអ្នកស្រី និងស្វាមីតែងរើសស្នែងគោក្របីទាំងនោះមកលាងហើយហាលថ្ងៃយ៉ាងស្ងួតរៀបចំទុកដាក់វាត្រឹមត្រូវ តែអ្នកស្រីមិនទាន់នឹកឃើញយកវាមកកែច្នៃបង្កើតជាមុខរបរនៅឡើយទេ។
ប៉ុន្តែដោយសាររបររបស់អ្នកស្រីមិនសូវជាកាក់កបរកលុយផ្គត់ផ្គង់គ្រួសារមិនគ្រប់គ្រាន់ផងនោះ ស្វាមីរបស់អ្នកស្រីក៏នឹកឃើញយកជំនាញដែលគាត់ធ្លាប់បានរៀននៅអង្គការប្រាសាក់មកធ្វើការកែច្នៃស្នែងសត្វគោក្របីជាវត្ថុផ្សេងៗដើម្បីលក់ តែមុខរបរថ្មីនេះក៏ហាក់ដូចជាមិនសូវកាក់កបដែរ។
អ្នកស្រីថ្លែងថា៖ «រាល់អស់អ្នកផ្សេង គេរៀនតែ ៣ ៗខែទេ ចំណែកប្តីខ្ញុំរៀនជំនាញកែច្នៃធ្វើរូបដូចគេដែរតែគាត់រៀនដល់ទៅ៣ឆ្នាំឯណោះ។ គាត់រៀនចាប់ផ្តើមពីសិស្សរហូតក្លាយជាគ្រូនៅអង្គការប្រាសាក់ បង្រៀនគេវិញ»។
បើតាមអ្នកស្រី ចិន្តា ដោយសារតែនៅស្រុកកំណើតមិនមានអ្នកគាំទ្រផលិតផលកែច្នៃពីស្នែងគោក្របីទើបនៅឆ្នាំ ២០០១ អ្នកស្រី និងស្វាមីផ្លាស់មករស់នៅផ្ដុំប៊ុលឌីងក្នុងរាជធានីភ្នំពេញដោយប្រកបរបរលក់ផលិតផលស្នែងនេះដដែល ហើយផលិតផលរបស់អ្នកស្រី ក៏ចេះតែមានអតិថិជនទាំងខ្មែរ ទាំងជនបរទេសស្គាល់ជាបណ្តើរៗ។
ដោយសារការលក់ដូរផលិតផលកែច្នៃពីស្នែងគោស្នែងក្របីជាច្រើនឆ្នាំមក អ្នកស្រីបានមើលឃើញថា ភ្ញៀវបរទេសភាគច្រើនចូលចិត្តគ្រឿងអលង្ការ ហេតុដូច្នេះទើបអ្នកស្រីកែច្នៃធ្វើជាគ្រឿងអលង្ការវិញ។ គ្រាន់តែថាស្នែងទាំងអស់មិនអាចកែច្នៃបានទាំងអស់ទេ បើស្នែងណាមិនល្អ ក៏កែច្នៃមិនកើតដែរ។
អ្នកស្រីថា៖ «ស្នែងខ្លះពណ៌វាមកពីធម្មជាតិរបស់វាតែម្តង ដូចថា ស្នែងវាដុះមកមានម្រ័ក្សណ៍ មានពណ៌មានអីជារូបនៅក្នុងនោះតែម្តង។ ដូចកាលពីវារស់នៅមានជីវិតវាទៅជល់គ្នា ហើយបង្កើតឱ្យមានជារូបវល្លិ៍នៅក្នុងស្នែងរបស់វាតែម្តង អ៊ីចឹងវល្លិ៍ហ្នឹងវាស្អាតផុតគេហើយគ្មាន ២ ទេ»។
អ្នកស្រីបញ្ជាក់ថា កាលពីមុន នៅពេលដែលស្វាមីរបស់អ្នកស្រីផលិតបានហើយ ក៏យកផលិតផលនោះទៅផ្ញើនៅតាមហាងនានាក្នុងទីក្រុងភ្នំពេញ។ តែនៅប៉ុន្មានឆ្នាំមុនសម័យកើតមានជំងឺកូវីដ គឺអ្នកស្រីមានហាងផ្ទាល់ខ្លួនមួយនៅក្បែរសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ហើយចេះតែមានភ្ញៀវបរទេសចូលទិញផលិតផលរបស់អ្នកស្រីជាហូរហែមកដែរ។
ទោះយ៉ាងណា អ្នកស្រីត្អូញត្អែរថា ផលិតផលកែច្នៃពីស្នែងដោយដៃពិតៗនេះហាក់មិនសូវមានប្រជាពលរដ្ឋខ្មែរយើងគាំទ្រប៉ុន្មានទេ។ «ហេតុដូច្នេះហើយខ្ញុំតែងតែរិះរករកវិធីផ្សព្វផ្សាយតាមរយៈការចូលរួមតាំងពិព័រណ៍នៅតាមទីកន្លែងផ្សេងៗ និងតាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ឬតាមរយៈភូមិ ១ ផលិតផល ១ អ៊ីចឹងទៅ ព្រោះយើងមិនសូវមានធនធានសម្រាប់ផ្សព្វផ្សាយដែរ»។
អ្នកស្រីបន្ថែមថា ចំពោះវត្ថុធាតុដើមជាស្នែងគោស្នែងក្របីនេះពីមុនៗមកអ្នកស្រីដើរប្រមូលពីតាមទីសត្តឃាតតែឥឡូវនេះគឺអ្នកស្រីមានម៉ូយយកមកលក់ឱ្យដល់ៗកន្លែងតែម្តង។ ក្នុងនោះឆ្អឹងគោឆ្អឹងក្របី ក៏អ្នកស្រីយកដែរ តែយកចំនួនតិចបំផុតប៉ុណ្ណោះ ប៉ុន្តែឆ្អឹងវាមានក្លិនស្អុយជាងស្នែង ព្រោះនៅក្នុងឆ្អឹងមានខួរ។ រីឯស្នែងដែលនៅមានជាប់សាច់ហើយវាមានក្លិនស្អុយដែរ ដូច្នេះហើយទើបអ្នកស្រីត្រូវលាងសម្អាត និងហាលថ្ងៃឱ្យស្ងួតល្អអស់ក្លិនស្អុយទើបយកមកកែច្នៃបាន។
អ្នកស្រីបញ្ជាក់ថា៖ «នៅស្រុកខ្មែរយើងគិតៗទៅដូចជាមិនទាន់មានអ្នកវិនិយោគលើការផលិតកែច្នៃស្នែងគោក្របីនេះនៅឡើយទេ។ តាមពិតទៅស្អុយបំផុតក៏កែច្នៃធ្វើជាជីធម្មជាតិបានទៀត ខណៈដែលរាល់ថ្ងៃយើងនាំជីគីមីចូលមកច្រើនមែនទែន។យើងគិតថាសាច់គោក្របីយើងញ៉ាំចុះរបស់នៅសល់យើងយកទៅណា?និយាយទៅសំណល់ដែលយើងបោះចោលសុទ្ធតែច្នៃបានលុយទាំងអស់»។
បើតាមអ្នកស្រី ចិន្តា អាជីពជំនាញមួយនេះ អ្នកស្រីនឹងបន្តដល់កូនចៅតជំនាន់ទៅថ្ងៃអនាគតទៀត ហើយអាចរស់បាន១ជីវិតមិនពិបាកទេ។ ប៉ុន្តែក៏អាស្រ័យលើការព្យាយាមយកចិត្តដាក់របស់បុគ្គលខ្លួនយើងម្នាក់ៗដែរ បើយើងមិនតស៊ូព្យាយាមក៏មិនអាចធ្វើការងារសម្រេចដូចបំណងបានដែរ។ចំពោះវត្ថុអនុស្សាវរីយ៍កែច្នៃពីស្នែងគោស្នែងក្របីមានតម្លៃចាប់ពី ៣ ដុល្លារ រហូតដល់ ៥០០ ដុល្លារ។
ទន្ទឹមនឹងនេះ អ្នកស្រីក៏សំណូមពរផងដែរ ឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលរបស់ខ្មែរមិនថា ជាសិប្បកម្មរបស់អ្នកស្រីទេ អ្វីក៏ដោយឱ្យតែជាផលិតផលកែច្នៃពីស្នាដៃកូនខ្មែរគួរជួយគាំទ្រផង៕