កោះកុងៈ មាន​លំនៅ​នៅ​ស្រុក​ស្រែ​អំបិល ខេត្តកោះកុង ប្ដី​ប្រពន្ធ​ ១ គូ​ ប្រក​បរបរ​ប្រចាំ​ថ្ងៃ​ដោយ​ការធ្វើ​កសិ​កម្មលើដី​ចម្ការ​របស់​ខ្លួន​ជា​លក្ខណៈ​គ្រួសារដែល​មិន​ត្រឹម​តែ​មួយ​មុខ​នោះ​ទេ តែ​ពួកគាត់​បានធ្វើ​កសិកម្ម​ចម្រុះ ដោយ​មាន​ទាំង​កសិដ្ឋាន​ចិញ្ចឹម​សត្វ និង​សួន​បន្លែ​គ្រប់​មុខ​ទៅ​តាម​រដូវ​កាល​ផង​ដែរ​។​

​នៅ​រាល់​ការដាំ​ដុះ​នីមួយៗពួកគាត់​​តែង​នាំ​យក​នូវ​បច្ចេក​ទេស​ដាំ​ដុះ​ថ្មីៗ​ពី​ចម្ការ​ផ្ទាល់​ទៅ​ចែក​រំលែកដល់​បងប្អូន​ប្រជាជន​ខ្មែរ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ជាដើម​។ គួរឱ្យ​ចាប់​អារម្មណ៍ វីដេអូ​នីមួយៗ​របស់​ពួកគាត់​ទទួល​បាន​ការគាំទ្រ​យ៉ាង​ច្រើន ដែល​មក​ទល់​ពេល​នេះ​ផេ​ក​ផ្លូវការ​របស់​ពួកគាត់​មានការ​តាម​ដាន​រហូត​ដល់​ជាង​១០​ម៉ឺន​នាក់​។​

​វីដេអូ​ចម្រុះ​ដែល​ជា​មធ្យម​មាន​រយៈ​ពេល១០​នាទីបាន​បង្ហាញ​នូវ​ដំណើ​រការ​នៃ​ការដាំដុះ​ទាំង​មូល​ តាំងពី​ចាប់​ផ្ដើម​ដាំ រហូត​ដល់​ប្រមូល​ផល​ ព្រម​ទាំង​បាន​ផ្ដល់​នូវ​បច្ចេក​ទេស​ល្អៗ​សម្រាប់​អ្នក​តាម​ដាន​ក្នុងការ​អនុវត្ត​នូវ​ការដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​។​

​គុណភាព​ច្បាស់ៗ​នៃ​វីដេ​អូ អមដោយ​ដំណាំ​ខៀវ​ស្រងាត់ ​ក៏ដូចជា​បច្ចេក​ទេស​នៃ​ការកា​ត់ត​ផង​នោះ ​បាន​ធ្វើឱ្យ​មាតិកា​របស់​ពួកគាត់​ងាយ​ស្រួល​មើល និង​ងាយ​ស្រួល​យល់ ​ហើយ​មាន​លក្ខណៈ​ខុសប្លែក​ពី​វីដេអូ​ដាំ​ដុះដ​ទៃទៀត​។ មាតិកា​ទាំង​អស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការដែល​ប្ដី​ប្រពន្ធ​១គូ​នេះ ដាក់​ឈ្មោះថា «​រៀន​ដាំ​»​។​

​លោក​ នី ប៊ុន​ថា ដែលជា​អ្នក​ផ្ដួច​ផ្ដើម​ធ្វើជា​វីដេអូ​ចែករំ​លែក​បាន​ឱ្យដឹង​ថា រូបលោក ​និង​ភរិយា​បានចា​ប់ផ្ដើម​ថត​វីដេអូ​ចែក​រំលែក​តាំង​តែ​ពី​ឆ្នាំ២០១៨ ហើយ​មូលហេតុ​ចម្បង​នោះ​គឺដោយ​សារ​ចិត្ត​ស្រឡាញ់​ចំពោះ​ការដាំដុះ​។ម្យ៉ាង​ទៀត ដោយ​សារ​ការងារ​កសិក​ម្ម​ជា​អ្វី​ដែល​លោកនិង​ភរិយា​ធ្វើជា​រៀង​រាល់ថ្ងៃ​ផង​ទើប​ចង់​ឆ្លៀតយក​ឱកាស​នេះ​ដើម្បី​ចែក​រំលែក​ជូន​បង​ប្អូន​ប្រជា​ជន​ខ្មែរ​តែម្ដង​។​

​លោក នី ប៊ុន​ថា បាន​រៀប​រាប់ថា ៖ «​អ្វីដែល​ពួក​ខ្ញុំ​ធ្វើ​នេះ គឺ​ចង់​ចែករំ​លែក ហើយ​យើង​ក៏​ចង់​រក្សា​ទុកជា​ឯក​សារ​សម្រាប់​ទៅ​ថ្ងៃមុខ​ទៀត​ដែរ​ ណាមួយ​យើង​ជា​អ្នក​ស្រឡាញ់​កសិកម្ម​និង​ចូលចិ​ត្ត​ការផលិត​វីដេអូ​ផង ​ដូច្នេះ​ខ្ញុំ​គិត​ថា ​នេះ​ជា​អ្វីដែល​យើង​អាច​ជួយ​បាន​»​។​

​ដោយ​ឡែក លោក នី ប៊ុន​ថា បាន​ឱ្យដឹង​ថា រាល់​អ្វីដែលលោក និង​ភរិយា​បាន​ចែករំ​លែក គឺ​សុទ្ធតែ​ចេញពី​ចំណេះដឹ​ង ការស្រា​វជ្រាវ​ និង​ការអ​នុវត្ត​ផ្ទាល់​។ ចំ​ណេះដឹង​គឺ​លោក​បាន​មកពី​ការចូលរួម​វគ្គប​ណ្ដុះបណ្ដាល​ខ្លីៗ និង​ការស្រាវ​ជ្រាវ​គឺ​ការស្វែង​យល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត រីឯ​ការអនុវត្ត​គឺ​លោក​យកទៅដាក់​លើ​ដំណាំ​ក្នុង​ចម្ការ​របស់លោក​។​

​និយាយ​ជារួម​ដំណើ​រការ​នៃ​ការ​ផលិត​វីដេអូ​នីមួយៗ​គឺមាន​ការ​លំបាក ស្មុគ​ស្មាញ និង​ត្រូវការ​ពេល​វេលា​យូរ ​ទម្រាំ​អាច​ផលិត​បាន​មាតិ​កា​នីមួយៗ​។

​ស្ទើរតែ​​គ្រប់​វីដេអូ លោក នី ប៊ុន​ថា គឺជា​អ្នក​បញ្ចូល​សំឡេង និង​កាត់​ខ្លឹមសា​រ ចំណែកឯ​ភរិយា​ជា​អ្នកចេញមុ​ខ​ដាំ​ដុះ​នៅ​ក្នុង​វីដេអូ បង្ហាញ និង​ណែនាំ​ពី​របៀប​ដាំ​ដុះ​ដំណាំ​ចម្រុះ និង​របៀប​ធ្វើជីកំ​ប៉ុស​ជា​ដើម​។​

​សម្រាប់​ចំណូល​វិញ លោក​បាន​បញ្ជាក់​ថា លោក​ធ្វើឡើ​ង​ដោយ​ប្រើប្រា​ស់​ថវិកា និង​សម្ភារ​ផ្ទាល់​ខ្លួន​តែម្ដ​ង ប៉ុន្តែ​មក​ទល់​ពេលនេះ​លោក​អាច​រក​ចំណូល​បាន​ខ្លះ​ពី​ក្រុម​ហ៊ុន​យូ​ធូប ​និង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​។ ម្យ៉ាង​ទៀត​លោក ​និង​ភរិយា​ក៏​បង្កើតជា​កញ្ចប់​សេវា​កម្ម​បង្រៀន​ទៅ​ដល់​កសិករ ដែល​មាន​បំណង​ចង់ស្វែង​យល់​ពី​ការ​ដាំដុះ​ផ​ងដែរ​។​

​ក្នុ​ងនាម​ជា​អ្នក​ចែក​រំលែក​មាតិកា​ចំណេះ​ដឹង​កសិកម្ម ​លោក​បានកត់​សម្គា​ល់​​ឃើញ​ពី​ការ​ប្រែប្រួល​នៃឥរិ​យាបថ​របស់​ប្រជាជន​ខ្មែរ ​ដោយ​ពីមុន​គឺ​ការ​ដាំដុះ​ច្រើន​តែ​ធ្វើឡើង​ទៅតាម​​ទម្លាប់​ពី​ដូនតា​​មក ប៉ុន្តែ​ពេល​នេះ​លោក​ឃើញ​ថា ​ពួកគេ​មាន​ការ​ស្រាវ​ជ្រាវស្វែង​យល់និង​ព្យាយា​ម​បង្កើន​ចំណេះដឹ​ង មុន​នឹង​ដាំ​ដុះ​ដំណាំ​អ្វីមួយ​ ដូចជា ​​អ្នក​តាម​ដាន​រាល់​ចំណេះ​ដឹង​ដែល​លោក និង​ភរិយា​តែង​តែ​ចែករំលែក​នោះដែ​រ​។​

​ប៉ុ​ន្តែ ​បើទោះជា​យ៉ាងនេះ​ក្ដី ​លោក​អះអាង​ថា​៖ «​ការដាំដុះ​ដែល​ទទួល​បាន​ជោគជ័​យ ឬ​មិន​ជោគជ័​យ គឺ​វា​អាស្រ័យ​​លើ​អ្នក​ដាំ​ដុះ​ផ្ទាល់ថា​​ តើ​ពួកគេ​យក​ទ្រឹស្ដី​ទៅ​អនុវត្ត​បាន​ក្នុង​កម្រិត​ណា ហើយ​មានការ​ស្វែង​យល់​បន្ថែម​បាន​ក្នុង​កម្រិត​ណា ព្រោះ​​វិស័យ​កសិ​កម្ម​នេះ​វា​ធំ​ទូលាយ​ណាស់ ដែ​ល​ទាម​ទារ​ឱ្យកសិករ​មានកា​រ​ស្វែងយ​ល់​ជាប្រចាំ​តែម្ដង​​»​។​

​ចេញពី​បទ​ពិសោធន៍​ដាំ​ដុះ​ជាយូរ​ឆ្នាំ ​លោក នី ប៊ុន​ថា បាន​ផ្ដល់​ជា​ដំបូន្មាន​ទៅ​កាន់​អ្នក​ដាំ​ដុះ​ឱ្យ​បន្ត​ស្រាវជ្រាវ​ឱ្យ​កាន់​តែច្រើន​បន្ថែម​ទៀត​ ពោលគឺ​ឱ្យ​ខ្លួន​ឯង​ច្បាស់​ជាមួយ​ដំណាំ​នោះ​សិន ​មុននឹង​ចាប់​ផ្ដើម​ដាំ​។ ជាពិសេស​គឺ​លោក​បាន​ណែនាំ​ឱ្យដាំ​ក្នុង​ទំហំ​តូច​ទៅ​មុន ​ពោលគឺ​ទៅ​តាម​លទ្ធភា​ពជា​ក់ស្ដែង ចៀស​វាង​ការ​ទៅ​ខ្ចី​ដើម​ទុន​ពី​ធនា​គារដែល​អាច​នាំឱ្យ​ខាត​បង់ ដូចជា​អ្វី​ដែល​លោក​ធ្លាប់​បាន​ឃើញ​កន្លង​មក​៕