ព្រៃវែងៈ អង្គការថែទាំ និងសង្គ្រោះសេះនៅកម្ពុជា (CPWO) ត្រូវបានបង្កើតឡើង បំណងលើកស្ទួយសុខុមាលភាពសេះនៅប្រទេសកម្ពុជា ថ្វីដ្បិតតែចំនួនសេះជាពិសេសការចិញ្ចឹមសេះបែបគ្រួសារមានការធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ។
អង្គការ (CPWO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ក្នុងនាមជាអង្គការមិនរកប្រាក់ចំណេញ ដោយវេជ្ជបណ្ឌិតស៊ីរ៉ាយ៉ាជុននេកាមរ៉ៃ ជាប្រធានមូលនិធិសុខុមាលភាពសត្វសេះនៅខេត្តឡាំប៉ាងប្រទេសថៃ និងកញ្ញា វ៉ាន់ ប៉ឡេង ម្ចាស់ក្លិបកម្សាន្ដជាយក្រុងកម្ពុជា ដែលផ្ដោតលើពាក្យស្លោកចម្បងរបស់ខ្លួន «សត្វសេះជាចម្បង»។
កញ្ញា វ៉ាន់ ប៉ឡេង បានឱ្យដឹងថា៖ «ការបង្កើតអង្គការថែទាំនិងសង្គ្រោះសេះនេះពិតជាសំខាន់ណាស់ នៅក្នុងពិភពលោក ដែលសុខុមាលភាពរបស់មនុស្សត្រូវបានមើលឃើញតាមរយៈការផ្ដល់នូវសុខុមាលភាពសត្វល្អនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការផ្ដល់អំណាចដល់សហគមន៍ក្នុងភាពជាម្ចាស់សត្វដ៏ទទួលខុសត្រូវផ្សព្វផ្សាយចំណេះដឹងអំពីស្ថានភាពសេះនៅកម្ពុជា»។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កាលពីមុនសេះរស់នៅក្នុងស្ថានភាពលំបាក ដែលខ្វះការយកចិត្ដទុកដាក់ពីម្ចាស់ចំពោះសុខុមាលភាពរបស់ពួកវា ប៉ុន្ដែបច្ចុប្បន្ននេះពួកវាមានសភាពប្រសើរឡើង ហើយចំនួនសេះនាពេលនេះបានធ្លាក់ចុះប្រមាណ៥០ភាគរយ»។
សេះរបស់លោកភាព ស្ថិតនៅឃុំស្វាយមាស ខេត្ដកណ្ដាល បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយត្រូវរបួសចំក ក្បាល និងជើង ដែលមុតនឹងរបងលួសបន្លាអំឡុងពេលធ្វើការ។
លោកភាព ដែលមានការព្រួយបារម្ភចំពោះសុវត្ថិភាពសត្វចិញ្ចឹមនិងជាកម្លាំងជួយរកប្រភពចំណូលដ៏សំខាន់មួយបានទាក់ទងបុគ្គលិកអង្គការ (CPWO) ដែលបានចាត់វិធានការសង្គ្រោះសេះភ្លាមៗទាំងការសម្អាតមុខរបួសនិងការដេររបួសដែលរយះវែង។
លោកភាព ត្រូវបានដកស្រង់សម្ដីដោយបាននិយាយថា៖ «ខ្ញុំសប្បាយចិត្ដណាស់! ខ្ញុំញញឹមបិទមាត់មិនជិតទេ ពីព្រោះបើក្រុមការងារអង្គការមិនមកខ្ញុំនឹងលក់សេះនេះទៅឱ្យកន្លែងសត្ដឃាតក្នុងតម្លៃថោកមិនខាន។ខ្ញុំនឹងបាត់បង់សេះរបស់ខ្ញុំ ព្រមទាំងលុយកាក់របស់ខ្ញុំ និងកាត់បន្ថយប្រាក់ចំណូលក្នុងគ្រួសារ ជាពិសេសខ្ញុំអាណិតសត្វណាស់ ប៉ុន្ដែអ្វីៗកាន់តែប្រសើរឡើង សេះរបស់ខ្ញុំបានទទួលជំនួយពីអង្គការថែទាំ និងសង្គ្រោះសេះនៅកម្ពុជា»។
អង្គការបានបង្ហាញថា រហូតមកដល់ពេលនេះនៅកម្ពុជាមានចំនួនសេះប្រមាណ៦ពាន់ក្បាល។នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ(GDAHP)ហើយសេះចំនួន២ពាន់ក្បាលត្រូវបានជួយដោយអង្គការ(CPWO)។
នាយកអង្គការ ជាម្ចាស់ក្លិបកម្សាន្ដជាយក្រុងកម្ពុជាបាននិយាយថា គោលបំណងចម្បងនៃគម្រោងរបស់អង្គការ គឺផ្ដោតលើការផ្ដល់ការថែទាំសុខុមាលភាព និងសេវាកម្មបសុសត្វសម្រាប់សត្វសេះកំពុងបម្រើក្នុងការវិស័យការងារនៅកម្ពុជា។
កញ្ញា ប៉ឡេង បានលើកឡើងថា អង្គការបានបណ្ដុះបណ្ដាលបសុពេទ្យកម្ពុជានូវជំនាញនិងចំណេះដឹងក្នុងការថែទាំនិងព្យាបាលសត្វសេះប្រកបដោយវិជ្ជាជីវៈ។បន្ថែមពីនេះអង្គការក៏បានផ្ដល់ការអប់រំនិងបណ្ដុះបណ្ដាលដល់ម្ចាស់សេះឱ្យចេះថែទាំសេះឱ្យបានត្រឹមត្រូវទៀតផង។
ដោយសារការចិញ្ចឹមបំណងប្រើប្រាស់ក្នុងការដឹកជញ្ជូនធ្លាក់ចុះ សេះដែលត្រូវបានចិញ្ចឹមបែបសហគមន៍ និងគ្រួសារ មានសម្រាប់តែការបង្កើនចំណូលប្រចាំថ្ងៃ ផ្ដល់សេវាជិះកម្សាន្ដបែបកីឡា និងបង្កាត់ពូជលក់។
លោក សាត សាវី អាយុ ៤១ ឆ្នាំ នៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្ដព្រៃវែងបានចីញ្ចឹមសត្វសេះជាលក្ខណៈគ្រួសារ និងបន្ដប្រពៃណីចិញ្ចឹមសត្វសេះតាំងពីឪពុករបស់លោក។
លោកបានឱ្យដឹងថា៖ «នៅភូមិរបស់ខ្ញុំនេះនៅមានអ្នកចិញ្ចឹមសត្វសេះក្នុងចំនួនតិចមែនទែន។កសិករយើងអត់មានអ្វីត្រូវធ្វើមុខរបរជាមួយសេះ ដោយសារយើងមានគ្រឿងចក្រច្រើន»។
រាល់ថ្ងៃនេះលោក សាវី បន្ដមុខរបរជាប់លាប់ជាជាងធ្វើក្រចកសេះ និងបានសហការជាមួយអង្គការ CPWO តាំងពីឆ្នាំ ២០១១។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំជាជាងធ្វើក្រចកសេះនៅតាមក្លិបកីឡាផ្សេងៗដើរតាមអង្គការ និងឆ្លៀតពេលធ្វើស្រែចម្ការបន្ទាប់បន្សំពីពេលទំនេនៅផ្ទះ»។
លោកបានអះអាងថា យោងតាមទីផ្សារសត្វសេះសព្វថ្ងៃមានតម្លៃជាងសត្វគោក្របីដោយឆាប់ធំធាត់ជាងគោ ក្របីផងដែរ។សេះមេអាចបង្កើតកូន ១ ក្បាល ក្នុង ១ ឆ្នាំ ហើយងាយស្រួលលក់ជាងគោក្របីដោយមានគេទិញយកទៅចិញ្ចឹម និងនាំចេញទៅប្រទេសជិតខាង។
ជាងផលិតក្រចកសេះរូបនេះបានឱ្យដឹងថា៖ «សេះឡើងថ្លៃសព្វថ្ងៃនេះ ដោយសារមានឈ្មួញពីប្រទេសជិតខាងមកទិញ។នៅតាមគ្រួសារក្នុងភូមិលែងមានសម្បូរសេះដូចកាលពី ២០-៣០ ឆ្នាំមុនទៀតហើយតែវាសម្បូរនៅតាមកសិដ្ឋាន និងក្លិបនានា»។
ចំពោះការជួញដូរសេះនេះលោកបានឱ្យដឹងថា អតិថិជនពីតាមកសិដ្ឋានចូលចិត្ដទិញសេះពេញវ័យ ហើយបើអ្នកស្រុកភូមិចង់ទិញយកទៅចិញ្ចឹមកូនសេះតូចៗជាជម្រើសរបស់ពួកគេដោយសារវារាងធូរថ្លៃជាងសេះធំ។
លោកបានបញ្ជាក់ថា ក្នុង១ឆ្នាំ លោកអាចលក់សេះចេញបានចន្លោះពី ៤ ទៅ ៥ ក្បាលដែលជាការទិញ-លក់បង្វិល។
លោកសាវី បានបន្ដថា៖«ខាងអង្គការជំនាញខាងព្យាបាលសេះ ហើយខ្ញុំជំនាញខាងផ្នែកក្រចកជាសុខភាពជើង។ពេលពួកគាត់ចុះទៅតាមខេត្ដត្រូវការខ្ញុំទៅជាមួយ ដោយសារសេះនៅតាមសហគមន៍ជនបទមានការខ្វះខាតជាងធ្វើក្រចក»។
បុរសអ្នកស្រុកតាមដងទន្លេតូចរូបនេះ បានបន្ថែមថា៖ «តាមខេត្ដដាច់ស្រយាលខ្លះសេះខូចក្រចកច្រើន ដែលទាមទារការព្យាបាលនិងបំពាក់ក្រចកឱ្យសេះដោយឥតគិតថ្លៃជូនដល់ម្ចាស់សេះ»។
ក្រៅពីការព្យាបាល និងបំពាក់ក្រចកសេះនៅតាមសហគមន៍ក៏ទទួលបាននូវសេវាចាក់វ៉ាក់សាំង។សេវាកម្ម ដែលពេទ្យមនុស្សមួយចំនួនមិនអាចធ្វើបាននោះគឺនៅពេលសេះមានជំងឺឈឺថ្កាត់ពេលយប់ព្រលប់ម្ចាស់សេះអាចទាក់ទងទៅអង្គការដើម្បីផ្ដល់អ្នកជំនាញមកត្រួតពិនិត្យសុខភាពបានភ្លាមៗ។
យ៉ាងណាមិញលោកទទួលស្គាល់ថាការចិញ្ចឹមសេះលក់បានថ្លៃតែពួកវាប្រឈមមុខនឹងបញ្ហាច្រើនផងដែរ ដែលទាមទារការថែទាំដិតដល់។នៅតាមសហគមន៍អង្គការនៅមើលឃើញពីការប្រើប្រាស់កម្លាំងសេះអូសទាញរទេះនៅតាមដងទន្លេមេគង្គដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
អង្គការCPWO ដែលស្ថិតនៅក្រោមឆត្រមូលនិធិសុខុមាលភាពសត្វសេះនៅខេត្តឡាំប៉ាងប្រទេសថៃដោយមានជំនួយពី World Society for Protection of Animals តែងតែជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលជាសមាជិកអង្គការក្នុងការថែទាំនិងចិញ្ចឹមសេះឱ្យកាន់តែប្រសើរ។
កញ្ញា ប៉ឡេង បានឱ្យដឹងថា បច្ចុប្បន្ននេះអង្គការត្រូវការជំនួយបន្ថែមដើម្បីជួយដល់សុខុមាលភាពសេះនៅទូទាំងប្រទេស។កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អង្គការបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងអង្គការថែរក្សានិងសង្រ្គោះសេះនៅកម្ពុជានិងមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
យោងតាមអង្គការ CPWO បានដកស្រង់សម្ដីវេជ្ជបណ្ឌិតស៊ីរ៉ាយ៉ាជុននេកាមរ៉ៃដោយបាននិយាយថាមិនខុសពីកម្ពុជាទេប្រពៃណីចិញ្ចឹមសេះជាលក្ខណៈគ្រួសារសម្រាប់អូសទាញរទេះក៏ត្រូវបានអនុវត្ដនៅប្រទេសថៃដែរ។
លោកហូយ សុផារិទ្ធ ជានាយកគ្រប់គ្រងកសិដ្ឋានសេះនៅក្លិបកម្សាន្ដជាយក្រុងកម្ពុជា ស្ថិតនៅលើផ្លូវ២០០៤ដែលមានសេះជាង២០ក្បាល បាននិយាយថា សម្រាប់ការជិះបែបកម្សាន្ដ ឬបែបកីឡា ក្លិបផ្ដល់ជូនសេះទៅតាមជម្រើសដែលមានពូជតូច និងធំក្នុងតម្លៃ៣៨ដុល្លារ/១ម៉ោង។
លោកបានឱ្យដឹងថា៖ «ក្លិបបានសហការជាមួយអង្គការ CPWO តាំងពីឆ្នាំ២០០៦ គឺមុនអង្គការចុះបញ្ជីនៅក្រសួង១ឆ្នាំ។យើងធ្វើការជាមួយអង្គការទៅលើសុខុមាលភាពសេះ។ឧទាហរណ៍ថា បើសេះមានរបួសស្នាម តើយើងត្រូវធ្វើដូចម្ដេច។ខាងអង្គការមកដល់ទីកន្លែងប្រាប់អំពីវិធីថែទាំ និងបង្រៀនពីការការពារ»។
លោកបាននិយាយអំពីអត្ថប្រយោជន៍ចំពោះកិច្ចសហការជាមួយអង្គការថា អ្នកជំនាញដឹងអំពីការវិវឌ្ឍរបស់ជំងឺដែលខុសពីម្ចាស់សេះដឹងទៅតាមទម្លាប់។ អ្នកចិញ្ចឹមសេះត្រូវប្រឹក្សាជាមួយអ្នកជំនាញខាងអង្គការដោយមិនអាចសម្រេចចិត្ដប្រើប្រាស់ថ្នាំដដែលៗបានទេ។
លោកបានលើកឡើងថា កន្លងមកនៅពេលសេះជួបបញ្ហាជំងឺធ្ងន់ធ្ងរ ក្លិបត្រូវអញ្ជើញពេទ្យជំនាញពីប្រទេសថៃ។ប៉ុន្ដែក្រោយពេលសហការជាមួយអង្គការជួយសង្គ្រោះនិងថែទាំសេះមានភាពឆាប់រហ័សនិងប្រកបដោយប្រសិទ្ធឭភាព។
រយៈពេល១៥ឆ្នាំមកនេះ អង្គការបានធ្វើការជាមួយម្ចាស់សេះ ១ ៣៣៧នាក់,ជួយសេះបាន ១ ៨១៤ក្បាលសហការជាមួយសហគមន៍ចំនួន៧២កន្លែង ,ប្រឹក្សាយោបល់ និងព្យាបាលបាន ២ ៤៣៤ករណី, បើកសិក្ខាសាលាផ្លាស់ប្ដូរឥរិយាបថម្ចាស់សេះ១២៤ករណី ,ធ្វើការជាមួយជាងក្រចកសេះ១៨នាក់ និងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យក្នុងមន្ទីរពិសោធន៍បាន ១ ២៥០ករណី៕