
លោក ប៊ិន រ៉ាត់ កំពុងចែកសៀវភៅដែលលោកនិពន្ធឱ្យក្មេងៗ។ រូបថត សហការី
ជាអ្នកនិពន្ធសប្បុរសផ្ដល់ជូនសៀវភៅទាំងគ្រប់ចំណងជើងរបស់លោកដោយឥតគិតថ្លៃសម្រាប់អ្នកខ្វះលទ្ធភាព លោក ប៊ិន រ៉ាត់ កើតនិងធំដឹងក្ដីនៅក្នុងស្រុកសំរោង ខេត្តតាកែវ។ ក្នុងចំណោមបងប្អូន ៨ នាក់ លោកជាមនុស្សតែម្នាក់គត់ក្នុងគ្រួសារដែលមានឱកាសបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
លោកបានចូលរៀនថ្នាក់បឋមនៅ សាលាបឋមសិក្សាអង្គការ បន្តទៅអនុវិទ្យាល័យអង្គព្រះស្ដេច និងបន្តថ្នាក់វិទ្យាល័យនៅវិទ្យាល័យសម្ដេចឪ (ថ្នល់ទទឹង) ដោយស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍនយុវជនខ្មែរ (KYDC)។ ក្រោយចប់បាក់ឌុប ២ ឆ្នាំ ទើបលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិអន្តរជាតិសាធារណៈនៅសាលាច្បាប់ដដែលនេះផងដែរ។
ដោយចូលចិត្តស្ដាប់ និងចែករំលែកបទពិសោធន៍ជីវិតជាពិសេសចូលចិត្តអានសៀវភៅបែបនិទានជីវប្រវត្តិ និងរបៀបរបបទំនៀមទម្លាប់នៃការរស់នៅរបស់សង្គមមនុស្សតាមរបត់សង្គមនិងសម័យកាលនីមួយៗ បានធ្វើឱ្យលោកចាប់ផ្ដើមសរសេរសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍បន្តទៅកាន់អ្នកជំនាន់ក្រោយៗទៀត។
សៀវភៅទាំងអស់របស់លោក ប៊ិន រ៉ាត់ គឺសាមញ្ញ ងាយយល់ ទាំងអត្ថន័យ និងខ្លឹមសារស័ក្ដិសមបំផុតសម្រាប់អ្នកអានដំបូងៗ គឺស្របជាមួយនឹងគោលបំណងនៃការតែងនិពន្ធ។
លោក ប៊ិន រ៉ាត់ បញ្ជាក់ថា៖ «ខ្ញុំសរសេរជាពិសេសសម្រាប់មនុស្ស ២ ក្រុម។ ក្រុមទី១ គឺក្រុមដែលមិនធ្លាប់អានសៀវភៅ ឬមិនចូលចិត្តអានសៀភៅ។ រីឯក្រុមទី២ គឺក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។ ក្នុងការតែងនិពន្ធ បើសៀវភៅណាមួយរបស់ខ្ញុំអាចអូសទាញអ្នកមិនចូលចិត្តអានណាម្នាក់ មកអានបាននោះជាជោគជ័យធំបំផុតរបស់ខ្ញុំ»។
សៀវភៅដំបូងរបស់លោកមានចំណងជើងថា «អតីតកាលដ៏រីករាយ» (Happy past or childhood memories) ជាសៀវភៅដែលរៀបរាប់អំពីជីវិតកុមារភាព (បឋមវ័យ) ហើយជាដំណាក់កាលបំបូង និងជាគ្រាដ៏រីករាយបំផុតក្នុងដំណើរជីវិត។ សៀវភៅនេះបង្ហាញទឹកចិត្តជាតួឯក ខណៈទឹកប្រាក់ត្រឹមជាតួរងហើយក្ដីសុខរបស់មនុស្សកើតឡើងដោយមិនទាមទារលក្ខខណ្ឌច្រើន។ អតីតកាលដ៏រីករាយបានពិពណ៌នាអំពីសាមគ្គីភាព របស់អ្នកភូមិកាលពីអ្នកនិពន្ធនៅក្មេងដូចជាសាមគ្គី ធ្វើស្រែ ស្ទូងស្រូវ និងសែងផ្ទះជាដើម ដែលសកម្មភាពសាមគ្គីភាពទាំងនោះមិនគិតលុយកាក់ជាធំឡើយ ហើយយើងមិនអាចស្វែងរកបានទេក្នុងសម័យកាលនៃសម្ភារនិយមដូចបច្ចុប្បន្ននេះ។
ចំណែកសៀវភៅទី២ ចំណងជើង រឿងជីវិត (ព្រលឹត) ជាប្រភេទប្រលោមលោក ដែលអ្នកនិពន្ធប្រមូលយកបញ្ហា និងដំណោះស្រាយជីវិតជាក់ស្ដែងក្នុងការរស់នៅប្រចាំថ្ងៃ (មជ្ឈិមវ័យ) មកបរិយាយ និងបញ្ជាក់ថា នេះជារឿងជីវិត។ រាល់បញ្ហាសង្គមជាក់ស្ដែងមានប្រទាក់ក្រឡាគ្នាក្នុងសាច់រឿងសៀវភៅរឿងជីវិតមួយនេះ។
សូមបញ្ជាក់ថា ថ្មីៗនេះបន្ទាប់ពីអានស្នាដៃសៀវភៅរឿងជីវិតចប់ មានមិត្តអ្នកអានជាច្រើនបានស្នើ ឬចង់ឃើញសៀវភៅរឿងជីវិតនេះ ថតជាខ្សែភាពយន្ត ហើយចាក់បញ្ចាំងជាសាធារណៈ។ រីឯសៀភៅទី ៣«ថ្ងៃរសៀល» ជាសៀវភៅដែលរៀបរាប់ពីបញ្ហា ជីវិតក្នុងបច្ឆិមវ័យ គឺវ័យចុងក្រោយនៃជីវិត ឬឣ្នកដែលមានបញ្ហាសុខភាពជាប់ខ្លួនរ៉ាំរ៉ៃ។ និយាយដោយខ្លី សៀវភៅរបស់លោកប៊ិន រ៉ាត់ ទាំង ៣ ចំណងជើងនេះរៀបរាប់ពីដំណាក់កាលធំៗ៣នៃដំណើរជីវិត គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ។
លោក ប៊ិន រ៉ាត់ ប្រាប់ដោយស្នាមញញឹមថា៖ «សេចក្ដីសុខរបស់ខ្ញុំមួយផ្នែកបានមកពី ឃើញក្មេងៗបានទៅសាលា យុវជនបានបន្តការសិក្សា។ ដូច្នេះហើយបានវាជាផ្នែកមួយនៃបេសកកម្មជីវិតរបស់ខ្ញុំ ដែលត្រូវធ្វើយ៉ាងណាបង្កលក្ខណៈជំរុញលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សាយ៉ាងហោចណាស់បានចប់ថ្នាក់វិទ្យាល័យ»។
លោកក៏បានផ្ដាំផ្ញើដល់ក្មេងៗ យុវជនទាំងអស់ថា មានតែការសិក្សាអប់រំទេដែលជាស្ពានចម្លង ជាក្បូនសណ្ដោងឱ្យពួកគេឆ្លងផុតអវិជ្ជា។ «ខ្ញុំជឿយ៉ាងប្រាកដថា ចំណេះវិជ្ជានឹងផ្លាស់ប្ដូរមុខមាត់ជីវភាពប្អូន គ្រួសារ និងសង្គមជាតិយើង។ ត្រូវចាំថា វ័យកំពុងសិក្សាត្រូវតែខំសិក្សា បើខ្វះលទ្ធភាពអាចសម្រាក ឬផ្អាកសិនបាន តែកុំបោះបង់ការសិក្សារៀនសូត្រឱ្យសោះ។ រៀននៅត្រង់នេះគឺមិនមែនសំដៅតែលើរៀននៅសាលាមួយមុខនោះទេ គឺរៀនពីការងារដែលយើងកំពុងធ្វើ រៀនពីសង្គម និងរៀនពីសៀវភៅដែលយើងអានផងដែរ»៕