សៀវភៅ «ចិត្តសាស្ត្រ និងអត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាព» ជាកម្រងឯកសារអប់រំពាក់ព័ន្ធទៅនឹងការផ្តោតលើការគិតពិចារណាស៊ីជម្រៅ ដើម្បីអាចឈានទៅដោះស្រាយបញ្ហាអំពីខ្លួនឯង និងមជ្ឈដ្ឋានជុំវិញ ក្នុងន័យស្វែងរកសច្ចភាពបាន។
សៀវភៅនេះរៀបរៀង និងប្រែសម្រួលដោយលោក ប៊ុន តឿង ជាអ្នកសម្របសម្រួល ផ្នែកឥរិយាបថ (Soft Skills) នៅតាមអង្គភាព និងក្រុមហ៊ុននានា។
លោកប៊ុន តឿងបានប្រាប់ឱ្យដឹងថា សៀវភៅចិត្តសាស្ត្រ និងអត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាពនេះ លោកបានចំណាយពេលវេលាពេញ ១ ឆ្នាំ ដើម្បីរៀបចំចងក្រងសៀវភៅនេះឡើង និងបានចំណាយប្រាក់យ៉ាងច្រើនក្នុងការបោះពុម្ពទើបធ្វើឱ្យសៀវភៅនេះលេចចេញជារូបរាង។
សៀវភៅ ១ ក្បាលនេះ កើតឡើងដោយសារការសិក្សារៀនសូត្រ, ការធ្វើការងារមានបទពិសោធន៍, ការស្វាធ្យាយអានសៀវភៅជាច្រើនទាក់ទងទៅនឹងចិត្តសាស្ត្រ និងឥរិយាបថ តាមរយៈការអង្កេត,ការស្រាវជ្រាវ និងបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃ។
លោកបន្ថែមថា៖ «ដើម្បីឆ្លើយតបទៅនឹងការចង់ចេះ ចង់ដឹងរបស់អ្នកសិក្សាទាំងឡាយ ខ្ញុំបានខិតខំប្រឹងប្រែង ស្រាវជ្រាវ ប្រមែប្រមូលឯកសារនានា ដោយប្រើពេលវេលាជាង ៣០ ឆ្នាំមកហើយ ដើម្បីចងក្រងបានសៀវភៅ ១ ក្បាលនេះទុកគ្រាន់ជាធម្មទានដល់អស់លោក លោកស្រី អ្នកស្រឡាញ់ការសិក្សារៀនសូត្រទាំងឡាយ ក្នុងន័យកសាងសមត្ថភាពឱ្យកាន់តែប្រសើរឡើង»។
លោកបន្តថា គោលបំណងដំបូង គឺក្នុងន័យឱ្យបងប្អូនឈ្វេងយល់អំពីអត្តចរិតរបស់មនុស្សជាទូទៅ។ ទោះបីថា មនុស្សមានអត្តចរិតផ្សេងៗគ្នាក៏ដោយចុះ តែមនុស្សមានគោលបំណងស្វែងរកសេចក្ដីសុខដូចៗគ្នា ពោលគឺមនុស្សចង់បានផលប្រយោជន៍ សុភមង្គល សន្តិភាព កេរ្តិ៍ឈ្មោះ និងសេចក្ដីស្រឡាញ់...។
សៀវភៅនេះក៏មានគោលបំណងដើម្បីឱ្យបុគ្គលិក កម្មករ និងអ្នកគ្រប់គ្រង មានការគោរពស្រឡាញ់គ្នា យល់ចិត្តគ្នា ជួយគ្នា និងសហការធ្វើការងាររួមគ្នា ដោយផ្ដល់នូវអត្ថប្រយោជន៍ដោយភាពសមធម៌ ហើយទទួលបានទ្រព្យសម្បត្តិ កិត្តិយស តួនាទី បុណ្យស័ក្តិ ដើម្បីការកសាងសង្គមមួយដោយសុខសន្ដិភាព ឯកភាពជាតិ និងអភិវឌ្ឍន៍ដោយនិរន្តរភាព។ ដូចពាក្យខ្មែរបុរាណ ១ ឃ្លាចែងថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ មនុស្សរស់នៅសុខសាន្តទៅបានអាស្រ័យដោយការធ្វើសម្បទានចិត្ត និងផលប្រយោជន៍ឱ្យគ្នា។
លោក ប៊ុន តឿង បានបញ្ជាក់ថា ៖ «មិនត្រឹមតែប៉ុណ្ណោះសោតសៀវភៅនេះ ផ្តោតទៅលើការគិតពិចារណាស៊ីជម្រៅ ដើម្បីអាចឈានទៅដោះស្រាយបញ្ហាអំពីខ្លួនឯង និងមជ្ឈដ្ឋានជុំវិញ ក្នុងន័យស្វែងរកសច្ចភាពបាន។ ដូចទ្រឹស្ដីអភិវឌ្ឍន៍មួយពោលថា បើបង្រៀនមនុស្សឱ្យចេះស្ទូចត្រី ពួកគេនឹងចេះស្ទូចត្រីអស់ ១ ជីវិត តែបើបង្រៀនពួកគេឱ្យចេះគិត ពុំចាំបាច់ស្ទូចត្រីអស់ ១ ជីវិតឡើយ»។
សូមជម្រាបថា លោក ប៊ុន តឿង មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកជាកូនកំព្រាឪពុកម្ដាយតាំងពីវ័យកុមារមកម្ល៉េះ។ លោកខិតខំតស៊ូសិក្សារៀនសូត្រ ដោយការខិតខំប្រឹងប្រែងខ្លួនឯង ចាប់តាំងពីបឋមសិក្សារហូតដល់ចប់បរិញ្ញាបត្រ។ ក្រោយពីសម័យខ្មែរក្រហម ១៩៧៩ លោកចាប់ផ្ដើមរៀនថ្នាក់ទី ១ នៅស្រុកកំណើតនៅទីជនបទចុងកាត់មាត់ញកតាមព្រំដែនកម្ពុជា-ថៃ ដែលមានការប្រទាញប្រទង់គ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរតស៊ូនៅតាមព្រំដែន។ ទោះបីជាយ៉ាងណាក្ដី នៅឆ្នាំ ១៩៩២ លោកបានបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ។
ឆ្នាំ១៩៩៧ លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យវេទមហាឫសី នៅស្រុកកំចាយមារ ខេត្តព្រៃវៃង។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់-បរិញ្ញាបត្រ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសតាំងលោកឱ្យមកបម្រើការងារជាគ្រូបង្រៀនផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យនេះដដែល។
ដោយសារលោកប៊ុន តឿង មានឧបនិស្ស័យលើការអានច្រើន និងមានបទពិសោធន៍ក្នុងជីវិតការងារច្រើនផង ទើបលោកមានគំនិតផ្ដួចផ្ដើមសរសេរសៀវភៅ១ក្បាលដែលមានចំណងជើងថា «ចិត្តសាស្ត្រ និងអត្តចរិតរបស់អ្នកដឹកនាំមានប្រសិទ្ធភាព (Psychology and Attitudes For Effective Leaders)» នេះឡើង ដើម្បីទុកជាចំណងដៃដល់កូនខ្មែរជំនាន់ក្រោយៗទៀត៕