ភ្នំពេញៈ សៀវភៅជាច្រើនបានបោះពុម្ពជាបន្តបន្ទាប់ ក្នុងនោះមានមិនតិចគ្រឹះស្ថានទេដែលបានឈរជើងក្នុងវិស័យសៀវភៅខ្មែរនេះ។ សៀវភៅខ្មែរមួយចំនួនធំបានបោះពុម្ពមានស្តង់ដា និងមានមួយចំនួនទៀតមិនបានបោះពុម្ពតាមលក្ខណៈស្តង់ដានោះទេ។ អ្នកអានជាច្រើនបានចាប់អារម្មណ៍លើសៀវភៅដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗតាមរយៈស្នាដៃនិពន្ធថ្មី និងស្នាដៃចាស់ដែលគេបោះពុម្ពឡើងវិញ។
សៀវភៅដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរមានអ្នកចាប់អារម្មណ៍ខ្លាំងទាំងអ្នកនិពន្ធ និងអ្នកអានសៀវភៅក្នុងរយៈពេលចុងក្រោយនេះ។ តើសៀវភៅដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរមានលក្ខណពិសេសយ៉ាងណាខ្លះទើបអាចទាក់ទាញចិត្តអ្នកនិពន្ធចង់សហការបោះពុម្ពនិងទទួលបានការចាប់អារម្មណ៍ពីអ្នកអានខ្លាំងបែបនេះ?
លោក ឡឹក ជំនោរ ស្ថាបនិកនិងជានាយកគ្រប់គ្រងគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានប្រាប់ពីមូលហេតុសំខាន់ៗដែលនាំឱ្យបង្កើតគ្រឹះស្ថាននេះឡើង។ លោកថា មូលហេតុសំខាន់ៗបានបង្កើតឱកាសដល់អ្នកនិពន្ធខ្មែរអាចបោះពុម្ពបានងាយជាងមុន, រៀបចំសៀវភៅឱ្យទាក់ទាញនិងត្រឹមត្រូវតាមប្រភេទ, រៀបចំឯកសារ បច្ចេកទេសបែបខ្មែរឱ្យសម្បូរបែប, ប្រឹក្សាការចងក្រងឯកសារដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវខ្មែរ និងផ្ដល់សេវាកម្មរៀបរៀង ចងក្រងឯកសារ ឬប្រវត្តិរបស់បុគ្គល ស្ថាប័ន។
ចំណុចសំខាន់មួយទៀតដែលគ្រឹះស្ថានបោះពុម្ពមួយចំនួនមិនមាន ហើយគ្រឹះស្ថានបោះពុម្ពឯកសាររបស់លោកមាន គឺធនធានមនុស្សនិងក្នុងរយៈពេលខ្លីមួយដែលគ្រឹះស្ថានបានជួយសម្របសម្រួលរៀបចំសៀវភៅបានជាច្រើនចំណងជើងដែលសៀវភៅទាំងនោះសុទ្ធសឹងតែមានទាំងសោភណភាព និងគុណភាពនៃសៀវភៅផងដែរ។
លោក ឡឹក ជំនោរ បានអះអាងថា៖ «ដោយសហស្ថាបនិករបស់យើងជា បញ្ញវន្តចប់ពីបរទេស និងក្នុងស្រុកដែលមានជំនាញទាំងអស់មកដល់ឆ្នាំ២០២២ បានរៀបរៀងចងក្រងផ្ដល់សេវារៀបចំបណ្ណាធិការ និងរចនាសៀវភៅដល់អ្នកនិពន្ធបានជាង១០០ចំណងជើង»។
ក្រៅពីសៀវភៅទូទៅ កន្លងមក គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរបានរៀបចំសម្របសម្រួលរចនាសៀវភៅថ្នាក់ដឹកនាំបាន៧ចំណងជើងសរសេរជាភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន សៀវភៅរដ្ឋធម្មនុញ្ញ និងសៀវភៅរបស់ស្ថាប័នមួយចំនួនទៀត។
លោកបានបញ្ជាក់ដែរថា អត្ថន័យ អត្ថរូប និងអត្ថរសនៃសៀវភៅពិតជាសំខាន់ ហើយរឹតតែសំខាន់ទៀតនោះគឺពុម្ពអក្សរ សន្លឹកក្រដាសដែលមាននៅក្នុងសៀវភៅ។ មួយវិញទៀត អក្ខរាវិរុទ្ធពិតជាសំខាន់សម្រាប់សៀវភៅ ប្រសិនបើសរសេរខុសច្រើន នោះពាក្យពេចន៍ទាំងនោះជាប់រាប់ឆ្នាំទៅមុខ ដែលបង្កជាកំហុសតជំនាន់។
ចំណែកពុម្ពអក្សរ និងសន្លឹកក្រដាសសៀវភៅទៀតសោត ប្រសិនបើមិនច្បាស់ មិនល្អ គ្មានគុណភាព អាចធ្វើឱ្យអ្នកអានមានអារម្មណ៍មិនល្អ ប៉ះពាល់ដល់កែវភ្នែករបស់អ្នកអានថែមទៀតផង។ លក្ខណៈដូចរៀបរាប់ខាងលើ គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរពិតជាបានគិតគូរ និងធ្វើបានយ៉ាងប្រសើរ។ នេះបើតាមលោក ឡឹក ជំនោរ។
លោក ឡឹក ជំនោរ បានបញ្ជាក់ទៀតថា៖ «គន្លឹះដែលទាក់ទាញនោះ គឺធនធានមនុស្សដែលធ្វើការដោយទឹកចិត្តនិងជំនាញតាំងពីនាយកគ្រឹះស្ថានរហូតដល់អ្នកពិសោធអក្ខរៈគឺជាបុគ្គលដែលមានធនធាននិងជំនាញពាក់ព័ន្ធ។លក្ខណពិសេស គឺប្រើពុម្ពអក្សរ សមស្របនឹងភ្នែកក្រដាសថ្នមភ្នែក»។
សូមជម្រាបដែរថា គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរបង្កើតឡើងនៅឆ្នាំ២០១៧ ជាគ្រឹះស្ថានសម្របសម្រួលបោះពុម្ពសៀវភៅមានជំនាញផលិតពុម្ពអក្សរប្រើសម្រាប់សៀវភៅរៀបរៀង ចងក្រង ផ្ដល់សេវារៀបចំបណ្ណាធិការ និងរចនាសៀវភៅដល់អ្នកនិពន្ធ។ គ្រឹះស្ថានមានអ្នកជំនាញច្បាស់លាស់លើកិច្ចការឯកសារសៀវភៅដែលបុគ្គលិកគ្រប់រូបសុទ្ធតែបានបញ្ចប់ជំនាញពាក់ព័ន្ធកម្រិតពីបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មកពីក្នុងស្រុក និងក្រៅប្រទេស៕