ភ្នំពេញ:កម្រង​គំនូរ​របស់​វិចិត្រ​ករ​ជើង​ចាស់លោក​ស្វាយ ​កេន ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កិច្ច​សហ​ការ​រវាង​ Meta House ជាមួយ​លោក​ស្វាយ ​សានុច ​​ជា​ប្អូន​ប្រុស​របស់​សិល្ប​ករដែល​បច្ចុប្បន្ន​លោក​បង្កើត​សារមន្ទីរ​​អនឡាញ​សម្រាប់​​តាំង​បង្ហាញ​ស្នាដៃ​បង​ប្រុស​​និង​ជា​អ្នក​ប្រមូល​ Helen Jarvis ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​វិចិត្រ​ករ។

ពិព័រណ៍ «ស្វាយ​កេន៖ សិល្បៈខ្ញុំ ជីវិតខ្ញុំ»​ចាប់​ផ្តើម​ពី​ថ្ងៃទី៧​ ខែកុម្ភៈ​ ដោយ​ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​ស្ថាប​និក​Meta House ថា «បិតា​សិល្បៈ​សម័យ​ទំនើប​កម្ពុជា»។

លោក ​Nicolaus Mesterharm ស្ថាប​និក និង​ជា​នាយក​មជ្ឈ​មណ្ឌល​សិល្បៈ​Meta House បាន​និយាយ​ថា៖«​លោក​ស្វាយ ​កេន ដែល​ត្រូវ​បាន​គោរព​យ៉ាង​ទូលំ​ទូលាយ​ក្នុង​នាម​ជា​បិតា​សិល្បៈ​សហ​សម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃទី​១១ ​ខែធ្នូ ឆ្នាំ២០០៨ ក្នុង​ជន្មាយុ ​៧៦ឆ្នាំ​។ លោក​ជា​អ្នក​​កាន់​​សា​សនា​​ព្រះពុទ្ធ​មាន​កូន​៥នាក់ ​និង​ចៅ​៩​នាក់»។

លោក Mesterharm បាន​ថ្លែង​ថា លោក កេន គឺជា​វិចិត្រ​ករ​គំរូ​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​សិល្បករ​វ័យ​ក្មេង​ ដោយ​សារ​តែ​​លោក​​ប្រហែល​ជា​​វិចិត្រករ​ដំបូង​គេ​ដែល​​គូរ​គំនូរ​​មិន​សម្រាប់​លក់​ដូរ​​​និង​ក៏មិន​សម្រាប់​អ្នក​ទេស​ចរដែរ​។​

លោក ​Edward B. Fiske មក​ពី​កាសែត​ Interna​tional Herald Tribune ជាអ្នក​វិភាគ​សិល្បៈ​ដំបូង​គេដែល​ស្គាល់​កេន​តាំងពី​ឆ្នាំ ​១៩៩៤​ បាន​​ឱ្យ​ដឹងថា​៖ «​គាត់​គ្រាន់តែ​គូរ​អំពី​ជីវិតរបស់​គាត់ ​និង​ការងារ​របស់​គាត់​ ហើយ​​អ្នកវិភាគ​ និង​វិចិត្រ​ករ​វ័យ​ក្មេង​មើល​​ស្នាដៃ​គាត់​ហើយ [គិត] អីយ៉ា! គាត់​មិន​​គូរ​ប្រា​សាទ​អង្គរវត្ត​ទេ ​គាត់​គ្រាន់​តែ​គូរ​ជីវិត​របស់​គាត់​ប៉ុណ្ណោះ​»។

លោក​Mester​har​m បាន​បន្ត​ថា ប្អូន​ប្រុស​របស់​លោក​កេន​ឈ្មោះ​ស្វាយ​សានុច​ គឺជា​អ្នក​សារ​ព័ត៌មាន ហើយ​បន្ទាប់​ពី​ការ​ស្លាប់​របស់​បង​ប្រុស​លោក​ សានុច ​បន្ត​រក្សា​កេរ​ដំណែល​របស់​កេន​តាម​រយៈ​សារម​ន្ទីរ​និម្មិត ​និង​បច្ចេក​វិទ្យា ​VR។

លោក​បាន​បញ្ជាក់​ថា​៖ «​លោក កេន​បាន​គូរ​គំនូរ​រាប់ពាន់​​ផ្ទាំងនៅ​ក្នុង​អាជីព​របស់​គាត់។ គំនូរ​ប្រេង​នៅ​លើ​ផ្ទាំង​ក្រណាត់​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​គាត់​មាន​នៅ​ក្នុង​ការ​ប្រមែ​ប្រមូល​សិល្បៈ​សហ​សម័យ ​ការ​តាំង​ពិព័រណ៍​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ី​ហ្វិក ក៏ដូច​ជា​នៅ​ទី​ក្រុ​ង​ញូវ​យ៉ក​ផង​ដែរ»។

គំនូរ​របស់​លោក ​កេន នា​​ពេល​សព្វ​ថ្ងៃ​​មាន​​តម្លៃ​​ថ្លៃ ដោយ​​ក្នុង១​ផ្ទាំង​​ធំ​លក់​​ក្នុង​​តម្លៃ​១៥ ០០០​ដុល្លារ។ ជា​ធម្មតា ស្នាដៃ​របស់​លោក​មិន​មាន​លក់​ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​មាននៅ​បរទេស។ នេះបើ​យោង​តាម​ស្ថាប​និក និង​ជា​នាយក​Meta ​House​។

លោក​ កេន ​កើត​នៅ​ឆ្នាំ​១៩៣៣​ និង​បាន​ចូល​រៀន​នៅ​វត្ត​​ព្រះពុទ្ធ​សាសនា​ក្នុង​ខេត្ត​​តាកែវ​ដែល​ជា​ខេត្ត​​កំណើត​របស់​លោក​។ ​លោក​មិន​បាន​ចាប់​ផ្តើម​គូរ​ទេ រហូត​ដល់​អាយុ​ ៦០ឆ្នាំ​ ដែល​បាន​ក្លាយ​ជា​វិចិត្រករ​រៀន​ដោយ​ខ្លួន​ឯងហើយ​លោក​​ចាប់ផ្តើម​គូរ​ជា​រៀង​រាល់​ថ្ងៃ​អស់​រយៈ​ពេល១៥​ឆ្នាំ​រហូត​ដល់​ទទួល​មរណ​ភាព​ក្នុង​ឆ្នាំ២០០៨​។​ នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​គម្រោង​ជំនួយ​​ការ​អប់រំ​ខ្មែរ-ពុទ្ធ​សាស​នា (KEAP)។

ប្រភព​​ដដែល​បាន​បន្ត​​ថា ដោយ​​មិន​គិត​ពីរយៈពេល​ជាង​២ទសវត្សរ៍​​នៃ​​សង្រ្គាម​និង​​ភាព​ចលាចល​សង្គម​​ក្នុង​​ប្រទេស លោក កេន​ បាន​​ចាប់​ផ្តើម​​ការងារ​ក្នុង​ឆ្នាំ១៩៥៥​ ជា​​អ្នក​​រត់​​តុ​​នៅ​សណ្ឋាគារ Le Royal ដ៏​​មាន​កិត្យានុភាព​ក្នុង​​ទី​ក្រុង​ភ្នំពេញ។

មិន​មែន​ជា​គំនូរ​ប្រាសាទ​អង្គរវត្ត​ទេ លោក​កេន ​បាន​ចង​ក្រង​​គំរូ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ក៏ដូចជា​អតីត​កាល​ដែល​លោក​នឹក​ឃើញ​ ដោយ​ប្រើ​ប្រភេទ​គំនូរ​​ពណ៌​ប្រេង​ជាមួយ​​នឹង​ស្ទីល​បែប​ប្រជា​ប្រិយ​ផ្ទាល់​ខ្លួន។ ប្រធាន​បទ​របស់​លោក​មាន​ចាប់​ពី​ការ​នឹក​រឭក​ដល់​ភាព​អាឡោះ​អាល័យ​ រហូត​ដល់​ការ​លង​បន្លាច។

ក្នុង​នាម​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​រាប់​លាន​នាក់​នៃ​សង្គ្រាម​ស៊ីវិល និង​របប​ខ្មែរ​ក្រហម លោក កេន​ក៏​បាន​​គូរ​ពី​ទុក្ខ​លំបាក និង​បទ​ពិសោ​ធន៍ដែល​​ត្រូវ​បាន​ជម្លៀស​ផង​ដែរ​។

គេហ​ទំព័រ​របស់ KEAP បាន​ដក​ស្រង់​សម្តីរ​បស់លោក ​កេន​ ដែល​និយាយ​ថា៖«ខ្ញុំ​គូរ​ដើម្បី​រក្សា​ទំនៀម​ទម្លាប់​ពី​ជំនាន់​មុន ជា​ពិសេស​គឺ​ជីតា​របស់​ខ្ញុំ។ ជីតា​របស់​ខ្ញុំឈ្មោះ ​ហូ ទូច មាន​កូន​ប្រុស​៤​នាក់​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជា​វិចិត្រ​ករ​បុរាណ​ ប៉ុន្តែ​ក្រោយ​មក​បាន​គូរ​តាម​បែប​ទំនើប​និង​ជាក់​ស្តែង​»។

លោក​បន្ដ​ថា​៖ «​​នៅឆ្នាំ​១៩៩៣ បន្ទាប់​ពី​សាច់​ញាតិទាំង​នេះ​បាន​ស្លាប់​ទៅ​ គ្មាន​ចៅ​ណា​ចេះ​សិល្បៈ និង​អាច​បន្ត​ការងារ​បាន​ឡើយ។ ទោះ​បី​ជា​​ខ្ញុំ​មាន​​អាយុ​​៦០ឆ្នាំ​​ហើយ​ ​នៅ​​ពេល​​នោះ​​ខ្ញុំ​​នៅ​តែ​​មាន​​គំនិត​​ថា​ខ្ញុំ​​ចង់​គូរ»។

លោកបន្ថែមថា​៖«​ខ្ញុំតែងតែ​គូរ​រូប​ដើម្បី​ភាព​សប្បាយ​រីក​រាយហើយ​ខ្ញុំ​បាន​មើល​សកម្មភាព​របស់​សាច់​ញាតិ​វិចិត្រករ​របស់​ខ្ញុំ។ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ពួក​គាត់​ពេល​ពួក​គាត់​​និយាយ​​រឿង​អំពី​វិចិត្រករ​​ល្បី​ៗ​​ដែល​​មក​ពី​ប្រទេស​​ជប៉ុន បារាំង អាមេរិក។ ​ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​បង្កើត​​គំនូរ​ពិត​នៅ​​ឆ្នាំ១៩៩៣»។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន New York Times លោក Seth Mydans បាន​ហៅ​លោ​ក កេន​ ក្នុងឆ្នាំ ២០០២​ ថាជា «កវីធម្មតា​ដែល​បង្កើត​ជា​សិល្បៈ​រស់​រវើក​មិន​ថាប្រវត្តិ​សាស្រ្ត​ដ៏​ជ្រៅ​ជម្រៅ​។សូម្បី​តែ​គំនូរ​​របស់​លោក​[ក្នុងឆ្នាំ២០០១​ស្នាដៃ​របស់​លោក​ក៏បាន​ផ្ដោតលើ​ឆ្នាំនៃរបប​​ខ្មែរក្រហម ​ដូចជា ​ការ​​ធ្វើ​ម្ហូប ការ​​ស្វែង​​រក​ទី​ជម្រក និង​​ការ​​មើល​ថែ​កូនៗ​របស់​លោក​»។

Mesterharm បាន​ឱ្យ​ដឹង​ថា Meta House សូម​​អញ្ជើញ​ភ្ញៀវ​កិត្ដិ​យស​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រ​ណ៍​ស្នាដៃ​ដ៏​កម្ររបស់​លោក​ ស្វាយ ​កេន ដែល​រួម​ចំណែក​ដោយ​អ្នក​ប្រមែ​ប្រមូល​​វត្ថុ​សិល្បៈ​​នៅ​ភ្នំពេញ​ចំនួ​ន​៣នាក់។

ពិព័រណ៍«​ស្វាយ​កេន៖ សិល្បៈ​ខ្ញុំ ជីវិត​ខ្ញុំ»​បង្ហាញ​ស្នាដៃ​របស់ ​លោក ​កេន ចាប់​ពី​ថ្ងៃ​អង្គារ ​ទី៧​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ នៅ Meta House ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៤៨​ផ្លូវ​២២៨ រាជ​ធានី​ភ្នំពេញ​ប្រទេស​កម្ពុជា៕