សៀមរាបៈ នាចុងខែមករា កន្លងទៅថ្មីៗនេះ បណ្ណាល័យសៀមរាប បានប្រារព្ធពិធីរំឭកខួប ១ ឆ្នាំ នៃការបង្កើតបណ្ណាល័យរបស់ខ្លួនដែលការប្រារព្ធពិធីនេះធ្វើឡើងនៅក្នុងទីតាំងបណ្ណាល័យនេះតែម្ដង ដែលមានទីតាំងនៅជិតវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាបដោយមានការដាក់តាំងសៀវភៅសម្រាប់អាន និងដាក់លក់ជាច្រើននាពិធីនោះផងដែរ។
កញ្ញា វ៉ាន់ ចាន់ណារ៉ី បណ្ណារក្សនៃបណ្ណាល័យសៀមរាប បានប្រាប់ឱ្យដឹងថា នាពិធីនេះមានរៀបចំនូវស្ដង់សៀវភៅចំនួន ២៣ ស្ដង់ដែលសរុបចំនួន ២០អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ដែលបានចូលរួមដាក់តាំងសៀវភៅក្នុងកម្មវិធីនេះ ហើយចំពោះចំនួនអ្នកចូលរួម និងអានសៀវភៅ មានចំនួនរហូតជាង ២ ០០០នាក់ផងដែរ។
កញ្ញាបានអះអាងថា ៖ «បណ្ណាល័យមិនសូវជាប្រឈមមុខនឹងបញ្ហាច្រើនប៉ុន្មានទេដោយសារជាកម្មវិធីដំបូងដែលខាងបណ្ណាល័យបានរៀបចំឡើង អ៊ីចឹងហើយបញ្ហាមួយចំនួនដែលយើងប្រឈមមុខគឺខ្វះខាតទីធ្លានៃការប្រព្រឹត្តទៅនៃកម្មវិធី និងការខ្វះខាតថវិកាមួយចំនួនសម្រាប់រៀបចំកម្មវិធីក្នុងរយៈពេលវែងប៉ុណ្ណោះ»។
នាពិធីនោះដែរ អ្នកនិពន្ធ ទ្រី សម្ផស្ស ដែលបានចូលរួមផងដែរនោះ បានសម្ដែងចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធីនោះដោយបានលើកឡើងថា អ្នកចូលរួមមានតិចតួចណាស់ដែលសម្រាប់លោកឈរលក់សៀវភៅកុមារនៅពេលនោះ គឺយល់ថាពិតជាពិបាកណាស់ និងខកចិត្ត ដោយសារលោកមិនសូវឃើញមានឪពុកម្តាយនាំកូនៗរបស់ពួកគាត់មកចូលរួមមិនសូវមានសិស្សសាលាចាប់អារម្មណ៍នឹងការបង្ហាញសៀវភៅ រួមនឹងទីតាំងតូចចង្អៀតផងដែរ។
ក្រៅពីលោក ទ្រី សម្ជស្ស ក៏នៅមានអ្នកនិព្ធជាច្រើនរូបទៀតបានបង្ហាញចំណាប់អារម្មណ៍ដូចៗគ្នាថា ការរៀបចំមិនសូវបានល្អ ទើបធ្វើឱ្យអ្នកចូលរួមមានចំនួនតិច។
អ្នកនិពន្ធ ធឿន សុធា ដែលបានចូលរួមក្នុងកម្មវិធីនោះដែរបានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា ៖ «កម្មវិធីមានរយៈពេលខ្លី ទីធ្លាតូច ការផ្សព្វផ្សាយមិនសូវទូលាយ អ្នកអានទទួលបានព័ត៌មានតិច ទើបធ្វើឱ្យសៀវភៅដែលដាក់តាំងមានអ្នកអានតិច»។
ដោយកម្មវិធីធ្វើក្នុងរយៈពេលខ្លី កញ្ញា វ៉ាន់ ចាន់ណារ៉ី បណ្ណារក្សនៃបណ្ណាល័យសៀមរាប បានបង្ហាញពីគោលជំហរ និងទិសដៅបណ្ណាល័យទៅថ្ងៃខាងមុខនឹងរៀបចំឱ្យបានល្អប្រសើរជាងនេះ។
កញ្ញាបញ្ជាក់ថា៖ «សម្រាប់យុទ្ធសាស្ដ្រពួកយើងនឹងខិតខំស្វែងរកដៃគូសហការដើម្បីរៀបចំកម្មវិធីនេះឱ្យកាន់តែធំនិងផ្ដល់ឱកាសជាច្រើនដល់យុវជនក៏ដូចជាក្មេងៗជំនាន់ក្រោយផងដែរ ហើយពួកយើងគ្រោងនឹងរៀបចំកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយវិស័យអំណាននៅកម្ពុជាឱ្យកាន់រីកសុសសាយបន្ថែមទៀត»។
សូមបញ្ជាក់ថា ក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ទៅ អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ ក៏ដូចជាស្ថាប័នមួយចំនួនទៀតបានបង្កើតឱ្យមានកម្មវិធីជួបជុំអាន ការតាំងបង្ហាញសៀវភៅ និងការលក់សៀវភៅជាបន្តបន្ទាប់គ្នា ដែលកម្មវិធីបែបនេះមានធ្វើស្ទើរតែគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា៕