សៀមរាបៈ គ្រឿង​អលង្ការ ​ឬ​សម្ភារ​សម្រាប់​លម្អ​ខ្លួនប្រាណ ​ជាទូទៅ​គេ​កែច្នៃ​ពី​ស្នែង​សត្វ ​ពី​ឆ្អឹង​សត្វ ​ឱ្យទៅជា​អង្កាំ ​ជាបន្តោង​ខ្សែក ​ឬ​កែច្នៃ​ពី​លោហៈប្រាក់ ​ពិសេស ​វត្ថុ​មានតម្លៃ ​ដូចជា ​មាស​ពេជ្រ​ជាដើម។ ប៉ុន្តែ​មាន​បុរស​ម្នាក់​នៅ​ខេត្តសៀមរាប ​បានយក​សម្បក​គ្រាប់​កាំភ្លើង​មក​កែច្នៃ ​ទៅជា​គ្រឿង​អលង្ការ ​ដោយ​ទទួលបាន​ការពេញ​និយម​ពី​អតិថិជន​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​និង​ត្រូវ​បាន​នាំយក​ទៅ​លក់​នៅ​ប្រទេស​អាមេរិក​ និង​អង់គ្លេស​ទៀត​ផង។

«ថ្ងៃ​ក្រោយ ​ខ្ញុំ​នឹង​បរិច្ចាគ​ចំណេះ​ជំនាញ​របស់​ខ្ញុំ​ចែក​ទៅ​អង្គការ​កុមារ​កំព្រា​ណាមួយ​ ដើម្បី​បន្ត​វេន​ពី​ខ្ញុំ ​ព្រោះ​ខ្ញុំ​ស្លាប់​ទៅ​មិន​អាច​យក​ជំនាញ​នេះ​ទៅ​ជាមួយ​បាន​ទេ។ អតីតកាល​របស់​ខ្ញុំ​ធ្លាប់​កម្សត់​កម្រ ​តាំងពី​ក្មេង​ គឺ​ក្នុង ​១ ថ្ងៃ ​ហូប​មី ១ កញ្ចប់​ក៏​មាន​ដែរ។ បើ​ខ្ញុំ​មិនបាន​បញ្ចេញ​ចំណេះ​ខ្ញុំ​ដល់​ពួកគេ​ទេ ​ខ្ញុំ​នឹង​សោក​ស្តាយ​ហើយ​ខ្ញុំ​ស្លាប់​ទៅ​ក៏​បិទ​ភ្នែក​មិន​ជិត​ដែរ»។ នេះ​ជា​សម្តី​របស់​លោក​ ឡុង ឡេង ​ជាអ្នក​កែច្នៃ​គ្រាប់​កាំភ្លើង​ធ្វើជា​គ្រឿង​អលង្ការ​រស់នៅ​ភូមិ​គ្រួស ​សង្កាត់​គ្រួស ​ក្រុង​-ខេត្តសៀមរាប​។

លោក​ ឡុង ឡេង ​បានរៀប​រាប់​ពី​អតីតកាល​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​ថា ​លោក​មាន​បងប្អូន​ ៨ នាក់ ​ហើយ​លោក​ជាកូន​ទី៤ ​(ស្រី​ ៧ នាក់)​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​តាប៉ោង ​ឃុំ​អូរតាប៉ោង ​ស្រុក​បាកាន ​ខេត្តពោធិ៍សាត់។ ដោយសារ​តែ ​ឪពុក​ម្តាយ​ក្រីក្រ ​សូម្បីតែ​ដីស្រែ​ក៏​មិនមាន​ធ្វើ ​និង​គ្មាន​លទ្ធភាព​រកលុយ​ឱ្យ​កូនៗ​រៀន​ផង​នោះ​ កុមារា​ ឡុង ឡេង ​ត្រូវរៀន​បណ្តើរ​ទូលនំ​លក់​បណ្តើរ ​ឬ​ជួនកាល​ស៊ីឈ្នួល​ឡើង​បេះដូង​ឱ្យ​គេ​ក្នុង​ ១ ថ្ងៃ ​ពី​ ២០ ​ដើម ​ទៅ​ ៣០ ដើម​ក៏​មាន​ដែរ ​ដើម្បី​យក​លុយ​រៀន។

បើ​តាម​លោក ​ឡុង ឡេង ​លោក​បានតស៊ូ​ពុះពារ​រៀនសូត្រ​បានចប់​ថ្នាក់​ទី១២ ​ប៉ុន្តែ​ដោយសារ​ឪពុក​ម្តាយ​គ្មាន​លទ្ធភាព​ឱ្យ​រៀន​បន្ត​ថ្នាក់​មហា​វិទ្យាល័យ ​លោក​ក៏​សម្រេច​ចិត្ត​សុំ​ម្តាយ​ឪពុក​ធ្វើដំណើរ​ផ្សងព្រេង​មក​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​តែ​ម្នាក់​ឯង។​ ពេល​មក​ដល់​រាជធានី​ភ្នំពេញ​ដំបូង ​លោក​បានសុំ​ស្រ្តី​ជនជាតិ​អង់គ្លេស​ម្នាក់​ ឈ្មោះ​ម៉ារី ​ដែល​គាត់​ជា​ប្រធាន​សមា​គម​មួយ​ឈ្មោះ​[សមាគម​រចនា]។ នៅ​ក្នុង​សមាគម​នោះ​ មាន​ចិញ្ចឹម​ក្មេងៗ​កំព្រា​ឪពុក​ម្តាយ​ និង​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ​ជាច្រើន​នាក់​ ដោយ​មាន​បង្ហាត់​បង្រៀន​ជំនាញ​កែច្នៃ​វត្ថុ​ផ្សេងៗ​ពី​កាក​សំណល់​គ្មាន​តម្លៃ​ឱ្យកើត​ទៅជា​វត្ថុ​មាន​តម្លៃ ​ហើយ​សុទ្ធ​តែ​ជាទម្រង់​បែប​សិល្បៈ​កែច្នៃ​ដោយ​ដៃ​សុទ្ធ​សាធ។

លោក​បន្តថា ​សមាគម​រចនា ​មាន​ការិយាល័យ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ​ និង​មាន​សាខា​នៅ​ខេត្តព្រះសីហនុ​ ១ កន្លែង​ និង​នៅ​ខេត្តសៀមរាប ​មាន​ ២ សាខា​ទៀត។ ប៉ុន្តែ​ក្រោយមក​ អ្នកស្រី​ម៉ារី ​បានលា​ឈប់​ពី​ប្រធាន​សមាគម​ និង​បានបើក​ហាង​កែច្នៃ​គ្រឿង​អលង្ការ​១កន្លែង​នៅ​ខេត្តសៀមរាប ​ហើយ​គាត់​ក៏នាំ​លោក​ទៅធ្វើ​ជាមេជាង​នៅ​ហាង​នោះ​ដែរ។​ ក្រោយពី​លោក​បានបម្រើ​ការងារ​នៅ​ហាង​របស់​អ្នកស្រី​ម៉ារី ​បាន​ជាង​ ១ ឆ្នាំ ​គឺ​នៅ​ដើម​ឆ្នាំ ២០១៦ ​លោក​ក៏​ចេញ​មក​ធ្វើ​អាជីវកម្ម​ខ្លួន​ឯង​ម្តង​វិញ ​ដែល​សិប្បកម្ម​មាន​យីហោ​ឈ្មោះ​[ជីវិតថ្មី] ​ដោយ​មាន​ស្រ្តី​ម្នាក់​ជាជន​ជាតិ​ខ្មែរ​ជាអ្នក​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ។

លោក​និយាយថា​៖ «សិប្បកម្ម​របស់​ខ្ញុំ ​ឈ្មោះ​ថា ​ជីវិត​ថ្មី។ សិប្បកម្ម​យើង ​គឺ​ធ្វើ​របស់​អ្វី​មួយ​ឱ្យ​ប្លែក ​ហើយ​វត្ថុ​អ្វី​មួយ​មាន​ទម្រង់​ជា​ខ្មែរ​ទាំង​អស់។ ដូចជា​ខ្ញុំ​ឌីហ្សាញ​បែប​ប្រាសាទ​អង្គរវត្ត ​រចនា​បែប​ផ្ការំដួល ​ប៉ុន្តែ​បែប​អឺរ៉ុប ​ក៏​ខ្ញុំ​ចេះ​ដូចគ្នា​ដែរ​ ពោល​គឺ​ខ្ញុំ​ចេះ​ទាំង​អស់​ឱ្យតែ​ភ្ញៀវ​ចង់​បាន​ម៉ូដ​អី​ក៏​បាន​ដែរ»។

បើ​តាម​លោក ​ឡុង ឡេង ​សិប្បកម្ម​របស់​លោក​បាន​ដំណើរការ ​រហូត​ចាប់​តាំងពី​ឆ្នាំ ២០១៦ ​មក ​ហើយ​ផលិតផល​ជា​សម្ភារ​គ្រឿង​អលង្ការ ​ដែល​លោក​ផលិត ​មាន​ដូចជា ​ចិញ្ចៀន ​កងដៃ ​ក្រវិល ​បន្តោង​ខ្សែក ​កងក ​និង​ផលិតផល​ជាគ្រឿង​អលង្ការ​ផ្សេងៗ​ទៀត។ ចំពោះ​តម្លៃ​វិញ​ គឺ​មាន​ចាប់ពី ​១០ ដុល្លារ ​រហូត​ដល់​៣៥ដុល្លារ។​ ផលិតផល​ជាគ្រឿង​អលង្ការ​កែច្នៃ​ចេញពី​គ្រាប់​កាំភ្លើង​នេះ ​ក៏​ទទួលបាន​ការពេញ​និយម​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក​បានច្រើន​គួរសម​ដែរ ​ពោល​ គឺ​ស្ទើរតែ​គ្រប់​ ២៥​ ខេត្ត​-រាជធានី​ ទូទាំង​ប្រទេស​ទៅ​ហើយ។ ​

ដោយ​ឡែក ​សម្រាប់​នៅ​ខេត្តសៀមរាប​ផ្ទាល់ ​គឺ​មាន​ដាក់​លក់​នៅ​ផាប់ស្ទ្រីត​តាម​ផ្សារ​ទំនើប ​តាម​ហាង ​និង​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត។​ ប៉ុន្តែ​ទីផ្សារ​ដែល​ពេញ​និយម​ជាង​គេ​នោះ​ គឺ​តាម​ប្រព័ន្ធ​អនឡាញ​មាន​នៅ​រាជ​ធានី​ភ្នំពេញ ​ខេត្តព្រះសីហនុ ​ខេត្តកំពត ​សៀមរាប ​មណ្ឌលគិរី ​បាត់ដំបង ​និង ​ខេត្តពោធិ៍សាត់ ​ដែល​ខេត្ត​នីមួយៗ​មាន​តំណាង​ចែកចាយ​ផង​ដែរ។ ក្រៅពី​ទីផ្សារ​ក្នុង​ស្រុក ​ក៏​មាន​ទីផ្សារ​នៅ​ប្រទេស​អាមេរិក ​និង​ប្រទេស​អង់គ្លេស​ផង​ដែរ។​ ចំពោះ​អ្នក​ដែល​នាំ​ទំនិញ​ជាគ្រឿង​អលង្ការ​នេះ​យក​ទៅ​លក់ ​មាន​ទាំង​ជនបរទេស ​និង​ជនជាតិ​ខ្មែរ។

លោក​ ឡុង ឡេង ​ប្រាប់ថា​៖ «ចំពោះ​អ្នកនិយម​ផលិតផល​គ្រឿង​អលង្ការ ​របស់​ខ្ញុំ ​ចម្រុះ​គ្រប់​វ័យ ​សូម្បីតែ​មនុស្ស​ចាស់ ​ក៏​គាត់​ចាប់​អារម្មណ៍​ ព្រោះ​យើង​មាន​ប្រភេទ​ដូចជា​កន្លាស់​អាវ ​ហើយ​យើង​មាន​ប្រភេទ​កង​ជាផ្ការំដួល​អី​ផ្សេងៗ​ទៀត ​និយាយ​រួម​ទៅ​គាត់​ចូលចិត្ត​ច្រើន។ ខ្មែរ​យើង​គាំទ្រ​ ៨០ ភាគរយ​ហើយ ​ព្រោះ​យើង​ឌីហ្សាញ​មក​ទាក់ទង​នឹង​ទម្រង់​បែប​ខ្មែរ ​ដែល​មើល​ទៅ​វា​សាមញ្ញ ​តែ​វា​ហាយ​សូ»។

លោក​ ឡេង បន្ថែម​ថា ​ផលិតផល​គ្រឿង​អលង្ការ ​របស់​លោក ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប។ ជា​រឿយៗ ​គឺ​នៅ​ពេល​មាន​ពិធីតាំង​ពិព័រណ៍​នៅ​ខេត្តណា ​គឺ​គាត់​តែងតែ​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​តាំង​ពិព័រណ៍​ជាបន្ត​បន្ទាប់។

លោក​តែងតែ​ចូលរួម​តាំង​ពិព័រណ៍​ជារឿយៗ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ផង​ដែរ។​ ចំពោះ​គ្រាប់​កាំភ្លើង​ គឺ​លោក​បាន​ប្រមូល​ទិញ​នៅ​តាម​បន្ទាយ​យោធា ​និង​នៅ​តាម​កន្លែង​បាញ់​ស៊ីប​នៅ​ក្រុង​សៀមរាប ​និង​តាម​ទីកន្លែង​លក់​អេត​ចាយ​ដែល​គាត់​មិនដឹង​យក​ទៅ​ណា ​ហើយ​អ្នកលក់​អេតចាយ​បានលក់​ឱ្យ​លោក។ ​ក្នុង​ ១ ខែៗ ​លោក​ត្រូវការ​គ្រាប់​កាំភ្លើង​ដែល​ដុត​រំលាយ​រួច​ ចន្លោះ​ពី​ ៣០ គីឡូក្រាម ​រហូត​ដល់​ ១០០ គីឡូក្រាម ​ដើម្បី​យកមក​កែច្នៃ​គ្រឿង​អលង្ការ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​ទៅ​កន្លែង​បន្ទាយ​ទាហាន​ដំបូង​ ខ្ញុំ​សុំ​ទិញ​គាត់​ ហើយ​គាត់​សួរថា ​អូន​ឯង​ទិញ​យកទៅ​ធ្វើ​អី?​ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា ​ខ្ញុំ​សុំ​ទិញ​តែ​សម្បក​គ្រាប់ ​ខ្ញុំ​មិន​ទិញ​គ្រាប់​កាំភ្លើង​ទេ ​ខ្ញុំ​ពន្យល់​ពី​គោល​បំណង​ទើប​គាត់​លក់​ឱ្យ​ខ្ញុំ»។

បើ​តាម​លោក​ ឡុង ឡេង ​សម្បក​គ្រាប់​កាំភ្លើង ​ពេល​លោក​យកមក​នោះ ​ត្រូវ​កាត់​គូទ​វា​ចេញ​ ព្រោះ​គូទ​គ្រាប់​កាំភ្លើង​មាន​ផ្ទុក​ជាតិ​ដែក​ កាលណា​យើង​រំលាយ​កិន​ធ្វើជា​អ្វី​មួយ​ គឺ​វា​ស្រួយ​ប្រេះ​មិនអាច​ធ្វើ​ជាគ្រឿង​អលង្ការ​បាន​ទេ។ ​ក្រោយពី​កាត់​យក​គូទ​ចេញ ​លោក​ស្ល​រំលាយ​វា ​ហើយ​យក​មក​កែច្នៃ​ទៅតាម​ទំហំ​ នៃ​គ្រឿង​អលង្ការ​មួយៗ ​ឬ​ធ្វើ​ទៅតាម​ការកុម្ម៉ង់​ទិញ​ របស់​អតិថិជន។

ដោយសារ​តែ​ចង់​បន្ត​ចំណេះ​ជំនាញ​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ជំនាញ​ដូច​រូប​លោក ​គឺ​ទៅ​ថ្ងៃ​អនាគត​លោក​គិត​ថា ​នឹង​រក​ដៃគូ​សហការ​ជាមួយ​អង្គការ​ចិញ្ចឹម​ក្មេង​កំព្រា​ណា​មួយ​ ដើម្បី​បង្ហាត់​បង្រៀន​ដល់​ក្មេងៗ ​ដើម្បី​ឱ្យ​ពួកគេ​បាន​ចេះ​ពី​ជំនាញ​នេះ ​ដោយ​ខាង​អង្គការ​ផ្តល់​ជាឧបរណ៍​កែច្នៃ ​ហើយ​លោក​ជាអ្នក​បង្រៀន​កែច្នៃ​អ្វី​មួយ​ដែល​ប្លែក ​និង​ទាក់​ទង​នឹង​សង្គម​ខ្មែរ​យើង​នេះ​ជាគោល​បំណង​ធំ​របស់​លោក៕