ភ្នំពេញៈ វិស័យតែងនិពន្ធនៅកម្ពុជា មានសម្ទុះកើនឡើងជាលំដាប់ ហើយអ្នកអានក៏ងាកបែរមកកាន់សៀវភៅអាន មានចំនួនច្រើនឡើងៗ ជាពិសេសកំណាព្យខ្មែរ ក៏មានសម្ទុះអានច្រើនឡើងដែរ ហើយនៅពិព័រណ៍សៀវភៅកម្ពុជាម្តងៗ ក៏មានអ្នកអានជាច្រើនបានជាវសៀវភៅកំណាព្យច្រើនផងដែរ។ នេះបើតាមការអះអាងពីកវីនិពន្ធ អ៊ុន សុខហ៊ាង។
កវីនិពន្ធ អ៊ុន សុខហ៊ាង មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញតែម្តង ដែលកាលពីកុមារពភាព ក្នុងអំឡុងឆ្នាំ ១៩៧០-១៩៧៥ លោករៀននៅបឋមសិក្សាក្បាលថ្នល់។ ក្នុងឆ្នាំ ១៩៧៥-១៩៧៩ កុមាររូបនេះត្រូវពួកអង្គការអាវខ្មៅជម្លៀសទៅរស់នៅភូមិកណ្ដាលឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ដព្រៃវែង។
ដោយគុណទឹកដោះម្ដាយថ្លៃ បាននាំជីវិតលោកឱ្យបានវិលត្រឡប់មករស់នៅទីក្រុងសាជាថ្មី។ ពីឆ្នាំ ១៩៨១-១៩៨៣ យុវជន អ៊ុន សុខហ៊ាង បានចូលរៀននៅសាលាកម្រិតសិក្សាទី១ ក្នុងសង្កាត់ច្បារអំពៅទី១។ លុះឆ្នាំ ១៩៨៣-១៩៨៨ សាលារៀនសាធារណរដ្ឋគូបាមធ្យមសិក្សាកម្រិតទី២ ដែលបច្ចុប្បន្ននេះជាវិទ្យាល័យច្បារអំពៅ។ ក្រោយពីបញ្ចប់ការសិក្សានៅសាលាកម្រិត ២ ឆ្នាំ ១៩៨៨ លោកជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមដោយរៀនត្រៀមភាសាវៀតណាមនៅសាលារៀនបឹងកេងកង។
ឆ្នាំ១៩៨៩ លោកបានសិក្សាវគ្គបំពាក់បំប៉នទ្រឹស្ដីនយោបាយ នៅសាកលវិទ្យាល័យភ្នំពេញ។ ឆ្នាំ១៩៨៩លោកបានបន្ដការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលារៀនចំណេះទូទៅមិត្ដភាពកម្ពុជា-វៀតណាមសឺនតី រដ្ឋធានីហាណូយ។ ឆ្នាំ១៩៩៣លោកបន្តសិក្សានៅមហាវិទ្យាល័យពពហុបច្ចេកទេសទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទៀត។
ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម មកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៣-១៩៩៥ កវីនិពន្ធ អ៊ុន សុខហ៊ាង បានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាភ្នំពេញជំនាញវិស្វករទេពកោសល្យគីមី ចំណីអាហារ។ បច្ចុប្បន្នលោកក៏ជាមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ។
កវីនិពន្ធ អ៊ុន សុខហ៊ាង មានស្នាដៃនិពន្ធសំខាន់ៗជាច្រើន ដែលក្នុងនោះមានដូចជា ឆ្នាំ២០១៥ បានទទួលជយលាភីនិងពានរង្វាន់ក្នុងប្រលោមលោកខ្លីរឿង«ទឹកដោះម្តាយថ្លៃ»ក្នុងមហោស្រពអក្សរសិល្ប៍ទន្លេមេគង្គ លើកទី៦ ចំនួន៦ប្រទេស មានកម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ឆ្នាំ ១៩៩៧ បានទទួលជយលាភីចំណាត់ថ្នាក់លេខ ១ ក្នុង ប្រលោមលោករឿង «ថ្ងៃមិនរុះរោយ» ក្នុងមហោស្រពអក្សរសិល្ប៍ទូទាំងប្រទេសពានរង្វាន់«៧មករា»លើកទី១ក្នុងចំណោមស្នាដៃដាក់ប្រឡងចំនួន១១៧វណ្ណកម្ម។ឆ្នាំ១៩៩៥បានទទួលជយលាភីចំណាត់ថ្នាក់លេខ៥ក្នុងប្រលោមលោករឿង«រាត្រីស្ងប់ស្ងាត់»ក្នុងមហោស្រពអក្សរសិល្ប៍ទូទាំងប្រទេសពានរង្វាន់«ព្រះសីហនុរាជ» លើកទី១ក្នុងចំណោមបេក្ខជន៩៦នាក់។
ឆ្នាំ១៩៨៩ បានទទួលជយលាភីចំណាត់ថ្នាក់លេខ៣ក្នុងប្រលោមលោករឿង«រលកសមុទ្រ»ក្នុងមហោស្រពតែងនិពន្ធអក្សរសិល្ប៍រដ្ឋធានីភ្នំពេញ រង្វាន់អក្សរសិល្ប៍ « រដ្ឋធានីភ្នំពេញ»មានប្រលោមលោកខ្នាតវែង១៩រឿងនិងគំនូរអាហ៊ី្វស២០ផ្ទាំង។ឆ្នាំ១៩៨៤-១៩៩៤បានបង្កើតស្នាដៃជាច្រើនដូចជា រូបត្លុកទិតៀនកំណាព្យរឿងខ្លី ល្បងប្រាជ្ញា រឿងកំប្លែង ចុះផ្សាយ ស្ទើរគ្រប់លេខតាមទំព័រកាសែតកម្ពុជាមានរឿងខ្លី «យប់ហួសអធ្រាត្រ» រឿង«ឱ! ព្រហ្មចារីយ៍» រឿង«ទឹកបឹងទន្លេសាប» និងរឿង«លោហិតតែមួយ»។
ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៧ លោកទទួលបានការប្រសិទ្ធនាមជា «អ្នកនិពន្ធវ័យក្មេង»ដោយចុះផ្សាយក្នុងទំព័រទស្សនាវដ្ដីកម្ពុជា លេខ ២/១៨-១៩៨៧។ ឆ្នាំ១៩៨៧ ប្រលោមលោករឿង«ចូលជ្រៅក្នុងបេះដូង»បានចេញផ្សាយតាមទំព័រព្រឹត្ដិបត្ររបស់សមាគមយុវជនក្រុងភ្នំពេញចាប់ពីលេខ៣ឆ្នាំ១៩៨៦ដល់លេខ១២ឆ្នាំ១៩៨៧។ ឆ្នាំ១៩៨៦ ទទួលជយលាភីចំណាត់ថ្នាក់លេខ១ និទ្ទេសល្អប្រសើរក្នុងប្រលោមលោករឿង«ចូលជ្រៅក្នុងបេះដូង»រង្វាន់អក្សរសិល្ប៍ «យុវជនរដ្ឋធានីភ្នំពេញ»ក្នុងការប្រឡងជ្រើសរើសរកអ្នកដែលមានស្នាដៃពូកែៗក្នុងការតែងនិពន្ធរឿងនិងអត្ថបទផ្សេងៗរបស់គណៈកម្មាធិការយុវជនបដិវត្ដន៍ ក្រុងភ្នំពេញ។
ឆ្នាំ១៩៨៦ បានទទួលជយលាភីចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងប្រណាំងជ្រើសរើសសិស្សពូកែ ផ្នែកតែងសេចក្ដីប្រចាំរដ្ឋធានីភ្នំពេញក្នុងចំណោមបេក្ខជន៥៤នាក់ពិន្ទុ៨,០០។ឆ្នាំ១៩៨៥បានទទួលជយលាភីចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងប្រណាំងជ្រើសរើសសិស្សពូកែ ផ្នែកតែងសេចក្ដីប្រចាំរដ្ឋធានីភ្នំពេញក្នុងចំណោមបេក្ខជន៦០នាក់ពិន្ទុ៨,៧៥។
ក្រោយពីប្រឡូកក្នុងវិស័យតែងនិពន្ធនៅកម្ពុជា ជាង៤ទសវត្សរ៍ កវីនិពន្ធ អ៊ុន សុខហ៊ាង យល់ឃើញដូច្នេះថា៖ «វិស័យតែងនិពន្ធបានផ្តល់គុណតម្លៃយ៉ាងល្អប្រសើរណាស់សម្រាប់សង្គមជាតិនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត ពីព្រោះប្រទេសមានសន្តិភាព មានការលូតលាស់នោះត្រូវតែមានការអភិវឌ្ឍផ្នែកផ្នត់គំនិតជាមុន ទើបប្រទេសជាតិមានភាពទំនើប ស៊ីវិល័យ ដូចអរិយធម៌បរទេស»។
លោកបានបន្ថែមថាក្នុងនោះកត្តាមនុស្ស ជាធនធានដ៏ចាំបាច់ ដែលត្រូវតែកែប្រែ ផ្លាស់ប្តូរគំនិតជាជំហានៗ ទោះបីក្នុងនោះមានភាពអវិជ្ជមានខ្លះទៅលើវិស័យនេះក៏ពិតមែន ក៏ប៉ុន្តែពុំបានបណ្តាលឱ្យរងប៉ះពាល់ដល់សង្គមជាតិឡើយ។
កវីនិពន្ធ អ៊ុន សុខហ៊ាង បានផ្ដល់គតិថា៖ «ខ្ញុំមានគំនិតថា បើមិត្តអ្នកអានចង់ជាវសៀវភៅល្អៗ នោះគួរតែជ្រើសរើសរកសៀវភៅដែលបានសរសេរ និងសម្រិតសម្រាំងពីអ្នកនិពន្ធល្បីៗ មានបទពិសោធន៍សរសេរមិនតិចជាង១០ឆ្នាំ ហើយមើលលើមាតិកាសៀវភៅផងដែរ មិនថាឡើយប្រលោមលោក កំណាព្យ និងទស្សនវិជ្ជា»។
ចំពោះអ្នកចង់ក្លាយជាអ្នកនិពន្ធ លោកបានលើកឡើងថា បើចង់ក្លាយជាអ្នកនិពន្ធ កវីឆ្នើម ឬជាកវីនិពន្ធអាជីព នោះភាពចាំបាច់ ត្រូវតែអានសៀវភៅឱ្យបានច្រើន យ៉ាងហោចណាស់ ពី ១ ០០០ ក្បាលឡើងទៅ និងហាត់សរសេរ ពីរឿងខ្លី អត្ថបទខ្លី កំណាព្យខ្លី ពង្រីកគំនិតឱ្យបានជាប្រចាំ ហើយត្រូវតែរៀនអង្កេត តាមដាន បរិបទសង្គម ព័ត៌មានសង្គម ជីវិតប្រចាំថ្ងៃ ដើម្បីមកបង្កើតបានពុទ្ធិ ទុន នៃការសរសេរ៕