
លោក ជាង រ៉ាវី និងសៀវភៅដែលលោកបានចងក្រងកន្លងមក ។ រូបថត សហការី
ភ្នំពេញៈ ស្របពេលអ្នកនិពន្ធជាច្រើនកំពុងផុសផុលក្នុងការនិពន្ធប្រលោមលោក ទស្សនៈ ផ្នត់គំនិត និងសៀវភៅជោគជ័យជាដើមនោះ លោក ជាង រ៉ាវី បែរជាសរសេរសៀវភៅសម្រាប់អ្នកសិក្សាអក្សរសាស្ត្រខ្មែរទៅវិញ។ លោកបានអះអាងថា៖ «ផ្នែកនេះជាជំនាញរបស់ខ្ញុំ បើឱ្យខ្ញុំទៅសរសេរផ្នែកផ្សេងដូចជាគណិតវិទ្យា រូបវិទ្យា ឬភូមិវិទ្យា ក៏ពុំកើត ព្រោះពុំចេះ បើអាចក៏ខុសជំនាញ»។
អ្នកនិពន្ធ ជាង រ៉ាវី បានប្រាប់ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកព្យាយាមសរសេរសៀវភៅទាក់ទងនឹងផ្នែកវេយ្យាករណ៍និងអក្សរសាស្ត្រខ្មែរ ទាំងដែលមានគេជាច្រើនយល់ថា ស្នាដៃបែបនេះសម្បូរ ប៉ុន្តែសម្រាប់លោកដែលរៀនផ្នែកនេះបានមើលឃើញថា ពុំសូវសម្បូរនោះទេ តែបើមានច្រើនក៏ជាប្រភេទដែលជាន់ខ្លឹមសារគ្នា ពុំសូវមានគំនិតប្លែកៗនៃការសិក្សាស្រាវជ្រាវឡើយ។ ម្យ៉ាងទៀត លោក ជាង រ៉ាវី ព្យាយាមស្រាវជ្រាវនិងសរសេរពីរឿងនេះក៏ព្រោះតែលោកចង់បកស្រាយឬបង្ហាញនូវគំនិត របៀបឬរបកគំហើញថ្មី ខុសពីលំអានដែលមានកន្លងមក។
លោកបានបញ្ជាក់ថា៖ «និយាយជារួមទៅ ទោះអ្នកផ្សេងយល់យ៉ាងណា ជាការយល់ឃើញរបស់គេខ្ញុំនឹងនៅតែព្យាយាមសរសេរស្រាវជ្រាវជានិច្ចឱ្យតែមានលទ្ធភាពដើម្បីចូលរួមចំណែកផ្ដល់នូវគំនិតដល់សង្គមនិងមនុស្សជំនាន់ក្រោយ ឱ្យមានឯកសារអានសម្បូរជាងនេះ»។
លោក ជាង រ៉ាវី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេសភាសាវិទ្យា ហើយបច្ចុប្បន្នលោកជាគ្រូបង្រៀនកម្រិតឧត្តមសិក្សានិងជាសមាជិកគណៈកម្មាធិការវចនានុក្រមនៃក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ។
កន្លងមកលោកធ្លាប់បានសរសេរអត្ថបទមួយចំនួនដូចជា រនាប់ក្នុងភាសាខ្មែរទំនើប,សំយោគសញ្ញានៃមេពាក្យក្នុងវចនានុក្រមខ្មែរ,សុន្ទរកថារបស់សម្ដេច ហ៊ុន សែន, ពហុសំណេរនៃមេពាក្យក្នុងវចនានុក្រមខ្មែរ (សារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា),សទ្ទានុក្រមសំនួនវោហារស័ព្ទនយោបាយខ្មែរ,ឈ្នាប់នៃភាសាខ្មែរទំនើប, សុភាសិតក្នុងសង្គមខ្មែរ និងសទ្ទានុក្រមសំនួនពាក្យទាក់ទងនឹងសព៌ាង្គកាយ។
ចំពោះវិស័យតែងនិពន្ធនៅកម្ពុជាវិញ លោកមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏សង្កេតឃើញផងដែរថា ឯកសារតែងនិពន្ធភាគច្រើនសម្បូរបែបខាងអប់រំចិត្តគំនិត ការលើកទឹកចិត្ត និងប្រលោមលោក។ ចំពោះការតែងនិពន្ធខាងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ នៅមានខ្វះខាតច្រើននៅឡើយ ដែលត្រូវការឱ្យមានអ្នកនិពន្ធផ្នែកនេះច្រើនព្យាយាមបន្ថែមទៀត។
លោក ជាង រ៉ាវី បានបង្ហាញចំណាប់អារម្មណ៍បន្ថែមថា ៖ «ចំពោះការតែងនិពន្ធបានផ្ដល់នូវគុណសម្បត្តិជាច្រើនចំពោះសង្គម ដូចជា ផ្ដល់នូវគំនិត របកគំហើញថ្មីៗផ្ដល់នូវទស្សនៈអប់រំ លើកទឹកចិត្តឯកសារស្រាវជ្រាវឱ្យកាន់តែសម្បូរបែបបរិយាកាសសិក្សា ឱ្យមនុស្សមានទម្លាប់អានសៀវភៅផ្ដល់នូវសាមគ្គីភាព មិត្តភាព ការពិភាក្សាតាមរយៈកម្មវិធីជួបជុំនានា។ ជារួម គឺផ្ដល់នូវចំណេះ ជំនាញ ជំនុំ និងចំណូលចំពោះសង្គមជាតិ”។
ទោះជាយ៉ាងណា ការនិពន្ធក៏មានផលប៉ះពាល់ជាអវិជ្ជមានមួយចំនួនចំពោះសង្គមផងដែរដោយលោកបានបង្ហាញពីផលប៉ះពាល់ថា ៖ «ប្រសិនបើការតែងនិពន្ធនោះ មិនត្រូវបានធ្វើឡើងសមស្របតាមវិធីវិទ្យាសាស្ត្រ ការគោរពកម្មសិទ្ធិបញ្ញានៃគំនិតស្រាវជ្រាវ ដោយលួចឬគៃបន្លំយកស្នាដៃរបស់គេមកធ្វើជាស្នាដៃរបស់ខ្លួនឬលួចចម្លងស្នាដៃគេឡើងវិញដើម្បីបោះពុម្ពរកចំណូលផ្ទាល់ខ្លួនជាដើមដែលនេះជាទង្វើអសីលធម៌ ពុំគប្បីចំពោះសង្គមនោះទេ»។
ទោះបីជាលោក ជាង រ៉ាវី បានចងក្រងសៀវភៅជាច្រើនមកហើយក្ដី ប៉ុន្តែលោកបានបញ្ជាក់ថា លោកមិនមែនជាអ្នកនិពន្ធនោះឡើយ។ លោកបញ្ជាក់យ៉ាងនេះថា ៖ «ខ្ញុំពុំមែនជាអ្នកនិពន្ធនោះទេ ខ្ញុំគ្រាន់តែជាអ្នកព្យាយាមសរសេរឱ្យបានកាន់តែប្រសើរប៉ុណ្ណោះ»។
លោកបានបន្តថា៖ «ទោះយ៉ាងណា បើសួរខ្ញុំចង់បានចម្លើយពីរឿងនេះ ខ្ញុំយល់ថា បុគ្គលម្នាក់ៗគួរអានសៀវភៅទាក់ទងនឹងជំនាញរបស់ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន,តាមដានការសិក្សា របកគំហើញរបស់បរទេសនានាទាក់ទងនឹងជំនាញរបស់ខ្លួន ចេះអង្កេតមើលពីអ្វីដែលអ្នកជាន់មុនធ្លាប់សរសេរ ព្រមទាំងកំហុស និងកង្វះខាត។ មើលគំរូនៃការសរសេរ ការសិក្សាស្រាវជ្រាវរបស់បុគ្គលដទៃ ចាប់ផ្ដើមសរសេរភ្លាមកុំនៅតែទន្ទឹងរង់ចាំ បើខុសត្រូវចេះកែជាបន្តបន្ទាប់»៕