​កណ្ដាល​: លោក ​វ៉ាន់ លី​បូ អាយុ​ជាង​ ៧០​ ឆ្នាំ គឺជា​ជាងចម្លាក់​ស្ពាន់ និង​ប្រាក់​ដែល​ត្រូវបាន​ចាត់ទុក​ជាជាង​ជំនា​ន់ទី​២ តាម​តំណ​គ្រួសារ ដោយ​លោក​បាន​បង្កើត​សិប្បកម្ម​មួយ​ឈ្មោះ​សិប្បកម្ម​ភ្ញីទេស ក្នុងភូមិ​ព្រែក​ក្តាម ​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ។

​បច្ចុប្បន្ននេះ ដោយសារតែ​លោក​មាន​វ័យ​កាន់តែ​ចាស់ អ្នកជំនាញ​ទី​៣ នៃ​គ្រួសារ​កូន ​៦ ​នាក់​ក្នុងចំណោម​កូន​ទាំង​ ៩​ នាក់​របស់លោក​បា​នប​ន្ដ​មរតក​ស្នាដៃ​នេះ​ពី​លោក ដោយបាន​និង​កំពុងតែ​ផលិត​នូវ​ផលិតផល​ពី​ស្ពាន់​ទៅតាម​លំនាំ​នៃ​សិប្បកម្ម​ដោយ​ដៃ​។

​អ្នកស្រី វ៉ាន់ នី​ឡា ជា​កូនច្បង​ក្នុងចំណោម​បងប្អូន ៩​ នាក់ បច្ចុប្បន្ន​អាយុ​ ៤៤​ ឆ្នាំ​បានឱ្យដឹងថា​៖ «​បងប្អូន​របស់ខ្ញុំ​ចំនួន ៦​ នាក់​បាន​ចាប់​អាជីព​ចម្លាក់​ស្ពាន់​ត​ពី​ឪពុកម្ដាយ ដែល​ពួកគាត់​ទទួល​ចំណេះ​នេះ​ពី​សែស្រឡាយ​គ្រួសារ​មកទៀត​»​។​

​សិប្បកម្ម​ផលិត​ចម្លាក់​ស្ពាន់ ភ្ញីទេស កំពុង​ត្រូវបាន​បន្ដ​ពី​អ្នក​ជំនា​ន់ទី​ ៣ រហូតដល់​អ្នក​ជំនា​ន់ទី ​៥ ដែលមាន​កូនក្មួយ និង​ចៅ​ថែមទៀត​ដោយ​ពួកគេ​មានមុខ​នាទី ដូច​ជាការ​ឆ្លាក់ ដំឡើង​និង​ប៉ូ​លា​ជាដើម​។

​អ្នកស្រី នី​ឡា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ពី​ ១​ ជំនាន់​ទៅ ​១​ ជំនាន់ យើង​កាន់តែ​អភិវឌ្ឍ​ប្រណីតភាព​ទៅតាម​តម្រូវការ​របស់​ភ្ញៀវ ប៉ុន្ដែ​អ្វីដែល​យើង​នៅតែ​រក្សា​គឺ​ប្រពៃណី​នៃ​ការផលិត​ចម្លាក់​ស្ពាន់​នេះ​ដោយ​ដៃ​ពី ១​ ដំណាក់កាល​ទៅ​ ១ ​ដំណាក់កាល​»​។​

ក្នុងចំណោម​អ្នក​ប្រកប​របរ​ចម្លាក់​ស្ពាន់ និង​ប្រាក់ នៅ​ឃុំ​កោះ​ចិន មានតែ​ក្នុងភូមិ​កោះ​ចិន​មួយ​ប៉ុណ្ណោះ ដែល​ប្រក​បរបរ​នេះ​ច្រើន និង​បន្ដ​ប្រពៃណី​តាំងពី​ដូនតា​មក​។ លោក​​ ញ៉ែម សឿន មេឃុំ​កោះ​ចិន បានឱ្យដឹងថា ប្រជាពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ក្នុងភូមិ​កោះ​ចិន មាន​ជាង​ ៧៥ ភាគរយ​ទៅហើយ​ដែល​ធ្វើ​ចម្លាក់​ស្ពាន់ និង​ប្រាក់​។ ក្រៅពីនោះ មាន​ខ្លះ​នៅក្នុង​ភូមិ​ព្រែក​ក្ដាម ​១​។

​លោក​ សឿន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ភូមិ​កោះ​ចិន និង​ភូមិ​ព្រែក​ក្ដាម​ ១ មាន​ពលរដ្ឋ​យើង​ធ្វើ​ចម្លាក់​នេះ​តាំងពី​យូរយារ ពោលគឺ​មុន​សម័យ​ប៉ុលពត​ទៅទៀត​។ ពួកគាត់​បង្កើត​អាជីព​នេះ​តកូនតចៅ​អំឡុង​សម័យ​សង្គមរាស្ដ្រនិយម​មក​ម្ល៉េះ»​។

​កូនស្រី​ច្បង​ដែល​ដឹងក្ដី​មក​ឃើញ​ឪពុកម្ដាយ​ប្រកបការងារ​ជាជាង​ចម្លាក់បាន​និយាយថា ថ្វីដ្បិតតែ​ការធ្វើ​ចម្លាក់​នេះ​ចេះ​តៗ​គ្នា​ក្ដី ក៏​ការសិក្សា​ស៊ីជម្រៅ​តម្រូវឱ្យមាន​ការស្វែងយល់​បន្ថែម​ពី​សៀវភៅ​ប្រ​វ​ត្ដិ របៀប​នៃ​ការ​ឆ្លាក់​ដើរ​ជើង​មុខ ដើរ​ជើង​ក្រោយ​។

​ជាក់ស្ដែងអ្នកស្រី​លើកឡើងថា រូបចម្លាក់​ជញ្ជូន​ស្បៀង​ដែលមាន​ច្រើន​ដំណាក់ ហើយ​រូប​ខ្លះ​ដើរ​ជើង​មុខ ឬ​ដើរ​ជើង​ក្រោយ​។ ជាង​ខ្លះ​ធ្វើ​ដោយ​គ្មាន​ក្បួនខ្នាត វា​មិនសូវ​ស្អាត និង​មិនសូវ​សម​។​

បច្ចុប្បន្ននេះ សិប្បកម្ម​ភ្ញីទេស ផ្ដោតលើ​ចម្លាក់​ផលិតផល ផ្ដិល ថូ ក្អម ពាង ថង់រង ប្រអប់ ដែល​ដំឡើង​ដោយ​ដៃ​សុទ្ធសាធ​ដោយ​មិន​ប្រើប្រាស់​វិធី​ចាក់ពុម្ព​នោះទេ​។ លោក ​វ៉ាន់ ស៊ីថា អាយុ​ ៣០​ ឆ្នាំ ជា​កូន​ទី​៧ បាន​រៀន​ជំនាញ​ចម្លាក់​ពី​ឪពុក និង​មាន​សមត្ថភាព​លើស​អស់​បណ្ដា​សិស្ស​ដទៃ​ក្នុងការ​ឆ្លាក់​ក្បាច់​ភ្ញីទេស បានឱ្យដឹងថា មិនសូវមាន​គ្រួសារ​ជាងចម្លាក់​ច្រើន​នោះទេ ដែល​រក្សា និង​បន្ដវេន​ស្នាដៃ​សិប្បកម្ម​បែប​បុរាណ​នេះ​បាន​ច្រើន​ជំនាន់​។

​លោក​ ស៊ីថា បាន​បន្ដថា ចម្លាក់​ស្ពាន់​ធ្វើ​ដោយ​ដៃ​នេះ​ត្រូវការ​ស្ពាន់​សុទ្ធ​ ១០០​ ភាគរយ និង​ឆ្លងកាត់​ច្រើន​ដំណាក់កាល​។ ស្ពាន់ ​១ ​បន្ទះ ត្រូវបាន​លត់​ភ្លើង និង​ផែ​ដំឡើង រួច​ដុត​ភ្លើង ​២ ​ទៅ​ ៣ ​ដង មុនពេល​ដំឡើង​ជា​រូបរាង​វត្ថុ​អ្វីមួយ​។ នៅពេល​ចេញ​ជា​រូបរាង​ហើយ វត្ថុ​ទាំងនោះ​ត្រូវបាន​ចាក់​ជ័រ​សម្រាប់​ឆ្លាក់​។​ដូច្នេះ ការផលិត​វត្ថុ​នីមួយៗ​ត្រូវការ​កម្លាំង​មនុស្ស​ពី ៣​ ទៅ ​៤ ​នាក់​។

​យុវជន ដែលមាន​សមត្ថភាព​ខាង​ឆ្លាក់​ចម្លាក់​ស្ពាន់​មិន​ចាញ់​ទឹកដៃ​គ្រូ​រូបនេះ​បាន​និយាយថា​៖ «​ដំណាក់កាល​ទី១ គឺ​ជាង​ដំឡើង ដំណាក់កាល​ទី​២ គឺ​ជាងចម្លាក់ ដំណាក់កាល​ទី​៣ ​គឺ​ជាង​ដំ​ឡើងមក​បង្ហើយ រៀបចំ​និង​ដំណាក់កាល​ចុងក្រោយ ជា​អ្នក​លាង​សម្អាត ហើយ​ភ្ញៀវ​ត្រូវការ​ប៉ូ​លា​ភ្លឺ សិប្បកម្ម​ក៏​បន្ថែម​ដំណាក់កាល​នេះ​ ១​ ទៀត​ទៅតាម​តម្រូវការ​អតិថិជន​»​។

​អ្នកស្រី នី​ឡា ជា​អ្នក​កាន់​ខាង​ផ្នែក​ទំនាក់ទំនង និង​ច្នៃ​ពណ៌​បុរាណ បានឱ្យដឹងថា អតិថិជន​ពេញនិយម ថូ និង​ផ្ដិល ច្រើនជាងគេ ទាំង​សម្រាប់​ការតុបតែង​ផ្ទះ និង​ប្រើ​ក្នុង​កម្មវិធី​ពិសេស​ផ្សេងៗ​។ បន្ទាប់មក ថង់រង ដែល​ភាគច្រើន​ឈ្មួញកណ្ដាល​ទិញ​បន្ដ​យកទៅ​ក្រូ​ម៉េ​ប្រាក់​បន្ថែម​។​

អ្នកស្រី​បន្ដថា ភ្ញៀវ​ខ្លះ​ដែលមាន​លទ្ធភាព​កុម្ម៉ង់​ជា​ឈុតៗ​ដាក់តាំង​ក្នុងផ្ទះ ងាយស្រួល​សម្រាប់​មានកម្ម​វិធី​ឡើងផ្ទះ ឬ​កម្មវិធី​ផ្សេងៗ​ដោយ​ខ្លួនឯង​ដែល​មិន​ចាំ​ជួល​ខាង​ផ្នួង​។ ចាប់តាំងពី​ដុំ​ស្ពាន់​រហូតដល់​ចេញ​ជា​ផលិតផល​សម្រេច វត្ថុ​នីមួយៗ​អាច​ត្រូវ​ចំណាយពេល​ ១ ​ខែ ប៉ុន្ដែ​អ្នកស្រី​បាន​និយាយថា ជាងចម្លាក់​ត្រូវធ្វើ​ការងារ​ជា​លក្ខណៈ​ប្រដេញ​វិលជុំ ដោយ​មិន​អាចធ្វើ​ម្ដង​តែ ​១ ទេ​។

​អ្នកស្រី នី​ឡា បាន​អះអាងថា​៖ «​ជាក់ស្ដែង ចំពោះ​ផ្ដិល ពេល​ភ្ញៀវ​កុម្ម៉ង់​ ១ ​គូ យើង​ដំឡើង​កន្លះ ឬ​ ១​ ឡូត៍​តែម្ដង ដោយសារ​វា​ខាត​ថ្លៃ​ដំឡើង​។ ពេល​យើង​ដឹងថា វត្ថុ​ណា​លក់ដាច់ យើង​មិន​ខ្លាច​នឹង​ដំឡើង​បន្ថែម​ទេ​»​។

​ការប្រើប្រាស់​ក្បាច់រចនា​នៅលើ​វត្ថុ​ទាំងនោះ​ទៀតសោត ភាគច្រើន​ជា​ក្បាច់​ភ្ញីទេស ដែល​សិប្បកម្ម​ភ្ញីទេស​នេះ ផ្ដោតលើ​ទឹកដៃ​ល្អ​ប្រណីត ដែល​បង្កប់​នូវ​ក្បាច់ក្បូរ​រស់​រវើក​។ ប្រសិនបើ​ភ្ញៀវ​ចង់បាន​ផលិតផល​ទឹកដៃ​ល្អ ផលិតផល​ត្រូវ​បានគិត​ ១​ គីឡូក្រាម​ ១០០​ទៅ ​២០០​ ដុល្លារ ទៅតាម​ក្បាច់ចម្លាក់់​។

​អ្នកស្រី​បាន​ប្រាប់ថា ជាទូទៅ ផ្ដិល ​១​ ដែលមាន​មាត់​ទំហំ ២៥ ​សង់ទីម៉ែត្រ ត្រូវ​ចំណាយ​ស្ពាន់​រង្វង់​ ៤ ​គីឡូក្រាម​។ ចំណែកឯ​ថូ កម្ពស់ ​៣២​ សង់ទីម៉ែត្រ ១ ​គូ​មាន​ទម្ងន់ ​២,៧ ​គីឡូក្រាម​។

​អ្នកស្រី នី​ឡា បាន​បញ្ជាក់ថា​៖ «​នេះ​ជា​ផលិតផល​ខាង​ខ្ញុំ​ទេ ហើយ​ចំពោះ​សិប្បកម្ម​ផ្សេង​ខ្លះ ចិត​ចម្លាក់​រាក់ និង​ប្រើ​សាច់​ស្ពាន់​ស្ដើង តម្រូវ​តាម​អតិថិជន​មិនសូវ​ធូរធារ​។ នៅពេល​ផលិត​មាន​សភាព​ហាប់​ក្រាស់ និង​ក្បាច់​ដិត​ល្អ យើង​អាច​ទុក​ដល់ ១០០ ​ឆ្នាំ ក៏​វា​មិន​ទៅណា​ផង​»​។

​ទោះបីយ៉ាងណា ផលិតផល​ចម្លាក់​ស្ពាន់ ក៏​ប្រឈម​នឹង​បញ្ហា នៅពេល​អតិថិជន​ខ្លះ​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​ស្ពាន់​មានការ​ប្រែប្រួល​ពណ៌​? ស្ដ្រី​ដែល​កំពុង​បណ្ដុះបណ្ដាល​កូនក្មួយ​ជាជាង​កូនបង្កើត​ដោយសារតែ​បញ្ហា​ចំណូល​ចិ​ត្ដ​រូបនេះ​បាន​បន្ដថា​៖ «​យើង​ពិបាក​ពន្យល់​ភ្ញៀវ​ត្រង់ចំណុច​នេះ ដែល​ពួកគាត់​ខ្លះ​មិនសូវ​យល់​។ ប៉ុន្ដែ​ចម្លាក់​ស្ពាន់​ទាំងនេះ​អាច​កែកុន​ឱ្យ​ស្អាត​ដូចដើម ដែល​ងាយស្រួល​ជាង​អីវ៉ាន់​បរទេស​។ ជាក់ស្ដែង កែវ ពរ្សឺឡែន បែកបាក់ យើង​មិនអាច​កែ​វិញ​បាន​ឯណា តែ​ស្ពាន់​ខ្មែរ យើង​អាច​កែ ឬ​ជួសជុល​ទៅជា​ថ្មី​ដូចដើម​បាន​»​។

​ទន្ទឹមនឹងនេះ ជាង​ថ្មី​ដៃ​ចំណាន​ប្រចាំ​សិប្បកម្ម​ភ្ញីទេស លោក ស៊ីថា បានឱ្យដឹងថា ភាព​វិសេស​របស់​ចម្លាក់​ស្ពាន់​នេះ គឺ​ភាព​លម្អិត​នៃ​ការ​ចិត​ឆ្លាក់​នៃ​ចម្លាក់​ក្បាច់​ដែល​ការចាក់​ពុម្ព​មិនអាច​ប្រកួតប្រជែង​បាន​។ លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ប្រសិនបើ​ប្រទេស​គេ​ធ្វើបាន​ដូច​យើង គេ​ធ្វើ​ដូច​យើង​ហើយ អត់​ចាំបាច់​ទិញ​ពី​យើង​យកទៅលក់​ទេ​។ តាំងពីដើម​មក ពេល​ខ្ញុំ​ដឹងក្ដី​មក ម៉ាក់​ខ្ញុំ​ជញ្ជូន​អីវ៉ាន់​ទៅ​លក់​នៅ​អូរជ្រៅ​ឬ​ប៉ោយប៉ែត ហើយ​ឈ្មួញ​ថៃ​ជួល​យើង​ឱ្យ​ឆ្លាក់ ឱ្យ​ដាប់​»​។

​យុវជន​រូបនេះបាន​បន្ដថា​៖ «​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ថា ពលរដ្ឋ​ខ្មែរ​យើង​យល់ដឹង និង​ជួយ​ផ្សព្វផ្សាយ​ទៅ​កុំឱ្យ​របស់​ខ្មែរ​យើង​បាត់បង់ ហើយ​កុំឱ្យ​ប្រទេស​គេ​ចូលមក​ទិញ​រាប់​ឆ្នាំ​។ ធម្មតា អ្នកលក់ គ្នា​រកមុខ​របរ គ្នា​ត្រូវការ​លុយ​។ បើ​យើង​អត់​គាំទ្រ តែ​គេ​គាំទ្រ​។ គេ​ប្រមូល​ទិញ​យូរៗ​ទៅ គេ​ថា វា​ជា​របស់គេ​ហើយ​»​។

​លោក​បានបញ្ជាក់​អំពី​អត្ដ​សញ្ញាណ​ខ្មែរ​នៅលើ​ចម្លាក់​ស្ពាន់​ទាំងនោះ​ថា រូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ រូប​ទ័ព​ដឹកជញ្ជូន​ស្បៀង ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ មាន​សេះ មាន​ដំរី និង​ទ័ព​ដឹកជញ្ជូន​ទ្រព្យ​សុទ្ធតែជា​របស់​ខ្មែរ​។​

​ដោយមាន​កិច្ចសហការ​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍ ភូមិ​ចម្លាក់​កោះ​ចិន​ត្រូវបាន​លើកស្ទួយ​តាមរយៈ​ការផ្សព្វផ្សាយ និង​រមែង​ទទួល​ភ្ញៀវទេសចរ​ឥត​ស្រាកស្រាន្ដ​។

​លោក​មេឃុំ សឿន បាន​បន្ដថា កាល​មុន​កូ​វីដ​ ១៩ ភូមិ​សហគមន៍​កោះ​ចិន​ទទួលភ្ញៀវ​ទេសចរ​ជាច្រើន ប៉ុន្ដែ​បច្ចុប្បន្ននេះ ចំនួន​ភ្ញៀវ​មក​ទស្សនា​សិប្បកម្ម​ចម្លាក់​នៅមាន​ចំនួន​តិចតួច​នៅឡើយ​៕