កណ្តាល: មិន ចិន្ដា មានស្រុកកំណើតនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល និងបានចូលរៀនដូចកុមារដទៃទៀតនៅសាលាបឋមសិក្សាមួយក្នុងភូមិ។
រហូតដល់ថ្នាក់ទី៤ កុមារីរូបនេះចាប់ផ្ដើមមានបញ្ហាចំពោះគំហើញ ដែលការមើលឃើញអ្វីៗនៅជុំវិញខ្លួនកាន់តែចុះខ្សោយរហូតដល់ពេទ្យភ្នែកនិយាយថា កុមារីរូបនេះមានជំងឺ និងបង្កបញ្ហាធ្ងន់ធ្ងរចំពោះភ្នែក។ ឆាកជីវិត ចិន្ដា បានប្រែប្រួលទាំងស្រុងនៅពេលនាងរៀនថ្នាក់ទី៦ ខណៈគំហើញកាន់តែខ្សោយខ្លាំងរហូតដល់ពិបាកចម្លងអក្សរពីក្ដាខៀន និងសូម្បីតែសៀវភៅសរសេររបស់ខ្លួនឯង។
អ្នកស្រី ចិន្ដា បច្ចុប្បន្នអាយុ ៣៣ ឆ្នាំ និយាយថា៖ «ពេលរៀនថ្នាក់ទី៦ ការមើលរបស់ខ្ញុំកាន់តែខ្សោយខ្លាំងដោយរៀងរាល់ពេលចម្លងមេរៀនពីក្ដាខៀនម្ដងៗ ខ្ញុំត្រូវរត់ទៅក្បែរអក្សរលើក្ដារខៀនរួចមកចម្លងចូលសៀវភៅបន្ដិចម្ដងៗ»។
អ្នកស្រីបានបន្ដទាំងសំឡេងអួលដើមកថា៖ «ពេលវេលាមិនយូរប៉ុន្មានសូម្បីតែការសរសេរនៅលើសៀវភៅ ក៏អក្សរលែងរត់ត្រង់ជួរដែរ។ ពេលនោះហើយ ដែលខ្ញុំ និងគ្រួសារបានសម្រេចចិត្ដជាថ្មីថា ខ្ញុំត្រូវងាកទៅសិក្សាអក្សរស្ទាប ពីថ្នាក់ដំបូងមកវិញ»។
ថ្វីដ្បិតតែត្រូវការចំណាយច្រើនបន្ថែមទៀតលើការសិក្សាអក្សរស្ទាបពីដំបូងឡើងវិញយ៉ាងណាក៏ដោយ ក៏ស្ដ្រីដែលផ្ដល់តម្លៃលើការសិក្សារូបនេះ នៅតែបន្ដពុះពាររៀនរហូតដល់ទទួលបានអាហារូបករណ៍ជាបន្ដបន្ទាប់។
បច្ចុប្បន្ននិស្សិតរូបនោះមានកូនស្រីម្នាក់ ជាតំណក់ឈាមជាមួយស្វាមីពិការភ្នែកដូចគ្នា ដែលបានក្រាបផ្ទឹមរៀបការកាលពីឆ្នាំ ២០១៨ កំពុងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការអនុវត្តនៅសាកលវិទ្យាល័យ Flinders University ក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ Australia Awards Cambodia។ អ្នកស្រីចិន្ដា បានឆ្លងកាត់ការប្រឡងជាច្រើនដំណាក់កាល ដូចនិស្សិតដទៃទៀតដែរ ដោយមិនមានការយល់យោគចំពោះនិស្សិតមានពិការភាពនោះទេ។ «ពី ១ ដំណាក់កាលទៅ ១ ដំណាក់កាល ពេលបានជាប់ម្ដងៗ ខ្ញុំពិតជារំភើបអរម្ដងអ៊ីចឹងនៅពេលជាប់ ១ តង់ទៀតក៏អរម្ដងទៀតអ៊ីចឹងទៅ»។
និស្សិតស្រីដែលមានពិការភាព ហើយអាចបន្ដថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅបរទេសដ៏កម្ររូបនេះ បានឱ្យដឹងថា អ្នកស្រីចាំបានថា ពេលប្រឡងនោះ មានបេក្ខជនប្រមាណ ៥០០ នាក់ និងជាប់ជម្រុះជាបន្ដបន្ទាប់ អំឡុងឆ្នាំសិក្សាឆ្នាំ ២០២០។ ប៉ុន្ដែដោយសារវិបត្ដិកូវីដ ១៩ រាតត្បាត ដំណើរទៅសិក្សានៅប្រទេសអូស្ដ្រាលីត្រូវបានផ្អាកដល់ឆ្នាំ ២០២២។
ហ្វេសប៊ុក Australia Awards Cambodia បានបង្ហោះវីដេអូអ្នកស្រីចិន្ដា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ដ្រាលីក្នុងឱកាសទិវាជនមានពិការភាពអន្តរជាតិ។ ហ្វេសប៊ុកអង្គភាពដែលផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមអន្ដរជាតិពីសំណាក់រដ្ឋាភិបាលអូស្ដ្រាលី បានផ្សព្វផ្សាយថា ចូរស្តាប់អ្នកស្រីរៀបរាប់អំពីដំណើរនៃការសិក្សារបស់គាត់ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ដែលគាត់ទទួលបានតាមរយៈអាហារូបករណ៍អូស្ត្រាលី។
ប្រភពដដែលបន្ដថា៖ «ស្ត្រីមានពិការភាព និងអ្នកដែលរស់នៅក្រៅទីក្រុងភ្នំពេញ ពួកគាត់គឺជាក្រុមដែលមិនសូវទទួលបានអ្វីដែលសង្គមផ្តល់ឱ្យដូចអ្នកធម្មតាទេ ទាំងការរស់នៅក្នុងសង្គម និងការអប់រំដែលជាការកម្រិតនូវលទ្ធភាពទទួលបានឱកាសរួមទាំងការទទួលបានអាហារូបករណ៍ផងដែរ»។
កម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia ប្ដេជ្ញាជួយលើកកម្ពស់សមត្ថភាពរបស់ពួកគេតាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេសក៏ដូចជាការគាំទ្រផ្សេងៗទៀតក្រោមកម្មវិធីមាគ៌ាសមធម៌ និងការគាំទ្រជាបន្តបន្ទាប់នៅក្នុងប្រទេសអូស្ត្រាលី ដល់អ្នកទទួលអាហារូបករណ៍អូស្ត្រាលី ដែលទទួលបានជោគជ័យ។
បើតាម Australia Awards Cambodia ឱ្យដឹងថា ប្រជាជនកម្ពុជាជាង ១ ពាន់នាក់ ដូចជាអ្នកស្រីចិន្ដា បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។ ដោយសារនិស្សិតពិការភ្នែកទាំងគូរូបនេះមានគភ៌ និងប្រសូតបានកូនស្រីម្នាក់ អ្នកស្រីចិន្ដា បានសម្រេចចិត្ដនាំកូនតូចរបស់ខ្លួន ទៅតាមដោយត្រូវចំណាយពេលមើលថែកូនផង និងខិតខំសិក្សាផង ខណៈខ្លួនមិនអាចមើលឃើញអ្វីទាល់តែសោះ។
អ្នកស្រីចិន្ដាប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ឆ្លៀតឱកាសមកសិក្សានៅបរទេសនេះ ខ្ញុំក៏ចង់ឱ្យកូនបានស្គាល់ និងយល់ដឹងអំពីការរស់នៅក្នុងប្រទេសអូស្ដ្រាលី ជាមួយការមើលឃើញពិភពថ្មី ហើយណាមួយ ខ្ញុំនឹករឭកកូនតូចផងដើម្បីឱ្យគាត់ទទួលភាពកក់ក្ដៅពីម្ដាយ។ ដូច្នេះខ្ញុំសុខចិត្ដលំបាកនាំគាត់មកតាមជាមួយដោយមានអ្នកជួយមើលថែពេលខ្ញុំទៅរៀន»។
ចំពោះការបន្ដសិក្សាពីបឋមសិក្សា វិទ្យាល័យ សាកលវិទ្យាល័យក្នុងស្រុករហូតដល់បរទេសអ្នកស្រីចិន្ដាជាប្រភេទមនុស្សចង់ចេះចង់ដឹង និងផ្ដល់តម្លៃខ្ពស់ទៅលើការអប់រំ ដែលអាចយឹតយោងអនាគតខ្លួនជាជនមានពិការភាពឱ្យចូលចុះក្នុងសង្គមបាន។ និស្សិតផ្នែកគោលនយោបាយ និងការអនុវត្តរូបនេះ បានឱ្យដឹងថា មនុស្សមានការអប់រំខ្ពស់ ជីវភាពរស់នៅរបស់ពួកគេមានភាពល្អប្រសើរ។ អ្នកស្រីជាមនុស្សចូលចិត្ដរៀន និងចង់ចូលរួមសកម្មភាពក្នុងសង្គម។ ដូច្នេះអ្នកស្រីមិនចង់ឱ្យពិការភាពមកបង្អាក់សកម្មភាពខ្លួនឡើយដោយសារអ្នកស្រីនៅមានបញ្ញាស្មារតីល្អប្រក្រតីដែរ។
នៅប្រទេសអូស្ដ្រាលី និស្សិតនាំកូនស្រីអាយុ ១៣ ខែតាមខ្លួនរូបនេះ បន្ដថា ប្រជាជនអូស្ដ្រាលីផ្ដោតលើសិទ្ធិស្មើភាពគ្នាមិនថា ជនមានឬគ្មានពិការភាពនោះទេ។ ប្រជាជននៅទីនោះ លើកទឹកចិត្ដ និងផ្ដល់ភាពងាយស្រួលដល់ជនមានពិការភាពទទួលបានការអប់រំដូចអ្នកមិនមានពិការភាពដែរ។ ចំពោះការសិក្សាខាងសាលាមានឯកសារសោតទស្សន៍ជាច្រើនសម្រាប់ស្ដាប់ រួមទាំងការបំប្លែងឯកសារពី PDF ទៅជា Words ដើម្បីអាចបង្កើតជាសំឡេងអាន នូវឯកសារទាំងនោះ។
ដំបូងឡើយ អ្នកស្រីត្រូវបានដឹកនាំក្នុងការធ្វើដំណើរទៅស្គាល់រវាងផ្លូវពីផ្ទះ និងសាលារៀន ដែលអ្នកស្រីបានឱ្យដឹងថា វាមានចម្ងាយប្រមាណជិត ២ គីឡូម៉ែត្រ ទៅតាមសណ្ឋានដីខ្ពង់រាបទាបខ្ពស់។
អ្នកស្រីថា៖ «ទោះបីជាស្ថានភាពផ្លូវកន្លែងខ្លះជម្រាលខ្ពស់ទាប និងមានជណ្ដើរឡើងចុះ ការរៀបចំស្ដង់ដាផ្លូវដែលផ្ដល់ភាពងាយស្រួលដល់ជនមានពិការភាព ខ្ញុំមិនបារម្ភពីសុវត្ថិភាពចំពោះបញ្ហាចរាចរណ៍ឡើយដោយពេលខ្ញុំឆ្លងគំនូសថ្មើរជើង យានយន្ដទាំងអស់ត្រូវតែឈប់»។
នៅសាលា ក៏ដូចគ្នាដែរ ខាងសាលារៀបចំសញ្ញាស្ទាប ដែលអាចប្រើឈើច្រត់ដើរចេញចូលបានដោយងាយស្រួល។ ពេលអ្នកស្រីនៅទ្រឹងមួយកន្លែង មានអ្នកមកសួរថា ត្រូវការជំនួយអ្វីទេ ដោយពួកគេម្នាក់ៗហាក់ត្រៀមខ្លួនចាំជួយអ្នកមានពិការភាពជានិច្ច។
ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យដែលផ្ដល់អាហារូបករណ៍ដល់និស្សិតបរទេស ៤៥ ប្រទេស «Australia Awards at Flinders University» បានសរសេរមតិនៅទំព័រ Australian Embassy, Cambodia ដែលបានបង្ហោះវីដេអូរបស់អ្នកស្រី ចិន្ដាថា៖ «វាពិតជាវីដេអូដ៏អស្ចារ្យស្ដីពីជីវិតប្រចាំថ្ងៃ និងការសិក្សារបស់ ចិន្ដា។ យើងពេញចិត្ដចំពោះវត្ដមានរបស់គាត់នៅសាកលវិទ្យាល័យ Flinders និងទន្ទឹងរង់ចាំថា តើគាត់នឹងបានជោគជ័យចំពោះការសិក្សានៅឆមាសបន្ទាប់ៗទៀត។ អរគុណ Australia Awards Cambodia ដែលបានផលិតវីដេអូនេះ»។
ទាក់ទងនឹងជនពិការដែលច្រៀងយកលុយចិញ្ចឹមជីវិតនៅតាមផ្លូវ អ្នកស្រីចិន្តាស្នើសុំឱ្យមន្ទីរ ក្រសួង និងក្រុមហ៊ុនឯកជនទទួលស្គាល់អ្នកសិល្បៈមានពិការភាព ដើម្បីឱ្យពួកគេមានមុខរបរ ពឹងអាស្រ័យជីវភាពខ្លួនឯងបាន។
ជាអតីតនិស្សិតផ្នែកចិត្ដវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសុំព្រះសង្ឃស្នាក់អាស្រ័យនៅវត្តពេលកំពុងសិក្សារូបនេះគឺជាបុគ្គលិករាជការបម្រើការងារក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អ្នកស្រីនិយាយថា ពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ដ្រាលីនៅពាក់កណ្ដាលខែមេសា ឆ្នាំ ២០២៤ ខាងមុខ អ្នកស្រីនឹងត្រឡប់មកបម្រើការងារនៅក្រសួងនេះវិញធម្មតា។ «ខ្ញុំនឹងយកចំណេះវិជ្ជាដែលខ្ញុំបានរៀនពីស្រុកគេមកជួយអភិវឌ្ឍសង្គមទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំក៏នឹងឆ្លៀតពេលចូលរួមកម្មវិធីលើកកម្ពស់ជនមានពិការភាពផ្សេងៗទៀត៕