កំពង់ស្ពឺៈ ជាទូទៅគេតែងសង្កេតឃើញមានយុវជន ឬក៏អ្នកធ្វើគ្រឿងអលង្ការមួយចំនួនបានយកស្នែងសត្វ ឆ្អឹងសត្វ ឬលោហៈផ្សេងៗ ដូចជាគ្រាប់កាំភ្លើងជាដើម មកកែច្នៃជាគ្រឿងអលង្ការ ដូចជាអង្កាំ បន្តោងខ្សែកកងដៃសម្រាប់តែងលម្អខ្លួនប្រាណឬក៏វត្ថុមានតម្លៃមាសពេជ្រ ឬលោហៈប្រាក់ជាដើម។
ក៏ប៉ុន្តែប្លែកពីគេយុវជនម្នាក់ដែលរស់នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានយកថ្មដែលកប់ដីមកកែច្នៃ ទៅជាគ្រឿងអលង្ការដោយទទួលបានការពេញនិយមពីអតិថិជន នៅតាមបណ្តាខេត្តនិងពីអតិថិជនខ្មែរនៅក្រៅប្រទេសទៀតផង។
យុវជន សយ បញ្ញា ឬឈ្មោះ ឆាដ រាជ អាយុ ២៧ ឆ្នាំបានរៀបរាប់ថា លោកមានបងប្អូនប្រុសចំនួន៣នាក់ហើយលោកជាកូនពៅដែលមានម្តាយជាស្ត្រីមេម៉ាយ រស់នៅភូមិត្រពាំងក្ទម្ព ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កាលពីនៅវ័យកុមារភាព សយ បញ្ញា មិនសូវទទួលបានការរៀនសូត្រឱ្យជាប់លាប់ដូចក្មេងដទៃទៀតឡើយ ដោយសារតែម្តាយជាស្ត្រីមេម៉ាយដើរស្នាក់អាស្រ័យត្រាច់ចរពីកន្លែង ១ ទៅ កន្លែង ១ ព្រោះតែគ្មានលំនៅពិតប្រាកដរហូតមករស់នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយម្តាយមានរបរត្រឹមតែជាអ្នកលាងចានឱ្យគេប៉ុណ្ណោះ។ ណាមួយគាត់ចិញ្ចឹមកូនរហូតដល់ទៅ៣នាក់ផងនោះ ម្តាយកុមារាបញ្ញាមានលទ្ធភាពត្រឹមតែផ្ដល់បបរឱ្យកូនៗហូប ហើយពេលខ្លះក៏គ្មានទាំងបបរឱ្យកូនហូបបានគ្រប់គ្រាន់ទៀតផង។
យុវជន បញ្ញា បន្តថា លុះក្រោយមកម្តាយរបស់គេបានធ្លាក់ខ្លួនឈឺឆ្អឹងចង្កេះហើយត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងអំឡុងឆ្នាំ ២០១០ ខណៈយុវជនបញ្ញាកំពង់រៀននៅថ្នាក់ទី១០ នៃវិទ្យាល័យមួយក្នុងខណ្ឌឫស្សីកែវ។ពេលនោះបញ្ញា រៀនបណ្តើររត់ម៉ូតូឌុបបណ្តើរ ដើម្បីយកលុយរៀនផងនិងសន្សំលុយបង់ថ្លៃចាយវាយទិញម្ហូបអាហារប្រចាំថ្ងៃឱ្យម្តាយនៅមន្ទីរពេទ្យផង ប៉ុន្តែដោយសារម្តាយបញ្ញាមានបណ្ណក្រីក្រ ដូច្នេះបានជួយសម្រួលដល់ថ្លៃព្យាបាលបានច្រើន។លុះចូលដល់ឆ្នាំ ២០១៦ យុវជនបញ្ញាបានចូលរៀនវគ្គគ្រប់គ្រងផលិតកម្មរយៈពេល ៦ ខែហើយបានចូលធ្វើការផ្នែកវិស័យវាយនភ័ណ្ឌនៅក្រុមហ៊ុនឯកជនមួយអស់រយៈពេល ៤ ឆ្នាំ ទើបវិលទៅស្រុកកំណើតវិញនៅក្នុង ឆ្នាំ ២០១៩។
យុវជន បញ្ញា បានថ្លែងថា៖ «ម្តាយខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ខ្ញុំគ្មានលុយរៀនទេ ដូច្នេះមានពេលខ្លះក៏ចូលរៀនពេលខ្លះក៏ឈប់រៀនហើយពេលគ្រូតម្រូវឱ្យទិញក្រដាសជាកម្មវិធីសិក្សាគឺមិត្តភក្តិចេញលុយឱ្យខ្ញុំ។ ពេលនោះដែរ បងប្រុសខ្ញុំមានម៉ូតូកញ្ចាស់ ១ គ្រឿងដើម្បីឱ្យខ្ញុំរត់ម៉ូតូឌុប»។
បញ្ញា បានបន្តទៀតថា ដំបូងឡើយគេគិតថានឹងចាប់យកអាជីពជាជាងចម្លាក់ តែដោយសារប្រភេទចម្លាក់ពីឈើ ប្រភេទចម្លាក់ពីស្នែង ភ្លុក មានគេធ្វើរួចហើយ ដូច្នេះលោកក៏ចាប់យកអាជីពចម្លាក់ថ្មវិញ។ ក្រោយពីសម្រេចចិត្តលាឈប់ពីការងារ យុវជនបញ្ញា បានចាប់អាជីពជាអ្នកច្នៃថ្មធ្វើជាគ្រឿងអលង្ការលក់ម្តង។
នៅក្នុងដំណើរការអាជីពនេះពីដំបូងបញ្ញាបានប្រើពេលអស់ ១ ឆ្នាំ ដើម្បីសិក្សាពីប្រភេទថ្មណាដែលត្រូវជ្រើសរើសយកមកកែច្នៃ និងប្រភេទថ្មណាដែលមិនអាចកែច្នៃបាន។លុះចូលដល់ឆ្នាំបន្ទាប់ទើបបញ្ញាចេះច្នៃចេញជារូបរាងអង្កាំរួចក៏បង្ហោះរូបតាមបណ្ដាញសង្គមហ្វេសប៊ុកហើយក៏មានអ្នកចាប់អារម្មណ៍ និងកុម្ម៉ង់ទិញ តែម្តង។
បើតាមយុវជន បញ្ញា ថ្មដែលត្រូវជ្រើសរើសយកមកធ្វើជាអង្កាំគឺជាប្រភេទថ្ម ក្រមួន ថ្មហ្គិច ត្បូងថ្មនិល ដែលថ្មទាំងនេះស្ថិតនៅក្នុងស្រទាប់ក្រោមដីដែលមានជម្រៅពី ៣ ម៉ែត្ររហូតដល់ ៥ ម៉ែត្រទៅក្រោម។ ថ្មទាំងនេះមានពណ៌ផ្សេងៗគ្នាដូច ជាពណ៌លឿង ពណ៌កាហ្វេ ពណ៌ក្រមៅ ពណ៌ក្រហម ពណ៌ស្វាយដែលមានទំហំប៉ុនៗមេដៃប៉ុនមេជើង ឬអាចមានធំជាងនេះក៏មានដែលប្រភពនៃវត្ថុធាតុដើមនេះគឺលោកមានម៉ូយយកមកលក់ដល់ផ្ទះតែម្តង។
លោកបានឱ្យដឹងថា ក្នុងអង្កាំ១គ្រាប់ លោកត្រូវចំណាយពេលដុសខាត់ថ្មរយៈពេល ១ ម៉ោង និង ២៨ នាទី ហើយក្នុង ១ ខ្សែមាន ២០ គ្រាប់ តែបើថ្មត្បូងវិញងាយធ្វើជាងប្រភេទថ្មក្រមួន និងថ្មហ្គិច។
លោកប្រាប់ទៀតថា ថ្មដែលលោកយកមកកែច្នៃជាគ្រឿងអលង្ការនេះគឺនាំមកពីខេត្តតាកែវ កំពង់ធំ ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារដែលសុទ្ធសឹងជាប្រភេទថ្មធម្មជាតិហើយក៏មិនមែនជាថ្មភ្នំដែរ។
ចំពោះអតិថិជនវិញគឺមានទាំងបងប្អូនខ្មែរក្នុងស្រុកនិងបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និងប្រទេសមួយចំនួនទៀតដែលមានបងប្អូនខ្មែររស់នៅ។រីឯតម្លៃវិញសម្រាប់អង្កាំ ១ ខ្សែមានតម្លៃចាប់ពី ១២ ដុល្លារ រហូតដល់ក្រោម ៧០ ដុល្លារ។
លោកបានបញ្ជាក់ថា៖ «ចំណេះជំនាញនេះខ្ញុំមិនលាក់ទេ ហើយខ្ញុំនឹងបង្ហាត់បង្រៀនទៅដល់ក្មេងៗ និងយុវជនដើម្បីឱ្យពួកគាត់បានចេះបន្តពីខ្ញុំ។ ការចាប់យកជំនាញអ្វីមួយពិតប្រាកដវាប្រសើរជាងចាប់យកគ្រឿងញៀនដែលសង្គមស្អប់ខ្ពើមហើយវាបំផ្លាញអនាគតយើងទៀត»៕