ភ្នំពេញៈ យុវ​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី​ម្នាក់ ឈ្មោះ ឡេង វិចិត្រ​បញ្ញា បានទទួល​មេដាយ​ចំនួន ​​៤០ ​គ្រឿង ដែលមាន​ទាំង​មេដាយមាស មេដាយប្រាក់ និង​មេដាយ​សំរឹទ្ធ និង​ក្នុង​ការប្រកួត​លើ​មុខវិជ្ជា​សិក្សា​ផ្សេងៗ​នៅ​ក្រៅប្រទេស​។

​យុវ​សិស្ស ឡេង វិចិត្រ​បញ្ញា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្មីៗ​នេះ​ថា គេ​មាន​អាយុ​ ១៥ ​ឆ្នាំ ដែល​បច្ចុប្បន្ន​រៀន​នៅ​ថ្នាក់​ទី​ ១១ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី​។ ចំពោះ​ការសិក្សា​នៅ​សាលា​ជំនាន់​ថ្មី​នេះ គេ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្លាំងណាស់ ព្រោះ​បើ​មិន​ខំប្រឹង​ទេ គឺ​រៀន​មិនទាន់​គេ​ឡើយ​។​

វិចិត្រ​បញ្ញា បាន​បន្តថា ជា​ញឹកញាប់ គឺ​គេ​បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ជាមួយ​សិស្ស​ប្រុស​ស្រី​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភព លោក​ហើយ​រហូត​មកទល់ពេលនេះ​រូបគេ​បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើនលើក​មកហើយ​។ រីឯ​លទ្ធផល​នៃ​ការប្រកួតប្រជែង​ម្តងៗ​គឺ​គេ​តែងតែ​ទទួលបាន​មេដាយមាស មេដាយប្រាក់ និង​មេដាយ​សំរឹទ្ធ​ផង ដែល​សរុប​មកទល់ពេលនេះ​មាន​៤០​គ្រឿង​ហើយ​។ ការទទួលបាន​មេដាយ​នេះ​គឺ​បញ្ជាក់​ពី​សមត្ថភាព​របស់គេ​ផង និង​បានផ្តល់​កិ​ត្ដិ​យស​ដល់​វិទ្យាល័យ​របស់គេ​ផង​។​

​វិចិត្រ​បញ្ញា បាន​ពោលថា​៖ «​ខ្ញុំ​រីករាយ​នឹង​ទទួលយក​មេដាយ​ទាំងអស់នេះ​ណាស់​ពីព្រោះ​វា​បញ្ជាក់​ពី​សមត្ថភាព​របស់ខ្ញុំ​។​អ្វីដែល​កាន់តែ​វិសេស​ទៀត​នោះ​ជា​កិត្តិយស​សម្រាប់​សាលា​របស់ខ្ញុំ ជាពិសេស​គឺ​ប្រទេស​កម្ពុជា​របស់ខ្ញុំ​»​។​

​ដោយឡែក​លោក ស​ម្យ កំសាន្ត នាយករង​វិទ្យាល័យ​ស៊ីសុវត្ថិ​សាលា​ជំនាន់​ថ្មី​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងផង​ដែរ​ថា សាលា​ជំនាន់​ថ្មី​ជា​ឈ្មោះ​កម្មវិធី​ ១ ​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​ធ្វើកំណែទម្រង់​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​។​ដូច្នេះ​កម្មវិធី​នេះ​បើ​គិត​តាំងពី​ការបង្កើត​មក គឺមាន​រយៈពេល​៨​ឆ្នាំ​ហើយ ដែល​សាលា​ប្រភេទ​នេះ ផ្តល់​គុណភាព​អប់រំ​កម្រិត​ខ្ពស់​ទៅដល់​សិស្សានុសិស្ស​។​ដូច្នេះ​ក្រសួង​អប់រំ​បានរៀបចំ​ជា​គោលនយោបាយ​មួយ​ដែល​ហៅថា ​(New Generation School Program)​។ ចំពោះ​អ្វីដែល​សាលា​ត្រូវធ្វើ​គឺ​ផ្តល់​សេវា​រៀន និង​បង្រៀន​ឱ្យបាន​ល្អជា​ទីបំផុត​។​

លោក​បាន​បញ្ជាក់ថា​៖ «​មានន័យថា គ្រូៗ​បង្រៀន​នៅទីនេះ​គឺ​គ្មាន​បង្រៀន​គួរ​ទេ ត្រូវតែមាន​ឆន្ទៈ​បង្រៀន​សិស្ស​ឱ្យ​ខ្លាំង ឱ្យ​ចេះ​ហើយ​សិស្ស​ក៏​ដូចគ្នា មក​ទីនេះ​គឺជា​សិស្ស​ដែល​តាំងចិត្ត​ថា មក​គឺ​មក​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​ពូកែ​»​។​

លោកនាយ​ករង​បាន​បន្ថែមថា ជាធម្មតា​សាលា​មួយ​ដែល​ព្យាយាម​ចង់​លើកកម្ពស់​គុណភាព​អប់រំ​គឺ​ត្រូវតែ​ធ្វើកំណែទម្រង់​ទៅលើ​កម្មវិធីសិក្សា​ទៅលើ​របៀប​រៀន និង​របៀប​បង្រៀន អ៊ីចឹង​នៅ​សាលា​ជំនាន់​ថ្មី​នេះ​គឺ​បាន​សិក្សា​វិធីសាស្ត្រ​បង្រៀន​បែប​ថ្មី​ដែល​គេ​ហៅថា​[​បែប​ស្ថាបនា​និយម​]​។ រីឯ​កូនសិស្ស​រៀន​ដោយ​ផ្តោតលើ​កម្មវិធី​ដោយ​ធ្វើការ​ស្រាវជ្រាវ ដោយ​ធ្វើការ​ជា​ក្រុម​គឺ​វា​ខុសគ្នា​នឹង​ការបង្រៀន​បែប​ធម្មតា​ដែល​គ្រូ​មកដល់​សាលាបង្រៀន​អ្វីដែល​គាត់​ត្រូវ​បង្រៀន​ហើយ​កូនសិស្ស​មិនដឹង​មុន​ថា​គ្រូបង្រៀន​អ្វីខ្លះ​ទេ​ពោលគឺ​គ្រូ​ប្រាប់​អី រៀន​ហ្នឹង​ទៅ​។​

បើតាម​លោកនាយ​ករង នៅ​សាលា​ជំនាន់​ថ្មី​នេះ​គឺ​សិស្ស​ចូលរៀន​តាំងពីព្រឹក​រហូតដល់​ពេល​ល្ងាច​គឺ ១ ​ថ្ងៃ ​៧ ​ម៉ោង​។ រីឯ​គ្រូ​មិនអាច​បង្រៀន​គួរ​ទេ ខណៈ​សិស្ស​ក៏ត្រូវ​ប្រឹងរៀន​ដូចគ្នា​ដែរ​។​ដោយសារតែ​ការបំពេញ​ការបង្រៀន​ស​កម្មនេះ លោកគ្រូ​អ្នកគ្រូ​ត្រូវបាន​ផ្តល់​ជា​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពីលើ​ប្រាក់ខែ​របស់​រដ្ឋ​។

​ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​ត្រូវតែ​ធានា​មកវិញ​ថា ត្រូវតែ​បង្រៀន​សិស្ស​ឱ្យ​ចេះ បង្រៀន​ឱ្យ​អស់ពី​សមត្ថភាព​រប​ស់​គាត់​មិនអាច​បង្រៀន​លំៗ​ហើយ​ទុក​មេរៀន​ទៅ​បង្រៀន​គួរ​បានទេ​។​នេះ​ជា​កម្មវិធី​របស់​សាលា​ជំនាន់​ថ្មី​ដែលមាន ​៣ ​ចំណុច​គឺ ទី ១ ​បង្រៀន​សិស្ស​បែប​វិធីសាស្ត្រ​ថ្មី ទី​ ២​ គឺ​យើង​បង្រៀន​សិស្ស​ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព អនុវត្ត​នូវ​ចំណេះដឹង​ដែល​គាត់​បាន​រៀន​និង​ទី​ ៣ ​យើង​បង្រៀន​ដើម្បីឱ្យ​ពួកគេ​មាន​ស្នាដៃ មាន​មហិច្ឆតា​ដល់​កម្រិត​អន្តរជាតិ​គឺ​កម្រិត​ប្រកួតប្រជែង​អន្តរជាតិ​។​

​លោក កំសាន្ត បានឱ្យដឹងថា ក្នុង​ ១ ​ឆ្នាំ ​២០២២​ កន្លងមក​គឺ​សាលា​ទទួលបាន ៤០០​ មេដាយ​ហើយ​ក្នុងការ​ចេញទៅ​ប្រកួតប្រជែង​ជាមួយ​សិស្ស​នៅ​បរទេស​។​ដោយឡែក យុវជន ឡេង វិចិត្រ​បញ្ញា គឺជា​សិស្ស​ជើងឯក​ដែល​ទទួលបាន​មេដាយ​ច្រើនជាងគេ រហូតដល់​ ៤០​ គ្រឿង​តែម្នាក់ឯង ក្នុងចំណោម​សិស្ស​សរុប​ជាង​ ១​ ពាន់​នាក់​។​អ៊ីចឹង​បើ​ស្តាប់​មើលទៅ​គឺ​គ្រូ​មិន​បង្រៀន​គួរ ហើយ​បង្រៀន​បែប​វិ​ទ្យ​សាស្ត្រ ហេតុដូច្នេះ​ហើយ​យើង​ត្រូវការ​ធនធាន​ច្រើនណាស់​ដើម្បី​គាំទ្រ​ដល់​ការបង្រៀន​។​ព្រោះ​នៅក្នុង​បន្ទប់​បង្រៀន​ត្រូវតែ​ជា​បន្ទប់​ទំនើប​ដោយ​គ្រូ​ទាំងអស់​សុទ្ធ​តែមាន​កុំព្យូទ័រ​ម្នាក់​ ១ ​គ្រឿង ហើយ​ទាំង​សិស្ស​ទាំង​គ្រូ​គឺ​ខាង​សាលា​មាន​អ៊ី​ន​ធឺ​ណិ​ត​ឱ្យប្រើ​ទាំងអស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ត្រូវ​ចំណាយ​ច្រើនណាស់​ដែល​ក្នុង​សិស្ស​ម្នាក់​ត្រូវ​ចំណាយ​អស់​ជាង​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ អ៊ីចឹង​តើ​លុយ​នេះ​បានមកពី​ណា​គឺ​សាលា​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​តាមរយៈ​ក្រសួង​អប់រំ​ចន្លោះ​ពី​ ២០​ ទៅ ៣០ ​ភាគរយ​ហើយ​នៅសល់​ ៧០ ​ឬ​ ៨០ ភាគរយ​ទៀត​គឺ​សាលា​ត្រូវធ្វើ​ចលនា​ដល់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​ឬ​សប្បុរសជន​ដែល​លោក​ស្រឡាញ់​វិស័យ​អប់រំ​នេះ​ជាការ​ចូលរួមចំណែករ​បស់​គាត់​»​។​

​លោក​បាន​ពន្យល់​ទៀតថា ចំពោះ​សិស្ស​ណា​ដែលមាន​ជីវភាព​ខ្វះខាត គ្មាន​លទ្ធភាព​អាច​ចូលរួម​បង់​វិភាគទាន​ក៏​មិន​អី​ដែរ ដោយ​គាត់​មាន​សិទ្ធិ​សរសេរ​លិខិត​ស្នើសុំ​អនុគ្រោះ​មក​គណៈកម្មការ​ទ្រទ្រង់​សាលា​។​បើ​ខាង​គណៈកម្មការ​ទ្រទ្រង់​សាលា​លោក​បានទទួល​លិខិត​ស្នើសុំ​អនុគ្រោះ​ហើយ​គឺ​អញ្ជើញ​អ្នកស្នើសុំ​មក​សាកសួរ​ពី​មូលហេតុ ហើយក៏​អនុគ្រោះ​តាម​ហ្នឹង​ទៅ​ក្រោយពី​ប្រជុំ​ពិភាក្សាគ្នា​។​

​លោក​បានឱ្យដឹង​ដែរ​ថា ក្នុង​សិស្ស​ជាប់​បាក់​ឌុប​ ១៩០ ​នាក់​ដែល​បាន​និទ្ទេស ​A និង ​B គឺ​ពួកគេ​ទទួលបាន​អាហារូបករណ៍​ ២២៣ កន្លែង ដែល​មានន័យថា ក្នុង​សិស្ស​ម្នាក់​ទទួលបាន​អាហារូបករណ៍​លើសពី ១ កន្លែង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព បន្ទាប់ពី​ក្រសួង​អប់រំ​បាន​ផ្តួចផ្តើម​ធ្វើកំណែទម្រង់​បែបនេះ​។ តាំងពី​យើង​ចាប់ផ្តើម​ពី ​៣ ​ឆ្នាំ​ចុង​ក្រោយនេះ គឺ​លទ្ធផល​យើង​សឹង​មិនគួរ​ឱ្យ​ជឿ​ដោយសារ​វា​ប្រែប្រួល​ខ្លាំង​គឺ​លទ្ធផល​ប្រឡង​បាក់​ឌុប​យើង​ប្រឡង​ជាប់​បាន​ជិត ១០០ ភាគរយ​»៕

វីដេអូ៖