ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៤ កុម្ភៈនេះ បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ ដើម្បីអបអរសាទរ ខួប ៣ ឆ្នាំ នៃការចេញស្លាកលេខពិសេសផ្ទាល់ខ្លួន ដោយមានការតាំងពិព័រណ៍ស្លាកលេខរថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
កម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែងពីតារាចម្រៀង រួមមាន៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង ចាន់កែវ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា និង រ៉ូលីន លោក វណ្ណដា លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel។
ព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយក្រសួងសាធារណការនេះ ក្រៅពីមានការប្រគំតន្ត្រី ក៏មានស្តង់តាំងពិព័រណ៍ និងលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ដោយសេរី និងឥតគិតថ្លៃ។
ព្រិត្តិការណ៍នេះ នឹងធ្វើឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃទី៧-៨ មីនា ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ៕