ភ្នំពេញៈ​​ ដើម​ចេក​ជា​ដំណាំ​ប្រពៃណី​ហើយ​ប្រជា​ពលរដ្ឋ​ក្នុងសង្គម​ខ្មែរ​យើង​តែង​តែ​ប្រើ​ប្រាស់​វា​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ដូចជា​ស្លឹក​វា​គេ​យកទៅ​វេច​នំ​ខ្ចប់​បាយ ​ឬ​ម្ហូបអាហារ​ផ្សេងៗ​រីឯ​ផ្លែ​របស់​វា​គេ​ហូប​ទាំង​ទុំ និង​ខ្ចី​ ចំណែកដើម​​វិញ​បើនៅ​តូច​ខ្លះ​គេ​យក​ធ្វើជា​បន្លែ​ស្ល​ឬអន្លក់​ទៀត​ផង​។ ប៉ុន្តែ​អ្វីដែល​ពិសេស​នោះ​មាន​អតីត​និស្សិត​ផ្នែក​វិស្វកម្ម​ជីវ​សាស្ត្រ​ម្នាក់​ បាន​យក​ដើម​ចេក​មក​កែច្នៃ​ធ្វើជា​ចាន​សម្រាប់​ដាក់​អាហារ​ដែល​ធន់​អាច​ដាក់​ទឹក​ក្តៅ​ទឹក​ត្រជាក់​បាន​ទៀត​ផង​។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវធំ​ពណ៌​ខ្មៅ​ដែលមាន​សក់​ពណ៌​ទង់​ដែង​ទម្លាក់​គ្រប​ស្លឹក​ត្រចៀក​១​ចំហៀង​ជា​មួយ​នឹង​ស្នាម​ញញឹម​រំលេច​ពណ៌​ក្រហម​ទុំ​នៅ​លើ​បបូ​រមាត់​គឺ​កញ្ញា ​សឹង ស្រី​និ​ច ជា​អតីត​និស្សិត​ផ្នែក​វិស្វ​កម្ម​ជីវ​សាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​។​កញ្ញា​គឺជា​អ្នក​ស្រាវជ្រាវ​បច្ចេក​ទេស​នៃ​ការ​កែច្នៃ​ដើម​ចេក​ធ្វើជា​ចាន​[​ចាន​បរិស្ថាន​]​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​។​

យុវតី​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូបនេះ​បាន​រំឭក​ពី​ប្រវត្តិ​តស៊ូ​រៀន​សូត្រ​នៅ​ទីក្រុង​ភ្នំពេញ​ថា ​នាង​មាន​ស្រុក​​កំណើត​នៅ​ភូមិ​តា​អ៊ិន​១ ឃុំ​ស្រះ​រាំង ​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មាន​ជ័យ​។​នាង​ជា​កូន​ទី​៣​ក្នុង​ចំណោម​​បងប្អូន​ប្រុស ​ស្រី ៤​​ នាក់​។​ ស្រី​និច បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​គឺជា​អ្នក​ស្រាវ​ជ្រាវ​បច្ចេក​ទេស​ផ្នែក​ជីវ​សាស្ត្រ​ម្នាក់​ដែល​ទទួល​បាន​បរិញ្ញា​បត្រ​ផ្នែក​វិស្វកម្ម​ជីវសាស្ត្រ​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​កែច្នៃ​ផលិត​ចាន​ធ្វើ​អំពី​ដើម​ចេក​។​

ទាក់​ទង​នឹង​ការ​សិក្សា​មុខ​ជំនាញ​វិញ ​នាង​បាន​ប្រាប់​ថា ​គឺមាន​ការបែង​ចែក​លក្ខ​ណៈ​ទៅលើ​ចំណី​អាហារ​ក៏ដូចជា​ការ​វេច​ខ្ចប់​ជាដើម​ ដោយ​កាលពី​នៅក្នុង​ថ្នាក់រៀន​គឺ​នាង​រៀន​បាន​ទ្រឹស្តី​ខ្លះៗ​។​ប៉ុន្តែ​នៅ​ពេល​ដែល​នាង​ចូលមក​បម្រើ​ការ​នៅក្នុង​សហគ្រាស VillageworksCambodi​a ក៏​ចាប់ផ្តើម​​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​លើ​ទ្រឹស្តី​ដែល​បាន​រៀន​ពីសា​លា​មក​។​

កញ្ញា ស្រី​និ​ច បាន​បន្តថា​៖ «​មុន​កែច្នៃ​បានជា​ចាន​ផលិត​ចេញពី​ដើម​ចេក​នេះ​​គឺ​ខ្ញុំនិង​សហ​ការី​ខ្ញុំ​ម្នាក់​ទៀត​ត្រូវចំ​ណាយ​ពេល​ស្រាវ​ជ្រាវ​ប្រមាណ​ជា​៦​ខែ​។​ប៉ុន្តែ​ទោះជា​បានចេញ​ជា​ផ្លែផ្កា​ហើយ​ក្តី​ក៏​ពួក​យើងខ្ញុំ​នៅតែ​ស្រាវជ្រាវ​បន្តទៀត​ដើម្បី​ជា​ប្រយោ​ជន៍​សម្រាប់​ខ្មែរ​»​។​

ស្រី​និ​ច បាន​លើក​ឡើងថា ដើម​ចេក​ដែលជា​វត្ថុ​ធាតុ​ដើម​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដាំ​ច្រើន​ណាស់​តែ​យើង​បាន​ត្រឹម​តែ​យក​ដើម​ចេក​ទាំងនោះទៅធ្វើជា​ចំណី​ជ្រូក​ឬ​ចំណី​គោ និង​យក​មក​ធ្វើជា​បន្លែ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ​។​

អ៊ីចឹង​ហើយ​បន្ទាប់​ពី​នាង​បាន​សិក្សា​មក​ទើប​ដឹងថា​ការប្រើប្រាស់​ដើម​ចេក​នៅ​មិន​ទាន់​អស់​លទ្ធភាព​នៅ​ឡើយ​ទេ​ខណៈ​​កាក​សំណល់​ដើម​ចេក​មាន​ច្រើន​។

​ដោយ​សារ​តែមើល​ឃើញ​ពី​អត្ថប្រ​យោជន៍​របស់​វា​មាន​ច្រើន​ទៀត​ទើប​សហ​គ្រាស​របស់​នាង​យក​ដើម​ចេក​មក​ធ្វើការ​កែ​ច្នៃ​ជា​សម្ភារ​ប្រើ​ប្រាស់​ដូច​ជា​ចាន​នេះ​ជា​ដើម​។

បើតាម ស្រី​និ​ច ដើម្បី​កែច្នៃ​បានជា​ចាន​គឺ​ដំបូង​ឡើយ​នាង​យក​ដើម​ចេក​ទៅ​ដក​យក​សរសៃ​ដោយ​ប្រើ​ម៉ា​ស៊ីន​។ បន្ទាប់ពី​នោះមក​គឺ​ត្រូវ​យក​សរសៃ​ចេក​ទៅ​ហាល​ចន្លោះ​ពី​៣​ទៅ​៤​ម៉ោង​រួច​ហើយ​យក​មក​កាត់​ជា​កំណាត់ៗ​ខ្លីៗ​ហើយ​កិន​ឱ្យ​វាទ​ន់​។ បន្ទាប់​មក​ទៀត​ត្រូវ​យក​សរសៃ​ចេក​ទាំងនោះ​ទៅ​ចូល​ម៉ា​ស៊ីន​ស​ម្ងួ​ត​ដោយ​ប្រើ​កម្ដៅពី​១៨០​ទៅ​២០០​សង្សារ​សេ​ដើម្បី​សម្លាប់​មេរោគ​មួយ​ចំនួន​នៅ​ក្នុង​សរសៃ​ចេក​នោះ​ឬក៏​ធ្វើឱ្យ​វា​មាន​សុវត្ថិ​ភាព​នៅ​ក្នុង​ការប្រើ​ប្រាស់​។​ចំពោះ​ចាន​ចេក​នេះ​អាច​ដាក់​បាន​ទាំង​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់​ ហើយ​ការកែច្នៃ​វិញគឺ​មិន​រើសប្រភេទ​វត្ថុធា​តុដើ​ម​ទេ​ពោល​គឺឱ្យ​តែ​ដើម​ចេក​មាន​សរសៃ​អាច​យក​បាន​ទាំង​អស់​គ្រាន់តែ​ថា​ដើម​ចេក​ខ្លះ​មាន​សរសៃ​តិច​និង​ច្រើន​តែ​ប៉ុណ្ណោះ​​។​ទោះបី​សហគ្រា​ស​VillageworksCambodi​aអាច​ផលិត​ចាន​បាន​​ក្តី​តែ​ក៏​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​នៅ​ឡើយ​(​តេស្ត​)​។​

កញ្ញា សឹង ​ស្រី​និ​ច​បាន​បញ្ជាក់​ថា​៖«​គោល​ដៅ​របស់​យើង​គឺ​រួមចំណែក​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ដែល​ប្លា​ស្ទិ​ក​កំពុង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បោះ​ចោល​ពាស​វាល​ពាស​កាល​។​ហេតុ​ដូច្នេះ​ហើយ​ការងារ​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​យើង​ឱ្យ​ជ្រើស​រើស​កែច្នៃ​ចាន​ធ្វើ​ពី​ដើម​ចេក​នេះ​ដើម្បី​ជួយ​បរិ​ស្ថាន​»​។​

ពាក់​ព័ន្ធ​នឹង​កា​រផ្គត់​ផ្គង់​នៅលើ​ទីផ្សារ​វិញ កញ្ញា​ស្រី​និ​ច​ បាន​ប្រាប់​ថា​ការងារនេះ​គឺ​ខាង​សហ​គ្រាស​នៅ​មិន​ទាន់​ធ្វើកា​រ​ចែក​ចាយ​ដាក់​លក់​ទេពី​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​គម្រោង​សាក​ល្បង​នៅឡើយ​។​ដូច្នេះ​ហើយ​ពេល​នេះ​យើង​សហ​ការ​ជា​មួយ​អង្គការ​មួយ​ចំនួន​និង​នៅ​តាម​ក្រសួង​នានា​ដែរ​ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​នេះ​ចាន​ផលិត​ពី​ដើម​ចេក​នឹងដាក់​លក់​នៅ​ផ្សា​រហើយ​។​ទៅ​ថ្ងៃ​ខាងមុ​ខ​គឺ​ផលិត​ផល​ពី​ដើម​ចេក​នឹង​ធ្វើជា​ថង់​យូរ​ដៃ ចាន កែវ គ្រប់​ប្រភេទ​។​

ដោយ​ឡែក​អ្នក​ស្រីណោម ប៊ុន​ណាក់ ជា​ប្រធាន​សហ​គ្រាស​VillageworksCambodia​បាន​ឱ្យដឹង​ដែរ​ថា ថ្វី​ដ្បិត​តែ​ផលិត​ផល​ចាន​កែច្នៃ​ពី​ដើម​ចេក​ទើប​តែមាន​អាយុ​កាល​ប្រមាណ​តែ​៦​ខែ​ក្តី​ក៏ប៉ុន្តែ​ផលិត​ផល​មួយ​នេះ​ត្រូវ​បាន​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និង​នវានុ​វត្តន៍ បាន​បញ្ជាក់​ថា ចាន​នេះ​មាន​សុវត្ថិ​ភាព​ក្នុង​ការ​ដាក់​ចំណី​អាហារ​។

ជា​មួយ​គ្នានេះ​ក៏មាន​ការពិ​សោធ​ពី​មន្ទីរ​ពិសោធ​ន៍នា​នា​ផង​ដែរ​ ​ហើយក៏​ធ្លាប់​បាន​តាំង​បង្ហាញ​នៅក្នុ​ង​វេទិកា​ថ្នាក់​តំបន់​អាស៊ី​និង​ប៉ាស៊ី​ហ្វិក​លើក​ទី​១១ ​ស្ដីពី 3R និង​សេដ្ឋកិច្ច​ច​ក្រា​ដែល​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​កាកសំ​ណល់ plastic ក៏​ដូច​ជា ការ​ប្រើប្រា​ស់​សំណល់​ឡើង​វិញ កែច្នៃ​សំណល់ ​plastic​ដែរ ។​

អ្នក​ស្រី ប៊ុន​ណាក់​ បាន​ប្រាប់​ថា​៖«​ប្រជាជន​យើង​បច្ចុប្បន្ន​មាន​ការ​យល់ដឹ​ង​ច្រើន​ទាក់​ទង​នឹង​ផល​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន​ពី​បញ្ហា​ប្លា​ស្ទិ​ក​នេះ​។​អ៊ី​ចឹង​ខ្ញុំ​សង្ឃឹមថា​គាត់​ងាក​មក​ចា​ប់អារម្មណ៍​មកលើ​ចាន​ក្រដាស​ឬ​ចាន​ចេក​នេះ​ដោយ​សារតែ​ផលិត​ផល​ចាន​ក្រដាស​មាន​ការ​នាំចូល​ដែរ​តែ​វា​មាន​តម្លៃ​ថ្លៃ​។​ដូច្នេះ​ហើយកា​រប្រើ​ប្រាស់​ក៏មិន​ទាន់​ទូលាយ​ដែរ​តែបើ​ផលិត​ផល​យើង​មាន​នៅ​ក្នុងស្រុ​ក​ស្រាប់​ខ្ញុំ​គិត​ថា ​គាត់​ងាក​មក​ប្រើ​របស់​ក្នុងស្រុក​ហើយ​»​។​

​អ្នកស្រី​ បាន​បញ្ជាក់​ថា​៖ «​មូលហេតុ​នៃការកែច្នៃ​ចាន​ពី​ដើម​ចេក​ក៏ដោយ​សារ​ខ្ញុំ​មើលឃើញ​មានកា​កសំណល់​ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​គេ​បោះ​ចោល​​គ្មានអ្វី​ជំនួស​នៃ​ការ​ប្រើប្រាស់​ឡើងវិ​ញ​។​យើង​មាន​ក្រុម​និស្សិត​ដែល​គាត់​មាន​ចំណេះ​ជំនាញ និង​ដែល​យើង​ទុក​ឱកាស​ឱ្យ​ពួក​គាត់​ជា​អ្នក​ដឹកនាំ​​លើ​ការងារ​នេះ​»៕