ភ្នំពេញ: ព្រឹត្ដិការណ៍ពិព័រណ៍សៀវភៅ Cambodia Book Fair បានវិលមកជាថ្មី ក្នុងឱកាសអបអរទិវាជាតិអំណានលើកទី៨ ក្រោមការរៀបចំដោយគណៈកម្មាធិការ Cambodia Book Fair សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។
ពិព័រណ៍សៀវភៅនេះ ត្រូវបានប្រារឰឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ដែលផ្ដោតលើសៀវភៅស្នាដៃអ្នកនិពន្ធខ្មែរ។
កញ្ញា ងិន មីសែ្ហល (Ngin Mischel) អ្នកសម្របសម្រួលក្រុមការងារស្ម័គ្រចិត្ដ Cambodia Book Fair បានឱ្យដឹងថា ការតាំងពិព័រណ៍ និងលក់សៀវភៅនេះ នឹងមានការរៀបចំស្ដង់សៀវភៅចំនួន ១១០ ស្ដង់។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមានសៀវភៅចម្រុះជាច្រើនចាប់ពីសៀវភៅកុមាររហូតដល់សៀវភៅអានជាភាសាខ្មែរ និងអង់គ្លេស ជាពិសេស ផ្ដោតលើសៀវភៅស្នាដៃនិពន្ធរបស់កវីក្នុងស្រុក ដែលអាចមានចំនួន ៧០ ភាគរយនៃសៀវភៅទាំងអស់»។
ក្នុងឱកាសអបអរទិវាជាតិអំណានលើកទី ៨ ដែលប្រារឰឡើងនៅថ្ងៃទី ១១ ខែមីនា ខាងមុខ គណៈកម្មាធិការ Cambodia Book Fair បានរៀបចំពិព័រណ៍ជាលើកទី ១០របស់ខ្លួន និងជាឆ្នាំទី១ក្រោយខកខានដោយសារវិបត្ដិជំងឺរាតត្បាតសកលក្នុងឆ្នាំ២០២០ និងឆ្នាំ ២០២១។
អ្នកសម្របសម្រួលក្រុមការងារស្ម័គ្រចិត្ដរូបនេះ បាននិយាយថា ការរៀបចំពិព័រណ៍រយៈពេល ៣ ថ្ងៃ ជាឱកាសសម្រាប់សិស្សានុសិស្ស អាចចូលរួមនៅថ្ងៃសុក្រ និងសៅរ៍ ខណៈថ្ងៃអាទិត្យ ជាពេលវេលាសម្រាប់មហាជនទូទៅ។
កញ្ញា មីស្ហែល បានឱ្យដឹងថា គោលបំណងនៃការបង្កើតពិព័រណ៍សៀវភៅកម្ពុជាគឺដើម្បីផ្សព្វផ្សាយការបោះពុម្ពផ្សាយសៀវភៅទាំងចាស់ និងថ្មីដើម្បីលើកកម្ពស់ការអាននិងការសរសេរបណ្តុះទម្លាប់នៃការអានរបស់ប្រជាជនកម្ពុជា និងណែនាំពួកគេឱ្យយល់ពីតម្លៃនៃការអានសៀវភៅ ដែលសម្បូរទៅដោយចំណេះដឹង។
ព្រឹត្ដិការណ៍ពិព័រណ៍នេះ ក៏នឹងមានការបង្ហាញស្នាដៃអក្សរសិល្ប៍ ដែលលើកតម្កើងតម្លៃវប្បធម៌ជាតិ ការប្រជុំ និងការបង្ហាញខ្លួនរបស់អ្នកនិពន្ធជាច្រើន ដែលនឹងចុះហត្ថលេខាលើសៀវភៅ ការចាប់រង្វាន់ ក៏ដូចជាការគូរគំនូរត្លុកនិងការប្រគំតន្ត្រីផងដែរ។
កញ្ញាបានបញ្ជាក់ថា៖ «យើងរំពឹងថា នឹងមានមហាជនចូលរួមច្រើន ដោយសារខាងសាលានានា ដូចជា សុវណ្ណភូមិ បានទាក់ទងក្នុងការដឹកនាំសិស្សានុសិស្សមកចូលរួម»។
ស្របពេលដែលការរៀបចំពិព័រណ៍សៀវភៅដ៏ធំបំផុតពីសំណាក់ Big Bad Wolf Books ដែលបើកដំណើរការតាំងពីថ្ងៃ ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមីនា ជាមួយគ្នា កញ្ញា មីស្ហែល បានឱ្យដឹងថា កញ្ញាមិនបារម្ភចំពោះការទាញអតិថិជនអ្នកអានសៀវភៅពីគ្នានោះទេ។
កញ្ញា បានលើកឡើងថា៖ «ពួកគាត់បានចាប់ផ្ដើមតាំងពិព័រណ៍មុនយូរហើយ ហើយម្យ៉ាងវិញទៀត ពិព័រណ៍ Cambodia Book Fair ផ្ដោតលើការលើកស្ទួយអ្នកនិពន្ធខ្មែរ ដែលមានការចូលរួមច្រើនពីស្ថាប័ននានា»។
កញ្ញា ម៉ិសស៊ែល បានបន្ថែមថា នៅថ្ងៃទី ៦ ខែមីនា គណកម្មការ Cambodia Book Fair នឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីអប់រំ យុវជន និងកីឡា លោក ហង់ ឈួនណារ៉ុន ដែលលោកនឹងថ្លែងអំពីទិវាជាតិអំណាន និងការតាំងពិព័រណ៍សៀវភៅ Cambodia Book Fair ទិវាអប់រំលើកទី ៨ នេះផងដែរ។
ពិព័រណ៍អបអរទិវាជាតិអំណាននេះ មានស្ដង់ចូលរួមតិចជាងព្រឹត្ដិការណ៍ពិព័រណ៍ប្រចាំឆ្នាំរបស់ Cambodia Book Fair ដែលធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២២ ដោយមានចំនួន ១៩៧ ស្ដង់ និងជាង ១៤០ ស្ដង់នៅឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ ១៩។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាប្រចាំឆ្នាំ ត្រូវបានប្រារព្ធឡើងចំនួន ៩ លើកដោយជោគជ័យនាពេលកន្លងមកដោយមានការគាំទ្រយ៉ាងពេញទំហឹងពីយុវជននិងសាធារណជន។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុក @cambodiabookfair៕