​ភ្នំពេញ: ចាប់​ពីថ្ងៃ​បើកទ្វារ​ពិព័រណ៍ និង​លក់​សៀវភៅ​ក្នុង​ព្រឹ​ត្ដិ​ការណ៍ Big Bad Wolf Books កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ និង​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ​១២ ខែមីនា​ ខាងមុខ​ នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ជាន់​ផ្ទាល់​ដី សៀវភៅ​ប្រមាណ ៣០ ភាគរយ​ត្រូវបាន​លក់​ចេញ​ក្នុងចំណោម​សៀវភៅ​កន្លះ​លាន​ក្បាល​។

​អ្នកស្រី Geetha Nair ប្រធាន​ផ្នែក PR នៃ​ក្រុមហ៊ុន Big Bad Wolf Books បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​យប់​ថ្ងៃទី​ ២ ខែមីនា​នេះ​ថា​៖ «​យើង​បាន​លក់​សៀវភៅ​អស់​ប្រមាណ ៣០ ភាគរយ ហើយ​សៀវភៅ​ដែល​ពេញនិយម​ជាងគេ គឺ​សៀវភៅ​កុមារ​»​។

​អ្នកស្រីបាន​និយាយថា នៅ​រយៈពេល​ប្រមាណ ១០ ថ្ងៃ​ ទៀត​នេះ Big Bad Wolf Books អាច​លក់​សៀវភៅ​បាន​ជាង ៥០ ភាគរយ​។​អ្នកស្រី Nair បាន​បន្ដថា​៖ «​យើង​ត្រូវ​បង្កើន​ការលក់ ដែល​មិន​បានធ្វើ​រយៈពេល ២ ឆ្នាំ​មកហើយ​។ ដូច្នេះ យើង​រំពឹងថា ចុង​សប្ដាហ៍​នេះ និង​មួយ​សប្ដាហ៍​ទៀត ការលក់​នឹង​កើនឡើង​ខ្លាំង​»​។

​គួរ​បញ្ជាក់ថា លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅ​ថ្ងៃ​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​នោះ​ថា ជាមួយ​សៀវភៅ​កន្លះ​លាន​ក្បាល​សម្រាប់​ឆ្នាំនេះ លោក​គិតថា ចំនួន​លក់​អស់​យ៉ាងតិច ៣០ ម៉ឺន​ក្បាល​។

​លោក​បាន​បញ្ជាក់ថា អ្នកខ្លះ​គិតថា លក់​សៀវភៅ​ថោក សុទ្ធតែជា​សៀវភៅ​ចាស់ៗ វា​មិនមែន​អ៊ីចឹង​ទេ វា​ជា​សៀវភៅ​ថ្លៃ ល្អ និង​ថោក​។ ជាក់ស្ដែង សៀវភៅ​ខ្លះ​តម្លៃ ៨០ ទៅ ១០០ ដុល្លារ Big Bad Wolf Books លក់​តែ ៣០ ដុល្លារ ២០ ដុល្លារ ឬ ១៥ ដុល្លារ​។ អ៊ីចឹង គួរតែ​ទិញ​៕