ភ្នំពេញៈ ជាទូទៅការបង្កើតអាជីវកម្មមានការងាយស្រួលទេ តែការធ្វើយ៉ាងណាឱ្យអាជីវកម្មមួយនោះមានលំនឹង ដើរទៅមុខ និងអាចស្វែងរកប្រាក់ចំណេញបានទើបជារឿងមួយដ៏សែនពិបាកដែលអ្នកជំនួញគ្រប់រូបត្រូវគិត រិះរកគន្លឹះ និងមធ្យោបាយឱ្យអាជីវកម្មនោះរីកចម្រើនបាន។
ដំណើរការអាជីវកម្មនេះទៀតសោតក៏ទាមទារឱ្យម្ចាស់អាជីវកម្មនោះមានភាពវៃឆ្លាត និងមានដំណោះស្រាយអាជីវកម្មណាដែលសមស្របទៅតាមតម្រូវការរបស់អតិថិជន ឬត្រូវធានាថាខ្លួនឈានជើងចាប់ផ្តើមអាជីវកម្មក្នុងវិស័យមួយដែលត្រឹមត្រូវ ទើបមានឱកាសជោគជ័យខ្ពស់។
ជាក់ស្តែង ម្ចាស់អាជីវកម្ម១រូបគឺលោក ពឹង សាយណ្ណ ដែលបច្ចុប្បន្នជាស្ថាបនិក ក្រុមហ៊ុន MRN Co.,Ltdបានរៀបរាប់ឱ្យដឹងថា ខ្លួនធ្លាប់បរាជ័យក្នុងការរកស៊ីរហូតដល់២ដងដោយសារការបង្កើតអាជីវកម្មដែលខុសពីតម្រូវការរបស់អតិថិជន និងបើកអាជីវកម្មអំឡុងពេលវេលាមិនសមស្រប ទើបធ្វើឱ្យអាជីវកម្មបរាជ័យទាំង ២លើក។
មុនមានមានអាជីវកម្មដែលមានលំនឹងដូចបច្ចុប្បន្ននេះ លោក ពឹង សាយណ្ណ បានឱ្យដឹងថា៖ «កាលពីមុនខ្ញុំធ្លាប់ជាបុគ្គលិកធ្វើការឱ្យគេតាំងពីអាយុនៅ ១៨ឬ១៩ឆ្នាំ តែចាប់ពីពេលហ្នឹងមកក៏ខ្ញុំចាប់ផ្តើមប្រឡូកក្នុងវិស័យរកស៊ីហ្នឹងតែម្តង ដូចជាក់ស្តែងខ្ញុំធ្លាប់បើកក្រុមហ៊ុនអចលនទ្រព្យតែដល់ចំពេលកូវីដ១៩ទៅ ក៏ក្ស័យធន ហើយខ្ញុំក៏សម្រេចចិត្តបិទក្រុមហ៊ុនអចលនទ្រព្យ អំឡុងឆ្នាំ២០២០»។
លោក ពឹង សាយណ្ណ បានបន្តឱ្យដឹងទៀតថា បន្ទាប់ពីបិទរួចហើយ ក៏ចាប់ផ្តើមអាជីវកម្មថ្មី១ទៀតព្រោះអត់ចង់ដួលម្ដងហើយម្ដងទៀតនោះទេ ដូច្នេះក៏បានចាប់ផ្តើមអាជីវកម្មពាក់ព័ន្ធជាមួយនឹងផ្សារធម្មជាតិគឺម៉ាតបន្លែធម្មជាតិ។
លោក ពឹង សាយណ្ណ បានបន្តថា៖ «ខ្ញុំបានបើកនៅខាងសែនសុខ ខ្ញុំបើកបានរយៈពេលជិត១ឆ្នាំដែរ តែដោយសារបងប្អូនខ្មែរយើងគាត់និយមបន្លែដែលនាំចូលពីក្រៅប្រទេស ដូចយើងឃើញស្រាប់ហើយ សព្វថ្ងៃយើងឃើញច្រើនមែនទែន តម្លៃធូរថ្លៃមែនទែន ដល់យើងបើកជាផ្សារធម្មជាតិ ធម្មតាយើងមានស្តង់ដា ការវេចខ្ចប់ត្រឹមត្រូវ អ៊ីចឹងការលក់របស់យើងមានតម្លៃខ្ពស់ជាងគេបន្តិច ក៏ប៉ុន្តែបងប្អូនខ្មែរយើងគាត់អត់សូវនិយម ដោយសារតែការចំណាយទូទៅច្រើនពេក ដោយអត់អាចបន្តក្នុងវិស័យហ្នឹងតទៅទៀតក៏សម្រេចចិត្តបិទអាជីវកម្មហ្នឹង១មុខទៀត»។
ក្រោយលោតពីវិស័យមួយទៅវិស័យមួយ អ្នកជំនួញរូបនេះ មើលឃើញថាប្រទេសកម្ពុជាមានការនាំចូលពីបរទេសច្រើនសូម្បីតែផលិតផលដែលខ្លួនអាចផលិតបាន។ ដោយចង់រួមចំណែកកាត់បន្ថយការនាំចូល និងកាត់បន្ថយការចំណាយរបស់បងប្អូនខ្មែរនៅក្នុងប្រទេសបានមួយចំណែក យុវជនវ័យ ២៦ឆ្នាំរូបនេះបានបង្កើតក្រុមហ៊ុន១ទៀតដែល ផលិតទឹកប្រហុក និងគ្រឿងទេសខ្មែរ ដែលមានឈ្មោះថា MRN។
លោក ពឹង សាយណ្ណ បានឱ្យដឹងទៀតថា ចំពោះចក្ខុវិស័យរបស់អាជីវកម្មថ្មីនេះ គឺលោកចង់ឱ្យគេស្គាល់យីហោរបស់លោកទាំងក្នុងស្រុក និងក្រៅស្រុក ហើយលោកព្យាយាមបំពេញសេវាកម្មឱ្យទៅដល់ដៃពួកគាត់តែម្តងមិនថាទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យអតិថិជន បានស្គាល់ពីផលិតផលរបស់ខ្មែរ និងជួយលើកស្ទួយទាំងអស់គ្នា។
អាជីវកម្មដែលចាប់ផ្ដើមបាន២ឆ្នាំមកនេះ ផ្តើមពីផលិតផលទឹកប្រហុក បន្តដល់គ្រឿងប្រឡាក់សាច់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកស៊ុបប្លែកៗ និង១ផ្នែកទៀតពាក់ព័ន្ធជាមួយនឹងផលិតផលខ្មែរ ដែលផលិតដោយដៃខ្មែរ រួមទាំងវត្ថុធាតុដើម និងផ្តល់ឱកាសការងារដល់ជនពិការ និង រួមចំណែកជួយដល់កុមារកំព្រាផងដែរ។
លោក ពឹង សាយណ្ណ ក៏បានបង្ហើបឱ្យដឹងផងដែរពីចង្វាក់ផលិតកម្មរបស់លោកថា៖ «ចំពោះការផលិតគឺមិនទៀងទេ តាមតម្រូវការបងប្អូនយើងនៅតាមខេត្តមួយចំនួន ហើយខ្ញុំក៏មិនទាន់បានវាយលុកទីផ្សារច្រើនប៉ុន្មានដែរ ព្រោះកន្លងមកយើងបានធ្វើតេស្តសាកល្បងពីផលិតផលយើង អ៊ីចឹងយើងបានប្តូរបែបបទ ប្តូរការឌីហ្សាញ កែតម្រូវចំណុចណាដែលខ្វះខាតកន្លងមក អ៊ីចឹងត្រឡប់មកវិញក្នុង១ថ្ងៃយើងអាចផលិតបានជាធម្មតាយើងចូល ១ពាន់ ទៅ ២ពាន់ដប ឬច្រើនលើសហ្នឹងទៀតក្នុង១ថ្ងៃ»។
អ្នកជំនួញរូបនេះក៏បានបញ្ជាក់បន្ថែមថា ផលិតផលរបស់លោកមានទាំងប្រភេទកញ្ចប់ និងជាប្រភេទដបផង កែវផង ពោលគឺលោកព្យាយាមធ្វើឱ្យអតិថិជនមានជម្រើសច្រើន ព្រមទាំងមានតម្លៃគឺសមរម្យ៕