
លោក ចាន់ ណារឹទ្ធិ អាយុ៦០ឆ្នាំ ដែលមានលំនៅនៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ រូបថត សហការី
ភ្នំពេញៈ ខណៈសេដ្ឋកិច្ចជាតិកំពុងរីកចម្រើន ពលរដ្ឋមានជីវភាពប្រសើរជាងមុន បានធ្វើឱ្យតម្រូវការនៃរបស់ប្រើប្រាស់ប្រចាំថ្ងៃចាប់ផ្ដើមមានការកើនឡើង ឬមានច្រើនជាងមុន ហើយកត្តាជីវភាពប្រសើរនេះទៀតសោតបានជំរុញឲ្យអ្នកប្រើប្រាស់ស្វែងរកជម្រើសនៃការប្រើប្រាស់ណាដែលមានភាពងាយស្រួល និងរហ័សជាងមុន។
វាពុំមែនជារឿងដែលមិនសមស្រប ហើយក៏មិនខុសឆ្គងអ្វីដែរ ដែលអ្នកប្រើប្រាស់ចង់បានផលិតផល ឬសេវាកម្មដែលល្អ និងងាយស្រួលជាងមុន តែភាពងាយស្រួល និងរហ័សនៃរបស់ប្រើប្រាស់មួយចំនួន បានបង្កទៅជាសោកនាដកម្មបរិស្ថាន ដោយសារការប្រកួតប្រជែងតម្លៃ និងភាពរហ័សពីអាជីវកម្មមួយចំនួន។
តួយ៉ាង ដូចជាការកើនឡើងយ៉ាងគំហុកនៃការប្រើប្រាស់ប្លាស្ទិក ដោយរាល់របស់ប្រើប្រាស់ភាគច្រើន មិនថាទំហំតូចប៉ុនមេដៃ ឬវត្ថុធំនោះទេ សុទ្ធតែស្រោប និងថែមទាំងច្រកដោយថង់ប្លាស្ទិក ខណៈការទប់ស្កាត់ និងការកែច្នៃឡើងវិញនៅមានតិចតួចនៅឡើយបើប្រៀបធៀបនឹងការប្រើប្រាស់។
ផ្ទុយទៅវិញ លោក ចាន់ ណារឹទ្ធិ អាយុ៦០ឆ្នាំ ដែលមានលំនៅនៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម យល់អាជីវកម្មប្រភេទកែច្នៃជាឱកាស និងយល់ថាទីផ្សារនៃអាជីវកម្ម១ប្រភេទនេះនឹងមានទីផ្សារល្អ និងទូលាយ។
លោក ចាន់ ណារឹទ្ធិ បានឲ្យដឹងថា៖ «សម្រាប់យើងផ្ទាល់យើងគិតថាមុខរបរនេះនៅក្នុងស្រុកយើងមានតិច អ៊ីចឹងយើងស្រណុករឿងលក់ផលិតផល ទីផ្សារវាល្អ នៅទូលាយ ហើយ១ទៀតថែមទាំងជួយរួមចំណែករឿងសំរាមដែរ។ កាលមុនខ្ញុំទៅចម្ការ ពេលខ្យល់បក់ខ្លាំង វាប៉ើងទៅយើងពិបាក យើងទៅកាយដីក៏ឃើញ កប់ទុយយោក៏ឃើញ»។
ធ្លាប់តែជាសិប្បករ១រូបដែលកិនកៅស៊ូដែលខ្លួនឯងដាំបាន លោក ណារឹទ្ធិ បានសម្រេចចិត្តទៅរកកន្លែងរៀន នៅភ្នំពេញ ពោលគឺរៀននៅខណ្ឌដង្កោ ក្រោយសន្សំចិត្តចង់ចាប់ផ្តើមអាជីវកម្មនេះអស់រយៈពេលជាង ១ឆ្នាំចាប់តាំងពីអំឡុងពេលកូវីដ១៩។
បុរសវ័យ ៦០ឆ្នាំ អ្នកស្រុកចំការលើរូបនេះបានឲ្យដឹងទៀតថា ៖«ខ្ញុំរៀនផ្ទាល់ ជាក់ស្ដែងរយៈពេល២ខែ គ្រាន់តែចេះមិនទាន់អស់ទេ យើងនៅប្រហែលជា ៤០%ទៀតហើយម៉ាស៊ីនហ្នឹងវាអាចរំលាយបានតែថង់ និងការុង។ ពេលកិនជាកម្ទេចតូចៗហើយ ខ្ញុំលក់បន្តទៅឱ្យគេយក ដើម្បីកែច្នៃផ្សេងទៀត តែគេយកធ្វើអីទៀតខ្ញុំមិនដឹងលម្អិតនោះទេ»។
ដោយឡែកជុំវិញបញ្ហាចង្វាក់ផលិតកម្មនៃការកែច្នៃ គឺការប្រមូលទិញវត្ថុធាតុដើមដែលជាប្លាស្ទិកនោះ លោក ចាន់ ណារឹទ្ធិ បានបញ្ជាក់ថា លោកបានប្រមូលទិញថង់ និងការុងយូរហើយ តាំងពីខែមិថុនា ឆ្នាំ២០២២។ សម្រាប់ថង់លោកដាក់ឱ្យម៉ូយ ក្រុមហ៊ុនទិញតាមផ្សារ តាមគំនរសំរាម ទិញតាមភូមិ។
លោកថា ៖«ពួកគេដឹកមកដល់កន្លែង ហើយក៏គិតទៅតាមហាងឆេងទីផ្សារធម្មតា។ រាល់ថ្ងៃខ្ញុំទិញតម្លៃ ៣៥០ បើសិនថង់ហ្នឹងស្ងួតអត់មានដីច្រើនទេ យើងទិញ៤០០ក្នុង១គីឡូក្រាម»។
ក្រោមផ្តើមប្រឡូកក្នុងអាជីវកម្មកែច្នៃប្លាស្ទិកមួយរយៈធំមក លោក ចាន់ ណារឹទ្ធិ ក៏មានសំណូមពរទៅកាន់អ្នកប្រើប្រាស់ទាំងឡាយថា ៖ «បើថ្ងៃក្រោយទៅគាត់មានប្រភេទប្លាស្ទិកអ៊ីចឹង គាត់កុំបោះចោលពាសវាលពាសកាល គាត់ដាក់នៅក្នុងការុង ឬក្នុងបាវមួយទៅ ហើយឱ្យគាត់ជួយញែកទៅតាមប្រភេទជ័រ ហើយយើងក៏ត្រូវការទិញយក ហើយក៏ត្រូវការបណ្ដុះគំនិតដើម្បីកុំឱ្យវាអត់សណ្ដាប់ធ្នាប់ពេក»។
បន្ថែមពីលើនេះម្ចាស់អាជីវកម្មកែច្នៃរូបនេះ ក៏បានបង្ហាញក្តីបារម្ភថា អ្នកប្រើប្រាស់ខ្លះអត់យល់ គាត់កប់គាត់ដុត ប៉ុន្តែតាមពិតទៅការធ្វើបែបហ្នឹង មិនដឹងថាវាប៉ះពាល់បរិស្ថានកម្រិតណានោះទេ ព្រោះរាល់ថ្ងៃក្ដៅណាស់។ គេមានកន្លែងគេទុកដាក់ ឬក៏ដុតតាមបច្ចេកទេស វិទ្យាសាស្ត្រ វាអត់ប៉ះពាល់ប៉ុន្មាននោះទេ។
គួរបញ្ជាក់ថា ប្លាស្ទិកបានក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយនៅក្នុង១ឆ្នាំពិភពលោកទាំងមូលបានប្រើប្រាស់ប្លាស្ទិក ជាង៤០០លានតោន។ ចំណែកនៅកម្ពុជាវិញ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានឲ្យដឹងថានៅប្រទេសកម្ពុជាសំរាមដែលបង្កើតនៅកម្ពុជារាល់ថ្ងៃ មានជាង ១ ម៉ឺនតោន ហើយក្នុង១ ឆ្នាំ មានជាង ៤ លានតោន ក្នុងនោះ ពី ៦៥ ទៅ៦៨ ភាគរយ ជាសំណល់សរីរាង្គ ជាង ២០ភាគរយ ជាសំណល់ប្លាស្ទិក និង១០ ភាគរយជាសំណល់រឹង៕