ភ្នំពេញៈ ក្រសួងយុត្តិធម៌បានប្រកាសរៀបចំកម្មវិធី «ជិះកង់អង្គរ» ដើម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ព្រមទាំងសប្បុរសជនសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) ក្នុងខេត្តសៀមរាប។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញ។
តាមរយៈលិខិតនោះកម្មវិធី«ជិះកង់អង្គរ»ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្នុងក្រុង-ខេត្តសៀមរាប និងមានការចូលរួមផ្ទាល់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។
បើតាមមន្ត្រីទំនាក់ទំនងផ្នែករៀបចំកម្មវិធីខាងលើនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មានមន្ត្រីក្នុងវិស័យយុត្តិធម៌ប្រមាណជិត៣០០នាក់ហើយ បានកត់ឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះ។
មន្ត្រីរូបនោះបានបញ្ជាក់ថា៖«កម្មវិធីនេះគឺមានការបើកទូលាយសម្រាប់សាធារណជនទូទៅចូលរួមនិងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ចំណែក កង់ និងឯកសណ្ឋាន ក៏មិនកំណត់ថា ជាប្រភេទកីឡានោះដែរ គឺអាស្រ័យទៅលើធនធានផ្ទាល់របស់អ្នកចូលរួមប៉ុណ្ណោះ»។
បើតាមមន្ត្រីដដែលនោះអ្នកចូលរួមនៅក្នុងកម្មវិធីនេះនឹងត្រូវមកជួបជុំគ្នា នៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅកន្លែងត្រួតពិនិត្យសំបុត្រទី១របស់អាជ្ញាធរជាតិអប្សរាក្នុងក្រុងសៀមរាបដើម្បីប្រារព្ធកម្មវិធីជិះកង់អង្គររៃអង្គាសប្រាក់ពីសប្បុរសជនដែលការជិះនេះគឺក្នុងតម្រាយផ្លូវពីចំណុចវង្សធំទៅកាន់ប្រាសាទបន្ទាយស្រី។ ថវិកាដែលបានមកពីការបរិច្ចាគរបស់អ្នកចូលរួម និងសប្បុរសជននានា ដែលគាំទ្រនូវកម្មវិធីនេះនឹងត្រូវនាំយកទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផា៣)សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ ក្នុងការចូលរួមជួយសង្គ្រោះព្យាបាលកុមារនៅកម្ពុជា។ ពិធីប្រគល់ទទួលថវិកាសប្បុរធម៌នេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣៕