​ភ្នំពេញ​: នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៣០ នៃ​វត្ដ​មាន​របស់​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង (AUF) ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទីភ្នាក់ងារ​បានរៀបចំ​ការប្រកួតប្រជែង​គំនូរ​ស្ដីពី ​«​ហ្រ្វង់​កូ​ហ្វូ​នី​របស់ខ្ញុំ អនាគត​ខ្ញុំ និង​អត្តសញ្ញាណ​របស់ខ្ញុំ​»​។

​ព្រះ​តេជគុណ​ ថុ​ន ស៊ី​ផាត បានទទួល​ជយលាភី​ចំនួន​ ២ គឺ​ជយ​លា​ភី​គំនូរ​ចំណាត់ថ្នាក់​លេខ​ ៣ និង​ជយលាភី​សាធារណៈ ក្នុងចំណោម​បេក្ខជន​ចំនួន ​២៦​ នាក់ មកពី​ប្រទេស​ចំនួន​ ៤ រួមមាន​វៀតណាម ឡាវ ថៃ និង​កម្ពុជា​។

​ព្រះសង្ឃ ស៊ី​ផាត ដែល​កំពុង​សិក្សា​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ឆ្នាំ​ទី​ ៤ ផ្នែក​សូន​រូប​ក្នុង​ជំនាញ​គំនូរ​សារគមនាគមន៍ មាន​សង្ឃ​​ដិ​កា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​រូប​​គំនូរ​នោះ​តំណាងឱ្យ​និស្សិត​ខ្មែរ​យើង​ដែល​សិក្សា​ភាសា​បារាំង​។ ពួកគាត់​រៀន​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ​នៅក្នុង​សៀវភៅសរសេរ​ជា​ភាសា​បារាំង​។ បុរស​ម្នាក់​ឈរ​នោះ​ជា​រៀមច្បង​បាន​ពន្យល់​ដល់​សិស្ស​ប្អូន ដែល​ទើប​រៀន​ភាសា​បារាំង​»​។

​ធ្លាប់ជា​អតីត​សិស្ស​រៀន​ភាសា​​បារាំង​នៅ​ឆ្នាំ​មូលដ្ឋាន និង​បាន​ប្ដូរ​ទៅ​ភាសា​អង់គ្លេស​ដោយសារ​មិនមាន​ពិន្ទុ​គ្រប់​កំណត់ ព្រះ​តេជគុណ​ស៊ី​ផាត បានដាក់​ពាក្យ​ប្រកួតប្រជែង​ក្នុងនាម​ជា​សិស្ស​រៀន​ភាសា​បារាំង ​១ ​អង្គ និង​បាន​ផ្ញើ​គំនូរ​ប្រកួត​ទៅកាន់​ទីស្នាក់ការ AUF នៅ​ប្រទេស​វៀតណាម​។​

​ជា​លទ្ធផល ព្រះ​តេជគុណ វ័យ ២៤ ​វស្សា​អង្គ​នេះ បានទទួល​ជយលាភី​ទី​៣ ជាមួយ​រង្វាន់​សៀវភៅ​អេឡិចត្រូនិក​ ១ និង​រង្វាន់​កាស ១​ សម្រាប់​ជយលាភី​សាធារណៈ​ដែលមាន​មហាជន​បោះឆ្នោតឱ្យ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក​។

​ពិធី​ប្រគល់​រង្វាន់​ជយលាភី​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ ​២០២៣ ​នៅ​មជ្ឈមណ្ឌល​ឌីជីថល និង​មជ្ឈមណ្ឌល​ការងា​ហ្រ្វង់​​កូ​ហ្វូ​ន​ភ្នំពេញ (CEF-CNF 5.0)​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សាកលវិទ្យាធិការ AUF ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក​សា​ស្ដ្រា​ចា​រ្យ​សាកលវិទ្យាធិការ Slim Khalbous និង​អ្នកស្រី​សាស្ដ្រា​​ចា​រ្យ Marie Nathalie Le Blanc សាកលវិទ្យាធិការរង AUF​។​

​លោក​សុខ គួ​ង ប្រធាន​គម្រោង​និង​ទទួលបន្ទុក​ទំនាក់ទំនង AUF-Cambodge បានឱ្យដឹងថា គណៈកម្មការ​មាន​សមាជិក​មកពី​គ្រប់​ប្រទេស និង​មកពី​ទី​ភ្នា​ក់​ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​​បារាំង​ជាច្រើនរូប បានធ្វើការ​វាយតម្លៃ​ជ្រើសរើស​ដោយផ្ទាល់​លើ​ចំណុច​វិនិច្ឆ័យ​ចំនួន​៤​។​

​ចំណុច​ទាំង​ ៤ នោះ​ទី​១ បេ​ក្ខ​ជន​ត្រូវមាន​ការគោរព​លើ​ខ្លឹម​​សារ​នៃ​ប្រធានបទ​។ ទី​២​ មាន​លក្ខណៈ​ដើម​នៃ​ស្នាដៃ​របស់​បេក្ខជន​។​ទី​៣​មានគុណ​ភាព និង​លក្ខណៈ​សិល្បៈ​។ ចំណែកឯ ទី​៤ រូបគំនូរ​ត្រូវមាន​ទាំង​គុណ​​ភាព​ក៏ដូចជា​ខ្លឹមសារ​អត្ថបទ​ដែល​អម​មកជា​មួយ​រូបភាព​»​។

​លោក​ឱ្យដឹងថា ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង ​(AUF) ដែល​បង្កើតឡើង ​៦០​ ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​វា​ក្លាយជា​បណ្តាញ​សាកល​វិទ្យា​ល័យ​ទី​១​ នៅលើ​ពិភពលោក​ជាមួយ​គ្រឹះស្ថាន​ជាង ​១ ០៣០ ជា​សមាជិក​រួមទាំង​សាកល​វិទ្យា​ល័យ​សាលា​បណ្តុះបណ្តាល​ធំៗ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដែលមាន​វត្តមាន​ក្នុងប្រទេស​ចំនួន ​១២០​ លើ​ពិភពលោក​។​

​បេសកកម្ម​នៃ​ដំណើរ​ទស្សន​​កិច្ច ក៏ដូចជា​ផ្ដល់​រង្វាន់​ម្ចាស់​ជយលាភី​លេខ ​៣ គឺជា​កិច្ច​ការពង្រឹង​ទំនាក់ទំនង​រវាង AUF និង​សាកលវិទ្យាល័យ​ទាំងឡាយ​ជា​សមាជិក​របស់ខ្លួន​នៅ​កម្ពុជា និង​ជួបពិភាក្សា​ស្ដីពី​ទស្សនវិស័យ​ថ្មីៗ​នៃ​កិច្ចសហការ ខណៈដែល​ការិយាល័យ​ជាតិ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៩៤​។

​លោក គួ​ង បន្ដថា​៖ «​បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សាកលវិទ្យាល័យ​ជា​សមាជិក​ចំនួន​ ១៣ ដែល​ស្ថិត​ក្នុងចំណោម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចំនួន​ ៨៧ នៃ​បណ្ដាញ​របស់ AUF ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។

​លោក​និយាយថា ក្នុងចំណោម​ផ្ទាំង​ផ្សព្វផ្សាយ​របស់​បេក្ខជន​ទាំង​ ២៦​ នាក់​មានតែ​ ១០​ ផ្ទាំង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ដាក់តាំង​នៅ​ឯម​ជ្ឈ​មណ្ឌល​ឌីជីថល និង​ការងារហ្រ្វង់​​កូ​ហ្វូ​ន​ភ្នំពេញ​ស្ថិតក្នុង​សា​​លា​តិច​ណូ ជាពិសេស​សម្រាប់​ពិធី​ប្រគល់​ជយលាភី និង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នៃ​ថ្នាក់ដឹកនាំ​ពិភពលោក និង​ថ្នាក់​តំបន់​របស់​ AUF នៅ​កម្ពុ​ជានា​ថ្ងៃទី​ ៩-១០ ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក Khalbous បាន​ឆ្លៀត​ពេលធ្វើ​បទ​បង្ហាញ​អំពី​សកម្ម​​ភាព​បន្ដបន្ទាប់​របស់ AUF ដើម្បី​ជា​ប្រយោជន៍​ដល់​យុវជន​ប្រើ​ប្រាស់​ភាសា​បារាំង ដូចជា កីឡា​សាកលវិទ្យាល័យ ការ​ចល័ត​និស្សិត ការប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ និង​ការរៀបចំ​សន្និបាត​យុវជន​ប្រើប្រាស់​ភាសា​បារាំង​លើក​ទី​ ២ ជា​ព្រឹ​ត្ដិ​ការណ៍​មួយ​ក្នុងចំណោម​ព្រឹ​ត្ដិ​ការណ៍​ធំៗ​នៃ​សប្ដាហ៍​ពិភពលោក​របស់ហ្រ្វង់​កូ​ហ្វូ​នី​វិទ្យាសាស្ដ្រ​នៅ​រដ្ឋ​កេ​ប៊ិក ប្រទេស​កាណាដា ចាប់ពី​ថ្ងៃទី ៣០ ខែតុលា ដល់​ថ្ងៃទី​ ២ ខែ​​វិច្ឆិកា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​លោក សុខ គួ​ង​។

​គួរ​បញ្ជាក់ថា រង្វាន់​ជយលាភី​លេខ​ ១ និង​លេខ​ ២ នៃ​ការប្រកួត​​ប្រជែង​គំនូរ​ឌីជីថល​របស់ AUF ដែល​រៀបចំឡើង​នៅ​ប្រទេស​វៀតណាម បាន​ទៅលើ​និស្សិត​វៀតណាម​ទាំង​ ២​។ ពួកគេ​ទទួល​​បាន​ឧបករណ៍ iPad Air ១​ គ្រឿង​សម្រាប់​ម្ចាស់​ជយលាភី​លេខ ១ និង​ឧបករណ៍​គូរគំនូរ​ឌីជីថល​ ១​ គ្រឿង​សម្រាប់​ម្ចាស់​ជយ​លា​ភី​លេខ ​២៕