
បុរសម្នាក់ កំពុងបង្រៀនបុរសអ្នកភូមិនៅភ្នំគូលែន២នាក់ទៀត ពីការត្បាញចង្អេរ។ រូបថត សហការី
សៀមរាបៈ ភ្នំគូលែន ជាផ្នែកម ១ នៃឧទ្យានជាតិគូលែន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាអតីតរាជធានីអង្គរ ដែលមានចម្ងាយ ៤០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ បច្ចុប្បន្នតំបន់នេះ មានភូមិចំនួន ១០ ហើយប្រជាពលរដ្ឋភាគច្រើនជាកសិករ ប្រកបរបរចិញ្ចឹមជីវិតតាមរបៀបកសិកម្មវិលជុំ។
យ៉ាងណាមិញ ក៏មានអ្នកភូមិខ្លះប្រកបរបរបន្ថែមក្រៅពីការធ្វើកសិកម្មគឺការធ្វើសិប្បកម្មដោយដៃពីវត្ថុធាតុដើមកម្រដូចជា កន្ទេល ចង្អេរ និងបំពង់បឺតឫស្សី និងមានជាងចំណានៗ ដែលអាចធ្វើផ្គាក់ និងកាំបិតជាច្រើនប្រភេទដែលមានគុណភាពល្អ និងស្រស់ស្អាត។ ក៏ប៉ុន្តែផលវិបាកនៃការរកទីផ្សារលក់ផលិតផលជាបញ្ហាធំសម្រាប់សិប្បករ ជាហេតុបណ្តាលឱ្យអ្នកចង់បន្តវេនទំនៀមទម្លាប់ទាំងនេះមាននៅតិចតួច។
ក្នុងឆ្នាំ ២០២០ សិប្បកម្មគូលែន-Kulen Crafts ដែលជាផ្នែក១នៃអង្គការមិនរកប្រាក់ចំណូល ADF ត្រូវបានបង្កើតឡើង ក្នុងគោលបំណងរួមចំណែកអភិរក្សស្នាដៃសិប្បកម្មប្រពៃណី និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមការជួយផ្សព្វផ្សាយលក់។
បើតាម កញ្ញា ឈន់ ភិរម្យ ដែលជាបុគ្គលិកនៅក្នុងអង្គការ ADF និងធ្វើការផ្ទាល់លើគម្រោងសិប្បកម្ម គូលែនបានឱ្យដឹងថា សិប្បកម្មគូលែន បានរួមចំណែកបណ្ដុះបណ្ដាលសិប្បករបន្តវេននៅក្នុងតំបន់នោះ ជួយជាការកំណត់តម្លៃលក់សម្រាប់សិប្បករ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍។
កញ្ញា ឈន់ ភិរម្យ បានបន្តថា ៖ «យើងទិញតែពីភ្នំគូលែនទេ ហើយគោលបំណង គឺដើម្បីលើកកម្ពស់ជីវភាពពួកគាត់ និងដើម្បីយើងជួយរក្សាទំនៀមទម្លាប់ប្រពៃណីអំពីសិប្បកម្មបុរាណនៅលើភ្នំគូលែន»។
កញ្ញាបានបន្តទៀតថា ៖ «សម្រាប់យើងក៏មានជាវគ្គបណ្តុះបណ្តាល ផ្ទេរចំណេះជំនាញទៅក្មេងជំនាន់ក្រោយ ដែរ។ អ៊ីចឹងហើយយើងជ្រើសរើសយកអ្នកដែលធ្វើស្អាតជាងគេនៅក្នុងភូមិដើម្បីបង្រៀនអ្នកដទៃទៀត»។
ជុំវិញការនាំយកផលិតផលសហគមន៍មកកាន់ទីផ្សារ កញ្ញា ឈន់ ភិរម្យ បានឱ្យដឹងថា សិប្បកម្មគូលែនមានផលិតផលប្រមាណជាង ១០ ប្រភេទដែលសុទ្ធតែជាផលិតផលធ្វើដោយដៃរបស់ប្រជាសហគមន៍លើភ្នំគូលែន និងធ្វើពីវត្ថុធាតុដើមកម្រៗ ដែលរកបានពីក្នុងព្រៃរួមមាន កន្ទេលរំចេក ឈុតទ្រនាប់កែវ ចានធ្វើឡើងពីរំចេក ចង្អេរ កញ្ជើ គ្រុះ (ប្រដាប់រែកទឹកបុរាណ) កាំបិតផ្គាក់ កាំបិតបន្ទោះ (សម្រាប់ធ្វើសិប្បកម្ម) កាំបិតស្នៀត អំបោស បំពង់បឺតឫស្សី និងផលិតផល ២ទៀតដែលគ្រោងធ្វើឡើងវិញគឺ កន្ទេលធ្វើពីដើមរុន និងកប្បាស។
ក្រោយបង្កើតបានរយៈពេល ២ឆ្នាំ ក៏ដូចជាបានរួមចំណែកដ៏ធំមួយសម្រាប់សិប្បករនៃសហគមន៍គូលែនក្តី តែកញ្ញា ភិរម្យ យល់ថា គម្រោងមួយនេះនៅជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍បានក្នុងកម្រិតទាបនៅឡើយ។
បុគ្គលិកនៃអង្គការ ADF រូបនេះបានបន្តថា ៖ «វាប្រសើរឡើងតិចតួចបំផុត ព្រោះយើងគិតមើលក្នុង១ខែគាត់ត្បាញកន្ទេលបានតែ ២អីទេ បើយើងទិញគាត់ក្នុងកន្ទេល ១ដប់ម៉ឺនរៀល អ៊ីចឹងក្នុង១ខែគាត់ទទួលបានតែ ២០ម៉ឺនទេ»។
កញ្ញា ឈន់ ភិរម្យ ថ្លែងឱ្យដឹងទៀតថា កន្ទេលទាំងនេះសិប្បករអាចត្បាញបានតាមរដូវកាលទៅទៀត ពោល គឺត្បាញបានតែខែភ្លៀងប៉ុណ្ណោះ ដោយសារខែក្ដៅរំចេក ស្រួយ ងាយបាក់ ដូច្នេះហើយសិប្បករត្បាញបានតែខែភ្លៀង។
ទោះយ៉ាងណា កញ្ញា ឈន់ ភិរម្យ បានប្រាប់ដែរថា ៖ «យើងអាចជួយពួកគាត់បានតិចតួច ប៉ុន្តែវាប្រសើរជាងអត់សោះ ណាមួយវាជួយឱ្យពួកគាត់សប្បាយចិត្តក្នុងការធ្វើ។ ឧទាហរណ៍កន្ទេលយើងមានស្រីៗធ្វើច្រើនហើយ ប៉ុន្តែចង្អេរ កញ្ជើ ពីមុនឡើយយើងមានតែម្នាក់ទេក្នុងភូមិដែលធ្វើ តាម្នាក់គាត់ធ្វើស្អាតជាងគេ យើងទិញគាត់រហូត ទិញៗទៅអ្នកជិតខាងឃើញគាត់ធ្វើបានលុយច្រើនក៏ផ្ដើមធ្វើដែរ»៕