ភ្នំពេញ : កម្មវិធី​យោគៈ​ និង​សមាធិ​ បាន​ត្រឡប់​មក​វិញ​ជាលើក​ទី៣ ដែលត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណងជួយ​​លើក​កម្ពស់​គុណភាព​ជីវិត​រស់​នៅ​ជា​មូលដ្ឋានបង្កើត​ការ​សប្បាយ​រីករាយ​ និង​សុខុមាល​ភាព​​ទាំង​ផ្លូវ​ចិត្ដ​ និងរាង​កាយ​។

កម្មវិធីដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ​ ២០២៣ ចាប់​ពី​ម៉ោង ៧ កន្លះ​ព្រឹក​ រហូ​តដល់​ថ្ងៃ​ត្រង់​នៅ​ផ្សារ​ទំនើបផ្សារ​អ៊ីអន​សែនសុខ​ ជាន់ទី៣ (AEON Mall Sen Sok Hall 3rd Floor) នឹង​បើក​ទទួល​អ្នក​ចូលរួម​ ៥០០នាក់​ សម្រាប់​ឆ្នាំ​ទី៣នេះ​។

កញ្ញាជោតដាលីនអាយុ២២ឆ្នាំជា​ Director of Individual Area ​នៅ​សភា​យុវពាណិជ្ជករ​អន្ដរជាតិ​កម្ពុជាសាខា​ទួលគោក (JCI Toulkork)បាន​និយាយថា​៖ «ក្នុង​ឆ្នាំ២០២៣នេះយើង​មាន​បំណង​ទទួល​អ្នក​ចូលរួម​ ៥០០នាក់​ ហើយ​យើង​រំពឹង​ថានឹង​មាន​មហាជនដែល​ជា​មន្ដ្រី​រាជការអ្នក​ប្រកប​អាជីវកម្មនិង​អ្នក​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​នានា​មក​ចូលរួម​ច្រើន​តាម​ការ​គ្រោង​ទុក​»។

យុវតី JCI Toulkork ​រូប​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​​យើង​យល់​ឃើញ​ថាបច្ចុប្បន្ន​នេះមនុស្ស​ម្នាក់​ៗ​មាន​ភាព​មមា​ញឹក​​ច្រើន​ ដែល​ធ្វើ​ឱ្យ​ពួក​យើង​មួយ​ចំនួន​ភ្លេច​ថែ​រក្សា​សុខភាព​របស់​ពួកគាត់​។យើង​បាន​និមន្ដ​អញ្ជើញ​​ព្រះតេជគុណ​ គូសុភាពនិង​អញ្ជើញ​លោក​គ្រូនឹមឈុននីមក​ណែនាំ​ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ដ​»។

សភា​យុវពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា JCI គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​ពលរដ្ឋ​សកម្ម​វ័យ​ក្មេងដែល​មាន​អាយុ​ពី១៨​ទៅ៤០ឆ្នាំ​ក្នុង៥ពាន់​សហគមន៍និង​ ១១៥​ប្រទេស​ជុំវិញ​ពិភព​លោកដែល​បាន​ចូល​រួមនិង​ប្តេជ្ញា​បង្កើត​ផល​​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ។

JCI Toulkork ជា​សាខាមួយ​ក្នុង​ចំណោម​ ៧សាខា​របស់​សភា​យុវពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា (JCI) ដែល​ត្រូវបាន​បង្កើត​ឡើង​ និង​ទទួ​ល​ស្គាល់​ពេញ​លេញ​ក្នុង​ឆ្នាំ២០១២មាន​បេសកកម្ម​លើក​កម្ពស់​សុខុមាលភាព​ផ្លូវ​ចិត្ដ​។

កម្មវិធី ​យោគៈ​ និង​សមាធិត្រូវបាន​ប្រារឰ​ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៩ដែល​មាន​ចំនួន​អ្នក​ចូលរួម​ជាង​៣០០នាក់និង​ខក​ខាន​នៅ​ឆ្នាំ​២០២០និង​ឆ្នាំ​២០២១ដោយសារ​វិបត្ដិ​កូវីដ១៩​។នេះ​បើយោងតាម​កញ្ញាជោត​លីនដា​។

ប៉ុន្ដែ​ចំពោះ​ការ​រៀបចំ​លើក​ទី២នៅ​ឆ្នាំ​២០២២ដែល​នៅ​សល់​ចំហាយ​កូវីដ១៩អ្នក​មាន​ចូលរួម​បាន​ធ្លាក់​មក​ត្រឹម​តែ​ជាង១០០នាក់​ប៉ុណ្ណោះ​។

​កម្មវិធី ​យោគៈ​ និង​សមាធិឆ្នាំ​២០២៣ទទួល​ការ​ចូលរួមពី​​វាគ្មិន​កិត្ដិយស​ព្រះភិ​ក្ខុវ​ជិរ​ប្ប​ញ្ញោ​គូ​សុ​ភា​ពលោ​កនឹ​ម​ឈុ​ននី​និង​ អ្នកនាងយី​មសុធា​រីជា​អ្នក​អប់រំផ្លូវ​ចិត្ដនិង​សមាធិ​ក៏ដូចជា​លោកគ្រូយាន់វណ្ណៈជា​អ្នកបង្ហាត់បង្រៀន​យោគៈ​។

កញ្ញាលីនដាបាន​ឱ្យ​ដឹង​ថាព្រះភិក្ខុវជិរប្បញ្ញោគូសុភាពនឹង​សម្ដែង​ធម្មទេសនា​អប់រំ​ផ្លូវ​ចិត្ដ​ដល់​អ្នក​ចូលរួម​ទាំង​អស់​ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ​នៃ​ផ្លូវ​ចិត្ដ​។

យុវតី​វ័យ២២ឆ្នាំរូប​នេះ​បាន​បន្ដ​ថា​៖ «​យើង​ក៏​បាន​អញ្ជើញ​លោក​គ្រូ ​​ជំនាញ​ខាង​យោគៈដែល​មាន​បទពិសោធន៍​ មក​បង្ហាត់​បង្រៀន​ដល់​អ្នក​ចូលរួម​នូវ​របៀប​ធ្វើ​យោគៈ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។ក្រោយ​ការ​ចូលរួម​ក្នុង​កម្មវិធីនេះពួកគាត់​អាច​យក​ការ​បង្ហាត់​បង្រៀនយោគៈនិង​សមាធិ​​នេះ​ទៅ​អនុវត្ដ​ផ្ទាល់​នៅ​ផ្ទះ​»។

​លោកយាន់វណ្ណៈគឺជា​គ្រូបង្រៀន​យោ​គៈ​ខ្មែរ​ដំបូង​គេ​នៅ​ក្រមា​យោ​គៈ ​ជា​អង្គការ​ដំបូង​គេ​ដែល​នាំ​យោ​គៈ​មក​កម្ពុជា​។ដើម​ហេតុ​​ដែល​លោក ​វណ្ណៈ ​ចូលក្នុង​ការហាត់ ​និង​បង្រៀន​យោ​គៈ​ដោយសារតែ​លោក​យល់​ពី​សុភមង្គលសុខភាពនិង​សេចក្តី​ពេញចិត្ត​ដែល​នាំចូល​ក្នុង​ជីវិត​របស់លោក​។​ នេះ​បើ​យោងតាម​ JCI Toulkork។

លោក​វណ្ណៈដែល​បាន​ចាប់​ផ្តើម​ការ​បណ្តុះ​បណ្តាល​ក្រោម​ការដឹកនាំ​របស់ Isabelle Skaburskis ហើយ​បាន​ទទួល​វិញ្ញាបន​បត្រ RYT ដំបូង​របស់លោក​នៅ Knoff Yoga ក្នុងប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ២០០៧​​ ​រួមបញ្ចូល​គ្នា​នូវ​ការតម្រង់​និង​លំហូរ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​និង​សម្រស់។

JCI Toulkork បាន​បន្ដថា​៖ «​​រាល់​ក្បាច់​ដែល​លោក ​វណ្ណៈ ​បាន​បញ្ចូល​គ្នាវា​ក៏​ជួយ​ដោះស្រាយ​បញ្ហា​សុខភាពនិង​បញ្ហា​ផ្លូវ​ចិត្ត​​មួយចំនួនទៀត ​ដូចជាឈឺ​ខ្នងរឹង​សាច់ដុំ​ស្មាស្ត្រេ​ស្តថប់​អារម្មណ៍និង​បញ្ហា​ផ្សេងៗ​​។ ​នាពេល​បច្ចុប្បន្ននេះ​លោក​យាន់វណ្ណៈគឺជា​សហ​ស្ថាបនិក​នៃ Peace Yoga​»។

​អ្នកនាងយី​មសុធា​រីជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​​ ជា​គ្រូបង្វឹក​ផ្លាស់ប្តូរ​ភាពជា​អ្នកដឹកនាំនិង​ជា​អ្នក​កសាង​សុខសន្តិភាព​​ ដែល​ផ្ដោត​លើ​ដំណើរ​​ប៉ះទង្គិច​ផ្លូវចិត្តការ​ព្យាបាលនិង​ការផ្សះផ្សាដោយ​ផ្តោតលើ​ភាព​អត់ធន់និង​ការ​លូត​លាស់​។

​​អ្នកនាង ​សុធា​រី​ ជា​ស្ថាបនិកនិង​ជានា​យក​ប្រតិបត្តិ​​ Sneha ​ជា​មជ្ឈមណ្ឌល​ព្យាបាលនិង​បង្វឹក​ ជាមួយ​គោល​បំណង​បង្កើត​ទីកន្លែង​សម្រាប់​អ្នក​មក​ជួប​គ្រូ​បង្វឹក​ មិត្ដភក្ដិ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញរបស់​ពួកគេ​។

​ទន្ទឹម​នឹង​នេះលោក​នឹមឈុន​នីដែល​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ភាពជា​អ្នកដឹកនាំ ​ការនិយាយ​ជា​សាធារណៈនិង​ការ​បណ្តុះបណ្តាល​ បាន​បង្កើត​ក្រុមហ៊ុន Smallworld Cambodia ហើយ​លោក​ជា​សហ​នាយក​ Possibilities World ​ជា​ក្រុមហ៊ុន​បណ្តុះបណ្តាល​ផ្តល់នូវ​ដំណោះ​ស្រាយ​អភិវឌ្ឍន៍និង​ការគ្រប់គ្រង​ភាពជា​អ្នកដឹកនាំ​។

​JCI Toulkork បាន​ឱ្យ​ដឹងថាលោក​​បាន​ដឹកនាំ​វគ្គ​វិបស្សនា​សតិសម្បជញ្ញៈ​នៅ​មជ្ឈមណ្ឌល​សមាធិ​អន្តរជាតិ​ឈៀង​ម៉ៃអស់​រយៈពេល​ជាច្រើន​ឆ្នាំបន្ទាប់មក​បានធ្វើ​ដំណើ​រ​ជុំវិញ​អាស៊ី​ខាងត្បូងដើម្បី​ចែករំលែក​ការបង្រៀន​របស់​ព្រះពុទ្ធ​ស្តីពី​ការ​អភិវឌ្ឍ​មនុស្ស​។

​បច្ចុប្បន្ន​នេះលោកឈុន​នី​ ជា​នាយក​ប្រតិបត្តិ​នៃ Grassroots Entrepreneur Club ​ជា​គ្រូ​បណ្តុះបណ្តាល​នាំមុខ​នៅ Impact Hub Phnom Penh​ និង​ជា​សហ​អ្នកនិពន្ធ​សៀវភៅ​ដែល​លក់ដាច់​បំផុត​ថ្នាក់ជាតិ​ស្តីពី​សមាធិ​​​​ «សមាធិ​ដើម្បី​ថាមពល​ជីវិត» (Meditation for the Energy of Life )។​​

កញ្ញាលីនដាបាន​ឱ្យដឹង​ថាក្រៅពីការ​លើក​កម្ពស់​គុណភាព​ជីវិតយោគៈនិង​សមាធិនេះ​ជា​ទី​កន្លែង​បង្កើត​មិត្ដភាព​ថ្មី​ៗ​រវាង​ពាណិជ្ជករមន្ដ្រី​រាជការអ្នក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​នានាដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។

ជាមួយ​ការ​ចុះ​ឈ្មោះ​បង់​ប្រាក់​វិភាគ​ទាន​ពី១៥ទៅ២០ដុល្លារ​សម្រាប់​អ្នក​ចូល​រួម​ម្នាក់​ទៅតាម​សន្តាន​ចិត្ដ Director of Individual Area របស់ JCI Toulkork រូ​បនេះបាន​ឱ្យ​ដឹងថាកា​រៀបចំ​កម្មវិធីនេះមិន​ផ្ដោត​លើ​ប្រាក់​ចំណេញ​សម្រាប់​នរណា​ម្នាក់​ឡើយ​ តែវាជាការ​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​។

កញ្ញា​បាន​បញ្ជាក់​ថា​៖ «​ដូច​ការ​រៀបចំ​២ឆ្នាំ​កន្លងមកប្រាក់​ចំណេញ​ពី​ការ​រៀបចំ​ព្រឹត្ដិការណ៍​យោគៈនិងសមាធិយើង​បាន​យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាបនិង​មូលនិធិ​របស់​ព្រះ​តេជគុណគូសុភាព​។​ សម្រាប់​ប្រាក់​ចំណូល​សល់​ពី​ការ​ចំណាយ​ផ្សេងៗឆ្នាំ​នេះយើង​ក៏​នឹង​ប្រើ​សម្រាប់​ជា​សកម្មភាព​មនុស្សធម៌​នៅ​តាម​អង្គការ​ផ្សេងៗ​ផង​ដែរ​»។

សម្រាប់​ព័ត៌មាន​បន្ថែម @yogaandmeditationforwellbeing និង​ការ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធីយោគៈនិង​សមាធិ​នៅថ្ងៃទី១៨ខែមីនាសូមចុច​​តំណ​ភ្ជាប់​នេះhttps://forms.gle/9ZukbuExcswUeeT87​៕​