
សិល្បៈគំនូរ ដែលទូទៅគេស្គាល់យ៉ាងទូលំទូលាយថាជាសិល្បៈមួយប្រភេទបង្កើតឡើងពីការគូរដោយខ្មៅដៃ ឬទឹកថ្នាំ ប៉ុន្តែការវិវឌ្ឍន៍នៃសម័យកាល ការកែច្នៃប្រភេទគំនូរក៏ចេះតែកើតឡើងជាហូរហែទៅតាមគំនិតច្នៃប្រឌិតរបស់វិចិត្រករនីមួយៗ។
ជាក់ស្តែង គំនូរកែច្នៃថ្មីជាច្រើនដូចជា គំនូរស្រមោល គំនូរខ្សាច់ និងគំនូរប្រេងជាដើមសុទ្ធតែប្រភេទគំនូរដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ អ្នកសិល្បៈ និងអ្នកគាំទ្រសិល្បៈកែច្នៃថ្មី។ ជាមួយគ្នានេះដែរ យុវតីមួយរូបមានឈ្មោះថា ព្រំ គឹម អៀង ជាវិចិត្រករម្នាក់ដែលបានបង្កើតគំនូរកែច្នៃថ្មីមួយប្រភេទទៀតគឺគំនូរគ្រាប់អង្ករ។
កញ្ញា ព្រំ គឹម អៀង ដែលផ្តើមពីអ្នកលក់បាយក្រៀប និងមានចិត្តស្រលាញ់ចង់លើកកម្ពស់អង្ករខ្មែរ បានខិតខំ អត់ធ្មត់ តស៊ូ រៀនដោយខ្លួនឯងអស់រយៈពេលប្រមាណ ៥ឆ្នាំកែប្រែខ្លួនទៅជាសិល្បៈករគំនូរមួយប្លែកថ្មីគឺការការតម្រៀបគ្រាប់អង្ករចូលគ្នាទៅជារូបគំនូរផ្សេងៗយ៉ាងស្រស់ស្អាត។
កញ្ញា គឹម អៀង បានឱ្យដឹងពីមូលហេតុនៃការយកគ្រាប់អង្ករមកបង្កើតជាគំនូរថា «ខ្ញុំយល់ថាវាអាចរួមចំណែកដល់សេដ្ឋកិច្ចផង និងជួយលើកកម្ពស់ដល់វិស័យអង្ករខ្មែរផង ទើបខ្ញុំសម្រេចចិត្តផ្តើមកែច្នៃរបស់ដែលគេមិនសូវឱ្យតម្លៃមកជារបស់ដែលមានតម្លៃជាងមុន ហើយភាគច្រើនខ្ញុំយកតែអង្ករដែលហួសកាលបរិច្ឆេទ ពិសេសចុងអង្ករមកកែច្នៃឱ្យទៅជាគំនូរដែលមានតម្លៃថ្លៃវិញ»។
ចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ និងលក់បានមួយផ្ទាំងដំបូងនៅក្នុងឆ្នាំ ២០១៧ រហូតមកទល់ពេលនេះអាជីវកម្មរបស់កញ្ញាបន្តដំណើរការបានរយៈ ៧ឆ្នាំហើយ និងមានសាខាដល់ទៅ ២ទីតាំង គឺទី១ នៅខេត្តសៀមរាប និងទី២ នៅក្រុងភ្នំពេញ។ បច្ចុប្បន្នអាជីវកម្មគំនូរគ្រាប់អង្កររបស់កញ្ញាដែលមានឈ្មោះថា Cambodia Rice Art នេះអាចរកចំណូលបានប្រមាណចន្លោះពី ១៥០០ ទៅ២០០០ ដុល្លារក្នុងមួយខែ។
កញ្ញា គឹម អៀង បានបញ្ជាក់ពីចំណូលនៃអាជីវកម្មខ្លួនថា «បើឱ្យជាក់លាក់មិនជាក់លាក់ទេ សម្រាប់មួយខែយើងអាចនិយាយបានថា វាអាចបាន ១៥០០ ទៅ២ពាន់ដុល្លារ នេះបើមិនទាន់កាត់ចំណាយ តែបើសិនកាត់ចំណាយផ្សេងៗទៅ យើងអាចសល់តិចតួចដែរ ប្រហែលពាក់កណ្តាល»។
ដ្បិតថាអាចរកចំណូលបានគួរសមតែ កញ្ញា គឹម អៀង បានឱ្យដឹងថាការបង្កើតគំនូរប្រភេទនេះមិនងាយស្រួលប៉ុន្មាននោះទេ ព្រោះត្រឹមគំនូរមួយផ្ទាំងតូចមួយ ទំហំ A4 អាចប្រើពេលចន្លោះពី ៣ថ្ងៃទៅមួយសប្តាហ៍ឯណោះ ហើយបើសិនជាធ្វើបែបបថរចនាទៀតនោះគឺកាន់តែចំណាយពេលយូរ។
ឈរជើងក្នុងទីផ្សារកែច្នៃជិតមួយទសវត្សរ៍ កញ្ញា គឹម អៀង បានឱ្យដឹងថាអាជីវកម្មដែលមានឈ្មោះថា Cambodia Rice Art របស់ខ្លួននៅតែបន្តមានការចាប់អារម្មណ៍ខ្ពស់ ក៏ប៉ុន្តែចំណែកការបញ្ជាទិញវិញហាក់នៅមានកម្រិត ពោលគឺសម្បូរតែអតិថិជនដែលគាត់ចូលចិត្តសិល្បៈច្នៃប្រឌិតប្លែកៗ និងជនបរទេសដែលគាត់រស់នៅកម្ពុជា។
កញ្ញាបានបញ្ជាក់ថា៖«សម្រាប់អ្នកគាំទ្រមានចំនួនច្រើន ប៉ុន្តែអ្នកទិញទូទៅមិនមានច្រើនប៉ុន្មានទេ លើកលែងតែមានកម្មវិធីអ្វីមួយទើបគេទិញ និងម្យ៉ាងខ្ញុំយល់ថាដោយសារវាពុំជារបស់ចាំបាច់ខ្លាំង ហើយបើទិញម្តងគេអាចរក្សាទុកបានយូរ»៕