សៀមរាបៈ​ដូនតា​ខ្មែរ​ពី​ដើម​រៀងមក​​ បាន​ចងក្រង​ក្បួនច្បាប់​តម្រា​ផ្សេងៗ​ដោយការចារ​ក្នុង​គម្ពីរ​ដែល​ខ្មែរ​យើង​ហៅថា​សាស្ត្រា​ស្លឹករឹត​សម្រាប់​រក្សាទុក​ដល់​កូនចៅជំនាន់ក្រោយ​គ្រាន់​បាន​សិក្សា​រៀនសូត្រ​។​​ដោយឡែក​មាន​ស្ត្រី​ម្នាក់​នៅ​ខេត្ត​សៀមរាប​កំពុង​បន្ត​វិជ្ជា​នេះ​ហើយក៏​ត្រូវបាន​មន្ត្រី​នៃ​ក្រសួង​ធម្មការ​និង​សាសនា​សាទរ​ផងដែរ ​ដែល​បាន​អភិរក្ស​ និង​ដើម្បី​បណ្តុះ​បណ្តាល​ដល់​យុវ​ជន​ជំនាន់​ក្រោយ​កុំឱ្យ​បាត់​បង់​ផង​។​

​ជា​កូន​អ្នកស្រុក​ពួក​ ខេត្តសៀម​រាប ស្ត្រី​ដែលមាន​មាឌ​ស្តើង​សម្បុរ​ស្រអែម​រូបនេះ​ឈ្មោះ​ភឿន ផា​វី​ ដែល​អ្នក​​ស្រី​មាន​សែស្រឡាយ​ឈាម​ជ័រ​ចេះ​ចារ​សាស្ត្រា​ត​មកពី​ឪពុក ។ ​អ្នកស្រី​ផា​វី ដែល​មាន​វ័យ​៣៦​ឆ្នាំ បាន​រៀប​រាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​អ្នកស្រី​ជា​កូន​ទី​៤ ​ក្នុងចំណោម​បង​ប្អូន​ប្រុស​ស្រី​៦​នាក់​(​ប្រុស​៤​នាក់​)​ ហើយ​បច្ចុប្បន្ន​នាង​រស់នៅ​ជា​មួយ​ម្តាយ​ចាស់​ជរា​ក្នុង​ភូមិ​គោក​ថ្មី ឃុំ​ពួក ​ស្រុក​ពួក ខេត្ត​សៀម​រាប​។​

​អ្នកស្រី​ ផា​វី​ បាន​រំឭកថា ​ដើមឡើយ​ឪពុក​របស់​អ្នកស្រី​ ជា​អ្នកបួស​ ហើយ​កាលពី​គាត់​នៅ​ជា​សង្ឃ​បាន​ហាត់រៀន​ចេះ​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត​នេះ​យ៉ាង​ស្ទាត់​។​បន្ទាប់ពី​សាង​ផ្នួស​បាន​ជាង​១០​ឆ្នាំ​មក​ឪពុក​របស់​អ្នកស្រី​បាន​សឹក​ហើយ​យក​ជំនាញ​នេះ​ធ្វើជា​របរ​អាជីព​ដើម្បី​រកប្រាក់​ចិញ្ចឹម​កូនៗ​រហូត​គាត់​ទទួល​មរណភា​ព​។​ប៉ុន្តែ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​៦​នាក់​គឺមាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​ចាប់បាន​ជំនាញ​ចារ​សាស្ត្រា​ស្លឹករឹត​នេះ​ត​ពី​ឪពុក​។​

​អ្នក​ស្រី ផា​វី ​បាន​បន្ត​ថា កាលនោះ​បើទោះ​ជា​អ្នកស្រីនៅ​ក្មេង​​ទើបអាយុ​១៣​ឆ្នាំ​ក្ដី តែគួបផ្សំ​នឹង​ទទួលបា​ន​ការអប់រំ​លើក​ទឹក​ចិត្ត​ពី​ឪពុក​បណ្តើរៗ​និង​ដោយ​សារ​ទឹកចិត្ត​ស្រឡាញ់​ជំនាញ​មួយ​នេះ​ផ​ងនោះ​អ្នកស្រី​តែង​តែ​ព្យា​យាម​សង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ស្តាប់​ការ​ពន្យល់​ពីឪពុក​រហូត​ចេះ​ចាំ​យ៉ាង​ស្ទាត់​ជំនាញ​។​លុះ​ដល់​វ័យ​១៨​ឆ្នាំ​អ្នកស្រី ​ក៏​ចេញ​ប្រកប​របរ​ចារ​សាស្ត្រា​ស្លឹករឹ​ត​ដោយ​ខ្លួនឯង​និង​មាន​អ្នក​ជាវ​សាស្ត្រា​ស្លឹករឹត​ជា​បន្ត​បន្ទាប់​ ពិសេស​ព្រះ​សង្ឃ​នៅតាម​វត្ត​នានា​នៅ​ក្នុង​ខេត្ត​សៀម​រាប​ និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

​អ្នកស្រី​បាន​ឱ្យដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១២ ​អ្នកស្រី​បាន​រៀបការ​ តែ​ដោយ​សារស្វាមី​អ្នក​ស្រី​មើល​ឃើញ​ថា​របរ​ចារ​សាស្ត្រា​ស្លឹករឹត​នេះ​១​ថ្ងៃៗ​អង្គុយតែ​១​កន្លែង​និង​ចំណាយ​ពេល​ចារ​យូរ​ខែ​ផង​ទើប​ស្វាមី​ឱ្យ​អ្នក​ស្រី​ឈប់​។​ប៉ុន្តែ​ពេល​ស្វាមី​អ្នក​ស្រី​ទៅធ្វើ​ការ​បាត់ ​អ្នក​ស្រី​បាន​លួច​ចារ​បន្ត​ទៀត ​ហើយ​ពេល​ណាស្វា​មីមក​ដល់​ផ្ទះ​ក៏​សម្រាក​សិន ​តែ​ជា​អកុ​សល​ស្វាមី​របស់​អ្នក​ស្រី​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ធ្វើឱ្យ​អ្នក​ស្រីរស់​នៅតែល​តោល​គ្មាន​ប្រាក់​ចិញ្ចឹម​កូនស្រី​ម្នាក់​ដែល​ទើប​មាន​អាយុ​១០​ឆ្នាំ​។​

​អ្នកស្រីផា​វី​ បានរៀបរាប់ថា​៖«​ក្រោយ​ស្វាមី​ស្លាប់​ចោល​ ខ្ញុំ​រស់នៅ​តែល​តោល​គ្មាន​លុយ​ចិញ្ចឹម​កូន​ ហើយ​ខ្ញុំ​ដើររក​ការងារ​ធ្វើ​បាន តែ​ខ្ញុំ​រត់​នឹង​ការងារ​មិន​រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​​ពេល​នោះ​ខ្ញុំ​មិនដឹង​ជា​ធ្វើការ​អី​ ខ្ញុំ​ក៏​ចាប់​ផ្តើម​អាជីព​ចារ​សាស្ត្រា​ស្លឹក​រឹត​របស់​ខ្ញុំ​ឡើង​វិញ​»​។​

​អ្នក​ស្រី ​ផា​វី​ បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​អ្នកស្រី​បន្ត​អាជីព​បាន​មួយរយៈ ​ស្រាប់​តែមាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថត​បង្ហោះ​រហូត​មាន​សារ​ព័ត៌​មាន​ផ្សេងៗ​ចុះ​ផ្សាយ​អំពី​ថ្វីដៃ​របស់​អ្នក​ស្រី​ឮ​ដល់​សម្តេច​ព្រះ​ឧ​ត្ត​ម​បញ្ញា ​ដូង​ ផង់ ​ជា​ព្រះ​ចៅអ​ធិការ​វត្ត​ព្រែក​ប្រាំង​ ស្ថិត​នៅ​ឃុំ​កំពង់​ហ្លួង ស្រុក​ពញា​ឮ ខេត្ត​កណ្តាល​។​ពេល​នោះ​សម្តេច​បានឱ្យ​អ្នកស្រី​មក​ស្នាក់​នៅ​វត្ត​ដើម្បី​ចារ​សាស្ត្រា​ស្លឹក​រឹត​ប្រគេន​សម្តេច​រយៈ​ពេល​ជិត​២​ឆ្នាំ​ទើប​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។

​បើតាម​អ្នកស្រី​ផា​វី​ សន្លឹករឹត​សម្រាប់​ចារ​គឺ​គេ​យក​ស្លឹក​ពី​ដើម​ទ្រាំង​ តែសម្រាប់​បច្ចុប្បន្ន​អ្នកស្រី​ជួប​កា​រលំបាក​ខ្លាំង​ក្នុងការ​ដើររក​ស្លឹក​ទ្រាំង​ព្រោះ​កន្លែង​ដែល​ធ្លាប់​មាន​ដើម​ទ្រាំង​ត្រូវបាន​គេ​កាប់​ចោល​ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ​ផ្សេងៗ​ស្ទើរ​តែ​អស់​ហើយ​។

​ចំពោះ​ដើម​ទ្រាំង​​ត្រូវ​ខ្នាត​ដែល​គេ​អាច​យក​ស្លឹក​មក​ប្រើការ​បានជា​ដើម​ធំៗ​និង​មាន​អាយុកា​ល​ចន្លោះ​ពី​៥០​ឆ្នាំទៅ​៧០​ឆ្នាំ​ ហើយ​ក្នុង​១​ដើម​គឺ​អាច​កាប់​យក​បានតែ​បណ្តូល​ស្លឹក​១​ទេ​ ហើយ​គេ​យកតែ​[​បណ្តូល​ស្លឹក​]​ទៀត​ តែបើ​បណ្តូល​ស្លឹក​នោះ​មាន​សត្វ​ស៊ី​ក៏​គេ​មិន​អាច​យក​បាន​ដែរ​។​ម្យ៉ាង​ក្នុង​១​ឆ្នាំ​គេ​កាប់​ស្លឹក​ទ្រាំង​បានតែ​ម្តង​ទេ គឺ​នៅ​រដូវ​កាល​ដែល​មាន​សន្សើម​ធ្លាក់​ តែ​មិន​មែន​ជា​រដូវ​ភ្លៀង​ទៀត​។​

​អ្នកស្រី ​ឱ្យដឹ​ងទៀ​តថា​ ក្នុង​១​បណ្តូល​ស្លឹក​ គឺអ្នកស្រី​អាច​យក​បាន​តែពី​១០​ទៅ​២០​សន្លឹក​ប៉ុណ្ណោះ​ហើយ​សម្រាប់​ស្លឹក​ដើម​ទ្រាំង​បច្ចុប្បន្ន​ អ្នក​ស្រី​ត្រូវទៅ​រក​កាប់​នៅក្នុង​ព្រៃ​លើ​ភ្នំ​ដងរែក​ទើប​រកបាន​។​ពេល​កាប់​ពី​ដើម​មក​ត្រូវ​ហាលថ្ងៃ​ឱ្យ​ស្ងួត​និង​ត្រូវ​ហាល​សន្សើម​នៅពេល​យប់​ទៀត​ដើម្បី​ឱ្យ​ស្លឹក​ទ្រាំង​រលា​ត្រង់​។​ ​បន្ទាប់មក​គេ​ចៀរ​យក​ទ្រនង់​វា​ចេញ​ហើយ​ជូត​សម្អាត​រួច​ដាក់​ស្លឹក​ទ្រាំង​ចូលទៅ​ក្នុង​ឃ្នាប​ឈើ​ដើម្បី​គាប​វា​ឱ្យ​ត្រង់​សាច់​និង​រឹង​សាច់​រយៈពេល​២​ទៅ​៣​ខែ​ទើប​គេ​ជូត​សម្អាត​វា​ម្តង​ទៀត​។​បន្ទាប់​មក​គេ​ច្រៀក​ដើម្បី​ឱ្យ​ស្លឹក​វា​មាន​ទំហំ​ស្មើគ្នា​ដែល​កំណត់​យក​ខ្នាត​បណ្តោយ​៥​តឹក​៦​ហ៊ុន​និង​ទទឹង​៤​ធ្នាប់​ដៃ​ រួចហើយ​គេ​យកទៅ​វ៉ៃ​បន្ទាត់​និង​ចោះ​ប្រហោង​ទើប​ចាប់​ផ្តើម​ចារ​អក្សរ​តែ​ម្តង​។​

​ស្ត្រី​កូន​អ្នក​សៀ​មរាប​រូបនេះ​បាន​និយាយ​ថា ​ក្នុងការ​វ៉ៃ​បន្ទាត់​នេះ​ គេ​យក​ម្រែង​ភ្លើង​លាយ​ជា​មួយ​នឹង​ប្រេង​កាត​ដែល​ការ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​វា​ដិត​ជាប់​នៅលើ​ស្លឹក​ដើម្បី​ងាយ​ស្រួល​ចារ​អក្សរ​ហើយ​ងាយ​នឹង​លុប​វិញ​ផង​ដែរ​។​សម្រាប់​ការ​ចារ​ជា​សាស្ត្រា​ស្លឹករឹ​ត​វិញ ​អ្នក​ស្រីប្រា​ប់ថា វា​អាស្រ័យ​ទៅតាម​សាច់​រឿង​ដែល​រឿង​ខ្លះ​១​ចប់​អាច​១០០​ស្លឹក​ រហូត​ដល់​៤០០​សន្លឹក ​វា​យោង​ទៅ​តាម​សាច់រឿង​ដែល​អតិថិ​ជន​កុម្ម៉ង់​ឱ្យ​ចារ​។​សម្រាប់​ស្លឹករឹត​១​សន្លឹក​អាច​ចារ​បាន​ទាំង​សង​ខាង​ហើយ​ម្ខាងៗ​មាន​អក្សរ​១០​ជួរ​។​

ចំពោះ​វិធីចារ​វិញគឺ​អ្នក​ចារ​អក្សរ​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ផ្ចិត​ផ្ចង់​ទាំង​កម្លាំង​ចិត្ត ​កម្លាំង​កាយ​និង​សង្រួម​ស្មារតី​ឱ្យ​មូល​បើ​មិន​អ៊ីចឹង​ទេ​នឹង​ចារ​ខុស​ទម្រង់​អក្សរ​ហើយ​ត្រូវ​ប្តូរ​សន្លឹក​ចារ​សាជា​ថ្មី​ម្តងទៀត​។​ រីឯ​រយៈ​ពេល​វែង ​ឬ​យូរ​នៃ​ការ​ចារ​អក្សរ​គឺ​អាស្រ័យ​តាម​សាច់​រឿង​ចាប់ពី​១​ខែ ​រហូត​ដល់​ជិត​១​ឆ្នាំ​ ហើយ​ការចារ​អ​ក្សរនេះ ​គឺគិត​ក្នុង​១​សន្លឹក​តម្លៃ​១៥ ​០០០​រៀល​។

​អ្នកស្រី​ប្រាប់​ថា​៖«​សម្រាប់​ខ្ញុំ​បច្ចុប្បន្ន​នេះ​ប្រាក់​ដែល​រកបាន​ពី​ការ​ចារសា​ស្ត្រា​ស្លឹករឹត​គឺ​ខ្ញុំ​គ្រាន់តែ​អាច​ចិញ្ចឹម​កូនជាង​ដែល​រួម​សហ​ការ​ចំនួន​១០​នាក់​និង​អាច​ចិញ្ចឹម​ខ្លួន​ឯង​ជា​មួយ​កូនស្រី​ខ្ញុំ​ម្នាក់​បាន​ប៉ុណ្ណោះ។​ចំណូល​នេះ​ខ្ញុំ​បាន​ពីស​ម្តេច​ហ៊ុន ​សែន ​លោក​ជួយ​តែ​បើ​គ្មាន​សម្តេច​ជួយ​ទេ​ប្រហែល​ជា​ពួក​ខ្ញុំ​ពិបាក​មែន​ទែន​ហើយ ​ព្រោះ​ការងារ​នេះ​មិន​ទូលំ​ទូលាយ​ដូច​ការងារ​លក់​អី​រាល់ថ្ងៃ​ទេ ​យូរៗ​ទើប​មាន​គេ​ជាវ​១​។​យើង​ចារ​ទម្រាំ​បាន​១​ច្បាប់ៗ​គឺ​រាប់​ខែ​ដែល​ច្បាប់​ខ្លះ​ចារ​១​ចប់​៧​ខែ​ឯណោះ​»​។​

​យ៉ាង​ណា​ក្ដី អ្នកស្រី​ផា​វី​ បាន​បញ្ជាក់​ថា ​អ្នកស្រី​បើក​ចិត្ត​ទូលាយ​ក្នុងការ​បង្ហាត់​បង្រៀន​សិស្ស​ដោយ​មិន​យក​កម្រៃ​អ្វី​ឡើយ​ ព្រោះ​អ្នក​ស្រី​ចង់​អភិរក្ស​ជំនាញ​ដែលជា​កេរ​ដំណែល​ពី​ដូន​តា​ឱ្យនៅ​គង់​វង្ស​តទៅ​ទៀត​តាម​រយៈ​ការ​គាំទ្រ​ពី​ថ្នាក់​រដ្ឋ​។​

​ម្យ៉ាង​វិជ្ជា​មួយ​នេះ​ជា​ស្នាដៃ​របស់​ដូនតា​ខ្មែរ​ដោយ​អ្នក​ស្រី​មិន​ចង់ឱ្យ​បាត់​បង់​ឡើយ ​ហើយ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ថ្ងៃ​អនា​គត​គ្មាន​អ្នក​ស្នង​ គ្មាន​អ្នក​ចេះ​វិជ្ជា​នេះ​។​

​អ្នកស្រី​ផា​វី ថ្លែង​ថា​៖«​វិជ្ជា​មួយ​នេះ​ខ្ញុំ​ចង់ឱ្យ​មានការ​បូក​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​ណាមួយ​របស់​សិស្ស​ដែរ​ តែ​នេះ​ជា​បំណង​ខ្ញុំ​ទេ​​ប៉ុន្តែ​បើ​មិនបាន​អី​ក៏មាន​ជា​មណ្ឌល​មួយ​សម្រាប់​បង្រៀន​សិស្ស​បន្ត​ទៀត​ក៏បាន​ដែរ​»​។​

​ជុំវិញ​សាស្ត្រា​ស្លឹករឹត​នេះ​ដែរ​ លោក ​សេង​សុ​មុនី​ អ្ន​កនាំពា​ក្យ​ក្រសួង​ធម្មការ​និង​សាសនា​បានឱ្យ​ភ្នំពេញ​ដឹងថា​សាស្ត្រា​នេះ​ប្រៀប​ដូច​ជា​សៀវភៅ​ក្នុង​សម័យ​កាល​មុន​ដែល​ដូនតា​របស់​ខ្មែរ​បាន​ច្នៃប្រ​ឌិត​ឡើង​ទុក​សម្រាប់​កត់ត្រា​តម្រា​ក្បួន​ច្បាប់​ផ្សេងៗ​។​បើ​និយាយ​អំពី​តម្លៃ​វប្បធម៌​វិញ​ជាការ​បង្ហាញ​តឹកតាង​ប្រវត្តិ​សាស្ត្រ​របស់​សម័យ​កាល​របស់​ខ្មែរ​ដែល​ដូន​តា​បាន​រក​ឃើញ​ពីវិធី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​កាល​ពី​សម័យ​ដើម​។​

​លោក​បាន​បន្ត​ថា ​នៅក្នុង​សាស្ត្រា​មាន​ឯក​សារ​ពាក់​ព័ន្ធ​ជាច្រើន​ដែល​បាន​រៀបរាប់​អំពី​ប្រពៃ​ណី​ទំនៀម​ទម្លាប់​រាប់​តាំងពី​ព្រះ​ពុទ្ធ​សាស​នា​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ​ឬក៏​វិធី​អប់រំ​ផ្សេងៗ​ដែល​បច្ចុប្បន្ន​នេះ​មួយ​ចំនួន​ណា​នោះ​ក៏មាន​នៅ​ក្នុង​សាស្ត្រា​បុរាណ​នេះ​ដែរ​។​ដូច្នេះ​បាន​ន័យ​ថា​សាស្ត្រា​ស្លឹករឹត​នៅតែ​បន្ត​រក្សា​អក្សរ​សាស្ត្រ​ជាតិ​រក្សា​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​និង​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ខ្មែរ​រហូត​ដល់​បច្ចុ​ប្បន្ន​។​

​លោក​ថា​៖«​ក្រោយ​រប​បខ្មែរ​ក្រហម​គឺ​សាស្ត្រា​ស្លឹករឹត​បាន​បាត់​បង់​អស់​ទៅហើយ​ ហើយ​នៅមាន​ការខ្វះ​ខាត​ការ​ថែរ​ក្សា​ការពារ​របស់​ហ្នឹង​។​អ៊ីចឹង​ក៏​ជា​បញ្ហា​មួយ​ដែរ​ដែល​ធ្វើឱ្យ​សា​ស្ត្រា​របស់​យើង​ជួប​ហានិ​ភ័យ​ក្នុង​ការ​រក្សា​ឱ្យ​បាន​ស្ថិត​ស្ថេរ​នោះ​»៕