ភ្នំពេញៈ ​លោក ពេជ្រ សា​រ៉ា​ត ជា​មនុស្ស​តែ​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំង ៥​ នាក់ របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​បាន​ក្លាយជា​គ្រូ​បន្តវេន​នេះ ដោយ​លោក​បាន​បង្កើត​សហគមន៍​ចាប៉ី​អមតៈ សម្រាប់​បង្រៀន​ដល់​យុវជន ​១ ​ក្រុម​ដែល​ស្រឡាញ់​ចាប៉ីដងវែង​។​

​សហគមន៍​ចាប៉ី​អមតៈ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣ ដោយ​មុនពេល​ចាប់ផ្ដើម​បង្កើត​សហគមន៍​នេះ​ឡើង ក្នុង​ឆ្នាំ​២០០៣ លោក ពេជ្រ សា​រ៉ា​ត គឺជា​សិស្ស​របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ពី​ឆ្នាំ​២០០៣ រហូតដល់​ឆ្នាំ​២០១២​។​

​មូលហេតុ​ដែល​បង្ក​ឱ្យ​កើតមាន​ជា​សហគមន៍​នេះ​ឡើង លោក​ពេជ្រ សា​រ៉ា​ត ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​របស់​សហគមន៍​ចាប៉ី​អមតៈ​នេះ បាន​ប្រាប់ថា ៖ «​ខ្ញុំ​និង​សិស្ស​ផ្សេងទៀត នឹក​ឃើញថា ចាប៉ី​យើង​មិនទាន់មាន​ក្រុម មិនទាន់មាន​ព័ត៌មាន​អ្វីដែល​ផ្ដល់ជូន​អ្នក​ចូលចិត្ត​ចាប៉ី ហើយក៏​មិនទាន់បាន​ពង្រឹង​សិល្បករ ក៏ដូចជា​អ្នក​ស្នេហ៍​វិស័យ​ចាប៉ីដងវែង​នេះដែរ​»​។

​លោក​បន្តថា ៖ «​ដូច្នេះ​ខ្ញុំ​ក៏មាន​គំនិត​ផ្ដូ​ច​ផ្ដើម​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយក៏​ទទួល​បានការ​ជ្រោមជ្រែង​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ យើង​ក៏បាន​បង្កើត​ក្រុម​មួយ​ដែលមាន​ឈ្មោះថា សហគមន៍​ចាប៉ី​អមតៈ​នេះ​ឡើង​តែម្តង​»​។​

​លោក ពេជ្រ សា​រ៉ា​ត បាន​បន្ត​ឱ្យដឹងថា សហគមន៍​នេះ​មាន​បេសកកម្ម​ដូចជា ការចុះ​ផ្សព្វផ្សាយ ការបង្រៀន​ដោយផ្ទាល់ និង​ដោយ​ចល័ត​។ ក្រៅពីនេះ​ក៏មាន​ការចូលរួម​សម្ដែង ការធ្វើ​បទ​បង្ហាញ​នៅតាម​សាលា​ផ្សេងៗ​ផងដែរ​។

​លោក​ថា​៖ «​គោលបំណង​របស់​សហ​គម​ន៍ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​យល់ច្រឡំ​បន្តទៀត​លើ​ទស្សនៈ​មួយចំនួន​ដែល​លើកឡើងថា ការរៀន​ចាប៉ី​គឺ​ធ្វើឱ្យ​ខ្វាក់ភ្នែក​»​។

​ចា​ប៉ឺ​ដង​វែង​មាន​អត្ថន័យ​សំខាន់​សម្រាប់​ជនជាតិខ្មែរ​តាំងពីដើម​រៀងមក ហើយ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​ចាប់តាំងពី​ពេល​បង្កើត​សហគមន៍​មកដល់​បច្ចុប្បន្ន សហគមន៍​ចាប៉ី​អមតៈ​បានទទួល​សិស្ស​ចំនួន​១៩២​នាក់ ដែលមាន​ទាំង​សិស្ស​បរទេស​ផងដែរ​។ ក្រៅពី​ជនបរទេស សហគមន៍​ចាប៉ី​អមតៈ​ក៏​ទទួលបាន​សិស្ស​ជា​កុមារ និង​ជានា​រី​ផងដែរ ដែល​កុមារ​ទាំងនោះ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។

​ទាក់ទិន​នឹង​វិភាគទាន​សម្រាប់​ថ្លៃ​សិក្សា​នេះ លោក ពេជ្រ សា​រ៉ា​ត បានឱ្យដឹង​ដែរ​ថា ៖ «​ដោយសារតែ​យើង​ជួល​ទីតាំង សហគមន៍​តម្រូវឱ្យមាន​វិភាគទាន​ខ្លះ​ដើម្បី​ចូលរួម​ទ្រទ្រង់​សកម្មភាព​បន្ត ប៉ុន្តែ​ចំពោះ​អ្នក​ខ្វះ​លទ្ធភាព​សម្រាប់​បង់​វិភាគទាន ក៏​អាច​ចូលរៀន​បានដែរ​។ ចំពោះ​អ្នកមាន​លទ្ធភាព ខ្លះ​បង់ ៤០​ដុល្លារ ៤៥​ដុល្លារ ៦០​ដុល្លារ​ហើយ​ខ្លះ​ក៏​បង់​តែ​២០​ដុល្លារ​ក៏មាន​សម្រាប់​ការសិក្សា​របស់​ពួកគេ​។

លោក ពេជ្រ សា​រ៉ា​ត បាន​បញ្ជាក់ថា ៖ «​មិនមែន​ទាល់តែ​មាន​ប្រាក់​បង់​ទើប​អាច​ចូលរៀន​បានទេ ទោះបី​មិនមាន​ប្រាក់​បង់​ក៏​អាច​ចូលរៀន​បានដែរ ហើយ​វិភាគទាន​ដែល​ទទួលបាន​មកនេះ យើង​យកទៅ​ទិញ​ទឹក ទិញ​នំ​សម្រាប់​ក្មេង​តាម​សាលា​ដែល​យើង​ចុះទៅ​បង្រៀន ព្រោះថា បើ​យើង​ចុះទៅ បង្រៀន​តែម្ដង​នោះ​ក៏​មិនសូវ​ល្អ​ដែរ ព្រោះថា ក្មេងៗ​បើ​យើង​មិនមាន​អ្វី​ឱ្យ ក៏​មិន​ចង់​រៀន​ដែរ​»​។

​លោក សា​រ៉ា​ត បាន​ថ្លែង ដោយ​ថ្លែងអំណរគុណ ដល់​ពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​ស្វែងយល់​ពី​ចាប៉ីដងវែង និង​បាន​ណែនាំ​កូនចៅ​ឱ្យ​សិក្សា​រៀនសូត្រ ឱ្យ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​ជាតិ​ដែលមាន​តាំងពី​បុរាណកាល​មក និង​បន្ត​តាមរយៈ​បុព្វបុរស​តាំងពី​យូរលង់​ណាស់​មកហើយ​។

​ សូម​រំឭក​ដែរ​ថា អំឡុង​ឆ្នាំ​២០១៩ លោក​ពេជ្រ សា​រ៉ា​ត ក៏បាន​បង្រៀន​ចាប៉ី​មូលដ្ឋាន​ដល់​និស្សិត​សរសេរ​និក្ខេបបទ​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ ខន​គែន ក្នុងប្រទេស​ថៃ ជំនាញ​តូរ្យតន្ត្រី​លើ​ប្រធានបទ «​ចាប៉ីដងវែង​ខ្មែរ​»​ផងដែរ​៕