​សៀមរាបៈ FCC Angkor by Avani សហការ​ជាមួយ​អង្គ​​ការ​សង្គម​ស៊ីវិល​ចំនួន ​២ ដែល​ធ្វើការ​នៅក្នុង​តំបន់​បឹង​ទន្លេសាប រួមគ្នា​រៀបចំ​ការតាំងពិព័រណ៍​រយៈ​ពេល​ ៣ ​ថ្ងៃ អំពី​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​បឹង​ទន្លេសាប ដោយ​ក្នុងនោះ ការបំពុល​បរិស្ថាន​ដោយ​សំណល់​ប្លា​ស្ទិ​ក ក៏ត្រូវ​បាន​លើក​យកទៅ​ពិភាក្សា​ផងដែរ​។​

​តាម​សេចក្តីប្រកាស​រួម​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន នៅ​ថ្ងៃទី ​២៦ ​មីនា ពិព័រណ៍​រូបភាព​អំពី «​ជីវិត​អ្នករស់នៅ​លើ​ផ្ទៃសមុទ្រ​ទឹកសាប​កម្ពុជា​! យើង​រួមគ្នា​ថែរក្សា​ការពារ​ជីវិត និង​ជីវចម្រុះ​បឹង​ទន្លេសាប​» ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​២៤ ដល់​ថ្ងៃទី​ ២៦ មីនា នៅ​បរិវេណ FCC Angkor by Avani ជាមួយនឹង​ការតាំង​រូបថត​ជាច្រើន ដែល​បង្ហាញ​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​រស់​នៅលើ​ទឹកសាប​ក្នុងប្រទេស​កម្ពុជា​។​

FCC Angkor by Avani មាន​មោទនភាព​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២ គឺ​អង្គការ Ocean Recovery Alliance និង​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​ដោយមាន​ការតាំង​បង្ហាញ និង​បង្កើតជា​វេទិកា​ជជែក​គ្នា ដើម្បី​រួមចំណែក​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិ​កនៅ​តំបន់​បឹង​ទន្លេសាប​។

FCC Angkor by Avani ថា​៖ «​ពិធី​បុណ្យ​ទឹក​ស្រក និង​ទឹក​ឡើង បាន​បំផុស និង​បាន​ភ្ជាប់​ទំនាក់ទំនង​របស់​ម​នុស្ស​មួយចំនួន ដែល​រស់នៅ​ក្នុងភូមិ​ជាប់មាត់​បឹង​ឱ្យ​យល់ដឹង និង​ធ្វើ​សកម្មភាព​បន្ថែមទៀត​ក្នុង​ការមិន​ចោល​សំរាម ឬ​ដុត​កាកសំណល់​ប្លា​ស្ទិ​ក ការកែ​លម្អ​ការនេសាទ ទេសចរណ៍ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទីនោះ​»​។

FCC Angkor by Avani បន្តថា​៖ «​អង្គការក្រៅរដ្ឋាភិបាល​ទាំង​២​នេះ​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ទាំងនោះ ហើយ​ក្នុង​រយៈ​ពេល ៣ ​ថ្ងៃនេះ បាន​នាំយក​រឿង​ជីវិត​អ្នករស់នៅ​លើ​ផ្ទៃសមុទ្រ​ទឹកសាប​កម្ពុជា មក​តាំង​បង្ហាញ​នៅ​បរិវេណ FCC ដើម្បី​ចែក​​រំលែក​ការរំភើប​របស់​កម្មវិធី និង​ផលប៉ះពាល់​នៅក្នុង​តំបន់​ទឹក​សាប​របស់​យើង​»​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដែលមាន​ទីតាំងនៅ​តំបន់​បឹង​​ទន្លេសាបប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦ មីនា​ថា ពិព័រណ៍​នេះ គឺមាន​ការសម្តែង​ឈុត​ឆាក​ពិសេស​សម្រាប់ សាធារណជន​ទស្សនា ដោយ «Angkor Roo the Recycling Rooster» ដែល ការសម្តែង​ជា​៨​ភាសា ដែល​នាំមក​នូវ​ការអប់រំ និង​ការ​យល់ដឹង​ដល់​សហគមន៍​អំពី​ការកែលម្អ ការកែច្នៃ​សំរាម​ឡើងវិញ​។​

​លោក​ថា​៖ «​យើង​រួមគ្នា​ថែរក្សា​ការពារ​ជីវិត និង​ជីវចម្រុះ​បឹង​ទន្លេសាប នឹង​បង្ហាញ​រូបភាព​អំពី​ការរស់នៅ​ផលប៉ះពាល់​មួយ​ចំនួន និង​សកម្មភាព​ពិធីបុណ្យ​ទឹក​ស្រក កាលពី​ឆ្នាំមុន ដែល​ថតរូប​ដោយ Chris Hall»​។

​ជាមួយគ្នា​នោះ លោក ស៊ា​ សុផល ជឿជាក់ថា ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ពិព័រណ៍​នេះ នឹង​ជួយ​ឱ្យមាន​ការស្វែងយល់​ពី​អ្នក​​ចូល​ទស្សនា​អំពី​ផលប៉ះពាល់​នៃ​ប្លា​ស្ទិ​ក និង​បរិស្ថាន ដោយ​បើកឱកាស​ឱ្យ​ពួកគេ​បាន​ជជែក​ពិភាក្សាគ្នា អំពី​បញ្ហា​ប្រឈម​ទាំង​​នោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបំពុល​ដោយ​ប្លា​ស្ទិ​ក និង​ការអប់រំ​។​

​លោក​រៀបរាប់ថា​៖ «​នៅពេលដែល​កម្មវិធី​បាន​ពង្រីក​ទៅកាន់​ភូមិ​ថ្មីៗ​ក្នុង​តំបន់​បឹង​ទន្លេសាប អំពី​ការប្រមូល​សំរាម​ប្លា​ស្ទិ​ក នោះ កម្មវិធី​ថ្មី​នោះ នឹង​បាន​សាក​​ល្បង និង​ចូលរួម​ផ្តោតលើ​ការ​ស្ដារឡើងវិញ​នូវ​សំណល់​ប្លា​ស្ទិ​ក ដែលមាន​ឈ្មោះថា ជង្រុក​អង្ករ​ដែល​ផ្តល់​ផល​ជាពិសេស​ទៅដល់​គ្រួសារ​នីមួយៗ កំពុង​រស់នៅក្នុង​បឹង​ទន្លេសាប​។ កាកសំណល់​អាហារ ការ​ចោល​សំរាម និង​ការ​ដុត នឹង​ត្រូវបាន​ទប់ស្កាត់​»​។

​បើតាម​ក្រសួងបរិស្ថាន សំរាម​ប្លា​ស្ទិ​ក​ជាច្រើន ត្រូវបាន​ហូរ​ចូល​បឹង​ទន្លេសាប ដោយ​ការប្រើប្រាស់​របស់​សហគម​ន៍​ដែល​រស់​នៅលើ​បឹង​ទន្លេសាប​នេះ​ផង និង​ការ​ហូរ​នាំយក​ប្លា​ស្ទិ​ក​ដែល​ពលរដ្ឋ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​តាម​ព្រែក តាម​ស្ទឹង​នានា​ចាក់​ចូលមកក្នុង​បឹង​ទន្លេសាប​ផង​។ លោក ស៊ា សុផល អះអាងថា ក្នុង​ ១ ​ឆ្នាំៗ សំរាម​ប្លា​ស្ទិ​ក​រាប់សិប​តោន ត្រូវបាន​ប្រមូល​ចេញពី​បឹង​ទន្លេសាប​៕