ភ្នំពេញ: ការ​ទស្សនា​វីដេអូ​ឈុត​ខ្លី​ៗ ឬ Trailer មហាជន​ប្រាក​ដ​ជា​យល់​ថា វាជា​ភាព​យន្ដ​បែប​បស្ចិម​ប្រទេស​ដែល​បង្ហាញ​​ពី​ឈុត​ឆាក​រន្ធត់​ព្រឺព្រួច​។ ប៉ុន្ដែ​បើ​ក្រឡេក​មើល​ពី​តថភាពសា​ច់​រឿង​ និង​តួ​អង្គ​មួយ​ចំនួន វា​ជា​ភាពយន្ដ​ខ្មែរ​បែប​ថ្មី​មួយ​​ឆ្លុះ​បញ្ចាំង​ពី​ខ្លឹមសារ​ វប្បធម៌ អត្ដសញ្ញាណ​ ជំនឿ​អរូបី រួមទាំង​ទេស​ចរណ៍​នៅ​កម្ពុជា។

លោក សែម វិសាល អ្នក​និពន្ធ និង​ដឹក​នាំ​រឿង បាន​និយាយ​ថា​៖ «​​រឿង កំណើត​អរូប នេះ​ជា​ភាព​យន្ដ​មួយ​ដែល​អាច​ផ្លាស់​​ប្ដូរ​ទស្សនៈ​របស់​ទស្ស​និក​ជន​មក​គាំទ្រ​ភាព​យន្ដ​ខ្មែរ​កាន់​តែ​ច្រើន​។ ជាមួយ​រយៈ​ពេល​នៃ​ការ​ផលិត​៨ខែ យើង​បាន​គិត​​គូរ​ និង​សម្រិត​សម្រាំង​គុណ​ភាព​ ខ្លឹមសារ​ បច្ចេក​ទេស រូបភាព​ សំឡេង​ ហើយ​វា​ជា​សមិទ្ធ​ផល​ស្នាដៃ​កូន​ខ្មែរ​សុទ្ធ​សាធ​»។

​​ភាព​យន្ដ​ធំ​ «កំណើត​អរូប​|The RITUAL: BLACK NUN​» ដែល​ផលិតកម្ម Wonder Film Entertainment ​គ្រោង​​​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ​៦ ខែមេសា ឆ្នាំ​ ២០២៣​ ខាង​មុខ ត្រូវ​ជឿ​ដោយ​ភាព​ឆ្លាត​វៃ អម​ដោយ​ហេតុផល​និង​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់ ឆ្លុះ​បញ្ចាំង​ពី​ភក្ដីភាព​គ្រួសារ​ដែល​មិន​បោះបង់​គ្នា​ក្នុង​គ្រាអា​សន្ន​ដល់​ជីវិត និង​បង្ហាញ​ពី​អារម្មណ៍​របស់​ជន​បរទេស​ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា​ ​សម្បូរ​ដោយ​វប្បធម៌ និង​ប្រពៃ​ណី​។

​ក្រោម​កិច្ច​សហការ​​ជាមួយ ​លោក ស្រ៊ុន គីម​ហួរ ជា​អ្នក​គ្រប់​គ្រង​ការ​ផលិត លោក វិសាល បាន​ឱ្យ​ដឹង​ថា កំណើត​អរូប​បាន​​បង្កប់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ក្នុង​ភាព​យន្ត ដែល​គោលបំ​ណង​ចង់​ឱ្យ​ភាព​យន្ត​​មិន​ត្រឹម​តែ​កម្សាន្ត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឯក​សារ​ក​ត់ត្រា​យ៉ាង​សំខាន់​តាម​យុគ​សម័យ​កាល​។

រឿង​ខ្នាត​​អន្ដរជាតិ​​នេះ​ គឺជា​មាន​ការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ជន​ជាតិ​ខ្មែរនិង​តារា​បរទេស​ដែល​ថត​នៅ​ទីតាំង​សំខាន់ៗ​ និង​ទាក់​ទាញ​ដូច​ជា ប្រាសាទ​អង្គរវត្ត វត្ត​បាកាន​ខេត្តពោ​ធិ៍សាត់​ដែល​មាន​បដិមា​បែរ​ព្រះ​ភក្ត្រ​ទៅ​ទៅ​ទិស​ខាង​លិច​ និង​ព្រះ​នាង​ដោះ​ធំ​លើ​ភ្នំ​គូលែន​។​ នេះ​បើ​តាម​អ្នក​ដឹក​នាំ​រឿង និង​អ្នក​និព​ន្ធលោក វិសាល​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ ​«យើង​បា​នប​ញ្ចូល​បង្ហាញ​ពី​មូល​ហេតុ​ដែល​ប្រទេស​​កម្ពុជា​កសាង​​ពុទ្ធ​បដិមា​បែរ​ព្រះ​ភក្ដ្រ​​ទៅ​ទិស​ខាង​លិច រួមមាន​ប្រាសាទអ​ង្គរវត្ត វត្ត​បាកាន​នៅ​ខេត្ត​ពោធិ៍​សាត់​ដែល​១​វិហារ​មាន​ពុទ្ធ​បដិមា​បែ​​រ​ព្រះ​ភក្ដ្រ​​ទៅ​ទិស​ខាង​លិច និងព្រះ​នាង​ដោះ​ធំ​លើ​ភ្នំ​គូលែន​​»​។

លោក​បន្ដថា​ ភាពយន្ដ​បែប​រន្ធត់​នេះ​នៅ​មាន​ការ​បង្ហាញ​​ពីពិធី​សាសនា​រវាងព្រះពុទ្ធ ព្រហ្មញ្ញ​​ និង​គ្រិស្ដ រួម​ទាំង​ការ​តុបតែង​ខ្លួន​បែប​ប្រពៃណី​ខ្មែរនូវ​របៀប​ស្លៀក​ពាក់ក្បិន​និង​ក្រណាត់​ប៉ាក់ មន្តអាគម​ចម្លែក​ដែល​យក​សាកសព​ផ្កាប់មុខគ្រប់យ៉ាង​ជា​ទម្រង់​ខ្មែរ ជាការ​ប​ញ្ចូល​ពិសេស​ដោយ​មិន​ចម្លង​ទម្រង់​ណាមួយ​ពីបរទេស។

ផ្ដើម​ពី​បុរស​ស្បែក​ស សក់​ស​ ឈរ​មើល​ស្រមោល​មនុស្ស​ពណ៌​ខ្មៅ​តាម​មាត់​បង្អួច​ ខណៈស្បៃ​​រាត្រី​គ្រប​ដណ្ដប់​ដោយ​សំឡេង​ផ្គរ និង​ភ្លៀង​ កូន​ស្រី​បុរស​ចំណាស់​រូប​នេះ​ បាន​ហៅ​ឪពុក​ចូល​សម្រាក​ ដោយ​ប្រាប់​ថា ស្រមោល​មនុស្ស​ខ្មៅ​នោះ​គ្រាន់តែ​ជា​អ្នក​សុំ​ទាន​ម្នាក់​ប៉ុណ្ណោះ​។

រឿង​រ៉ាវ​អាថ៌កំបាំង​កើត​ឡើង​ជា​ហូរហែ ដែល​គ្រួសារ​មួយ​នេះ​ព្យាយាម​តាម​ស្រាយ​ចំណង​ដោយ​មិន​បោះបង់​ចោល​គ្នា បើ​ទោះបី​ជា​មាន​រឿង​អ្វី​ក៏ដោយ។

ភាព​យន្ដ​ដ៏​អាថ៌​កំបាំង​ដែល​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី៦ ខែ​មេសាក៏​បាន​បក​ស្រាយ​នូវ​អបិយ​ជំនឿ​ជាច្រើន​រួមទាំង​ការ​កសាង​ព្រះ​បដិមា​បែរ​ព្រះ​ភក្ដ្រ​ទៅ​ទិស​ខាង​លិច​និង​អាគម​ទៅ​តាម​សាស​នា​ផ្សេងៗ​ទៀត។

​លោក​ វិសាល អាយុ​ ៤៤ ឆ្នាំ ដែល​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​វេជ្ជ​សាស្ត្រ​(​វេជ្ជបណ្ឌិត​) និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​នៅ​រៀន​សាក​ល​វិទ្យា​ល័យ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ១៩៩៩​ តួនាទី​ជាអ្នក​និពន្ធ​និង​ជាអ្នកដឹកនាំ​បាន​និយាយ​ថា ​ភាព​យន្ដ​រឿង «​កំណើត​អរូប» រយៈ​ពេល ១​ ម៉ោង​​ ៤៥​ នាទី ដែល​ប្រើ​ពេល​ថត​ចន្លោះ​ពាក់​កណ្ដាល​ឆ្នាំ​ ២០២២​ ជា​ភាព​យន្ដ​ខ្នាត​អន្ដរ​ជាតិ​ រួមទាំង​កម្រិត​រូប​ភាព សំឡេង ដោយ​មាន​តួ​សម្ដែង​ទាំង​ខ្មែរ និង​បរទេស​។

លោក វិសាល ដែល​​បញ្ចប់​ការ​សិក្សា​ផ្នែក​ដឹកនាំ​ភាព​យន្ត​វគ្គ​ខ្លីៗ​នៅវៀត​ណាម ថៃ ហុងកុ​ង បាន​ឱ្យ​ដឹង​ថា​៖ «​ទស្ស​និក​ជន​​បាន​ទស្សនា​ភាព​យន្ត​ពេញ នឹង​មាន​ការ​​ភ្ញា​ក់​ផ្អើល​ពីព្រោះ​វា​ពោរពេញ​ដោយ​ខ្លឹម​សារ​ដែល​បង្ហាញ​ពី អត្ត​សញ្ញាណ ​វប្បធម៌​របស់​កម្ពុជា។​ វា​ជា​ផ្នែក​មួយ​សម្រាប់​ផ្សព្វ​ផ្សាយ​វប្បធម៌ និង​វិស័យ​ទេស​ចរណ៍​របស់​កម្ពុជា​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​មួយ​»។

«កំណើត​អរូប»ជា​វណ្ណ​កម្ម​ទី៥របស់​លោក វិសាល ​បន្ទាប់​ពី​រឿង «ប្រា​សាទ​កំបាំង​មុខ» រឿង​ «ផ្ទះ​ចិញ្ចឹម​ខ្មោច» រឿង «​ស្នូរ​ជើង​អ្នក​ណា​?» និង​រឿង «​អន្ទង​វិញ្ញាណ»។

​លោក វិសាល បាន​លើក​ឡើង​ថា លោក​រំពឹង​ថា ​ភាព​យន្ត​នេះ​ជា​ភាព​យន្ត​មួយ​ដែល​អាច​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ទស្សនិក​ជន​​ឱ្យ​ងាក​មក​គាំទ្រ​​ខ្មែរ​​​វិញ​ដោយ​សារ​ទាំង​ផលិត​ករ​និង​អ្នក​ដឹកនាំ​រឿង​ក្នុង​ស្រុក​បាន​និង​កំពុង​ព្យា​យាម​ផលិត​រឿង​ប្រកប​ដោយ​គុណ​ភាព​​។

លោក​បាន​បញ្ជាក់​ថា៖ ​​«យើង​រួមគ្នា​គាំទ្រ​វិស័យ​ភាព​យន្ត​ខ្មែរ​យើង​​ឱ្យ​​ដូច​វិស័យ​ផ្សេងៗ​ដើម្បី​យើង​​ឆាប់​ដល់​គោលដៅ​ដូច​​បណ្ដា​ប្រទេស​ជិត​ខាង។ យើង​ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​បន្តឱ្យ​អស់ពី​ល​ទ្ឋ​ភាព​សម្រាប់​គុណ​ភាព​ មិន​ឱ្យ​​អាប់​ឱន​មុខ​មាត់​ជន​ជាតិ​យើង​ឡើយ​»៕