ភ្នំពេញ: ភាពយន្ដឯកសារ ស្ដីពីរបាំព្រះរាជទ្រព្យរឿង «ទេពហត្ថា» ឬ “The Perfect Motion” ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមព្រះរាជវត្ដមានព្រះមហាក្សត្រកម្ពុជា កាលពីរាត្រីថ្ងៃអាទិត្យ ទី ២៦ ខែមីនា នៅសាលសន្និបាតចតុមុខ ក្នុងពិធីសមោសរនៃមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១២។
ភាពយន្ដ «ទេពហត្ថា» រយៈពេល ១ ម៉ោង ២៦ នាទីផ្ដោត លើសាច់រឿងសំខាន់ចំនួន ២ ជាការបង្កើតក្បាច់របាំ «នាងវឌ្ឍនាទេវី»ដោយព្រះរៀមនរោត្ដម បុប្ផាទេវី ជាស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់ និងប្រវត្ដិរបាំព្រះរាជទ្រព្យតាំងពីឆ្នាំ ១៩០៦។
លោក ជា សុភាព នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានក្រាបទូលថ្វាយព្រះមហាក្សត្រក្នុងពិធីបើកសម្ពោធសមោសរថា៖ «ពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជារៀបចំឡើងដើម្បីចាប់ផ្តើមរដូវកាលនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាដោយបង្ហាញជូនភាពយន្តដ៏ពិសេសមួយក្រោមចំណងជើងថា «ទេពហត្ថា» ដឹកនាំរឿងដោយលោក Xavier Delauzane»។
លោកបានបន្ដថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅអាស៊ីអាគ្នេយ៍ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើនហើយទទួលស្វាគមន៍សមិទ្ធករភាពយន្តនិងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។
មហោស្រពភាពអន្តរជាតិកម្ពុជា គឺជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងផលិតករភាពយន្តសមិទ្ធករភាពយន្តអ្នកបច្ចេកទេសភាពយន្តសិល្បករនិងទស្សនិកជនជាតិនិងបរទេស។
ជាផ្នែកមួយនៃការចាប់ផ្ដើមមហោស្រពភាពអន្តរជាតិកម្ពុជាការដាក់សម្ពោធភាពយន្ដរឿង «ទេពហត្ថា» ត្រូវបានផលិតឡើងក្រោមព្រះរាជស្នាព្រះហត្ថរបស់សម្ដេចព្រះរៀម នរោត្ដមបុប្ផាទេវីកាលពី ៥ ឆ្នាំមុន ដោយមានផលិតករជនជាតិបារាំងលោក Delauzane និងលោក Pierre Kogan ជាអ្នកស្រឡាញ់វិស័យសិល្បៈបុរាណខ្មែរ និងជាផលិតករភាពយន្ដដែលរស់នៅប្រទេសកម្ពុជា ៨ ឆ្នាំ។
ថ្លែងក្នុងពិធីបើកសម្ពោធ លោក Delauzane បានទូលថ្វាយព្រះមហាក្សត្រថា៖ «៥ ឆ្នាំមុនក្នុងសាល [ចតុមុខ] តែមួយនេះសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីបានបង្ហាញព្រះរាជស្នាព្រះហត្ថចុងក្រោយ «នាងវឌ្ឍនាទេវី» ដែលជាព្រះរាជកិច្ចដ៏ជោគជ័យដែលត្រូវបានចាត់ផ្សាយនៅប្រទេសបារាំង និងស្វ៊ីស»។
លោកបានបន្ដថា៖ «ដោយឧទ្ទិសដល់ព្រះរាជស្នាព្រះហត្ថរបស់ទ្រង់ ព្រះអង្គបានរក្សាកេរដំណែលរបាំព្រះរាជទ្រព្យឱ្យស្ថិតស្ថេរគង់វង្សរាប់ពាន់ឆ្នាំ។ ទាំងនេះ គឺជាផូស្ទើរបើកសម្ពោធនៃភាពយន្ដ ដែលខ្ញុំម្ចាស់មានកិត្ដិយសបានបង្ហាញដល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងរួមទាំងសម្ដេចទ្រង់ ឯកឧត្ដមនាថ្ងៃនេះ»។
ផលិតករជនជាតិបារាំងបានឱ្យដឹងថា សិល្បៈមានតម្លៃសកល រឿង «ទេពហត្ថា» ឬ“The Perfect Motion” មិនត្រឹមតែឆ្លុះបញ្ចាំងពីប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្ដែថែមទាំងអំពីភាពសារៈសំខាន់រវាងអត្ដសញ្ញាណមនុស្សជាតិនិងភាពច្នៃប្រឌិតនៃសិល្បៈ។
ដោយដកស្រង់សម្ដីនាដកាវ័យក្មេងកញ្ញាសុខណាលីសជាតួអង្គ ១ រូប នៅក្នុងភាពយន្ត «ទេពហត្ថា» និងជាតួអង្គឯក (តួប្រុស) ក្នុងទស្សនីយភាព «នាងវឌ្ឍនាទេវី» និយាយថាវប្បធម៌រលត់ ជាតិរលាយវប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ លោកDelauzane បន្ថែមថារបាំព្រះរាជទ្រព្យត្រូវបានលើកតម្កើងភាពថ្លៃថ្នូរនិងមោទនភាពរបស់ខ្លួនឡើងវិញ ក្រោយរបបខ្មែរក្រហម ដោយមានជំនួយពីសម្ដេចព្រះរៀម នរោត្ដមបុប្ផាទេវី ក៏ដូចជាគ្រូរបាំបុរាណជាច្រើនទៀត។ភាពយន្ដនេះ គឺជាឧទ្ទិសដល់ពួកគេ។
ដើម្បីឱ្យទស្សនិកជនបានស្គាល់ទូលំទូលាយភាពយន្ដឯកសារនេះត្រូវបានដាក់ចំណងជើងជាភាសាខ្មែរ។ នៅក្នុងការដាក់បញ្ចាំងនៅថ្ងៃបើកសម្ពោធជាផ្លូវការរាល់បទសម្ភាសន៍ និងរូបភាពវីដេអូត្រូវបានប្រើជាភាសាអង់គ្លេសនិងបារាំង។ ផលិតករបារាំងបានឱ្យដឹងថាវាជាភាពយន្ដឯកសារលើកដំបូងនៅកម្ពុជាដែលត្រូវបានចេញផ្សាយជាសៀវភៅបែបអប់រំ ដោយមានកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រាប់គ្រូបង្រៀន។
វាបានផ្ដល់នូវគោលការណ៍ណែនាំ និងសកម្មភាពផ្សេងៗសម្រាប់សិស្សសាលាតាមថ្នាក់រៀននានា។សៀវភៅរឿងនេះត្រូវបានផ្ដល់អមជាមួយការបញ្ចាំងភាពយន្ដ ដែលធ្វើឱ្យសម្ភារទាំង២ ក្លាយជាឧបករណ៍អប់រំ។វាមានទាំងភាសាខ្មែរអង់គ្លេសនិងបារាំង និងអាចដោនឡូតតាមអ៊ីនធឺណិតបានដោយឥតគិតថ្លៃ។
ពាក្យពេចន៍ចុងក្រោយនៅក្នុងភាពយន្ដត្រូវបានអ្នកគ្រូ សូភីលីនបានលើកឡើងថា៖ «តើទម្រង់សិល្បៈដ៏យូរលង់នេះអាចបាត់បង់ឬទេ? វាមិនត្រឹមតែជាការបាត់បង់សម្រាប់ប្រជាជាតិកម្ពុជានោះទេតែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ»។
រឿង «ទេពហត្ថា» ឧទ្ទិសដល់វីរភាពដ៏វិសេសរបស់សម្ដេចព្រះរៀមនរោត្ដមបុប្ផាទេវីដែលទ្រង់បានពលីព្រះកាយពលជាច្រើនចំពោះរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកវប្បធម៌ដល់កម្ពុជា។
រឿង «ទេពហត្ថា» នឹងចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទី ១ ខែមេសា ខាងមុខនេះ នៅតាមរោងភាពយន្ដទាំងអស់ទាំងក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្ដនានា ជាមួយភាសាខ្មែរសម្រាប់ភ្ញៀវជាតិនិងភាសាអង់គ្លេស សម្រាប់ភ្ញៀវអន្ដរជាតិ៕