ភ្នំពេញ: តារាភាពយន្ដ​ហូលីវូដ Michelle Yeoh កើត​នៅ​ប្រទេស​ម៉ាឡេស៊ី ក្លាយជា​​តារា​ដំបូង​គេដែល​មាន​​ដើមកំណើត​អាស៊ី​អាគ្នេយ៍​​ដែល​ឈ្នះ​ពានរង្វាន់​ជា​តួឯក​ស្រី​ឆ្នើម​ក្នុង​សាច់​រឿង​បែប​វាយ​តប់​​​កំប្លែង ​​«Everything Everywhere All at Once» នៅ​កម្មវិធី Academy Awards នៅ​ទីក្រុងឡូសអេនជឺលេស​។​

​តារា​ហុងកុង​អ្នកស្រី​ Yeoh បានធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​ជំនាញ​ក្បាច់គុន​ដែល​​​មិន​បាន​ហាត់​​រៀន​។​ នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​​នេះ ​គ្រប់​ចលនា​​​ប្រយុទ្ធ​កើត​ឡើង​ពី​ការ​បង្វឹក​របស់​គ្រូ​គុន​ជនជាតិ​ខ្មែរ​​។​

​លោក ឌី សៅ ជា​ជនជាតិខ្មែរ ​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ ១៩៧៩ ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ស៊ីវិល​កម្ពុជា គឺជា​គ្រូបង្ហាត់​ក្បាច់គុនដល់​តារា​​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​។​

លោកសៅ ​បាន​និយាយថា៖​«​​ខ្ញុំ​មាន​ឯកសិទ្ធិ​ពិសេស​ក្នុងការ​បណ្តុះបណ្តាលអ្នកស្រី​ Michelle Yeoh សម្រាប់​ខ្សែ​ភាព​យន្ត​​ដែល​ឈ្នះ​ពានរង្វាន់អូស្ការ​ចំនួន​ ៧​​។ ​​វា​ជា​កិត្តិយស​មិនគួរ​​ឱ្យ​​ជឿ ព្រោះ​មានតែ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ​ ដែល​អាច​បញ្ជាក់​​ពី​ស្នាដៃ​បែបនេះ​។ ខ្ញុំ​គ្រាន់តែ​បង្រៀន​ក្បាច់គុន​ចិន​ ដល់​គាត់​​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​តួ​សម្ដែង​​នេះ​»​។​

​លោក​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​តួ​ជំនួស​លេង​​ក្បាច់គុន​នៅ​ហូលីវូដ ដែល​​ចូលចិត្ដ​​ក្នុង​វិស័យ​​ភាពយន្ដ​​​ និង​បាន​បន្ដ​​ចំណង់​ចំណូលចិត្ត​របស់​លោក​​ចំពោះ​សិល្បៈ​ក្បាច់គុន​​​។​

​​លោក​បាន​រំឭក​​​ថា លោក​​ត្រូវបាន​មិត្តភក្តិ​ជិតស្និទ្ធ​​២​នាក់​គឺអេន ឌីឡេ និង​ប្រាយអេន​ ឡេ​​​​ ស្នើ​ឱ្យ​ជួយ​​តារា​សម្ដែង Simu Liu ​​បង្ហាត់​ក្បាច់​គុន​ក្នុង​​ខ្សែភាពយន្ត​រឿង Shang-Chi និង Legend of the Ten Rings។​

​ដូចគ្នា​​នេះដែរចំពោះ​រឿង «Everything Everywhere All At Once»​ លោកអេនឌី ​និងប្រាយអេន ​​​បាន​សម្តែង​ក្នុង​ភាពយន្ត ហើយលោក​ សៅ ​ត្រូវ​បានទទួល​ភារកិច្ច​បង្វឹក​តួ​សម្តែង ដោយសារតែ​ជំនាញនិង​បទពិសោធន៍​ក្នុង​វិស័យនេះ​។​

លោកសៅ​ បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ បង្ហាញ​ពី​​ការ​​អបអរសាទរ​ចំពោះលោក​ Ke HuyQuan ដែល​បានឈ្នះ​ពានរង្វាន់ Golden Globe Award សម្រាប់​តារា​សម្តែង​ឆ្នើម និង​បាន​ថ្លែងអំណរគុណ​​​ដែល​បាន​ផ្សព្វផ្សាយ​ពាក្យ​មួយ​ឃ្លា​ថា«​គ្រូបង្វឹក​កម្ពុជា​បាន​បង្វឹក​​​​​​ក្បាច់​គុន​ដើម្បី​ជួយ​ខ្ញុំ​​ឱ្យ​​សម្ដែង​បាន​ល្អ​​»។ ​​

​លោក សៅ ​ដែល​​បង្វឹក​ក្បាច់​គុន​ដល់​តារា​ភាពយន្ដ​ Simu Liu, Michelle Yeoh, Ke HuyQuan និង Bryce Dallas Howard បាន​និយាយថា៖​«​ខ្ញុំ​បាន​រកឃើញថា​ វា​ជា​បទពិសោធន៍​ដ៏​រលូន​មួយ ​ក្នុងការ​ធ្វើការ​ជាមួយ​តារា​សម្តែង​ទាំងអស់​ដែល​ខ្ញុំ​បាន​​​បណ្តុះបណ្តាល​»។​

​​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖​ «​នេះ​ដោយសារតែ​ទំនុកចិត្ត​របស់ខ្ញុំ​កើតចេញពី​ការហ្វឹកហាត់​ក្បាច់គុន​អស់​រយៈពេល ៣៧ ​ឆ្នាំ​ ហើយ​បាន​ចែក​រំលែក​​ចំណេះដឹង​របស់ខ្ញុំ​ ដល់​សិស្ស​អស់​រយៈ​ពេល​ជាង​ ២​ ទសវត្សរ៍​»។​

​លោកសៅ និយាយថា ទោះបីជា​​លោក​​មានការ​ហ្វឹកហ្វឺន​​​​​ប្រយុទ្ធយ៉ាងសកម្ម​​ក៏ដោយ ប៉ុន្តែ​លោក​​សិក្សា​សិល្បៈ​ក្បាច់គុន​សម្រាប់តែ​​ខ្សែភាពយន្តដោយ​​យក​លំនាំ​តាម​​សិល្បករ​ក្បាច់គុន​ដ៏​អស្ចារ្យ​ដូច​ជា Donnie Yen, Jet Li, Jackie Chan, PannaRittikrai, Tony Jaa, Sammo Hung, Yuen Biao, Vincent Zhao , Jean-Claude Van Damme, IkoUwaisនិង​ជាពិ​សេស Bruce Lee។​

​អតីត​អ្នក​ជំរំ​ជន​ភៀស​ខ្លួន​រូប​នេះដែល​តែងតែ​បង្ហោះ​វីដេអូ​សកម្មភាព​​ហ្វឹកហាត់​​នៅលើ​ហ្វេ​ស​ប៊ុ​ក​បាន​និយាយថា ក្បាច់គុន​គឺជា​ទស្សនវិជ្ជានិង​ការ​ពង្រឹក​សមត្ថភាព​រាងកាយ​ ក៏ដូចជា​​ ​ស្មារតី​។​

​​លោក​​បាន​និយាយថា ពេល​នៅក្នុង​ជំរំជនភៀស​ខ្លួនKhao-I-Dang ក្នុងប្រទេស​ថៃ ឈ្មោះ​ម្តាយ​របស់​លោក​​​មាន​នៅ​ក្នុង​​បញ្ជី​​ទៅ​រស់​នៅ​​​សហរដ្ឋ​អាមេរិក​​។​

​លោកបាន​រៀន​​​ក្បាច់គុនចម្រុះ​តាំងពី​អាយុ ៧ឆ្នាំ​ ដោយ​តាម​រយៈ​ឪពុក​បង្ហាត់​បង្រៀន​គុន​ខ្មែរ​ជា​មូលដ្ឋាន​​ និង​កា​រ៉ា​តេបន្ដ​ទៅ​គុន​កុង​ហ្វូ​ចិន វ៉ូ​ស៊ូ កុង​ហ្វូ ប្រដាល់​សេរី​អាមេរិក មួ​យ​ថៃ ​ចំបាប់ MMA និង​សូម្បីតែ​ហ្គ្រេ​ស៊ីជឺ​ជី​តស៊ូប្រេ​ស៊ី​ល​។​

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​​​អាយុ ៣០ ឆ្នាំ​ប្លាយ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឫសគល់​របស់ខ្ញុំហើយ​ចាប់ផ្តើម​រៀន​គុន​ខ្មែរនិង​គុន​ខ្មែរ​បុរាណ ដោយ​មើល​ការ​បង្រៀន​តាម​អន​ឡាញ​របស់​គ្រូ​គុន​​នៅ​កម្ពុជា​»។​

លោក​បាន​បន្ថែម​ថា​៖ «​​ខ្ញុំ​បាន​សិក្សា​ល្បុក្កតោ​ដោយ​មើល​លោកគ្រូចាន់ វីរៈ ​យុទ្ធយុទ្ធ​គុនខមរបស់​​គ្រូចាន់ រតនា និង​លោកគ្រូសក្កដា វិមាន ហើយ​បាន​រៀន​ច្រើន​បំផុត​ពី​លោក​គ្រូជិន ​ឈុន ដែល​បាន​ក្លាយជា​មិត្ត​ភក្តិ​និង​ជា​អ្នក​ណែនាំ​តាមរយៈ​ការផ្ញើ​សារ​មក​គាត់​តាម​ហ្វេស​ប៊ុក​​ជាមួយ​នឹង​​ចម្ងល់​ផ្សេងៗ​​»។​

​ដោយ​មិន​សង្ស័យ​លោកសៅ​មាន​មោទន​ភាព​ក្នុងការ​លើកស្ទួយ​វប្បធម៌ និង​បេតិកភណ្ឌ​មាតុភូមិ​របស់ខ្លួនរួម​ជាមួយនឹង​ក្បាច់គុនខ្មែរ​ដ៏​ល្អ​ឯក​ដល់​តារា​សម្ដែង​ទាំង​អស់​ដែល​​លោក​​​បាន​បង្វឹក​​។​

​លោ​កថា ​តារា​សម្ដែង​តែងមាន​ការចាប់អារម្មណ៍​ថា​ លោក​មកពី​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្លាយជា​គ្រូបង្វឹក​កុង​ហ្វូ​ដ៏​ឆ្នើម​ម្នា​ក់នៅ​ហូលី​វូដ​។​

បច្ចុប្បន្ន​លោក​​កំពុង​សហការ​ជាមួយ​មិត្តសម្លាញ់​របស់​លោក​​ជា​​ផលិតករ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរគឺ​លោកDaron Ker ដើម្បី​ផលិត​ភាព​យន្ត​ខ្នាត​ធំ​មួយ​នៅ​ចុង​ឆ្នាំ​២០២៣ ​នៅក្នុ​ង​ប្រទេស​កម្ពុជា​។​

​លោក​បាន​និយាយថា​៖ «​យើង​មាន​បំណង​បណ្ដុះបណ្ដាល​អ្នកមាន​ទេព​កោសល្យ​ក្នុងស្រុក និង​បណ្ដុះបណ្ដាល​ពួកគេ​ពី​របៀប​បង្កើត​ភាព​យន្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​តាម​រចនា​ប័ទ្ម​ហូលី​វូដ​»​។​

​លោក សៅ បាន​ពន្យល់ថា ពួកគេ​មាន​គម្រោង​ មាន​មហិច្ឆតា​ក្នុងការ​បង្កើត​សាលា​ភាពយន្ត​សម្រាប់​ប្រជាជន​​ខ្មែរ​ ដើម្បី​ពួកគេ​អាចបង្កើត​ឧស្សាហ​កម្ម​ភាពយន្ត​ដែល​ទ្រទ្រង់​ដោយ​ខ្លួន​ឯង និង​​មិន​ត្រឹមតែ​ផ្តោតលើ​គម្រោង​មួយ​ប៉ុណ្ណោះ​ទេ​។​

​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​កសាង​ឧស្សាហកម្ម​ទាំងមូលហើយ​​លោកសៅ​ ​ធានាថា​ កម្ពុជា​នឹង​នាំមុខគេ​ក្នុង​ភាពយន្ត​ក្បាច់គុន និង​ចែក​រំលែក​វា​ទៅ​កាន់​ពិភព​លោក​។​

​លោកសៅ សរសេរខ្មែរ​ដោយ​មាន​ជំនួយ​ពី​ Google Translation ថា៖​«​ខ្ញុំ​សង្ឃឹមថា​ ខ្ញុំ​អាច​ផលិតភាព​យន្ត​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២៣​​។ គ្រប់គ្នា​សួរថា​ ពេលណា​ខ្ញុំ​នឹង​ទៅអរគុណ​សម្រាប់​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា វា​ពិបាក​ក្នុង​ការថត​ភាពយន្ត​នៅ​កម្ពុជា។ប៉ុន្តែ​ខ្ញុំ​នឹង​ព្យា​យាម​ឱ្យ​អស់ពី​សមត្ថភាព​»។​

​​លោក​បាន​និយាយថា​ លោក​​នឹង​ត្រឡប់​មកវិញ ហើយ​បង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​ប្រទេស​កម្ពុជារួមទាំង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​លើ​វិស័យ​ផ្សេងៗ និង​ការ​ផលិត​ភាព​យន្ត​។​

លោក​បាន​បញ្ជាក់​ថា​៖ «​​ប្រទេស​កម្ពុ​ជាមាន​អ្វីៗ​ជាច្រើន​ ហើយ​វា​ជា​ពេលវេលា​របស់​យើង​ក្នុងការ​ក្រោកឈរឡើង និង​ធ្វើ​​អ្វី​មួយ​ឱ្យ​លេច​ធ្លោ​លើ​ឆាក​ពិភពលោក​។ ចំពោះ​ប្រជាជន​ខ្មែរអ្នក​គឺជា​ជើងឯក​របស់​ខ្ញុំ ខ្ញុំ​ស្រឡា​ញ់​អ្នកខ្លាំង​ណាស់​»៕ ​