
យុវជនទាំង ៣ នាក់ ដែលឈ្នះជយលាភី ដោយប្រើកំប្លោក ផលិតជាបរិក្ខារសំណង់។ ហុង មិនា
ភ្នំពេញ: កំប្លោកជាវត្ថុធាតុដើម ដែលងាយស្រួលរកនៅតាមបឹងបួ ស្ទឹង ព្រែក ទន្លេ រហូតដល់បឹងសេសសល់ក្នុងរាជធានីភ្នំពេញ។ សម្រាប់យុវជន ឆាយ គីមស៊ីញ គ្រាន់តែដើរប៉ុន្មានជំហានទៅខាងក្រោយផ្ទះ អាចប្រមូលកំប្លោកបានយ៉ាងច្រើនសន្ធឹក។
មិនមែនជាការចុះសម្អាតទឹក ឬយកកំប្លោកធ្វើជីកំប៉ុស ឬត្បាញជាអង្រឹងនោះទេ លោក គីមស៊ីញ មើលឃើញអត្ថប្រយោជន៍កាន់តែអស្ចារ្យដោយប្រើកំប្លោកជាសមាសធាតុចម្បងនៃការផលិតបរិក្ខារសំណង់និរន្ដរភាព ដូចជា បន្ទះកម្រាល ដែលអាចប្រើក្រាលជំនួសការ៉ូ រចនាពិតានជំនួសម្នាងសិលា ឬតុបតែងបិទលម្អទៅតាមពណ៌នីមួយៗ។
រួមជាមួយមិត្ដភក្ដិ ២ នាក់ ក្រុមនិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យ ផារ៉ាហ្គន បានចងក្រងជាក្រុម AquaBuild និងបានច្នៃបង្កើតបរិក្ខារសំណង់ ពីរុក្ខជាតិកំប្លោកក្នុងបំណងចូលរួមការប្រកួតកម្មវិធី Build4People Sustainable Building Incubator របស់ Impact Hub Phnom Penh។
លោក ឆាយ គីមស៊ីញបាននិយាយថា៖ «ចំពោះការប្រើប្រាស់កំប្លោកនេះ ដោយសារយើងមើលឃើញភាពជាក់ស្ដែង គឺរុក្ខជាតិកំប្លោកមានបរិមាណច្រើន ដែលអាចកែច្នៃជាសម្ភារបានច្រើន ដូចជា អង្រឹង និងកន្ដ្រកជាដើម ប៉ុន្ដែ ការច្នៃប្រឌិតនេះនៅមិនទាន់អស់សក្ដានុពលរបស់វានោះទេ»។
AquaBuild ជាធុរកិច្ចត្រូវបានបង្កើតឡើង ដើម្បីច្នៃផលិតបរិក្ខារសំណង់ កាន់តែមាននិរន្តរភាព និងលើកស្ទួយបរិស្ថានដោយការកែច្នៃកំប្លោក ដែលដុះយ៉ាងសម្បូរបែបនៅលើផ្ទៃទឹក ជាពិសេសនៅតំបន់បឹងទន្លេសាប។
ក្រុម AquaBuild ឱ្យដឹងថា ពួកគេបានសិក្សាបន្ថែម និងបានរកឃើញថា៖ «ក្រៅពីអត្ថប្រយោជន៍ កំប្លោកក៏បានធ្វើឱ្យប៉ះពាល់បរិស្ថាន ដូចជា ការស្ទះចរាចរណ៍ផ្លូវទឹក ជីវចម្រុះ ទប់ស្កាត់ពន្លឺព្រះអាទិត្យ និងអុកស៊ីហ្ស៊ែនមិនឱ្យជ្រាបចូលទៅដល់រុក្ខជាតិផ្សេងៗនៅក្រោមទឹក។ ដូច្នេះ យុវជនទាំង ៣ នាក់បានសម្រេចចិត្ដជ្រើសរើសកំប្លោកជាសមាសធាតុចម្បង»។
លោក កៅ សត្យា បានឱ្យដឹងថា ក្រោយការជ្រើសរើសកំប្លោកជាសមាសធាតុចម្បងរួច ពួកគេក៏មិនទាន់ដឹងថា គួរត្រូវធ្វើអ្វីដែរ ដោយសារការផ្ដួចផ្ដើមផលិតសម្ភារសំណង់ពីកំប្លោកជាគំនិតថ្មី។
និស្សិតឆ្នាំទី ៣ រូបនេះនិយាយថា៖ «យើងចំណាយពេលសិក្សាស្រាវជ្រាវប៉ុន្មានខែ មុនពេលសាកល្បងកែច្នៃកំប្លោកទៅតាមជំហាននីមួយៗ។ យើងចាប់ផ្ដើមពីការប្រមូលកំប្លោកពីបឹង និងទន្លេ រួចហាលថ្ងៃសម្ងួតឱ្យស្ងួតល្អ។ បន្ទាប់មកយើងកាត់ឬចិញ្ច្រាំវាឱ្យល្អិតៗ និងកិនកម្ទេចវា។ ដំណាក់កាលចុងក្រោយ យើងធ្វើការលាយវាជាមួយស៊ីម៉ងត៍ពាក់កណ្ដាល មុនពេលចាក់ចូលពុម្ព និងសង្កត់ឱ្យណែនជាសន្លឹកបន្ទះ»។
យ៉ាងណាមិញ ពួកគេទទួលស្គាល់ថា ថ្វីដ្បិតតែការប្រើប្រាស់សម្ភារវត្ថុធាតុដើមមិនចំណាយខ្ពស់យ៉ាងណាក៏ដោយ ក៏នីតិវិធីនៃការច្នៃផលិត ទាមទារសម្ភារមួយចំនួន ដែលពួកគេជានិស្សិតមិនមានលទ្ធភាពស្វែងរកបាន។ ដូច្នេះ AquaBuild ត្រូវរង់ចាំរយៈពេលយូរ ចំពោះការសម្ងួតកំប្លោកដោយពឹងលើកម្ដៅព្រះអាទិត្យ បានប្រើម៉ាស៊ីនទឹកក្រឡុកកិនកំប្លោកស្ងួត និងប្រើវត្ថុធ្ងន់ៗដែលអាចរកបានមកសង្កត់លើពុម្ពច្នៃពីក្ដារ។ ផលិតផលសម្រេចគឺជាផលិតផលបន្ទះស្រដៀងនឹងក្ដារកុំប្លាកេ ឬការ៉ូសម្រាប់ក្រាលដូចការ៉ូ ដេគ័របិទលើជញ្ជាំង ពិតាន ដែលមានទម្ងន់ស្រាលជាងម្នាងសិលា ងាយស្រួលដំឡើង និងមិនចម្លងកម្ដៅ។
លោក គីម ស៊ីញដែលមានវ័យ ២០ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្រោមកិច្ចខិតខំប្រឹងប្រែងរយៈពេល ៤ ខែកន្លះសម្ភារសំណង់និរន្ដរភាពរបស់ក្រុម AquaBuild បានឈ្នះជយលាភីលេខ ១ ក្នុងកម្មវិធី Build4People Sustainable Building Incubator របស់ Impact Hub Phnom Penh ដោយទទួលបានពាន ១ វិញ្ញាបនបត្រ ១ និងប្រាក់រង្វាន់ ២ ពាន់ដុល្លារ»។
ក្រុម AquaBuild ទទួលស្គាល់ថា ការចូលរួមប្រកួតប្រជែងនៅ Impact Hub Phnom Penh ទទួលបានអត្ថប្រយោជន៍លើសពីគំនិតច្នៃប្រឌិត និងប្រាក់រង្វាន់ តែក៏ជាចំណេះដឹងផ្នែកធ្វើអាជីវកម្មថែមទៀត។ AquaBuild បានឱ្យដឹងថា រយៈពេល ៤ ខែនេះក្រុមរបស់ខ្លួន ទទួលបានការបណ្ដុះបណ្ដាលអំពីរបៀបធ្វើជំនួញធ្វើឡូហ្គោ គំនិតធ្វើផលិតផល ដោយបានជួបជាមួយអ្នកជំនាញជាច្រើន។ ពួកគេបានយល់អំពីវិធីធ្វើទីផ្សារ របៀបនៃការស្នើសុំជួបអតិថិជន ធ្វើបទសម្ភាសន៍ និងប្រឡូកផ្ទាល់នៅក្នុងអាជីវកម្មពិតជាប្រសើរជាងការរៀនតែទ្រឹស្ដី។
លោក គីមស៊ីញ អះអាងថា៖ «គម្រោងសម្ភារនិរន្ដរភាព របស់យើងអាចនឹងដំណើរការ ពីព្រោះយើងបានឃើញគម្រោងស្រដៀងគ្នានេះ នៅបរទេស។ យើងមិនហ៊ាននិយាយថា ផលិតផលរបស់យើង មានគុណភាពល្អជាងផលិតផលផ្សេងៗនោះទេ តែបើប្រៀបធៀបតម្លៃ និងការប្រើប្រាស់ វាមានភាពប្រហាក់ប្រហែលគ្នាដោយសារផលិតផលរបស់យើងអាចជំនួសម្នាងសិលា ឬកុំប្លាកេ ក៏ដូចជាមានតម្លៃធូរថ្លៃ»។
កញ្ញា សែ ច័ន្ទចរណៃ សមាជិកក្រុមម្នាក់ទៀត បាននិយាយថា ក្រុម AquaBuild មានបំណងចាប់យកការច្នៃបង្កើតផលិតផលសំណង់ពីកំប្លោកនេះ ជាមុខជំនួញពិតប្រាកដមួយ។ ប៉ុន្ដែក្នុងដំណាក់កាលនេះ ពួកគេផ្ដោតលើការសិក្សា និងបន្ដអភិវឌ្ឍផលិតផលទាំងនេះឱ្យកាន់តែមានគុណភាព។
កញ្ញា ច័ន្ទចរណៃ អាយុ ១៩ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងពិតជាចង់ តែវាជាអ្វីដែលអាចនឹងកើតឡើងបន្ទាប់ពីយើងរៀនចប់ ហើយយើងត្រូវឆ្លៀតពេលវេលាពីការសិក្សាបន្ដធ្វើតេស្ដផលិតផលជាច្រើនលើកច្រើនសាទៀតឱ្យកាន់តែល្អជាងមុន។ បើការធ្វើតេស្ដពិសោធន៍ដំណើរការបានល្អ យើងនឹងគិតគូរដល់ការផលិតធ្វើអាជីវកម្ម»។
លោក គីមស៊ីញ បានបន្ដថា អំឡុងពេលនៃការសិក្សាជំនាញស្ថាបត្យកម្ម ១ ឆ្នាំកន្លះទៀត ពួកគេនៅបន្ដធ្វើតេស្ដ និងពិសោធលើរូបមន្ដនៃផលិតផលរបស់ខ្លួន រួមទាំងការសាកល្បងប្រើប្រាស់ជាក់ស្ដែងថែមទៀត។
លោក សត្យា អាយុ ២០ ឆ្នាំ បានបន្ថែមថា ដោយសារតែក្រុមនិស្សិតនេះនៅមិនទាន់មានធនធាន និងមានការឧបត្ថម្ភពីស្ថាប័នណាផង ពួកគេត្រូវការម៉ាស៊ីន និងសម្ភារបម្រើឱ្យការផលិតផលិតផលបន្ទះក្ដារកំប្លោកនេះ ក៏ដូចជាពេលវេលាបន្ថែមទៀត។ ចំពោះរូបមន្ដនៃការលាយផលិតផលរបស់ AquaBuild គឺកំប្លោក ៥០ ភាគរយ ជាមួយស៊ីម៉ងត៍ ៥០ ភាគរយ ឬកំប្លោក ៩០-៩៥ភាគរយលាយជាមួយកាវថ្លា (epoxy resin) ពី ៥ ទៅ ១០ ភាគរយប៉ុណ្ណោះ ដែលមានកម្រិតជាប់ធន់ជាងស៊ីម៉ងត៍ និងស្រាលជាងផងដែរ។ ប៉ុន្ដែពួកគេបានឱ្យដឹងថា កាវថ្លា (epoxy resin) មិនមានលក់នៅកម្ពុជាទេ។
កញ្ញាច័ន្ទចរណៃបាននិយាយថា បញ្ហាប្រឈមចម្បងរបស់ក្រុម គឺការបែងចែកពេលវេលារវាងការសិក្សានៅសាកលវិទ្យាល័យ និងការស្រាវជ្រាវ ក៏ដូចជាធ្វើគម្រោងជាក្រុម AquaBuild។
យុវតីរូបនេះទទួលស្គាល់ថា កញ្ញាខ្លួនឯង មានបំណងចង់បោះបង់គម្រោងនេះម្ដងៗ តែដោយមានការលើកទឹកចិត្ដពីសមាជិកក្រុម ពួកគេនៅតែបន្ដពុះពាររហូតផលិតបាននូវផលិតផលសម្រេចសម្រាប់ការប្រកួតប្រជែង និងទទួលបានជយលាភីថែមទៀត។
កញ្ញាបានពន្យល់ថា៖ «ទោះបីជាយើងរៀនពីស្ថាបត្យកម្មស្រាប់ក៏ពិតមែន ប៉ុន្ដែពេលយើងចូលរួមប្រកួតប្រជែង យើងមិនមែនប្រើតែជំនាញស្ថាបត្យកម្មនោះទេ វាទាក់ទងនឹងការធ្វើជំនួញ គិតពីហិរញ្ញវត្ថុការគ្រប់គ្រង រួមទាំងទីផ្សារ។ យើងអត់ដែលបានសិក្សាស្រាវជ្រាវដល់បញ្ហាទាំងអស់នេះទេ»។
ជាមួយទឹកប្រាក់រង្វាន់ ២ ពាន់ដុល្លារ និស្សិតទាំង ៣ នាក់ បានឱ្យដឹងថា ថ្វីដ្បិតតែប្រាក់រង្វាន់មិនជាច្រើនសម្រាប់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេសប្បាយចិត្ដដែលបានឈ្នះការប្រកួត ទទួលពាន និងមានការទទួលស្គាល់ច្រើនពីសំណាក់អ្នកចូលរួមកម្មវិធី។
លោក សត្យា និយាយថា៖ «ដំបូងឡើយ យើងមិនគិតថា យើងនឹងអាចឈ្នះនោះទេដោយសារវាជាកម្មវិធីថ្មីសន្លាងសម្រាប់យើង និងគ្រាន់តែចង់ទទួលបានបទពិសោធន៍ ក៏ដូចជាការពង្រឹងការងារជាក្រុម និងស្គាល់ពិភពខាងក្រៅឱ្យបានច្រើន។ ក្រុមចូលរួមប្រកួតផ្សេងៗទៀត ក៏មានគំនិត និងសមត្ថភាពល្អៗផងដែរ»។ ក្នុងនាមជានិស្សិតផ្នែកស្ថាបត្យកម្ម យុវជនទាំង ៣ នាក់ ត្រូវបានលើកទឹកចិត្តឱ្យប្រើវិធីសាស្ដ្រនិរន្ដរភាពដើម្បីលើកស្ទួយបរិស្ថាន ហើយពួកគេក៏បានស្នើឱ្យប្រជាពលរដ្ឋគិតគូរពីតម្លៃនៃបរិស្ថានផងដែរ៕