ភ្នំពេញៈ បើទោះជារូបគំនូរបង្ហាញពីថ្វីដៃមិនស្រស់ស្អាតនិងគ្មានភាពរស់រវើកដូចរូបគំនូរបច្ចុប្បន្នក្តី ប៉ុន្តែតាមរយៈគំនូរនីមួយៗបានរៀបរាប់ពីពុទ្ធប្រវត្តិនិងរឿងជាតក ហើយតាមរយៈគំនូរនេះបានដាស់អារម្មណ៍យុវជនឱ្យនឹកដល់អតីតកាលនៃជំនាន់នីមួយៗដែរ។ នោះគឺជាព្រះវិហារចំណាស់មួយមានអាយុកាល ៥៨ ឆ្នាំ នៃវត្តបឹងកោះស្រែប្រាំង ស្ថិតនៅភូមិដំណាក់ត្របែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បើគេសម្លឹងមើលព្រះវិហារវត្តស្រែប្រាំងពីចម្ងាយមុននឹងចូលដល់បរិវេណវត្ត គេនឹងឃើញកំពូលព្រះវិហារមានទម្រង់ក្បាច់បុស្បុក នៅលើកំពូលព្រះវិហារមានរូបព្រហ្មមុខ ៤ និងឆត្ររួត ៥ ថ្នាក់។ ព្រះវិហារនេះមានហោ ជាងចំនួន៣ គឺនៅខាងមុនមានសរសេរព្រះនាមចៅអធិការវត្តព្រះនាមអ៊ួច មូល ខាងក្រោយនិងនៅទិសខាងជើងដែលហោជាងនីមួយៗរំលេចដោយក្បាច់ចម្លាក់និងក្បាច់ផ្កាផ្ញី។ចំណែកនៅផ្នែកខាងក្នុងវិញគេឃើញនៅលើជញ្ជាំង មានគំនូរជាង៥០ផ្ទាំងដែលជារូបគំនូរនិទានពីពុទ្ធប្រវត្តិនិងគំនូរប្រហែល ៤០ ផ្ទាំងផ្សេងទៀតនិយាយពីរឿងជាតក ជាមួយរូបគំនូរសាសនាផ្សេងៗផង។
ព្រះចៅអធិការវត្តបឹងកោះស្រែប្រាំង ព្រះនាម កៅ ខេមរា ព្រះជន្ម ៤១ វស្សាបានមានថេរដីកាប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា វត្តបឹងកោះស្រែប្រាំង មានព្រះសង្ឃគង់នៅចំនួន៦អង្គ ហើយនៅក្នុងវត្តក៏មានព្រះវិហារចំណាស់១ដែរដែលបានកសាងឡើងអំឡុងឆ្នាំ១៩៦៥ ដែលនៅពេលនោះប្រទេសកម្ពុជាកំពុងមានសង្គ្រាមនៅផ្នែកខ្លះនៃប្រទេស។ ចៃដន្យពេលកំពុងកសាងស្រាប់តែសង្គ្រាមខ្មែរក្រហមមកដល់ ហើយត្រូវផ្អាកកសាងចាប់តាំងពីពេលនោះមក។
ព្រះអង្គមានថេរដីកាបន្តថា៖«ព្រះវិហារហ្នឹងធ្វើមិនទាន់ហើយទេ ធ្វើបានប្រហែលជា៨០ភាគរយប៉ុណ្នឹងទេ ព្រោះសម័យសង្គ្រាមមកព្រឹបទៅរត់ចោលទាំងជាងទាំងលោកអស់ទៅ។អ៊ីចឹងវិហារទុកចោលធ្វើអត់ទាន់រួចរាល់ទេ»។
ព្រះអង្គមានថេរដីកាបន្តទៀតថា ពេលមុនសង្គ្រាមមកដល់ក្រុមជាងបានឆ្លាក់ក្បាច់នៅផ្នែកដំបូល រួចរាល់អស់ហើយ។ ចំណែក ស៊ុមទ្វារនិងស៊ុមបង្អួចនៅទិសខាងលិចកាលនោះជាងបានឆ្លាក់រួចដែរតែនៅទិសពីខាងជើង និងទិសខាងត្បូងនៅមិនទាន់ឆ្លាក់រួចរាល់។ចូលមកដល់ឆ្នាំ១៩៧៩ដែលប្រទេសត្រូវបានរំដោះទាំងស្រុងពីរបបខ្មែរក្រហមមកព្រះវិហារនេះត្រូវទុកចោលរហូតមកដល់បច្ចុប្បន្ន។
ព្រះអង្គកៅ ខេមរាមានថេរដីកា បញ្ជាក់ថា ចំពោះព្រះវិហារ១នេះមានបណ្តោយប្រហែល១៨ម៉ែត្រនិងទទឹង៩ម៉ែត្រដែលមានទាំងគំនូរនិងក្បាច់ចម្លាក់ផ្សេងៗគឺនៅរក្សាទម្រង់ដើមទាំងអស់។ប៉ុន្តែព្រះអង្គធំដែលបានតម្កល់នៅក្នុងព្រះវិហារត្រូវបានពួកខ្មែរក្រហមយកទៅវាយចោលទម្លាក់ក្នុងទឹកស្រះអស់ហើយដោយសារនៅជំនាន់នោះខ្មែរក្រហមបានយកធ្វើជារោងម៉ាស៊ីនកិនស្រូវ។រីឯរូបគំនូរខ្លះពួកវាបានយកកំបោរសទៅលាបពីលើតែប្រជាពុទ្ធបរិស័ទ្ធបានលាងដុសអាចមើលឃើញរូបគំនូរប្រហែលជា៩០ភាគរយវិញ តែយ៉ាងណាក៏មិនដូចដើមដែរ។
បើតាម ថេរដីកា ព្រះចៅអធិការ កៅ ខេមរា ថា ព្រះវិហារចំណាស់នេះមានចម្ងាយប្រហែលជា៥គីឡូម៉ែត្រតែប៉ុណ្ណោះពីព្រំដែនវៀតណាម ហើយពេលមានពិធីបុណ្យទានម្តងៗដូចជាបុណ្យកឋិន បុណ្យចូលឆ្នាំ ឬបុណ្យផ្សេងៗក៏មានប្រជាពលរដ្ឋវៀតណាមឆ្លងមកធ្វើបុណ្យដែរ។ ព្រះវិហារចំណាស់នេះទៀតសោត ជញ្ជាំងរបស់វាចាក់បេតុងមិនរៀបឥដ្ឋទេ ហើយមកដល់បច្ចុប្បន្ននេះក៏នៅតែមានសភាពរឹងមាំដដែលទេ ពោលគឺពុទ្ធបរិស័ព្ទអាចចូលធ្វើបុណ្យទានបាន។ប៉ុន្តែទោះជានៅប្រើប្រាស់បានក្តីក៏ព្រះអង្គក៏ដូចជាមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពត រក្សាទុកជាសម្បត្តិបេតិភណ្ឌសម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយមើល។
ព្រះអង្គ កៅ ខេមរា មានថេរដីកា បន្ថែមថា ដោយសារវត្តត្រូវរក្សាព្រះវិហារចាស់ទុកដូច្នេះព្រះអង្គបាននិងកំពុងឱ្យជាងសាងសង់ព្រះវិហារព្រះ១ទៀតដែលមានកម្ពស់២ជាន់ហើយត្រូវចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារឯណោះទើបសង់រួច។ ដូច្នេះហើយព្រះអង្គក៏អំពាវនាវដល់ពុទ្ធបរិស័ទដែលមានការជឿបុណ្យអាចចូលជាប្បច្ច័យទៅតាមសទ្ធាដើម្បីបានភ្ជាប់និស្ស័យបុណ្យក្នុងព្រះពុទ្ធសាសនា។
ពាក់ព័ន្ធសំណង់ព្រះវិហារចំណាស់នេះដែរត្រូវបានលោក ពៅ រតនៈ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ព្រះវិហារដែលមានស្លាកស្នាមគំនូរបុរាណដូចនេះត្រូវចាត់ទុកជាបេតិកភណ្ឌ ហើយ។អ្វីដែលចាស់ៗឱ្យតែស្លាកស្នាមដែលមានអាយុកាលយូរឆ្នាំគឺខាងមន្ទីរចាត់ទុកជាបេតិកភណ្ឌ ហើយខាងមន្ទីរក៏មានកាតព្វកិច្ចការពារនូវវត្តបុរាណ្យចាស់ៗទាំងអស់នៅក្នុងខេត្តកំពត។
លោកថ្លែងថា៖«ខាងមន្ទីរធម្មការ ខាងក្រសួងធម្មការ ខាងក្រសួងវប្បធម៌ និងខាងក្រសួងមហាផ្ទៃ មានសេចក្តីជូនដំណឹងដើម្បីការពារនូវវត្តដែលមានអាយុកាលចំណាស់មិនឱ្យនរណាម្នាក់អាចបំពានបានទេ»៕