ភ្នំពេញ​: លោក​អ៊ុក ដា​រា​ច័ន្ទ ជា​វិចិត្រករ​ខ្មែរ​ដែល​មាន​បទ​ពិសោ​ធន៍​រត់​ភៀស​ខ្លួន​ពី​សង្គ្រាម​ជា​ច្រើន​លើក​ច្រើនសា​បានតាំ​ង​បង្ហាញ​ស្នាដៃ​រយៈពេល​ជាង ​៤០ ​ឆ្នាំ​ តាំង​ពី​ឆ្នាំ ​១៩៨០ រ​បស់​លោក​ជា​លើក​ដំបូង ​នៅ​ក្នុង​ឱកាស​ង្ក្រា​ន្ដឆ្នាំ​ថ្មី​ឯ​ប្រទេ​ស​បារាំង ​ដើម្បី​បាន​ចំណូល​សម្រាប់​បម្រើ​ដល់​ផ្នែក​មនុស្ស​ធម៌​។

​ពិព័​រណ៍​គំនូរ​៣២​ផ្ទាំង​ ដែល​ភាគច្រើន​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ខ្មែរ ត្រូវបាន​តាំង​បង្ហាញ​នៅ​ទីក្រុង​ចំនួន២នៃ​ប្រទេស​បារាំង ហើយ​ប្រាក់​ចំណូល​ពី​ការលក់​គំនូរ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រ​ជាជន​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ប្រទេស​។

​លោក​បានសរ​សេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក អំឡុង​ពេល​កំពុង​តាំង​ពិព័រណ៍​ថា​៖ «​សុភ​មង្គល​ក្នុង​អា​រម្មណ៍​គឺ​ជា​ការធ្វើ​អ្វី​មួយ​ដោយ​សុទិដ្ឋិ​និយម​ ហើយ​បានទ​ទួល​ជោគ​ជ័យ ​ទោះជា​តិច ឬ​ច្រើន សំខាន់​គឺ​ទង្វើ​ដោយ​មាន​ការរួបរួម​សាម​គ្គី​ជួយ​ជ្រោម​ជ្រែង​គ្នា​ទៅ​វិញ​ទៅម​ក មិន​គិតពី​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​។ នេះ​ជា​ជំ​ហាន​ទី​១​ ហើយ​នឹង​នៅ​មាន​បន្ត​ទៀត​»​។​

ការ​តាំង​ពិ​ព័រ​ណ៌​គឺជា​ពេល​វេលា​ដ៏​សំខាន់​មួយ​សម្រាប់ ​លោក​ ដា​រា​ច័ន្ទ ដែល​បានរ​ស់នៅ​រៀបការ​ និង​ធ្វើការ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​ច្រើន​ឆ្នាំ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ធ្លាប់​ជា​ជនភៀ​ស​ខ្លួន​តាំងពី​ជំនា​ន់ លន់ នល់ ជំនាន់​ខ្មែរ​ក្រហម ​ហើយ​ឥឡូវ​នេះ ខ្ញុំ​រ​ត់​ភៀស​ខ្លួន​ពី​អ៊ុយ​ក្រែ​ន​ទៀត​។ ខ្ញុំ​មាន​គំនិត​ចង់​ជួយ​អ្នក​មិន​មាន​លទ្ធ​ភាព​ភៀស​ខ្លួន​ចេញ​ និង​អ្នក​នៅ​ក្រាញ​ននៀល​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​»​។

លោក ដា​រា​ច័ន្ទ​ បា​នឱ្យដឹ​ងថា លោក​បាន​ទៅ​រស់នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​តាំងពី​លោក​ត្រូវ​បាន​ជ្រើស​រើស​ទៅ​បន្ដ​ការ​សិក្សា​ផ្នែក​សិល្បៈ​ក្នុង​ឆ្នាំ​១៩៨៥​ ដោយ​បាន​រៀប​ការ និង​មាន​កូន​២​នាក់​។

លោក​បាន​ចូល​រៀន​សាលា​វិចិត្រ​សិល្បៈក្នុ​ង​ឆ្នាំ​១៩៨០​ ហើយ​នៅ​ឆ្នាំ​១៩៨៥​ ដោយ​សារតែ​រៀន​ពូកែ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​បន្ដ​នៅ​សហ​ភាព​សូវៀត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​ ១៩៩១ ​អ៊ុយ​ក្រែន ​ត្រូវ​បាន​បំបែក​ជា​រដ្ឋ​ឯក​រាជ្យ​។​

ជាមួយ​ភរិយា ​និង​កូន​២នាក់​ វិចិត្រករ​ខ្មែរ​រូបនេះ​បាន​សម្រេច​ចិ​ត្ដ​យក​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​ផ្ទះ​ទី​២​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ដោយ​មិន​ចង់​ឱ្យ​ពួក​គេ​រស់​នៅ​ឯកាពី​ឪពុក​ដូច​រូប​លោក​។

លោក​បាន​រំឭក​ថា​៖«​ឪពុក​ខ្ញុំ​បាន​បូជា​ជីវិត​នៅលើ​សមរ​ភូមិ​ជំនាន់​ឆ្នាំ​១៩៧០​ដោយ​ទាហាន​ខ្មែរ​ក្រហម​បាន​សម្លាប់​គាត់​អំឡុង​ពេល​ខ្ញុំ​អាយុ​ទើប​៩​ឆ្នាំ​។ ខ្ញុំ​បន្ដ​នៅ​ប្រទេស​អ៊ុយ​ក្រែន ​ដោយ​ចាប់​ជំនាញ​គូររូ​ប និង​ហាត់​តេ​ក្វាន់​ដូ​ ថែម​ទៀត​។

​លោក​បាន​បង្កើត​ស្នាដៃ​គំនូរ​ជា​ច្រើន​នៅលើ​ទឹកដី​ប្រទេស​អ៊ុយ​ក្រែន​តាំង​ពី​ទសវ​ត្សរ៍១៩៩០​ ដោយ​ផ្ដោត​លើ​សិល្បៈ​ខ្មែរ​ភាគ​ច្រើន និង​សិល្បៈ​អ៊ុយ​ក្រែ​ន​តិច​តួច​។

លោក​បាន​បន្ដ​ថា សឹង​តែ​ជា​រៀងរា​ល់ឆ្នាំ​តាំងពី​លោក​មក​រស់នៅ​ទីក្រុង​ Berezan លោក​តែង​តែ​ធ្វើការ​តាំង​ពិព័រ​ណ៍​ស្នាដៃ​សិល្បៈ​របស់​លោក​ដើម្បី​ឱ្យ​ប្រជាជ​ន​ក្នុង​ទីក្រុង​ស្គាល់​ពី​លោក និ​ង​ទឹកដី​កំណើត​លោក​។​

ទោះជា​ស្នា​ដៃ​របស់​លោក​ត្រូវ​បាន​គេទទួល​ស្គាល់ និង​ដឹងឮ​ច្រើន​ក៏ដោយ​ ក៏​លោក​មិន​រំពឹងថា​ លោក​អាច​ចិញ្ចឹម​ជីវិត​និង​ក្រុម​គ្រួសារ​ជា​មួយនឹ​ង​អាជីព​នេះ​ទាំ​ងស្រុង​ដែរ ហើ​យដោយ​លោក​ស្រឡាញ់​ក្បាច់​គុន​តេ​ក្វាន់​ដូ​តាំ​ងពី​នៅ​ស្រុក​ខ្មែរ​ លោក​បាន​បន្ត​ហាត់​ក្បាច់​គុន​នេះ​នៅ​អតីត​សហ​ភាពសូ​វៀត​រហូត​ដល់​បើក​ក្លិប​នាគរាជ​នេះ​ឡើង​ដែល​មាន​សិស្ស​ជាង​១០០​នាក់​។​

ទោះ​បីជា​​យ៉ាង​ណាក៏​ដោយ​ លោក ដា​រា​ច័ន្ទ និង​ក្រុម​គ្រួសារ​ត្រូវ​ភៀស​ខ្លួន​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​បារាំង ​នៅ​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លាន​ពាន​អ៊ុយ​ក្រែ​ន ​កាល​ពី​ជាង​ ១​ ឆ្នាំ​មុន​។​

លោក​ ដា​រា​ច័ន្ទ និយាយ​ថា ​ពួកគេ​បាន​មក​ដល់​ប្រទេស​បារាំង​ ហើយ​លោក​ចាប់​ផ្ដើម​តាំង​ពិព័រណ៍​លើក​ដំបូង ដោយ​សារ​មិន​សូវ​មាន​ពេល​វេលា​​គូរ​។

នៅ​ប្រទេស​បារាំង​ លោក​បាន​ឱ្យដឹង​ថា សម្ភា​រ​ប្រើប្រា​ស់​មានត​ម្លៃ​ថ្លៃជា​ង​តម្លៃ​នៅផ្ទះ​ឯ​ប្រទេស​អ៊ុ​យ​ក្រែ​ន ដោយ​ជក់​ ១​ មាន​តម្លៃ​រហូត​ដល់ ២​៥ អឺរ៉ូ ហើយ​ខុស​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​។

ដំបូង​ឡើយ ពួ​កគេ​រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​ដែល​រដ្ឋាភិ​បាល​បារាំង​បាន​ផ្ដល់​ឱ្យ​ជន​ភៀសខ្លួ​ន​អ៊ុយ​ក្រែន​ លោក​ចាប់​ផ្ដើម​គូរ​គំនូរ​រហូត​ដល់​ប​ច្ចុ​ប្បន្ន ពួក​គេ​ទទួល​បាន​ផ្ទះ​ធំ​សម​រម្យ​ជាង​មុន​។

ថ្វីដ្បិ​តតែ​លោក​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក៏​ដោយ​ ក៏​ចំណង់​ចំណូល​ចិត្ត​រប​ស់ ដា​រា​ច័ន្ទ ចំពោះ​សិល្បៈ​នៅតែ​មិន​ប្រែ​ប្រួល ហើយ​គំនូរ​របស់​លោ​កឆ្លុះ​បញ្ចាំង​ពី​វប្ប​ធម៌​ខ្មែរ និង​សិល្បៈ​អ៊ុយ​ក្រែ​ន​។​

លោក ​ដា​រា​ច័ន្ទ បាន​ឱ្យដឹ​ងថា​៖ «​ខ្ញុំ​ទើប​ចាប់ផ្ដើម​គូរ​គំនូរ​ទាក់​ទង​នឹង​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន ប៉ុន្មាន​ផ្ទាំង ​ពេល​មាន​មហាជន​សំណូម​ពរ​ច្រើន​ដើម្បី​រួម​ចំណែក​។ជាទូ​ទៅខ្ញុំ​ចូល​ចិ​ត្ដ​សិល្បៈ​បែប​វប្បធម៌​ច្រើន​ជាង​»​។

លោក​បាន​នាំ​ភរិយា ​និង​កូនស្រី​ភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​មក​បារាំង ​ដោយ​បន្សល់​ទុក​កូន​ប្រុស​ឱ្យនៅ​ចាំ​ផ្ទះ​។

លោក​បាន​អះអាង​ថា​៖ «​គាត់​ស្នេហា​ជាតិ​ណាស់​។ គាត់​ចង់​ធ្វើជា​ទា​ហាន តែ​ប្រពន្ធ​គាត់​ឃាត់ ​ដោយ​ឱ្យ​រង់ចាំ​មួយរ​យៈ​ទៀត​សិន​។ គាត់​នៅ​មើល​ការ​ខុស​ត្រូវ​ក្លិប​តេ​ក្វាន់​ដូឈ្មោះ​ ក្លិប​នាគរាជ ​ហើយ​កូនស្រី​ខ្ញុំ​ក៏​មិន​ចង់​ចាក​ចេញ​ដែរ​គាត់​ចង់​ចូល​បម្រើ​កង​ទ័ព​»​។

ការ​តាំង​ពិព័រណ៍​គំនូរ​ ៣២ ផ្ទាំ​ង​ នៅ​បេ​សាន​ខុន ​និង​ទីក្រុង​​ លី​យ៉ុង​ ប្រទេស​បារាំង​ផ្ដោត​សំខាន់​លើ​វប្បធម៌​ខ្មែរ​អ៊ុយ​ក្រែ​ន​និង​បារាំង​មាន​តែ ​៣ ​ផ្ទាំង​។

ចំពោះ​ការ​គូរ​គំនូរ​ស្ដីពី​វប្បធម៌​នេះ​វិចិត្រករ​រស់នៅ​ឯនាយស​មុទ្រ ​លោក​ ដា​រា​ច័ន្ទ​ គូរ​តាម​លំនាំ​រូបភាព​ដែល​មិ​ត្ដ​ភក្ដិ​ផ្ញើ​ឱ្យ​បូក​រួម​នឹង​ការ​ទស្សនា​ផ្ទាល់ និង​ការ​ស្រមើ​ស្រមៃ​។

​សម្រាប់​លោក​ ដា​រា​ច័ន្ទ ការ​តាំង​ពិ​ព័រ​ណ៍​នេះ ​គឺជា​ឱកាស​មួយ​ដើម្បី​ចែករំ​លែក​សិល្បៈ​ទៅកាន់​ទស្សនិក​ជន​ថ្មីៗ និង​ភ្ជាប់​ជា​មួយ​ឫស​គល់​កម្ពុជា​ឡើង​វិញ​។​ ​វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពីបទ​ពិសោ​ធន៍​របស់​លោក​ក្នុង​កា​ររស់នៅ​ឆ្លងកាត់​សង្គ្រាម​ប្រទេស​អ៊ុយ​ក្រែ​ន ​និង​ដើម្បី​ប្រើ​ប្រាស់​សិល្បៈ​បង្ហាញ​ពី​ការ​ឈឺចា​ប់ និង​របួស​ដែល​លោក ​និង​គ្រួ​សារបាន​ជួប​ប្រទះ​។

បច្ចុប្បន្ន​នេះ លោ​ក​សហ​ការ​ជាមួយ​ប្រជាជន​កម្ពុជា​រៀបចំ​គម្រោង​មួយ​ដើម្បី​ជួយ​ដល់​ប្រជា​ជន​អ៊ុយ​ក្រែ​ន ហើយ​លោក​ក៏​ចែករំ​លែក​ចំណូល​ផ្ទាល់ខ្លួ​ន​ខ្លះ​សម្រាប់​ផ្ដល់​ជា​ជំនួយ​ដល់​ជន​ភៀសខ្លួ​ន​អ៊ុយ​ក្រែ​ន​ផងដែរ​។​

គម្រោង​នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការប្ដេ​ជ្ញា​ចិត្ត​រប​ស់លោក ដា​រា​ច័ន្ទ ក្នុង​ការ​ប្រើប្រាស់​សិល្បៈ​ដើម្បី​បង្កើត​ផល​វិជ្ជ​មាន​ក្នុង​ពិភព​លោក​។​

​វិចិត្រករ​ អ៊ុក ដា​រា​ច័ន្ទ បាន​បោះពុ​ម្ព​កូនសៀ​វភៅ​ស្ដីពី​ជី​វប្រ​វ​ត្ដិ និង​សកម្ម​ភាព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ ១៩៨០-២០២២​ ចំនួន​១ ០០០​ច្បាប់​ជា​ភាសា​បារាំង ​ជា​មួយ​នឹង​គំនូរ​ចាស់ ​និង​ថ្មី​ជូន​ភ្ញៀវ​ទុក​ជា​វត្ថុ​អនុ​ស្សាវរីយ៍ ពេល​មក​ទស្ស​នា​ការ​តាំង​ពិ​ព័រណ៍​របស់​លោក​៕