បាត់ដំបងៈ អង្គការល្ខោន​គំនិត​ (LKO) មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាត់ដំបង​​បង្កើត​ភាព​កក្រើក​ក្នុង​ពិភព​ល្ខោនព្រោះ​វា​ជួយ​ការពារ និង​អភិវឌ្ឍ​ល្ខោនខោល​ជា​ទម្រង់​ល្ខោន​បុរាណ​ខ្មែរ​។​

អង្គការល្ខោន​គំនិត ​មាន​បេសកកម្ម​លើស​ពី​​ក្រុម​ល្ខោនដែល​ចលករ​អភិវឌ្ឍន៍​​​សហគមន៍​របស់ខ្លួនតាម​រយៈ​ការ​​ប្រើ​ល្ខោន​ជា​ឧបករណ៍​សម្រាប់​ការផ្លាស់ប្តូរ​សង្គម​។​

លោកឈិ​តចាន់​ភី​រ៉ា​ក់ ស្ថាបនិកនិង​ជានា​យក​អង្គការ​ល្ខោន​គំនិត​ បាន​និយាយថា៖​«​ការ​ទស្សនា​​កម្មវិធីអង្គការ​តែងតែ​ផ្ដល់​ការ​យល់​ដឹង​ថ្មី​ៗ ​និង​ស៊ីជម្រៅ​អំពី​បុគ្គលក្រុមឬ​បញ្ហាហើយ​ជាមួយនឹង​គំនិត​មួយចំនួន​អំពី​សកម្មភាព​ដែល​ពួកគេ​អាចធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​កែលម្អ​ស្ថានភាព​​​»។ ​

​អង្គការ​ដែលបាន​ហៅ​ខ្លួន​ថា ​​ក្រុម​ល្ខោន​​មូលដ្ឋាន​​មាន​គោល​ដៅ​ផ្ដល់​​សំឡេងដល់​អ្នក​​ដែល​មិន​ធ្លាប់ត្រូវ​បាន​គេ​ស្ដាប់​​ឮ​ក្នុងការ​អភិវឌ្ឍ​ល្ខោននិយាយ​ភាសា​ខ្មែរ។​​ពាក្យ «​ល្ខោនគំនិត​​» ដែល​អង្គការ​​ប្រើ​ប្រាស់​ឈ្មោះ​នេះ​ដើម្បី​​លើកទឹកចិត្ត​មនុស្ស​ឱ្យចូល​រួម​ក្នុង​ការគិត​ស៊ីជម្រៅ​។​

​លោកចាន់​ភី​រ៉ា​ក់ បាន​ឱ្យ​ដឹង​ថា៖​«​​ទស្សនិកជន​របស់​យើង​មិនដែល​នៅ​ស្ងៀម​ទេព្រោះភាព​​ពិសេស​របស់​យើង​គឺយើង​បង្កើត​កម្មវិធី​ការ​សម្ដែង​បែប​វេទិកា​រួម​ ​ដែល​យើង​អញ្ជើញ​ទស្សនិកជន​ចូល​រួម​ជាមួយ​​ការសម្តែង​លើ​ឆាកដោយ​​ជំនួស​តួ​សម្តែងហើយ​ព្យាយាម​ផ្លាស់ប្តូរ​លទ្ធផល​សាច់​​រឿង»​។ ​

​លោក​បាន​​បន្ដ​ថាវិធីសាស្ត្រ​នេះ​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​ឱ្យ​ធ្វើការ​រួមគ្នា​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហាបង្កើន​សំឡេង​របស់​ពួកគេនិង​អភិវឌ្ឍ​ជំនាញ​ការគិត​ប្រកបដោយ​ការ​ត្រិះ​រិះ​ពិចារណា​​។​

​លោកចាន់​ភី​រ៉ា​ក់ បាន​និយាយថា​ អង្គការ​ល្ខោន​គំនិត​​ចែករំលែក​ចំណេះដឹង​តាមរយៈ​ការសម្តែង​ដើម្បី​ផ្សព្វផ្សាយ​ល្ខោន​និយាយ​ដែល​កំពុង​ប្រឈម​នឹង​ការបាត់​ខ្លួនដោយសារ​កង្វះខាត​ក្រុម​ល្ខោន​អាជីព​ទូទាំងប្រទេសដែល​បច្ចុប្បន្ន​មានតែ​ ៣​ក្រុម​​ប៉ុណ្ណោះ​​​កំពុងដំណើរការ​។​

សមាជិក​ក្រុម​របស់អង្គការ​ល្ខោន​គំនិត​មាន​ទស្សនៈ​​វិជ្ជមាន​ចំពោះ​សិល្បៈ​​ល្ខោនបើទោះបី​ជាមាន​ប្រវត្តិ​លំបាក​ក៏ដោយ។​​លោកចាន់​ភី​រ៉ា​ក់ បាន​រំឭកថា​៖ «​ក្នុងនាម​ជា​ក្រុម​សិល្បករ​ល្ខោន​ក្រៅ​ប្រព័ន្ធ​​ដែល​សុទ្ធតែជា​មិត្តភក្តិយើង​បានចាប់ផ្ដើម​ដំណើរការ​គម្រោង​ជាមួយ​ស្ត្រី​ដែល​ប្រឈម​នឹង​អំពើហិង្សា​ក្នុង​ឆ្នាំ២០១៧​​។​​ការងារ​របស់​យើង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ម្ចាស់​ជំនួយដែល​ផ្តល់​ការគាំទ្រ​ដល់​ពួកយើង​ដើម្បី​រៀបចំ​ជា​ផ្លូវការ​។ជា​លទ្ធផលយើង​អាច​ចុះឈ្មោះ​ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​​នៅ​ឆ្នាំ២០១៩​»​។​

​គោលបំណង​របស់​អង្គការ​គឺ​ដើម្បី​បញ្ចូល​សំឡេង​ដែល​មិន​ធ្លាប់​ឮ​ទៅក្នុង​រាល់​ការសម្តែង​ល្ខោន​នៅ​​កម្ពុជានិង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការផលិតការសម្តែងនិង​ការចូលរួម​ល្ខោន​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​​ផ្សេងៗ​។​

សហស្ថាបនិក​អង្គការបាន​បន្ដថា​៖ «​​ការ​សម្ដែង​​របស់​យើង​ទាំងអស់​ចាប់ផ្តើម​ពី​បញ្ហា​ជីវិត​ពិត​ដែល​ប្រជាជន​កម្ពុជា​កំពុង​ជួប​ប្រទះ​​ មិន​ថា​យើង​កំពុងធ្វើការ​ជាមួយ​អ្នក​ខ្វះខាត​ក្នុង​ការ​ចែករំលែក​រឿង​របស់​ពួកគេឬ​ចាប់​ដៃគូ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ធំ​​ដើម្បី​បង្កើត​កម្មវិធី​ផ្អែកលើ​ប្រធានបទ​នោះ​»​។​

​ស្ត្រី​ ១ក្រុម​នៅ​ខេត្តបាត់ដំបង​បាន​​សម្ដែង​រឿង​​ «​យប់​ស្ងាត់​» ​ដែល​ផ្អែកលើ​បទពិសោធន៍​ផ្ទាល់ខ្លួន​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​​។ការសម្តែង​នេះ​គឺជា​ផ្នែក​មួយ​នៃយុទ្ធនាការ​​​ប្រឆាំងនឹង​អំពើហិង្សា​ផ្អែកលើ​យេនឌ័ររយៈ​ពេល១៦​ថ្ងៃ​​ដែល​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៦ខែធ្នូឆ្នាំ២០២២​ដោយ​មានការ​ចូលរួម​ពី​សមាជិក​សហគមន៍និង​មន្ត្រី​រដ្ឋាភិបាល​។​

​លោកចាន់​ភី​រ៉ា​ក់ បាន​លើក​ឡើង​ថា៖«​​អំពើហិង្សា​លើ​ស្ត្រីនិង​កុមារីគឺជា​បញ្ហា​ប្រឈម​ត្រូវ​ដោះ​ស្រាយ​បន្ទាន់​នៅក្នុង​សហគមន៍​របស់​យើង។ដូច្នេះ​អង្គការ​ល្ខោន​គំនិត​តែងតែ​ធ្វើការ​ជាមួយ​ក្រុម​គោលដៅ​នេះហើយ​យើង​អនុវត្ត​ជាប្រចាំ​នៅក្នុង​ព្រឹត្តិការណ៍​នានា​​ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ១៦ថ្ងៃ​»​។​

អង្គការ​ល្ខោន​គំនិត​បាន​សហការ​អង្គការ​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​ជនបទ (PRD) សម្រាប់​ការ​សម្ដែង​​ល្ខោន​វេទិការឿង​«​​​ឡើង​​ចុះ»​ដែល​ផ្តោតលើ​ការតស៊ូ​របស់​កសិករ​ដំឡូង​មី​។​

លោក​​និយាយថា៖​«​​ថ្មីៗ​នេះ​យើង​បាន​​ផលិត​រឿង​ «​ឡើង​ចុះ​»​អំពី​ការដាំ​ដំឡូង​ដោយ​សហការ​ជាមួយ PRD និង​សាកល​វិទ្យាល័យ Melbourne ហើយ​កាលពី​ឆ្នាំមុនយើង​ក៏​បានធ្វើការ​ជាមួយ Samaritan''s Purse លើ​យុទ្ធនា​ការប្រឆាំង​ការ​ជួញ​ដូរ​​​មនុស្ស​ផង​ដែរ»។​

​វា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ដែល​ឃើញ​ការ​រួម​បញ្ចូល​គ្នា​រវាង​ទម្រង់​​​សិល្បៈ​សម្តែងនិង​ចំណេះដឹង​កសិកម្ម​ ដើម្បី​ឆ្ពោះទៅរក​គោល​បំណង​រួម​ក្នុង​ការជួយ​កសិករ​ដំឡូង​មី​ឱ្យ​ជម្នះ​ការលំបាក​របស់​ពួកគេ​។​

លោកចាន់​ភី​រ៉ា​ក់ បាន​ឱ្យ​ដឹង​ថាពួកគេ​ជឿជាក់ថា​ល្ខោន​មិន​ត្រឹមតែ​បង្កើត​ទំនុកចិត្ត​និង​ការយល់ដឹង​ពី​ខ្លួនឯង​សម្រាប់​បុគ្គល​ប៉ុណ្ណោះ​ទេប៉ុន្តែ​ថែមទាំង​ជំរុញ​ការពិភាក្សា​ជា​វិជ្ជមាន​និង​គាំទ្រ​សហគមន៍​ក្នុងការ​​ជម្នះ​​ឧបសគ្គ​។​

លោក​បានប្រាប់​ភ្នំពេញប៉ុស្តិ៍ថា៖ «​​​នៅក្នុង​គម្រោង​មួយចំនួនយើង​គាំទ្រ​សមាជិក​សហគមន៍​ឱ្យ​បង្កើត​កម្មវិធី​ផ្ទាល់ខ្លួន​ដែល​ជួយ​​​បង្កើន​សំឡេង​របស់​ពួកគេដូចជារឿង​ «​​រាត្រី​ស្ងាត់»សម្ដែង​ដោយ​ស្ត្រី​ប្រឈម​នឹង​អំពើហិង្សារឿង «​​ផ្លូវ​របស់​យើង​»សម្ដែង​ដោយ​ជនពិការនិងរឿង​«​​ឈុត​ស»សម្ដែង​ដោយ​សមាជិក​នៃ​សហគមន៍ LGBTQ+»។ ​​

​​អង្គការ​បន្ទាយស្រី​តែងតែ​អញ្ជើញអង្គការ​ល្ខោន​គំនិត​មក​សម្តែង​ក្នុង​ព្រឹត្តិការណ៍យុទ្ធនាការ​១៦​ថ្ងៃ​​ដោយ​អង្គការ​បាន​​សម្ដែង​រឿង​«​ត្រី​នាំ​សំណាង»នៅ​មជ្ឈមណ្ឌល​ក្រុង​បាត់ដំបង​ក្នុង​ឆ្នាំ២០១៩និងរឿង​«​ចុងបញ្ចប់​នៃ​ក្តី​ស្រឡាញ់​»នៅ​ស្រុក​បាណន់​ក្នុង​ឆ្នាំ២០២១​។​

​លោកចាន់​ភី​រ៉ា​ក់ បាន​បន្ថែម​ថាស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​អង្គការ​​ល្ខោន​គំនិត​ ក៏​អាច​ទទួលបាន​ការគាំទ្ររួមទាំង​ការ​ណែនាំ​ផ្នែក​ច្បាប់និង​ការទទួលបាន​ជម្រក​​សុវត្ថិភាព​ពី​​អង្គការ​បន្ទាយស្រី​ផងដែរ​។​

អង្គការ​ល្ខោន​គំនិត​តែងតែ​ធ្វើដំណើរ​ពី​បាត់ដំបង​ទៅ​កាន់​​គោលដៅ​នានាដូចជា​សំឡូតប៉ៃលិននិង​រតនគិរីហើយ​គ្រោង​នឹង​ធ្វើ​ទេសចរណ៍​កាន់តែ​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២៣​។​

អ្នកស្រីBonny Coombeសហស្ថាបនិក​អង្គការ​ល្ខោន​គំនិត​បាន​និយាយថា៖«​ការងារ​របស់​យើង​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាតឱ្យ​សមាជិក​សហគមន៍​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​បញ្ហានានា ​ដូចជា​ការរើសអើង​ប្រឆាំងនឹង​បុគ្គល LGBTQ+ ការមិន​រាប់​អាន​ជនពិការ​ដោយសារតែ​ខ្វះ​ទីកន្លែង​សម្រាប់​ពួកគេ​និង​កង្វះ​អន្តរាគមន៍​សហគមន៍​ដើម្បី​ការពារ​អំពើហិង្សា​លើ​ស្ត្រី»។

​អ្នកស្រីបាន​ឱ្យ​ដឹង​ថាទស្សនិកជនរមែង​និយាយ​អំពី​បញ្ហា​ ២ផ្សេងទៀតសូម្បីតែ​នៅពេលដែល​ប្រធានបទ​នៃ​កម្មវិធី​មិន​និយាយ​ដោយផ្ទាល់​ក៏ដោយ។​

​មួយ​ក្នុងចំណោម​នោះគឺ​មិនអាច​សង​ប្រាក់កម្ចី​ក្រៅផ្លូវការ​​ជាមួយ​​ការ​ប្រាក់​ខ្ពស់ដែល​នាំទៅរក​ជម្រើស​ប្រថុយប្រថាន​ផ្សេងទៀតដូចជា​ការធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារឬ​ការ​ទន្ទ្រាន​​ដី​ដែល​គេ​ដឹងថា​មាន​គ្រោះថ្នាក់​ដោយសារ​សំណល់​នៃ​សង្គ្រាម​។​

​បញ្ហា​ ១ទៀត​គឺ​ការសេព​គ្រឿង​ស្រវឹងនិង​គ្រឿងញៀនដែល​ធ្វើ​ឱ្យ​​ស្ត្រីនិង​កុមារី​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​។ ​អង្គការ​ល្ខោន​គំនិត​កំពុង​ស្វែង​ការ​​ដោះស្រាយ​បញ្ហា​ទាំង ២នេះ​នាពេលខាងមុខ​។​

​លោកចាន់​ភី​រ៉ា​ក់ បាន​បញ្ជាក់​ថា​​ ល្ខោន​និយាយ ​ជា​ទម្រង់​សិល្បៈ​មិន​សូវ​បាន​​ស្គាល់​ច្រើន​នៅ​កម្ពុជាហើយ​ដើម្បី​ធ្វើឱ្យ​វា​ក្លាយជា​សិល្បៈ​ដ៏​រីកចម្រើន​អង្គការ​​ត្រូវ​មាន​មនុស្ស​ជាច្រើន​ចូលរួម​​។​

​សម្រាប់​ព័ត៌មាន​លម្អិតសូម​ចូលទៅ​កាន់​គេហទំព័រហ្វេសប៊ុក​ @lakhonkomnitឬ​ទំនាក់ទំនង​តាមរយៈ​អ៊ីមែល​lakhonkomnit@gmail.com​៕