ភ្នំពេញ: ការចងក្រងសៀវភៅម្ហូប «សោយមរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» របស់ចុងភៅណាក់ គឺជាការងារកើតចេញពីក្តីស្រឡាញ់ដែលបានចំណាយពេល ៤ ឆ្នាំក្នុងការបង្កើតសៀវភៅ តម្រាភោជនាហារម្ហូបរាជវង្សដ៏អស្ចារ្យដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ។
សៀវភៅតម្រាភោជនាហារម្ហូបគឺជាការឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ និងការប្រមូលផ្ដុំនៃរូបមន្ត ដែលត្រូវបានចងក្រងជាឯកសារដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ ចុងភៅដ៏ល្បីឈ្មោះអ្នកស្រីរស់ រតនៈ ហៅចុងភៅណាក់ និយាយថា៖ «សោយ បង្ហាញនូវបទពិសោធន៍នៃមុខម្ហូបជាច្រើនមុខនៅព្រះបរមរាជវាំង ដែលបានស្រាវជ្រាវក្នុងសម័យសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០»។
ចុងភៅណាក់ បាននិយាយអំឡុងពេលពិធីបើកសម្ពោធសៀវភៅតម្រាភោជនាហារនៅសណ្ឋាគារ Rosewood កាលពីថ្ងៃទី ១២ ឧសភា ថា៖ «យើងផ្ដោតលើរូបភាព ការឌីហ្សាញ និងរូបមន្ដ ដែលអាចតំណាងម្ហូបខ្មែរ»។
ដើម្បីបង្កើត និងចងក្រងសៀវភៅតម្រាភោជនាហារ ចុងភៅ ណាក់ បានសហការជាមួយវិចិត្រករឌីជីថលសិរី សុទ្ធដែលគេស្គាល់ថា "សុបិន" និងអ្នកថតរូបជនជាតិខ្មែរដែលឈ្នះពានរង្វាន់ ឡាម៉ូ។ ក្រុមការងារបានធ្វើការដោយមិនចេះនឿយហត់អស់រយៈពេល ៤ ឆ្នាំក្នុងការស្រាវជ្រាវ និងធ្វើឱ្យរូបមន្តម្ហូបរាជវាំងទាំងនេះ មានភាពរឹងមាំឡើងវិញជាមួយនឹងរូបភាពបង្ហាញពីភាពស្រស់ស្អាត ដែលនាំអ្នកអានទៅកាន់តុអាហារនៅរាជវាំង។
ចុងភៅណាក់ ឱ្យដឹងថា៖ «ខ្ញុំពិតជាសំណាងណាស់ដែលបានធ្វើការជាមួយសុបិន និងឡាម៉ូ ជាសិល្បករខ្មែរដ៏មានទេពកោសល្យ ដែលពិតជាបានលើកតម្កើងសៀវភៅតម្រាភោជនាហាររួមទាំង គ្រឿងផ្សំនិងរូបមន្ត តាមរយៈស្នាដៃសិល្បៈដ៏ស្រស់ស្អាតរបស់ពួកគេ»។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់ Rosewood Phnom Penh ដែលបានផ្តល់ទីកន្លែងនិងជួយពួកគេរៀបចំបង្ហាញស្នាដៃវប្បធម៌ខ្មែរ។
ថ្វីដ្បិតតែសៀវភៅនេះផ្ដោតលើតម្រាភោជនាហារក្នុងរាជវាំងក៏អ្នកចង់ស្វែងយល់និងចម្អិនម្ហូបតាម មិនពិបាកក្នុងការធ្វើឡើយ ដោយសារ ចុងភៅណាក់អះអាងថា ក្នុងចំណោមនោះក៏មានសម្លម្ជូរដើមចេកនិងប្រហិតត្រីផងដែរ។
ចុងភៅ ណាក់ បានឱ្យដឹងថា អ្វីដែលខុសគ្នាពីការចម្អិនក្នុងរាជវាំង និងតាមផ្ទះនានានោះ គឺភាពប្រណីតនៃការធ្វើខណៈរូបមន្ដមិនមានលក្ខណៈខុសគ្នាអ្វីឡើយ។
មេចុងភៅម្ហូបខ្មែររូបនេះ បានបន្ដថា សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ជារាជវង្ស ១ អង្គ ដែលដាក់ព្រះទ័យបង្ហាត់បង្រៀនក្មេងស្រីៗ នៅសាលាសុធារស អំពីគេហវិជ្ជា ហើយព្រះអង្គក៏បានបង្រៀនតម្រាភោជនាហារផងដែរ។
ចុងភៅ ណាក់ បានបង្ហាញពីការងឿងឆ្ងល់ថា៖ «យើងអត់ដឹងទេថា នៅក្នុងវាំង មានតម្រាភោជនាហារ ទាំងខ្មែរ បារាំង ថៃ ចិន និងម្ហូបឥណ្ឌា។ ពេលស្រាវជ្រាវកាន់តែច្រើន ទើបយើងយល់ថា នៅក្នុងវាំងជាទីកន្លែងមួយនៃបណ្ដំសិល្បៈ និងជាទីកន្លែងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិច្រើន។ នៅពេលព្រះអង្គទទួលភ្ញៀវជាតិសាសន៍ណាព្រះអង្គធ្វើម្ហូបប្រហាក់ប្រហែលជាតិសាសន៍នោះ ដើម្បីឱ្យពួកគេអាចទទួលទានបាន។
មុខម្ហូបចម្រុះជាតិសាសន៍ទាំងនេះក៏ត្រូវបានរំលេចក្នុងសៀវភៅ «សោយ» របស់ ចុងភៅ ណាក់ ដែលបានអះអាងថា ការថែរក្សាតម្រាភោជនាហារនេះគឺជាផ្នែកមួយនៃវប្បធម៌ និងប្រវត្ដិសាស្ដ្រផង ដោយសារមេចុងភៅរូបនេះគោរពស្រឡាញ់ព្រះហឫទ័យសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ។
ចុងភៅ ណាក់ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំស្រឡាញ់ និងគោរពលោក [សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ] ដោយសារតែភាពលម្អិតរបស់លោក។ ដូច្នេះ ខ្ញុំបានខិតខំរៀនតាមលោក។ ជាក់ស្ដែង បាយបុរី ដែលលោកបានដាំបាយជាមួយទឹកដោះគោ និងប៊ឺ។ គ្រឿងផ្សំទាំងនេះ យើងមានទាំងអស់នៅក្នុងស្រុក គ្រាន់តែរបៀបលោកធ្វើ វាចម្លែក និងអស្ចារ្យបំផុត»។
អ្នកស្រី ឈាង ស្រីនិច ជាអ្នកចូលចិត្តធ្វើម្ហូបដែលមានចំណង់ចំណូលចិត្តស្វែងយល់ពីមុខម្ហូបប្រពៃណីរបស់ប្រទេសកម្ពុជា។ អ្នកស្រីបានទិញសៀវភៅតម្រាភោជនាហារពីចុងភៅ ណាក់។ អ្នកស្រីមានការចាប់អារម្មណ៍ជាពិសេស ចំពោះការរចនានិងការថតរូបនៃសៀវភៅធ្វើម្ហូបដែលបង្ហាញមុខម្ហូបផ្សេងៗពីតម្រាភោជនាហាររបស់ព្រះរាជាកម្ពុជា។ អ្នកស្រីចូលចិត្តរូបមន្តនិងមុខម្ហូបនីមួយៗដែលបានបង្ហាញនៅក្នុងសៀវភៅ។
អ្នកស្រី ស្រីនិច ថា៖ «ខ្ញុំរំភើបក្នុងការប្រើប្រាស់សៀវភៅធ្វើតម្រាភោជនាហារនេះក្នុងការរៀនចម្អិនតាម និងស្វែងយល់បន្ថែម អំពីបេតិកភណ្ឌតម្រាភោជនាហារដ៏សម្បូរបែបរបស់កម្ពុជា។ លើសពីនេះខ្ញុំក៏ចង់រក្សាវាទុកជាឯកសារប្រវត្តិសាស្ត្រផងដែរ។ ខ្ញុំជឿថា សៀវភៅនេះ គឺជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលបង្ហាញពីប្រពៃណីធ្វើម្ហូបរបស់ព្រះរាជវង្សានុវង្សកម្ពុជា»។
មុខម្ហូបរបស់ព្រះបរមរាជវាំង ត្រូវបានចុងភៅ ណាក់ កែច្នៃឡើងវិញដើម្បីសម្របទៅតាមរសនិយមរបស់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុ ឬភេទ ដោយមុខម្ហូបនីមួយៗត្រូវបានឆ្លងកាត់ការធ្វើតេស្តពីគណៈកម្មការជាមុនសិន។ ចុងភៅ ណាក់ ដែលតែងតែធ្វើការស្រាវជ្រាវអំពីម្ហូបខ្មែរនៅតាមភូមិដាច់ស្រយាល បាននិយាយថា សៀវភៅតម្រាភោជនាហារមាន ៦០ មុខ ដែលម្ហូបនីមួយៗត្រូវបានបែងចែកទៅជាមុខម្ហូបតូចៗផ្សេងៗគ្នា ដូចជា នំខ្មែរ អមដោយមុខម្ហូបមួយចំនួនទៀត។
មេចុងភៅរូបនេះឱ្យដឹងថា៖ «ការចងក្រងសៀវភៅធ្វើម្ហូប គឺជាដំណើរការដ៏លំបាកមួយ ដែលចំណាយពេល ៤ ឆ្នាំនៃការស្រាវជ្រាវ ចងក្រង និងសហការជាមួយក្រុមអ្នករចនាក្រាហ្វិក និងអ្នកថតរូប»។
អ្នកស្រីបញ្ជាក់ថា៖ «ប្រសិនបើបងប្អូនទិញសៀវភៅតម្រាភោជនាហារម្ហូបនេះ បងប្អូនកាន់តែស្គាល់ច្បាស់អំពីមុខម្ហូបខ្មែរ។ យើងមិនត្រឹមតែស្រាវជ្រាវអំពីគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសរសេរអំពីគ្រឿងផ្សំនីមួយៗថា តើពួកវាឈ្មោះអ្វី មានកើតកំណើតមកពីណា ហើយវាជួយអ្វីខ្លះដល់សុខភាព»។
សៀវភៅធ្វើម្ហូបឥឡូវនេះត្រូវបានដាក់តាំងបង្ហាញនៅសណ្ឋាគារ Rosewood រយៈពេល ២ ខែចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលអនុញ្ញាតឱ្យអ្នកទស្សនាបានជ្រួតជ្រាបនូវភាពស្រស់ស្អាតនៃមុខម្ហូប និងវប្បធម៌ខ្មែរ។
ក្នុងនាមជាអ្នកគាំទ្ររបស់ចុងភៅ ណាក់ Rosewood Phnom Penh ដែលដាក់លក់មុខម្ហូបខ្មែររបស់ចុងភៅ ណាក់ ចំនួន ១០ មុខ លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ បាននិយាយថា៖ «មិនថា ការផ្តល់អំណាចដល់ស្ត្រីខ្មែរនៅតាមជនបទឬចែករំលែកមុខម្ហូបក្នុងស្រុកដោយមានការតាមដានពីទស្សនិកជនទូទាំងពិភពលោករបស់គាត់នៅលើបណ្តាញសង្គមទេ ចុងភៅ ណាក់ គឺជាម្នាក់ក្នុងចំណោម អ្នកតស៊ូមតិ និងជាឯកអគ្គរដ្ឋទូតនៃវប្បធម៌ម្ហូបអាហារកម្ពុជា ដែលគួរឱ្យស្រឡាញ់បំផុត»។
ចំណង់ចំណូលចិត្តរបស់ចុងភៅ ណាក់ ក្នុងការអភិរក្សបេតិកភណ្ឌ និងរសជាតិនៃមាតុភូមិរបស់អ្នកស្រី បានបង្ហាញនូវគ្រប់ទំព័រនៃសៀវភៅ «សោយមរតករសជាតិពីព្រះរាជដំណាក់ខ្មែរ»។ «សោយមរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» ជាស្នាដៃទី ២ បន្ទាប់ពីសៀវភៅដំបូង «ញ៉ាំ» មានតម្លៃ ៣៩ ដុល្លារ ជាភាសាខ្មែរ ហើយចំណែកភាសាអង់គ្លេសតម្លៃ ៤៥ ដុល្លារ។ ការតាំងពិព័រណ៍ «សោយ» នឹងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នៅវិចិត្រសាលនៃសណ្ឋាគារ Rosewood Phnom Penh នៅជាន់ទី៣៥។ វិចិត្រសាលនេះបើកទ្វារស្វាគមន៍ភ្ញៀវឥតគិតថ្លៃ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងរយៈពេល ២ ខែ៕