កណ្ដាលៈ សម្ភារកាបូបដៃ កាបូបយួរ កែច្នៃពីសំពត់សូត្រ ពីហូល កាបូបចចូត ក្រមាបង់ក ក្រមាសម្រាប់ពានា ប្រើក្នុងពិធីបុណ្យទាន គ្រឿងអលង្ការច្នៃពីសូត្រ រួមទាំងវត្ថុប្រើប្រាស់សម្រាប់សុភាពស្ត្រីទាំងម៉ូដបែបខ្មែរ និងបរទេសមួយចំនួនគឺជាស្នាដៃរបស់ស្ត្រីជនពិការ។ សម្ភារធ្វើដោយដៃទាំងនេះ ក្រៅពីលក់ក្នុងស្រុក ក៏បាននាំទៅលក់នៅបរទេសផងដែរ ដូចជា ប្រទេសជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ និងសហភាពអឺរ៉ុបជាដើម។
ក្នុងសម្តីរួសរាយរាក់ទាក់ដែលខុសពីសភាពដំណើរម្តងផ្អៀងខ្លួន ម្តងត្រង់ ព្រោះតែពិការជើងស្តាំម្ខាង នោះគឺកញ្ញា កុយ គឹមស្រ៊ាង អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រៃកោ ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ ស្ត្រីស្វិតជើងម្ខាងពីកំណើតរូបនេះបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងក៏ដូចជាជនពិការផ្សេងទៀតដែរ ត្រូវបានម្ចាស់សិប្បកម្មមួយឈ្មោះមេត្រី គឺអ្នកស្រី ញាន ចាន់វាសនា ជ្រើសរើសឱ្យចូលបម្រើការដេរកាបូប និងសម្ភារផ្សេងៗទៀត។ រីឯទីតាំងសិប្បកម្មនោះ គឺស្ថិតនៅជិតពន្ធនាគារក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយគិតមកទល់ពេលនេះគឺនាងបានបម្រើការជាង ១៥ ឆ្នាំមកហើយ។
កុយ គឹមស្រ៊ាង បានរៀបរាប់ថា កាលពីចាប់ផ្តើមការងារដំបូងៗ គឺនាងមិនទាន់ចេះដេរអ្វីទាំងអស់ ហើយក្នុងសភាពជាជនពិការដូចរូបនាងទៀត ប្រសិនបើក្រុមហ៊ុនផ្សេងពីនេះប្រាកដជានាងមិនបានធ្វើទេ។ ក៏ប៉ុន្តែដោយក្តីអាណិត ម្ចាស់សិប្បកម្មដែលឃើញនាងជាស្ត្រីហើយពិការទៀតនោះក៏បានផ្តល់ការងារឱ្យនាងធ្វើរហូតមកទល់សព្វថ្ងៃ។ បច្ចុប្បន្ននេះនាងអាចដេរសម្ភារផ្សេងៗបានគ្រប់ទម្រង់ម៉ូដទៅតាមអតិថិជនបញ្ជាទិញ ហើយដោយសារតែអាជីពមួយនេះ ទើបនាងអាចចិញ្ចឹមខ្លួនបានដល់សព្វថ្ងៃនេះ។
ស្ត្រី គឹមស្រ៊ាង បានប្រាប់ទៀតថា៖ «អាចថាគ្រាន់បើជាងទៅដើរសុំទានគេ ហើយពួកខ្ញុំធ្វើការរកស៊ីចិញ្ចឹមខ្លួនឯងបាន។ចំពោះការផ្តល់ក្តីអាណិតអាសូរដល់ពួកខ្ញុំគឺមានតែភ្ញៀវជួយទិញសម្ភារដេររបស់ពួកខ្ញុំទេ»។
ពាក់ព័ន្ធនឹងការងារក្នុងសិប្បកម្មមេត្រីនេះ អ្នកស្រី ញាន ចាន់វាសនា ជាម្ចាស់សិប្បកម្មមេត្រីបានរៀបរាប់ប្រាប់ថា ដំបូងឡើយអ្នកស្រីបានធ្វើការងារក្នុងអង្គការមួយឈ្មោះ Women for Women Foundation ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥។
ក្នុងអង្គការមួយនេះ មានបងប្អូនស្ត្រីជាជនពិការមួយចំនួនដែលពួកគាត់ជាអ្នកផលិត និងដេរសម្ភារប្រើប្រាស់ដូចជា កាបូបជាដើម។ លុះដល់អំឡុងឆ្នាំដែលមានស្ថានភាពជំងឺកូវីដរាតត្បាតខ្លាំងនៅកម្ពុជាបានធ្វើឱ្យអង្គការនេះបន្ថយសកម្មភាពការងាររបស់ខ្លួន ហើយត្រូវកាត់បន្ថយបុគ្គលិកខ្លះធ្វើឱ្យស្ត្រីពិការមួយចំនួនរត់ទៅប្រកបរបរផ្សេងនិងធ្វើស្រែចម្ការនៅតាមស្រុកកំណើតរៀងៗខ្លួនវិញ។
អ្នកស្រីបន្តថា នៅពេលនោះអ្នកស្រីបានបង្កើតជាហាងមួយឈ្មោះមេត្រីដើម្បីដាក់លក់ផលិតផលសម្ភារតាមអនឡាញ។ បន្ទាប់មក អ្នកស្រីក៏ទទួលបានជំនួយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈ [សហគ្រិនខ្មែរ] និងលក់ផលិតផលបានពីការដេរតាមអនឡាញដែលសិប្បកម្មមេត្រីនេះបង្កើតឡើងនៅចុងឆ្នាំ ២០២០។
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមជារឿយៗមកក៏មានការស្គាល់ និងគាំទ្រពីប្រជាពលរដ្ឋខ្មែរភាគច្រើន និងពេលខ្លះគាត់មកដល់ទីតាំងសិប្បកម្មផ្ទាល់តែម្តង។អ្នកស្រីបានពោលថា៖ «មុននឹងដំណើរការសិប្បកម្មនេះខ្ញុំគិតថាប្រហែលប្រជាពលរដ្ឋខ្មែរមិនគាំទ្រ មិនប្រើរបស់ដែលខ្មែរធ្វើទេ តែពេលគាត់គាំទ្រកាន់តែច្រើនបែបនេះខ្ញុំសប្បាយចិត្ត»។
បើតាមអ្នកស្រី ចាន់វាសនា សិប្បកម្មមេត្រីមានដេរជាកាបូបគ្រប់ប្រភេទដែលកែច្នៃពីហូល ពីសំពត់សូត្រ ពីកន្ទេលចចូត ពីកក់ និងពីក្រណាត់ផលិតចេញពីកប្បាសឱ្យទៅជាផលិតផលប្រើប្រាស់ទាំងអស់។ ក្រៅពីនេះអ្នកស្រីបានយកសំពត់សូត្រកែច្នៃជាគ្រឿងលម្អខ្លួនប្រាណដូចជា ខ្សែក ខ្សែដៃ ក្រវិល ពោលគឺបើអតិថិជនចង់បានអ្វីគឺសិប្បកម្មមេត្រីធ្វើបានទាំងអស់ ព្រោះថា សម្ភារប្រើប្រាស់ គឺសុទ្ធតែធ្វើដោយដៃទាំងអស់។
ចំពោះការលក់វិញ គឺក្នុងអំឡុងពេលប្រទេសជួបវិបត្តិជំងឺកូវីដខ្លាំងអ្នកស្រីបានព្យាយាមផ្សព្វផ្សាយលក់តាមអនឡាញច្រើន ហើយដោយសារការផ្សព្វផ្សាយតាមហ្វេសប៊ុកនេះហើយទើបធ្វើឱ្យផលិតផលរបស់អ្នកស្រីទទួលការគាំទ្រច្រើន។
អ្នកស្រីបន្តទៀតថា មានផលិតផលខ្លះក៏នាំចេញទៅលក់នៅក្រៅប្រទេសផងដែរ ដូចជា កាបូប និងគ្រឿងអលង្ការ ទៅប្រទេសអូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និងទៅសហភាពអឺរុបជាដើម។ រីឯអតិថិជននៅក្រៅប្រទេសទាំងនោះគឺជាជនបរទេសទាំងអស់ ហើយដោយសារធ្វើដោយដៃបែបនេះជួនកាលគាត់កុម្ម៉ងច្រើនរហូតធ្វើមិនទាន់ឱ្យគាត់ផង។
ចំពោះម៉ូដវិញ ដោយសារតែអ្នកស្រីមានជំនាញខាងឌីហ្សាញស្រាប់ ដូច្នេះការរចនាច្នៃម៉ូដគឺអ្នកស្រីជាអ្នកច្នៃដោយខ្លួនឯងទាំងអស់ ប៉ុន្តែក៏មានអ្នកជំនាញឌីហ្សាញពីក្រៅប្រទេសមកបង្រៀនផងដែរ។អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នមានស្ត្រីជាជនពិការស្វិតជើងចំនួន ១៥ នាក់ កំពុងស្នាក់នៅធ្វើការក្នុងសិប្បកម្ម និងមានស្ត្រីពិការស្វិតជើងដូចគ្នាប្រមាណ ២០ នាក់ទៀតកំពុងធ្វើការនៅតាមផ្ទះ។ ពេលណាពួកគាត់ដេរបានសម្រេចជាផលិតផលរួចហើយ គឺពួកគាត់ផ្ញើមកកាន់សិប្បកម្ម។
អ្នកស្រី ចាន់វាសនា បានបន្ថែមថា៖ «ដោយសារខ្ញុំចង់ជួយប្រជាជននៅក្នុងស្រុកផង ម្ល៉ោះហើយវត្ថុធាតុដើមដែលខ្ញុំយកមកច្នៃ គឺសុទ្ធតែរបស់ក្នុងស្រុកទាំងអស់ ពីព្រោះមិនមែនបានផលតែអ្នកផលិតទេ តែអ្នកត្បាញក៏គាត់មានការងារធ្វើ រីឯអ្នកប្រើក៏បានប្រើផលិតផលខ្មែរសុទ្ធទៀត»។
បើតាមអ្នកស្រី ចាន់វាសនា រាល់អតិថិជនដែលបានមកដល់ទីតាំងសិប្បកម្ម ហើយបានមើលឃើញស្ត្រីជាជនពិការផ្ទាល់ភ្នែក គឺពួកគាត់បានសម្តែងក្តីអាណិត និងមានតែជួយលើកទឹកចិត្តដល់ជនពិការឱ្យខំតស៊ូ។ចំណែកឯផលិតផលវិញក៏គាត់មិនតថ្លៃអីដែរ ព្រោះថា រាល់ផលិតផលនីមួយៗ គឺអ្នកស្រីបានដាក់តម្លៃល្មមសមរម្យដែលអាចឱ្យអតិថិជនទទួលយកបាន។
ទាក់ទងនឹងសកម្មភាពការងាររបស់ស្ត្រីជនពិការនេះ លោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ បានឱ្យដឹងថា សិប្បកម្មមេត្រីនេះស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ព្រែកឫស្សី ហើយអ្នកធ្វើការភាគច្រើននៅក្នុងសិប្បកម្មនេះគឺជាស្ត្រីពិការដែលពួកគាត់មានអាជីពជាអ្នកដេរកាបូប និងសម្ភារផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់។
លោកបានបន្តទៀតថា កាលពីប្រទេសជួបវិបត្តិជំងឺកូវីដរាតត្បាតខ្លាំងបានធ្វើឱ្យស្ត្រីពិការទាំងនោះជួបការខ្វះខាតស្បៀងអាហារហូបចុក។ តែទោះយ៉ាងណា លោកក៏បានផ្តល់គ្រឿងឧបភោគ បរិភោគមួយចំនួនដល់ពួកគាត់ដែរដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃ។
លោកបានថ្លែងថា៖ «ចំពោះរបរដេរកាបូប និងកែច្នៃគ្រឿងអលង្ការរបស់ពួកគាត់គឺខ្ញុំគាំទ្រ ព្រោះថ្វីបើពួកគាត់មានភាពពិការក៏ពិតមែន តែគាត់មានសមត្ថភាព និងមានជំនាញអាជីពសម្រាប់ទ្រទ្រង់ជីវិតរបស់គាត់បាន»៕