កំពង់ចាមៈ ជាទូទៅសម្បកកង់រថយន្តចាស់ៗដែលប្រើប្រាស់លែងកើតតែងត្រូវបានគេចោលទៅជាសំរាមឬចាក់ដីបំពេញដាំបន្លែជាដើម ប៉ុន្តែបច្ចុប្បន្ននេះសម្បកកង់រថយន្តចាស់ៗទាំងនោះមិនមែនជាសំរាមទៀតឡើយ ដោយវាត្រូវបានស្ត្រីខ្មែរម្នាក់កែច្នៃទៅជាធុងសម្រាប់ដាក់សំរាមដ៏ពេញនិយមទៅវិញ។
មានរាងមូលៗដូចក្អមទឹក រួមជាមួយនឹងគម្របបិទជិត ដែលគេអាចឃើញនៅតាមទីសាធារណៈ នោះហើយជាធុងសំរាមកែច្នៃពីសម្បកកង់រថយន្តចាស់ៗ ដោយសិប្បកម្មរបស់អ្នកស្រី សឿង សុថារី។ សិប្បកម្មកែច្នៃសម្បកកង់រថយន្តចាស់ៗ ដែលស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនត្រឹមតែអាចជួយទៅដល់បរិស្ថានប៉ុណ្ណោះទេ តែវាក៏ជាប្រភពចំណូលក្រុមអ្នកផលិតក្នុងតំបន់ផងដែរ។
អ្នកស្រី សឿង សុថារី ជាម្ចាស់សិប្បកម្មធុងបរិស្ថានឬជាភាសាអង់គ្លេស Eco-Bin បានរៀបរាប់ឱ្យដឹងពីមូលហេតុក្នុងការបង្កើតអាជីវកម្មមួយនេះនិងរៀបរាប់ឱ្យដឹងពីហេតុផលដែលអ្នកស្រីតស៊ូបន្តដំណើរការជាង ១០ឆ្នាំមកនេះដូច្នេះថា៖«មូលហេតុដែលខ្ញុំបង្កើតសិប្បកម្មនេះឡើងគឺកើតចេញពីក្តីស្រឡាញ់ចេញពីបេះដូង និងបំណងចង់ចូលរួមចំណែកជួយដល់សង្គម»។
អ្នកស្រី សឿង សុថារី រៀបរាប់បន្តថា៖«ម្យ៉ាងគឺដោយសារឃើញកាកសំណល់វាប៉ះពាល់ដល់បរិស្ថានខ្លាំង ដូច្នេះហើយទើបខ្ញុំយល់ថា ប្រសិនបើយើងអាចកែច្នៃជាធុងសំរាមគឺល្អណាស់ ហើយវាក៏បានផ្ដល់ឱកាសការងារទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់ស្រុកភូមិខ្ញុំនិងលើសពីនេះវាក៏បានជួយលើកស្ទួយផលិតផលក្នុងស្រុកផងដែរ»។
សម្បករថយន្តដែលត្រូវបានគេបោះបង់ចោល ឬឈប់ប្រើប្រាស់ទាំងនេះ ត្រូវបានបុគ្គលិកនៃសិប្បកម្មមួយនេះដើរប្រមូលទិញពីគ្រប់ទិសទីពីតាមយានដ្ឋានគ្រប់ខេត្តដើម្បីកែច្នៃឱ្យទៅផលិផលមានប្រយោជន៍វិញ។
អ្នកស្រី សឿង សុថារី បានថ្លែងបញ្ជាក់ឱ្យដឹងពីដំណើរការនៃការផលិតថា៖«ជំហានដំបូងគឺយើងមានកម្មករដែលពួកគាត់ដើរប្រមូលទិញសម្បកកង់រថយន្តពីតាមយានដ្ឋានគ្រប់ខេត្តក្រុងដោយពេលខ្លះគាត់ទៅដើរទិញអស់រយៈពេល១អាទិត្យទៅ២អាទិត្យអីឯណោះហើយនៅពេលដែលកង់រថយន្តប្រមូលបានហើយយើងបាញ់លាងសម្អាតរួចទើបបន្តបញ្ជូនទៅផ្នែកចៀរកង់ឡាន»។
អ្នកស្រីបន្តថា បន្ទាប់ពីជំហានទី១បញ្ចប់ទៅដំណើរការក្នុងការកែច្នៃដែលលំបាកបំផុតគឺការចៀរសម្បកកង់រថយន្ត។
អ្នកស្រី សុថារី បញ្ជាក់ថា៖«ដោយសារផលិតផលរបស់យើងគឺជាផលិតផលធ្វើដោយដៃសុទ្ធយើងសាកស្រមៃមើលត្រឹមយកកាំបិតធម្មតាទៅចិតបន្លែវានៅពិបាកចុះទម្រាំតែយើងយកកាំបិតទៅចៀរក្រឡាកង់រថយន្តដ៏ក្រាស់ឃ្មឹក ដូចជា កង់រថយន្តកុងតឺន័រដែលសូម្បីបង្វិលមិនចង់រួចផង ចៀរឱ្យទៅជាស្ដើងគឺវាមានការលំបាកណាស់»។
ម្ចាស់សិប្បកម្មធុងបរិស្ថានរូបនេះបានបន្តថា៖«បន្ទាប់ពីដំណាក់កាលដ៏ពិបាកនេះហើយទើបយើងយកវាទៅឈូសសម្អាតឱ្យទៅជារលោងបន្តមកទៀតទើបបញ្ជូនទៅផ្នែកដំឡើងដែលមានអ្នកដំឡើងជើងនិងអ្នកដំឡើងតួខ្លួនដល់ពេលរួចរាល់ហើយវានឹងចេញជារូបរាងធុង តែមិនទាន់ទៅជាផលិតផលសម្រេចនៅឡើយទៀត»។
រហូតដល់ចង្វាក់ផលិតកម្មចុងក្រោយនោះគឺការលាងសម្អាត ហាលថ្ងៃឱ្យស្ងួតរួចរាល់ហើយ ទើបបញ្ជូនទៅផ្នែកបាញ់ថ្នាំ ទៅជាពណ៌តាមការកុម្ម៉ង់របស់អតិថិជន និងបាញ់ឈ្មោះសិប្បកម្ម ក៏ដូចជាលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។
ឆ្លងកាត់ដំណាក់កាលកែច្នៃដ៏វែងអន្លាយ ធុងបរិស្ថាននីមួយៗទាមទារពេលយូរខ្លាំងណាស់ក្នុងការផលិត ហើយអាជីវកម្មមួយនេះ ធ្លាប់ឆ្លងកាត់ផលប៉ះពាល់ខ្លាំងអំឡុងពេលកូវីដ១៩ តែដោយក្តីស្រឡាញ់ ការទទួលខុសត្រូវចំពោះបុគ្គលិក និងបេសកកម្មចំពោះបរិស្ថាន អ្នកស្រី សុថារី នៅតែព្យាយាមបន្តដង្ហើមអាជីវកម្មនេះតទៅមុខទៀត។
អ្នកស្រី សឿង សុថារី បានឱ្យដឹងពីស្ថានភាពនៃការលក់នាពេលនោះថា៖ «តម្រូវការគឺវាទៅតាមទំនោរ ឬបរិបទសង្គម ដូចកាលពីមុនពេលកូវីត១៩ ការលក់របស់យើងគឺផ្ទុះខ្លាំងមែនទែន យើងលក់បានច្រើន ១ខែអាចបាន ១ពាន់ធុងឯណោះ តែពេលកូវីត១៩មកដល់ក្នុង ១ខែយើងលក់មិនបាន ១០០ធុងផង»។
អ្នកស្រី បន្តថា៖ «គ្រាន់តែថា ប្រជាជនយើងឥឡូវគាត់ងាកមកប្រើប្រាស់ផលិតផលកែច្នៃច្រើន ជាងពីមុនដែលគាត់ប្រើតែផលិតផលនាំចូល ប៉ុន្តែឥឡូវនេះគាត់យល់ពីគុណតម្លៃនៃផលិតផលកែច្នៃក្នុងស្រុក ដូចជាឥឡូវនេះយើងផលិតលក់ដាច់មិនសូវសល់ដែរ»។
សម្រាប់ការលក់ អ្នកស្រី សុថារី បានឱ្យដឹងថា៖«បច្ចុប្បន្នយើងអាចលក់មានប្រមាណ ៥០០ធុង ដែលនេះវាគឺស្របទៅតាមលទ្ធភាពក្នុងការផលិតរបស់យើងផងដែរ ប្រសិនបើតម្រូវការច្រើនជាងនេះក៏យើងផលិតអត់ទាន់ និយាយឱ្យខ្លីគឺយើងផលិតលក់អស់ៗមិនដែលចេះសល់ទេ»។
ទោះយ៉ាងណាក្តី តែអ្នកស្រីក៏ចង់សំណូមពរបន្ថែមដល់អ្នកប្រើប្រាស់ថា សូមព្យាយាមយល់ពីផលវិបាកនៃចង្វាក់អាជីវកម្ម ព្រោះថាវាមានផលវិបាកខ្លាំងក្នុងការកែច្នៃ ហើយអ្នកស្រីចង់សំណូមពរឱ្យពលរដ្ឋពួតដៃគ្នាជួយអាជីវកម្មកែច្នៃក្នុងស្រុក ព្រោះវាជាផ្លូវមួយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ បង្កើនជីវភាព និងបញ្ចៀសការចំណាកស្រុកផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះសិប្បកម្មធុងបរិស្ថាន-Eco-Bin មានធុងបរិស្ថាន ២ខ្នាត គឺខ្នាតតូច ១តម្លៃ ៣៥ដុល្លារអាមេរិក និងខ្នាតធំមួយតម្លៃ ៤៥ដុល្លារ។ លើសពីនេះ អាជីវកម្មរបស់លោកស្រីក៏មានផលិតជាផលិតផលដទៃទៀតដូចជា សាឡុងកង់ឡានសម្រាប់ដាក់តាំងលម្អក្នុងគេហដ្ឋាន រូបសត្វកែច្នៃ ផើងផ្កា ឧបករណ៍ដាក់ចំណីសត្វជាដើម ហើយថែមទាំងអាចផលិតជូនតាមការកុម្ម៉ង់ផ្សេងៗរបស់អតិថិជនបានផងដែរ៕