
ជីទឹកដែលច្នៃពីកាកសំណល់ផ្លែឈើ ។ រូបថត Chi-Thamacheat-Tony-SM-page
ភ្នំពេញៈ សំណល់ផ្លែឈើដែលជាទូទៅគេត្រូវបានមនុស្សជាច្រើនមើលរំលងបោះចោលទៅជាសំរាមគ្មានតម្លៃ ប៉ុន្តែយុវតីខ្មែរ ១ រូប ដែលរស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគំនិតយកសំណល់ទាំងនោះទៅកែច្នៃផលិតចេញជាជីទឹកសម្រាប់ស្រោចស្រពដំណាំលើកស្ទួយវិស័យកសិកម្ម និងរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាកសិករ។
កញ្ញា បុត្រចាន់ សេរីរត្ន ជាប្រធានសហគ្រាសជីធម្មតាតូនីអេសអឹម និងជាអ្នកជំនាញផ្នែកកសិកម្ម១រូបបានរៀបរាប់ថា ការកែច្នៃសំណល់ផ្លែឈើទៅជាជីទឹក របស់សហគ្រាសមួយនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងផ្តើមចេញពីភាពជោគជ័យនៃការស្រាវជ្រាវរបស់ឪពុករបស់កញ្ញាផ្ទាល់។
កញ្ញា បានឱ្យដឹងថា៖ «ដើមចមដំបូងឡើយគឺចេញពីប៉ា សម្រាប់រូបមន្តនៃការផលិតជីធម្មជាតិនេះ ប៉ាគាត់ជាមន្ត្រីកសិកម្ម ការចូលរួមវគ្គបណ្តុះបណ្តាលច្រើន ដល់ពេលផលិតក៏បានជោគជ័យ ទើបមកដល់ឆ្នាំ២០១៩ ខ្ញុំបង្កើតទៅជាសហគ្រាសមានឈ្មោះត្រឹមត្រូវ»។
ចេញពីសំណល់ផ្លែឈើចម្រុះជាច្រើនប្រភេទ ការកែច្នៃក៏បង្កើតបានជាជីច្រើនប្រភេទផងដែរ ដោយជីទឹកទាំងនោះអាចបំពេញតម្រូវការដល់ដំណាំវិលជុំគ្រប់ប្រភេទរួមទាំងក្លាយជាអាហារបំប៉នដល់សត្វទាំងក្នុងទឹក និងលើគោកទៀតផង។
កញ្ញាបុត្រចាន់ សេរីរត្ន បានរៀបរាប់ថា៖ «ជីទឹករបស់ខ្ញុំនេះត្រូវបានកែច្នៃចេញពីផ្លែឈើចម្រុះគ្រប់ប្រភេទដោយផលិតផលជីទឹកនេះ មានចំនួន៥ប្រភេទ ៣ប្រភេទគឺប្រើទៅលើផលដំណាំ ចំណែកឯ២ប្រភេទទៀតប្រើសម្រាប់ការចិញ្ចឹមសត្វក្នុងទឹក និងសត្វលើគោក ដែលយើងអាចហៅបានថាអាហារបំប៉ន»។
កញ្ញា បានឱ្យដឹងទៀតថា ជីទឹកមានលក្ខណៈខុសប្លែកពីជីគីមី គឺដោយសារវាជួយកាត់បន្ថយការប្រើប្រាស់ជីគីមីផង វាមានលក្ខណៈបំប៉ន និងជំនួយផង។ កញ្ញាបានឱ្យជាឧទាហរណ៍ថា សម្រាប់ការប្រើប្រាស់ទៅលើដីវាជំរុញឱ្យដីធូរ កាត់បន្ថយនៃការប្រើប្រាស់គីមី និងការចំណាយ ។
ចំណែកទៅលើសត្វវិញ ហៅថាអាហារបំប៉ន ដូចជាត្រីវានឹងផ្តល់សារធាតុចិញ្ចឹមជំរុញអុកស៊ីហ៊្សែនត្រី កាត់បន្ថយជាតិពុលក្នុងទឹក និងធ្វើឱ្យត្រីមានសុខភាពល្អឆាប់ធំ។
កញ្ញាឱ្យដឹងទៀតថា បច្ចុប្បន្នផលិតផលជីទឹករបស់កញ្ញាកំពុងមានតម្រូវការខ្ពស់ ដោយសារកាលពីមុនកសិករប្រើជីគីមីគឺចំណាយច្រើន និងប៉ះពាល់សុខភាពផងនោះ ទើបពួកគាត់ងាកទៅប្រើផលិតផលនេះហើយក៏ក្លាយទៅជាម៉ូយតែម្ដង។
កញ្ញា សេរីរត្ន បាននិយាយថា៖ «ពេលដែលគាត់ប្រើជីទឹកនេះគាត់អាចកាត់បន្ថយការប្រើប្រាស់ជីគីមីបានរហូតដល់ទៅ៥០ភាគរយ ចំណែកឯទិន្នផលគឺទទួលបានដូចគ្នា និយាយរួមគឺចំណេញទាំងថវិកា ហើយមិនប៉ះពាល់សុខភាពរបស់ពួកគាត់»។
បង្កើតឡើងដោយសមាជិកគ្រួសារ ចំណែកការផលិតក៏ផលិតជាលក្ខណៈគ្រួសារ ក្នុងនោះកញ្ញាសេរីរត្ន បានឱ្យដឹងថា ការផលិតនៃសហគ្រាសរបស់កញ្ញាគឺកែច្នៃនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជាការផលិត ចេញពីដៃសមាជិកគ្រួសារកញ្ញា៣-៤នាក់ លើកលែងតែរដូវខ្លះដែលត្រូវផលិតច្រើនទើបមានការហៅកសិករដែលនៅជុំវិញសហគ្រាសមកជួយ។
សម្រាប់ទំហំនៃការផលិត កញ្ញា និយាយថា៖ «ការផលិត គឺវាមិនមានភាពទៀងទាត់ទេ ដោយសារតែយើងប្រែប្រួល ឬឆ្លាស់ទៅតាមរដូវនៃការដាំដុះរបស់កសិករ»។
កញ្ញ សេរីរត្ន បានបញ្ជាក់ឱ្យដឹងថា៖ «ឧទាហរណ៍សម្រាប់រដូវដាំដំណាំធំៗដូចជា រដូវចន្ទី រដូវទុរេន យើងផលិតជាជីទឹកសម្រាប់ដំណាំប្រភេទនេះ ហើយបើសម្រាប់ខែណាសម្រាប់សត្វយើងផ្ដោតទៅលើសត្វ និយាយរួមគឺយើងផលិតរាល់ខែ លក់ចេញគ្រប់ខែទៅតាមរដូវប្រាំង រដូវវស្សា អ៊ីចឹងទៅ»។
បច្ចុប្បន្ន សហគ្រាសរបស់កញ្ញា សេរីរត្ន កែច្នៃជីទឹកជា៥ប្រភេទ និង២ទំហំគឺទំហំចំណុះ៥លីត្រ និងចំណុះ ៣០លីត្រដែលប្រើសម្រាប់ចម្ការធំៗ ហើយផលិតផលនេះក៏អាចប្រើទៅលើដំណាំកៅស៊ូ និងប្រភេទដំណាំធំៗបានផងដែរ។
កញ្ញា សេរីរត្ន បានបញ្ជាក់បន្ថែមថា ផលិតផលទាំង២ទំហំ លក់ក្នុងតម្លៃ៣ម៉ឺនរៀលនិង៥ម៉ឺនរៀលហើយក្នុង១ខែសហគ្រាសអាចលក់បានចន្លោះពី៥០០-១០០០ឯកតា។
ក្រៅពីនេះ កញ្ញា សេរីរត្ន ក៏បានឱ្យដឹងដែរថា សហគ្រាសមួយនេះក៏សហការជាមួយនឹងរដ្ឋផងដែរ ដោយមានការចុះទៅបង្រៀនកសិករ ធ្វើយ៉ាងណាឱ្យចំណាយតិច សុវត្ថិភាព និងទទួលផលបានច្រើន។
ក្នុងនាមជាអ្នកជំនាញ១រូប និងម្ចាស់សហគ្រាសផលិតផលកសិកម្មកញ្ញាបុត្រចាន់ សេរីរត្ន បានសំណូមពរទៅដល់កសិករឱ្យព្យាយាមស្វែងយល់ពីប្រភេទជី មុនប្រើប្រាស់គួរប្រើប្រាស់ជីណាដែលវាអាចកាត់បន្ថយការចំណាយបានច្រើន និងកុំប្រើជីណាដែលវាប៉ះពាល់ដល់សុខភាព។ មួយវិញទៀត កញ្ញាលើកទឹកចិត្ដដល់កសិករកុំប្រើប្រាស់ជីគីមីជាដាច់ខាតប្រសិនបើដាំដំណាំហូបផ្លែ៕