ភ្នំពេញ: នៅក្នុង​អាណាចក្រ​ហូលីវូដលោកណុប ដា​រ៉ែ​ន បានដើរ​តួនាទី​​ជា​អ្នករៀបចំឈុត​ឆាក​ប្រយុទ្ធ​​ និង​​សម្ដែង​​ភាព​យន្ត ​ផ្ដោត​លើ​ការ​ហក់​លោត បាញ់​ប្រហារ និង​វាយ​តប់​​។​

មាន​​កំណើត ​ចំណាយ​កុមារភាព​ជា​ជន​ភៀស​ខ្លួន​នៅ​​​កម្ពុជា ​និង​​ធំធាត់​​​ក្នុង​​ប្រទេស​បារាំង​​ ដំណើរជីវិត​លើ​វិថី​សិល្បៈ​ភាពយន្ដ​​ដ៏​វិសេស​​វិសាល​របស់ ដារ៉ែន​ ឆ្ពោះទៅរក​ភាពជោគជ័យ​កើត​ឡើង​ពី​ចំណង់​ចំណូលចិត្ត​ដែល​មិន​ផ្លាស់ប្តូរ​របស់​លោក​ចំពោះ​ការ​សម្ដែង​បែប​​ប្រយុទ្ធ​ដ៏​គួរឱ្យ​​រំជើប​រំជួល​។​

លោកដារ៉ែន បាន​និយាយថា​៖ «​ក្នុងនាម​ជា​អ្នកគាំទ្រ​រថយន្ត​ទាន់សម័យ និង​សកម្មភាព​វាយ​តប់​ ខ្ញុំ​តែងតែ​ប្រាថ្នា​ចង់​ចូល​រួម​ចំណែក​ក្នុង​រឿង ''Fast and Furious''។ ​​ឥឡូវនេះខ្ញុំ​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ក្លាយជា Fight Arranger (​អ្នក​រចនា​ក្បាច់គុន​ប្រយុទ្ធ​​) ជាមួយនឹង​ក្រុម​សម្ដែង​បារាំង​»។​

លោកដារ៉ែន អាយុ ៣៧ឆ្នាំ​​ បាន​និយាយថា ​តួនាទី​របស់លោក​​ជា​អ្នករៀបចំ​ការប្រយុទ្ធ​​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​ប្រកប​ដោយ​ភាព​អស្ចារ្យ​​ទៅក្នុង​ខ្សែភាពយន្ត​។​

​ការយកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​របស់​លោក​​ចំពោះ​ភាព​​​យន្ដ​ ធានាថា ​អ្នកដឹកនាំ ផលិតករ និង​តួ​សម្តែងមាន​ការ​ពេញ​​ចិត្ដ​ចំពោះ​ការ​រៀបចំ​របស់​លោក​នូវ​គ្រប់​ឈុ​តឆាក​នីមួយៗ​។ ​

លោក​ ​ដា​រ៉ែ​ន បាន​ឱ្យ​ដឹង​ថា៖​ «​​ខ្ញុំ​​ត្រូវ​​ធ្វើការ​ជាមួយ​តារាសម្ដែង​​ទាំងអស់ ដោយ​បង្វឹក​​ពួកគេបង្ហាញ​ក្បាច់​គុន​ និង​រៀបចំ​​​ប្លង់​ថត​ឱ្យត្រូវនូវ​សកម្មភាព​របស់​​តួ​អង្គ​ទាំង​នោះ​​​»។​

​ពេល​កំពុងធ្វើការ​លើភាពយន្ដ​ "Fast X" លោកដារ៉ែន​ បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​​​មួយ​ គឺ​ការ​រួម​បញ្ចូល​​​ឈុត​ឆាក​ប្រយុទ្ធ​​ឱ្យ​មាន​ភាព​​រលូន​ទៅតាម​ភាព​ប៉ិនប្រសប់​របស់​តួ​អង្គ​នីមួយៗ​​។​

​​លោកបាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​៖ «​ការស្វែងរក​រចនាប័ទ្ម​ប្រយុទ្ធ​ដ៏​សមរម្យ​មួយ​ ដែល​បំពេញចិត្ត​អ្នក​ពាក់​ព័ន្ធ​​ទាំងអស់​គឺជា​កិច្ចការ​ដ៏​លំបាក ដោយ​ពិចារណា​លើ​ចំណូលចិត្ត និង​តម្រូវការ​​គ្រប់​ៗ​គ្នា​​។​ ​វា​បានទាមទារ​ឱ្យ​មាន​កិច្ចខិតខំ​ប្រឹង​ប្រែង​​ជាខ្លាំងដោយសារតួ​អង្គ​នីមួយៗ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ គោលដៅ​ចុងក្រោយ​គឺ​ដើម្បី​ធានាថា​ អ្នក​គ្រប់គ្នា​​មានការ​​ពេញចិត្ត​ជាមួយនឹង​ការរៀបចំ​ឈុត​ឆាក​ប្រយុទ្ធ​​ទាំង​នេះ​»​។​​

​និយាយ​អំពី​បទពិសោធន៍​ផ្ទាល់​ លោក​ ដា​រ៉ែ​ន ​បាននិយាយ​​ដោយ​សាទរ​ថា រឿង​ "Fast X" គឺជា​ភាពយន្ត​ដែល​សម្បូរ​​ទៅដោយ​​ឈុត​ឆាក​ប្រយុទ្ធ​ ទាំងការ​វាយ​តប់ ការ​បាញ់​ប្រហារ បំផ្ទុះ​គ្រាប់​បែក និង​បំបុក​រថយន្ដ​ដ៏គួរ​ឱ្យ​រន្ធត់​​​។ ​​

​ភាពយន្ត​នេះ​ទទួលបាន​ជោគជ័យ​គួរ​ឱ្យ​​កត់សម្គាល់ ជាពិសេស​នៅ​អាស៊ី និង​សហរដ្ឋអាមេរិក​។ ​ផលិតករ​ភាពយន្ត​ផ្សេង​​ទៀត​​ ចង់​ធ្វើ​ការ​ជាមួយ​លោក​សម្រាប់​ការ​ផលិត​ភាពយន្ដ​នៅ​កម្ពុជា​​ផង​ដែរ​។​

​លោក​បានបង្ហាញ​ពី​បំណងប្រាថ្នា​ដ៏​មុតមាំ ​ក្នុងការ​បង្កើត​នូវ​អ្វីដែល​អស្ចារ្យ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​នូវ​ស្ទីល​ថ្មីចក្ខុវិស័យ​ថ្មី និង​មិន​រើស​អើស​វប្បធម៌​ទីទៃ​​។​

​លោក​ បាន​និយាយថា៖​ «​​ខ្ញុំ​ចង់​បង្កើត​អ្វីដែល​អស្ចារ្យ​នៅក្នុង​ប្រទេស​កម្ពុជាជាមួយនឹង​រចនាប័ទ្ម​ថ្មីចក្ខុ​វិស័យ​​ថ្មីដោយ​គ្មាន​ការ​ប្រកែប្រកាន់​វប្បធម៌​ជាតិ​សាសន៍​ដទៃ​»​។​

ដោយ​សម្លឹង​ឆ្ពោះ​ទៅមុខលោកដារ៉ែន ​នឹង​ចូលរួម​ក្នុង​ភាពយន្ដ​រឿង​ «Expendables 4» ដែលលោក​នឹង​ក្លាយ​ជា​តួ​អង្គសម្ដែង​ម្នាក់​ក្នុង​ចំណោម​តួ​អង្គ​ឯក​ជា​ច្រើន​ទៀត​​។​

​លោកបាន​និយាយថា លោក​សង្ឃឹមថា សមិទ្ធផល​របស់លោក​នឹង​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​មោទនភាព ខណៈ​​ដែល​​លោក​នៅតែ​បន្ត​រិះ​រក​ស្ទីល​សម្ដែង​ប្លែក​ៗ​ដើម្បី​ផ្ដល់​ការ​​កម្សាន្តដល់​មហាជន​​។​

​អតីតជន​ភៀសខ្លួន​រូ​ប​នេះ ​បាន​លើកឡើងថា លោក​នឹង​ត្រេកអរ​ប្រសិនបើ​ផលិតករ​ភាពយន្ត​នៅ​​កម្ពុជា​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ក្នុងការ​សហការ​ជាមួយ​លោក​។ ជាមួយនឹង​ភាព​ប៉ិនប្រសប់ និង​ជំនាញ​ពិសេស​លោកដារ៉ែន​ បាន​សម្តែង​នូវ​​ភាព​រីក​រាយ​ចំពោះ​អនាគត​នៃ​​កិច្ចសហការ​​ជាមួយ​ផលិតករ​ភាពយន្ត​កម្ពុជា​។​

​​​ជាមួយ​ភាព​សាទរ និង​ឆន្ទៈ​ ក្នុងការ​ចូលរួមចំណែក​ក្នុង​វិស័យ​ភាពយន្ត​កម្ពុជាលោក​​និយាយថា៖​ «​ប្រសិន​បើ​​ពួកគេ​ផ្តល់​ឱកាស​​​ឱ្យ​ខ្ញុំហើយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ល្អ គឺធ្វើ​​ដោយ​ក្តី​រីករាយ​»។ ​

​មកពី​គ្រួសារ​ជនភៀសខ្លួន ​លោក​បន្ដ​ស្ពាយ​បន្ទុក​​​នៃ​រឿងរ៉ាវ​របស់​ឪពុកម្តាយ​អំពី​ព្រឹត្តិការណ៍​សោកនាដ​កម្ម​​នៅ​​កម្ពុជា និង​សមាជិកគ្រួសារ​ដែល​បាត់បង់​ក្នុង​សង្គ្រាម​។​

​ខណៈពេលដែល​ឪពុកម្តាយ​​បា​ន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអប់រំ និង​ការងារ​ដែលមាន​ស្ថិរភាពចំណង់​ចំណូល​ចិត្ត​​ចំពោះ​​ភាពយន្ដ​វាយ​តប់​របស់​​លោកដារ៉ែន​ នៅតែ​មិន​ផ្លាស់​ប្ដូរ​​។​

​ទោះ​បីជា​​លោក​​ទទួលស្គាល់ថា លោក​​មិនមែនជា​សិស្ស​ពូកែ​ក៏ដោយ ប៉ុន្តែ​​លោក​​បាន​ព្យាយាម និង​បន្ត​ក្តី​សុបិន​របស់​លោក​។​ ទីបំផុត​​លោក​អាច​ស្វែង​រក​ទីតាំង​មួយ​​​​នៅក្នុង​ពិភព​​​ក្បាច់​គុននៃ​​​ភាពយន្ត​។​

លោកដារ៉ែន​ បានចាប់ផ្តើម​អាជីព​សម្តែង​​​ក្នុង​ឆ្នាំ២០០៩ ជាមួយ​ក្រុម ParcAsterix Stunt Troupe ។ ជំនាញ​របស់​លោក​​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​លោក​ Bradley James Allan ​ជា​សមាជិក​ក្រុម​សម្ដែង​​របស់ ឈិន ឡុង​​។

ចាប់តាំងពី​ឆ្នាំ២០១៧ មកលោក​បាន​ចូលប្រឡូក​ក្នុង​ផលិតកម្ម​ភាពយន្ត​យ៉ាងសកម្ម​ក្នុងនាម​ជា​អ្នក​ប្រយុទ្ធ និង​ជា​អ្នក​លេង​ក្បាច់គុន​។​

​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ Moon Knight លោកដារ៉ែន​ ជាប់​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​ Emmy សម្រាប់​ការ​សម្ដែង​ឈុត​ឆាកវាយតប់​ល្អ​បំផុត​។​

លោក ​ដា​រ៉ែ​ន គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មរតក និង​ប្រពៃណី​វប្បធម៌​ខ្មែរ​របស់ខ្មែរ​​។ ​លោក​​តែងតែ​​សំពះ​​ទៅ​កាន់​មនុស្ស​ជុំវិញ​​លោក​ រួមទាំង​តារា​សម្តែងអ្នកដឹកនាំ​រឿង និង​ផលិតករ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​​។​

​​លោក​​និយាយថា កាយវិការ​នេះ​មាន​អត្ថន័យ​សំខាន់ ជា​និមិត្តរូប​នៃ​ការគោរព និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​​។ ​លោក​​ចាត់ទុក​ វប្បធម៌​​ខ្មែរ ជាគុណ​តម្លៃ​ដ៏​រឹងមាំរបស់ខ្មែរ។​

លោក​បាន​ថ្លែង​ថា​៖​ «​​វប្បធម៌​របស់ខ្ញុំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំនៅពេលដែល​ខ្ញុំ​​សំពះ​ វា​បង្ហាញ​ពី​ការ​គោរព និង​ការដឹងគុណ​ដ៏​ធំធេង។ ខ្ញុំ​ដឹងគុណ​ចំពោះ​ឪពុកម្តាយ​ខ្មែរ​របស់ខ្ញុំ ដែល​បាន​បង្រៀន​​ខ្ញុំ​​នូវ​​មូលដ្ឋានគ្រឹះ​វប្បធម៌​​ស្ដីពី​​​ប្រពៃណី​របស់​​ខ្មែរ​​»​។​

​ភាពយន្ដ​ដែល​លោក ដារ៉ែន បាន​ចូលរួម​ទាំង​ការ​បង្ហាត់​បង្ហាញ​ក្បាច់​គុនវាយ​តប់ និង​ការសម្ដែង​ផ្ទាល់​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​អំណាច​នៃ​ការតាំង​ចិត្ត និង​​ដើរ​តាម​ចំណង់​ចំណូលចិត្ត​ ដោយ​មិន​គិតពី​ឧបសគ្គ​​នៅខាងមុខ​៕