ភ្នំពេញៈ សណ្តែក ​គឺជា​អាហារ​ពេញនិយម​របស់​ប្រជាជន​នៅ​អាស៊ី តាំងពី​រាប់ពាន់​ឆ្នាំមុន​មក​ម្ល៉េះ ហើយ​សណ្តែក​តែង​ត្រូវបាន​គេ​យកទៅ​ច្នៃ​ធ្វើជា​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ ដោយសារ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដល់​សុខភាព​។ នៅ​កម្ពុជា ទឹក​សណ្ដែក ជា​ភេសជ្ជៈ​ដែល​ប្រជាពលរដ្ឋ តែង​និយម​ធ្វើ​ទទួលទាន និង​ពលរដ្ឋ​ខ្លះទៀត​ធ្វើជា​មុខរបរ​ចិញ្ចឹមជីវិត​បន្តិចបន្តួច​។​

​ដោយឡែក​យុវតី​ខ្មែរ​ ៣​ រូប​ ដែលជា​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជំនាញ​វិស្វកម្ម​គីមី និង​ចំណីអាហារ បាន​ចាប់ដៃគ្នា​កែច្នៃ​សណ្តែក​ផលិត​ចេញ​ជា​ភេ​ស​ជ្ជៈ​ដែលមាន​ឈ្មោះថា «​អូន​សណ្តែក​» ដោយបាន​ដាក់លក់​ក្នុង​ទូ​អគ្គិសនី និង​លក់​តាម​អ៊ីន​ធឺ​ណិ​ត​។​

​កញ្ញា ​អ៊ុង រង់​ផល​ទេវី ជា​សហ​​ស្ថាបនិក និង​តំណាងឱ្យ​កូន​អា​ជីវ​កម្ម​ ១ ​នេះ ឱ្យដឹងថា «​អាជីវ​កម្ម​អូន​សណ្តែក​» ផ្តើមចេញពី​កិច្ចការ​សាលា​ដែល​អ្នកគ្រូ​បានដាក់​ឱ្យ​គឺ​ការដាក់​ស្នើ​គំនិត​កែច្នៃ​ចំណីអាហារ​ណាមួយ​។ កញ្ញាថា​៖ «​ពេលនោះ​ពួក​ខ្ញុំ​នឹក​ឃើញថា បើ​កែច្នៃ​សណ្ដែក​ប្រហែលជា​ល្អ​ក៏​សិក្សា​យកទៅ​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកគ្រូ​គាត់​ពេញចិត្ត គាត់​ក៏បាន​ជំរុញ​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​គម្រោង​នេះ​បន្ត​រហូត​ទទួលបាន​ជំនួយ​ថវិកា​ពី​ធនាគារពិភពលោក សាលា​ផ្ទាល់​និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​»​។

​រង់​ផល​ទេវី រៀបរាប់ថា «​អូន​សណ្តែក​» ​ត្រូវបាន​បង្កើត​ដោយ​និស្សិត​ស្រី​វ័យក្មេង​ ៣ ​រូប គឺ​កញ្ញា​ផ្ទាល់ និង​មិត្តភក្តិ​ឈ្មោះ វឿ​ត សុខ​តី និង ​អូន វ​ឌ្ឍ​នា ដែល​សុទ្ធតែជា​និស្សិត​ឆ្នាំ​ទី​៥ វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា​ដូចគ្នា និង​រៀន​ជំនាញ​គីមី​ចំណីអាហារ​ដូចគ្នា ហើយ​ឈ្មោះ «​អូន​សណ្ដែក​» នេះ​គឺជា​ពាក្យ​តំណាងឱ្យ​សហ​ស្ថាបនិក​ស្ត្រី​ទាំង​ ៣ និង​សណ្ដែក​តំណាងឱ្យ​សណ្ដែក​គ្រប់​ប្រភេទ ដែល​ជារួម​ឈ្មោះ​នេះ​មានន័យថា ស្ត្រី​ដែល​កែច្នៃ​សណ្ដែក​។​

​រវល់​សិក្សា​ផង និង​ធ្វើ​សា​រណា​បញ្ចប់​ឆ្នាំ​សិក្សា​ផង​កញ្ញា ទេវី ឱ្យដឹងថា ខ្លួន​បាន​ដោះស្រាយ​បញ្ហា​ការលក់ ពី​ការប្រើ​ទូ​ធម្មតា មក​ប្រើ​ទូ​អគ្គិសនី ដែល​អតិថិជន​អាចធ្វើ​ការទិញ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ដោយ​ស្គែ​ន QR ដើម្បី​ធ្វើការ​បង់ប្រាក់​នោះ​ទឹក​សណ្តែក​នឹង​រមៀល​ចុះមក​ក្រោម និង​ការលក់​តាម​អន​ឡាញ​គឺ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​បើតាម​ ទេវី ការដាក់​ក្នុង​ម៉ាស៊ីន​អគ្គិសនី គឺជា​ការសហការ​គ្នារ​បស់ ក្រុម​កញ្ញា និង​ក្រុម​អគ្គិសនី​របស់​សាលា ដោយសារ​ម៉ាស៊ីន​នេះ​ផលិត​ក្នុង​សាលា​ផ្ទាល់​។ ចំណែក​ទៅ​ថ្ងៃមុខ កញ្ញា​ថា មាន​គម្រោង​ពង្រីក​នៅតាម​សាលារៀន​ដទៃ និង​តាម​មន្ទីរពេទ្យ​ជាដើម​។

​កញ្ញា ទេវី បញ្ជាក់ថា​៖ «​មិនមែន​រៀន​ចប់​គឺ​ចប់​នោះទេ​បើទោះបីជា​រៀន​ចប់​ទៅហើយ​ក្ដី ក៏​ពួកយើង​មាន​គម្រោង​បើក​បន្ត​ទៅជា​អាជីវកម្ម​ខ្នាតតូច​មួយ ដោយ​បច្ចុប្បន្ននេះ​ពួក​ខ្ញុំ កំពុង​ត្រៀមខ្លួន​ផងដែរ ដើម្បី​អភិវឌ្ឍ​ផលិតផល​ឱ្យ​កាន់តែ​មានគុណ​ភាព​ជាង​នេះ​ដោយ​សមាជិក​របស់ខ្ញុំ​ម្នាក់​កំពុង​សិក្សា​បន្ថែមថា​ធ្វើយ៉ាងណា​ដើម្បីឱ្យ​រក្សាទុក​បានយូរ​ជាង​នេះ និង​ធានាថា វា​គ្មាន​សារធាតុ​រក្សាទុក​ដែល​ប្រើ​គីមី ពោលគឺ​ប្រើ​វិធីសាស្ត្រ​គីមី​ចំណីអាហារ​ ១ បែប​ផ្សេងទៀត​»​។​

​ជា​និស្សិត​ចំណីអាហារ កញ្ញា​បាន​រៀបរាប់​ពី​លក្ខណពិសេស​នៃ​ទឹក​សណ្តែក​របស់ខ្លួន​ថា​៖ «​បើ​យើង​មើល​ពី​ក្រៅ​វា​អត់​ខុសគ្នា​ទេ​មនុស្ស​គ្រប់គ្នា​ក៏​អាចធ្វើ​បានដែរ ប៉ុន្តែ​ជាក់ស្ដែង​វា​ខុសគ្នា ដោយសារ​ក្រុម​យើង​ជា​និស្សិត​គីមី​ចំណី​​អាហារ​ផ្ទាល់ ដូច្នេះ​បច្ចេកទេស​ក្នុងការ​កែច្នៃ​ផលិតផល​មាន​លក្ខណៈ​ប្លែក​ពី​អ្នក​ផលិត​ទូទៅ ដែល​វា​ស្តែងចេញ​តាមរយៈ​គុណភាព និង​ការមិន​ប្រើប្រាស់​សារធាតុ​គីមី ក្នុង​គ្រឿងផ្សំ​ណាមួយ​»​។

​ភេសជ្ជៈ​ «​អូន​សណ្តែក​» មានតម្លៃ​ក្នុង​ ១ ​ដប ៣​ ពាន់​រៀល ដោយមាន​ចំណុះ ៣៣០​ មិ​លី្ល​លីត្រ និង​អាច​លក់បាន​ក្នុង​បរិមាណ​ចន្លោះ​ពី ៤០០-២ ០០០ ដប​ ក្នុង ១​ ខែ​។​

​កញ្ញា​ ទេវី​ ថា​៖ «​សម្រាប់​តម្រូវការ​គឺ​តាម​ខែ ឧទាហរណ៍​ដូចជា​ខែ​នេះ​សាលា​មានកម្ម​វិធី​ច្រើន​យើង​លក់​ចេញ​បាន​ខ្ទង់ពាន់​ដប​ត្រឹម​ប៉ុន្មាន​ថ្ងៃ ចំណែក​ខែ​ខ្លះ​វិញ​ដូចជា​អំឡុង​ពេល​ស៊ី​ហ្គេម​គឺ​អត់​មាន​សិស្ស​សោះតែ​ម្ដង​ហើយ​ការ​កុម្ម៉ង់​ពី​ខាងក្រៅ​ក៏​មិនសូវមាន​ខ្លាំង​ដែរ​»​។

​ទាក់​ទិន​នឹង​ការផលិត​ទេវី​ឱ្យដឹងថា​៖ «​ដោយសារ​ឥឡូវនេះ​មានការ​កុម្ម៉ង់​ច្រើន យើង​ធ្វើ​ ៣ ​នាក់​អត់​ទាន់​ទេ​ណាមួយ​ត្រូវ​រៀន និង​ធ្វើ​សា​រណា​បញ្ចប់​ឆ្នាំ​សិក្សា​ផង​ដូច្នេះហើយ​ពួក​ខ្ញុំ​ត្រូវការ​អ្នក​ជួយ​គឺ​សិស្ស​ប្អូន​ដែល​រៀន​ឆ្នាំ​ទី​៣ និង​ទី​៤ ​មកជួយ សរុប ១៣ ​នាក់​បូករួម​ទាំង​ពួក​ខ្ញុំ​គឺ​ ១៦ ​នាក់​ជា​កម្លាំង​ក្នុង​ការផលិត​»៕